កម្មវិធី TEST លើក​តម្កើង​វប្បធម៌​អំណាន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

ជា​រៀងរាល់​ឆ្នាំ សាលារៀន​នៅ​កម្ពុជា​ជួបការ​លំបាក​ក្នុងការ​ជ្រើសរើស​គ្រូ​បង្រៀន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ចំនួន​សិស្សានុសិស្ស។ ជា​មធ្យម គ្រូបង្រៀន​ម្នាក់​ត្រូវ​បង្រៀន​សិស្ស​៤៦នាក់ ហើយ​ក្នុង​ថ្នាក់​រៀន​ខ្លះ​នៅ​តាម​ខេត្ត​វិញ គឺ​គ្រូបង្រៀន​ម្នាក់​បង្រៀន​សិស្ស​លើស​ពី​ ៦២នាក់ ហើយ​ជា​ពិសេស​មាន​កង្វះខាត​ខ្លាំង​ចំពោះ​គ្រូបង្រៀន​កម្រិត​បឋម​សិក្សា។ ដោយសារ​គ្រូ​ម្នាក់​ត្រូវ​បង្រៀន​សិស្ស​ច្រើន​នាក់ គ្រូបង្រៀន​តែងតែ​ចំណាយ​រយៈពេល​វែង​ក្នុងការ​ប្រលង និង​ដាក់​ពិន្ទុ​ឲ្យ​សិស្ស ជាពិសេស គឺ​ទៅ​លើ​អំណាន ដែល​មាន​ការ​ប្រលង​ច្រើន​ដំណាក់កាល​ក្នុង​កម្មវិធី​សិក្សា។ តាម​រយៈ​ការ​ប្រលង​អំណាន​ដោយ​ប្រើ​ក្រដាស ការ​ដាក់​ពិន្ទុ​ងាយ​នឹង​មាន​កំហុស​ឆ្គង ហើយ​ពិបាក​សម្រាប់​គ្រូបង្រៀន​ក្នុងការ​វិភាគ និង​កត់​សម្គាល់​ចំណុច​ខ្សោយ​របស់​សិស្ស​នីមួយៗ។

លោក វ៉ែន ថាក់ មាន​អាយុ​៣៧ឆ្នាំ ហើយ​ជា​គ្រូបង្រៀន​ថ្នាក់​ទី២​នៅ​សាលា​បឋមសិក្សា​ទួលរវៀង​ក្នុង​ខេត្ត​តាកែវ។ លោក​មាន​ប្រសាសន៍ថា៖ “ខ្ញុំ​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ២​ទៅ​ ៣ម៉ោង ដើម្បី​ដាក់​ពិន្ទុ និង​សរុប​លទ្ធផល​ប្រលង ក្នុងការ​ប្រលង​លើ​ក្រដាស។ វា​ពិត​ជា​ពិបាក​ក្នុងការ​វិភាគ​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​សិស្ស​ម្នាក់ៗ លុះត្រា​តែ​ខ្ញុំ​តាមដាន​សិស្ស​ម្តង​ម្នាក់ ហើយ​វា​ត្រូវ​ចំណាយ​ពេល​ច្រើន”

TEST App
សិស្ស​ថ្នាក់​ទី​២ នៅ​បឋមសិក្សា​ទួលរវាង ខេត្ត​តាកែវ កំពុង​ធ្វើ​តេស្ត​អំណាន។

នៅឆ្នាំ២០១៤ គម្រោង Development Innovations របស់ USAID បានគាំទ្រ អង្គការ​អប់រំ​ពិភពលោក ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ ដែល​ធ្វើ​រង្វាយ​តម្លៃ​លើ​អំណាន​របស់​សិស្ស​ដោយ​ស្វ័យប្រវត្តិនៅលើ​ថាប់ប្លែត។ គោល​បំណង​នៃ​កម្មវិធី​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលបាន​រៀបរាប់​ខាង​លើ និង​លើក​កម្ពស់​ការ​ពង្រឹង​មូលដ្ឋាន​អំណាន និង​សំណេរ​សម្រាប់​សិស្ស​ថ្នាក់​ទី១ និង​ទី២។ កម្មវិធី​នេះ​មាន​ឈ្មោះ​ថា​ការ​ប្រែ​ក្លាយ​កម្មវិធី​អប់រំ​ទៅក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ហៅ​កាត់ថា TEST App។ នៅ​ដើម​ឆ្នាំ២០១៥ ដោយ​មាន​ការ​សហការណ៍​ពី​ក្រសួង​អប់រំ យុវជន និងកីឡា កម្មវិធី​នេះ​ត្រូវ​បាន​សាកល្បង​អនុវត្ត​នៅ​សាលាបឋម​សិក្សា​ចំនួន​៧​ក្នុង​ខេត្ត​ចំនួន៣។ គ្រូបង្រៀន និង​សិស្សានុសិស្ស​ដែល​បាន​ធ្វើការ​សាកល្បង​យល់​ឃើញថា​កម្មវិធី​នេះ​ពិត​ជា​មាន​ប្រយោជន៍​ពិត​ប្រាកដ​មែន​កម្មវិធី​នេះ​បាន​ជួយ​គ្រូបង្រៀន​ក្នុងការ​វាយ​តម្លៃ​សមត្ថភាព​អំណាន​សិស្ស កំណត់​វិធីសាស្ត្រ​ជួយ​សិស្ស​ដែល​ត្រូវការ​រៀន​បន្ថែម ប្រកប​ដោយ​ប្រសិទ្ធិភាព និង​ពង្រឹង​សមត្ថភាព​អំណាន​សិស្ស​ផងដែរ។

លោកគ្រូ វ៉ែន ថាក់ បាន​មាន​ប្រសាសន៍​កោត​សរសើរ​ថា៖ “កម្មវិធី TEST នេះ​ធ្វើ​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​វាយ​តម្លៃ​សមត្ថភាព​អំណាន​សិស្ស និង​ជួយ​កាត់​បន្ថយ​រយៈពេល​ក្នុងការ​ដាក់​ពិន្ទុ និង​អាច​រក្សា​លទ្ធផល​ទុក​សម្រាប់​អ្នក ពាក់ព័ន្ធ​ព្រោះ​កម្មវិធី​នេះ​ដំណើរ​ការ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ប្រើ​ពេល​តែ​៣០នាទី​ប៉ុណ្ណោះ” លោកបានបន្តទៀតថា៖ “ដោយ​ការ​ប្រើប្រាស់​កម្មវិធី TEST សិស្ស​របស់​ខ្ញុំ​អាច​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ពួកគេ​ក្រោយ​ពី​ធ្វើ​តេស្ត​អំណាន គឺ​ធ្វើ​ឲ្យ​សិស្ស​កាន់តែ​ខំ​រៀន​ជាង​មុន​ទៅ​ទៀត”

គ្រូ​បង្រៀន​ដទៃ​ទៀត ក៏​មាន​ចំណាប់​អារម្មណ៍​ស្រដៀង​គ្នា​ចំពោះ​កម្មវិធី​នេះ ហើយ​ក៏បាន​ទទួល​ស្គាល់​ថា វា​ពិតជា​មាន​សារៈ​សំខាន់​ក្នុងការ​ពង្រឹង​សមត្ថភាព​អំណាន និង​សំណេរ ព្រម​ទាំងការ​សិក្សា​របស់​សិស្សានុសិស្ស​ផងដែរ។ លើស​ពីនេះ​ទៅ​ទៀត កម្មវិធី​នេះ បាន​បណ្តុះ​ឱ្យ​សិស្ស​មាន​ចំណង់​ចំណូលចិត្ត និង​ភាព​ជឿជាក់​ទៅ​លើ​អំណាន។ “សិស្ស​ចូលចិត្ត​អាន​ជាង​មុន ហើយ​ពួកគេ​ទៅ​បណ្ណាល័យ​កាន់តែ​ញឹកញាប់​ជាង​មុន ដើម្បី​អាន​សៀវភៅ និង​លេង​កម្មវិធី​សិក្សា​លើ​ថាប់ប្លែត។ ពួកគេ​ចាំ​កាលវិភាគ​រៀន​អំណាន និង​ប្រលង​នៅ​បណ្ណាល័យ​ដោយ​មិន​ចាំបាច់​ឱ្យ​គ្រូ​រំលឹក​ទេ,” នេះ​ជាការ​លើក​ឡើង​របស់​លោកគ្រូ គេង សុវណ្ណារ៉ៃ ដែល​ជា​លោកគ្រូ​ថ្នាក់​ទី២​នៅ​សាលាបឋម​សិក្សា​អង្គ​ចង្អេរ ក្នុងខេត្តតាកែវ។

សិស្សានុសិស្សទាំងឡាយក៏ចូលចិត្តកម្មវិធីនេះផងដែរ “ខ្ញុំ​សប្បាយ​ចិត្ត និង​ចូល​ចិត្ត​ទៅបណ្ណាល័យ​ដើម្បី​ប្រើ​ថាប់ប្លែត ហើយ​ខ្ញុំ​ក៏​អាន​សៀវភៅ​ច្រើន​ជាង​មុន​ដែរ។ ម៉្យាង​ទៀត​ធ្វើ​លំហាត់​លើ​ថាប់ប្លែត​ក៏​ងាយ​ស្រួល និង​សប្បាយ​ជាង​មុន” នេះជាចំណាប់អារម្មណ៍របស់កុមារា សេរី វីរៈ ដែលជាសិស្សថ្នាក់ទី២នៅសាលាបឋមសិក្សាទួលរវៀង។

ក្រោយ​ពីការ​សាកល្បង​កម្មវិធី​នេះ​ប្រកប​ដោយ​លទ្ធផល​ជោគជ័យ អង្គការ​អប់រំ​ពិភពលោក បាន​ទទួលការ​ឧបត្ថម្ភ​បន្ថែម​ពី អង្គការ​ទស្សនៈ​ពិភពលោក និង អង្គការ​សកម្មភាព​សំរាប់​បឋមសិក្សា​នៅ​កម្ពុជា (ខេប) ដើម្បី​ពង្រីក​គម្រោង​នេះ​ទៅ​ដល់​សាលារៀន​ចំនួន ៨៤ ផ្សេង​ទៀត​ក្នុង​ខេត្ត​ចំនួន​៨​នៅ​ប្រទេស​កម្ពុជា។ សព្វថ្ងៃ​មាន​សិស្សានុសិស្ស​ជាង ១១៦០០នាក់ និង​គ្រូបង្រៀន​ជាង ២៨០​នាក់​នៅ​ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​កម្មវិធី​នេះ។ ក្រោមការ​គាំទ្រ​របស់ USAID តាម​រយៈ​គម្រោង Development Innovations នៅ​ឆ្នាំ ២០១៧នេះ អង្គការ​អប់រំ​ពិភពលោក​កំពុង​បង្កើត​កម្មវិធី​នេះ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី៣៕

សូម​ស្តាប់​ចំណាប់​អារម្មណ៍​របស់​កុមារីធីតា ពីការ​ប្រើប្រាស់ TEST App៖

ទាញ​យក​ករណី​ជោគជ័យ​នេះ​ជា​ឯកសារ​ PDF

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email