​បង្កើន​គុណភាព​សេវា​សុខភាព​ដោយ​ការផ្លាស់ប្ដូរ​ពី​ក្រដាស​មក​ប្រព័ន្ធ​ឌីជីថល​

អត្ថបទ​នេះមានជាភាសា៖ enEnglish

គ្លីនិក​ទាំង៥របស់​អង្គការ​ទន្លេ​គ្លីនិក​កម្ពុជា​ (The​ LakeClinic​ – TLC​) ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅលើ​ការ​ផ្ទុក​ព័ត៌មាន​អ្នកជំងឺ​នៅ​លើ​ក្រ​ដាស​ឯកសារ​ដូច​ទៅ​នឹង​មណ្ឌលសុខភាព​ដទៃ​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។អង្គការ​ TLC​ ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់​បឹងទន្លេសាប​ បាន​បើក​ប្រតិបត្តិ​ការ​តាំងពី​ឆ្នាំ​២០០៨​ដើម្បី​ផ្ដល់​សេវា​សុខភាព​ដែល​មានគុណ​ភាព​ទៅកាន់​ប្រជាជន​រស់នៅ​សហគមន៍​បណ្ដែត​ទឹកដែល​ខ្វះ​ខាត​សេវា​ថែទាំ​សុខភាព​។ដោយសារតែ​ពួកគាត់​ត្រូវ​ផ្ដល់​សេវាកម្ម​ទៅដល់​អ្នកជំងឺ​ច្រើនជាង១០​.០០០នាក់​បុគ្គលិក​ TLC​ បាន​រក​ឃើញថា​ការពឹងផ្អែក​ទៅលើ​ក្រដាស​ឯកសារ​ដើម្បី​ផ្ទុក​ព័ត៌មាន​បែបនេះ​កំពុងតែ​ធ្វើឲ្យ​ការ​បំពេញការងារ​របស់​ពួកគាត់​មិនសូវ​មានប្រសិទ្ធភាព​។ដំណោះស្រាយ​មួយ​សម្រាប់​បញ្ហា​នេះ​គឺ​ការបង្កើត​ប្រព័ន្ធ​ផ្ទុក​ឯកសារ​វេជ្ជ​សាស្រ្ត​អេ​ឡិច​ត្រូ​និច​។ប៉ុន្តែ​ប្រព័ន្ធ​ទាំងនោះ​មានតម្លៃ​ថ្លៃ​ ត្រូវ​ការ​អញ្ញា​បណ្ណ​កម្ម​សិទ្ធ​ឬមាន​ភាព​ពិបាក​ក្នុង​ការប្រើ​ប្រាស់​នៅក្នុង​បរិបទ​របស់​ TLC​។

កាលពី​ឆ្នាំ២០១៦​ អង្គការ​ TLC​ បាន​ទទួល​មូលនិធិ​ជំនួយ​ពី​គម្រោងDevelopment​ Innovations​ របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​(USAID​) ដើម្បី​កែសម្រួល​ឧបករណ៍​គ្រប់គ្រង​គ្លីនិក​បើកទូលាយ​មួយ​ដែល​មាន​ឈ្មោះ​ថាOpenMRS​ សម្រាប់​គ្លីនិក​គាត់​ចំនួន​៥​កន្លែង​ដែល​មាន​វេជ្ជបណ្ឌិត​ជំនាញ៩នាក់​។OpenMRS​ ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ទូលាយ​តាំងពី​ឆ្នាំ២០០៦និង​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​ឧបករណ៍​ងាយស្រួល​ប្រើ​មួយ​សម្រាប់​គ្លីនិក​ ដែល​មិនសូវ​មាន​ធនធាន​ដូច​ជា​TLC​។

អង្គការ​ TLC​ នឹង​ក្រុមហ៊ុន​ MekomSolutions​ បាន​ធ្វើ​បច្ចុប្បន្នភាព​ និង​កែ​សម្រួល​ដើម្បីឲ្យ​ឧបករណ៍​នេះ​ ដំណើរការ​ស្រប​នឹង​គោលការណ៍​របស់ក្រ​សួង​សុខាភិបាល​នឹង​ស្រប​តាម​តម្រូវការ​របស់​អង្គការ​ TLC​ ដែល​ទាក់ទង​ទៅ​នឹង​ពាក្យ​បច្ចេកទេស​កូដ​ និង​ប្រព័ន្ធ​ដំណើរការ​របស់TLC​។

ក្រុម​ការងារ​របស់​ TLC​ ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​សម្រាប់​ប្រើ​ប្រាស់​អ៊ី​នធើ​ណិ​តដើម្បី​ភ្ជាប់​បណ្ដាញ​ទៅកាន់​ប្រព័ន្ធ​ទិន្នន័យ​។អង្គការ​ TLC​ កំពុងតែ​ធ្វើការ​កែ​សម្រួល​ប្រព័ន្ធ​បញ្ជូល​ទិន្នន័យ​ដោយ​មិន​ចាំបាច់​ប្រើ​ប្រាស់​អ៊ី​នធើ​ណិ​តហើយ​ប្រព័ន្ធ​នោះ​នឹង​បញ្ជូន​ទិន្នន័យ​មកកាន់​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ដោយខ្លួនឯង​នៅពេល​ដែល​បាន​ភ្ជាប់​ទៅ​កាន់​អ៊ី​នធើ​ណិ​ត។

ចាប់​តាំង​ពី​ពេល​ផ្លាស់ប្ដូរ​ពី​ការប្រើ​ប្រាស់​ក្រដាស​មក​ប្រើ​ប្រព័ន្ធ​ឌីជីថល​មក​ប្រព័ន្ធ​ផ្ទុក​ឯកសារ​វេជ្ជ​សាស្រ្ត​អេ​ឡិច​ត្រូ​និច​អាច​ឲ្យ​ក្រុម​ការងារ​ TLC​ ផ្ដល់​សេវា​ទៅកាន់​អ្នកជំងឺ​បាន​ច្រើនជាង​មុន​។ អ្នកគ្រូ​ពេទ្យ​ ហ៊ុន​ ធូ​រី​ដា​បាន​និយាយ​ថា​ “ជាមួយនឹង​ប្រព័ន្ធ​ឌីជីថល​នេះ​យើងខ្ញុំ​ចំណាយពេល​ត្រឹមតែ​ប្រាំ​ទៅដល់​នាទី​ប៉ុណ្ណោះ​សម្រាប់​អ្នកជំងឺ​ម្នាក់​។កាលពីមុន​ពួក​យើង​ចំណាយពេល​ដល់ទី១៥នាទី​ឬលើ​សពី​នេះ​។” លោក​ អ៊ុ​កសុវណ្ណ​ ដែល​ជា​ប្រធាន​គ្រប់គ្រង​កម្មវិធី​បាន​បញ្ជាក់​ថា​ការប្រើ​ប្រាស់​ក្រដាស​ជាឯក​សារ​ត្រូវ​ចំណាយពេល​ច្រើន​។គាត់​បាន​និយាយ​ថា​ “កាលពីមុន​ យើងខ្ញុំ​ត្រូវ​ចំណាយ​ពេល​ប្រហែល​ជា​១០​នាទី​ដើម្បី​ស្វែងរក​ឯកសារ​និង​ទុក​ឯកសារ​វិញ​”។

វេជ្ជបណ្ឌិត​របស់​អង្គការ​ TLC​ ហ៊ុន​ ធូ​រី​ដា​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទុក​ឯកសារ​វេជ្ជ​សាស្រ្ត​អេ​ឡិច​ត្រូ​និច​ដើម្បី​ចំណេញពេលវេលា​ក្នុង​ការស្វែងរក​និង​ពិនិត្យ​ឯកសារ​អ្នកជំងឺ​។

អ្នកភូមិ​នៅ​សហគមន៍​លើទឹក​ដែល​តែងតែមាន​ទំ​លាប់​បន្លាស់​ទីលំនៅ​ក៏​ទទួល​បានផល​ប្រយោជន៍​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ឌីជីថល​នេះ​ដែរ​។​លោក​សុវណ្ណ​បាន​បន្ត​ថា​ “ប្រព័ន្ធ​ផ្ទុក​ឯកសារ​វេជ្ជ​សាស្រ្ត​អេ​ឡិច​ត្រូ​និច​នេះ​បាន​ធ្វើឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការស្វែងរក​ឯកសារ​សម្រាប់​អ្នកជំងឺ​ដែល​តែងតែ​ផ្លាស់ប្ដូរ​កន្លែង​រស់នៅ​ដោយសារ​តែ​ទិ​ន្ន័​យទាំងអស់​ស្ថិតនៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​រួម​។” ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​កំណត់ត្រា​ព្យាបាល​ ឬប្រវត្តិ​ជំងឺ​របស់​អ្នកជំងឺ​បាន​គ្រប់ពេលវេលា​និង​ទីកន្លែង​បែបនេះ​បាន​ធ្វើឲ្យ​ក្រុម​ការងារ​អាច​ផ្ដល់​សេវាកម្ម​បន្ត​ការ​ព្យាបាល​ទៅកាន់​អ្នកជំងឺ​កាន់តែ​មានប្រសិទ្ធភាព​និង​ច្បាស់​លាស់​ជាង​មុន​នៅពេល​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​។

ចាប់​តាំង​ពី​ការផ្លាស់ប្ដូរ​នោះ​មក​ អង្គការ​ TLC​ និង​ប្រជាជន​រស់នៅ​ក្នុង​សហគមន៍​បាន​ទទួលផល​ប្រយោជន៍​ជាច្រើន​។ ទោះបីជា​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​មាន​ចំនួន​តិច​ប៉ុន្តែ​មនុស្សជា​ច្រើន​នាក់​បាន​ទទួល​ផល​ប្រយោជន៍​។ មានតែ​បុគ្គលិក៩នាក់​របស់​អង្គការTLC​ ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ប៉ុន្តែ​ប្រជាជន​នៅក្នុង​សហគមន៍​ច្រើនជាង១០​.០០០នាក់​បាន​ទទួល​សេវាកម្ម​ថែទាំ​សុខភាព​ដែល​មានប្រសិទ្ធភាព​ជាង​មុន​ដោយសារតែ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ថ្មីនេះ​។

ការបង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​អ្នកជំងឺ​ដូចជា​ប្រព័ន្ធ​របស់​TLC​នេះ​ គឺ​ស្របគ្នា​ជាមួយនឹង​គោលដៅ​របស់ក្រ​សួង​សុខាភិបាល​ដែល​មានបំណង​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​អ្នកជំងឺ​រួម​មួយ​ដែល​អាច​គាំទ្រ​ទៅដល់​គោលការណ៍​និង​ការ​តស៊ូ​មតិ​។ ដោយ​ការបង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​បែបនេះ​ អង្គការ​ TLC​ អាច​ត្រួតពិនិត្យ​ទិន្នន័យ​ និង​កែសម្រួល​សេវាកម្ម​នៅ​តាម​គ្លីនិក​របស់​ពួកគាត់​ឲ្យ​ល្អ​ជាង​មុន​ក៏ដូចជា​រួមចំណែក​ក្នុង​ការបង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​។

ទាញ​យក​ករណី​ជោគជ័យ​នេះ​ក្នុង​ទម្រង់​ PDF

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email