ឧបករណ៍​សាមញ្ញ និង​មាន​តម្លៃ​សមរម្យ​សម្រាប់​សង្គម​ស៊ីវិល៖ “ឧបករណ៍​ប្រកាស​អាសន្ន​ពី​ទឹក​ជំនន់”

អត្ថបទ​នេះមានជាភាសា៖ enEnglish

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​លោក Rob Ryan-Silva ដែល​ជា​អ្នក​គ្រប់​គ្រង DAI Maker Lab បាន​បើក​សិក្ខា​សាលា​រយៈ​ពេល​៣​ថ្ងៃ​នៅ Development Innovations ស្ដី​អំពី​ការ​បង្កើត hardware សម្រាប់​ក្រុម​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១២​នាក់។ នេះ​គឺ​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​មួយ ដើម្បី​បញ្ជាក់​ឲ្យ​ឃើញ​ថា​តើ​ឧបករណ៍​ច្នៃ​បង្កើត​ (Maker tool) នេះ អាច​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ដល់​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដែរ​ឫ​យ៉ាង​ណា។ នៅ​កំឡុង​ពេល​សិក្ខា​សាលា​នេះ សិក្ខា​កាម​ទាំង​អស់​បាន​រៀន​អំពី​របៀប​ប្រើ​ឧបករណ៍​ច្នៃ​បង្កើត ដែល​ជា​បច្ចេកវិទ្យា​សាមញ្ញ​សម្រាប់​អ្នក​មិន​មាន​ជំនាញ ដើម្បី​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​ពី​ឧបករណ៍​ចាប់​សេនស័រ​ផ្សេងៗ ដើម្បី​បង្ហាញ​ទិន្នន័យ​នោះ ហើយ​និង​ដើម្បី​ផ្ញើ​ទិន្នន័យ​ទៅ​កាន់​គេហទំព័រ ឬ​ផ្ញើ​ជា​សារ​ទូរស័ព្ទ សម្រាប់​ធ្វើ​ការ​ប្រើ​ប្រាស់ និង​វិភាគ។

បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​សិក្ខា​សាលា​នេះ អង្គការ People in Need Cambodia (PIN) បាន​សហការ​ជាមួយ DAI Maker Lab និង Development Innovations ដើម្បី​បង្កើត និង​ដំឡើង​ឧបករណ៍​ប្រកាស​អាសន្ន​មួយ​ដែល​មាន​តម្លៃ​ទាប និង​បើក​ទូលាយ​នៅ​ប្រទេស​កម្ពុជា។ ឧបករណ៍​ប្រកាស​អាសន្ន​ពី​ទឹក​ជំនន់​នេះ​មាន​ឈ្មោះ​ថា “ទេពមច្ឆា” គឺ​ជា​ឧបករណ៍​វាស់​ស្ទង់​ដោយ​ប្រើ​រលក​សំឡេង​តូច​មួយ​ដែល​មាន​តម្លៃ​ទាប ដែល​អង្គការ PIN បាន​ដំឡើង​នៅ​លើ​ស្ពាន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​ដើម្បី​សាកល្បង​សេវាកម្ម​នេះ។ អង្គការ PIN បាន​ដាក់​បញ្ចូល​ឧបករណ៍​ចាប់​សេនស័រ​នេះ​នៅ​ក្នុង​គម្រោង ប្រព័ន្ធ​ប្រកាស​ឱ្យ​ដឹង​មុន សម្រាប់​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​។ ប្រជាជន​កម្ពុជា​អាច​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវាកម្ម​នេះ​ដោយ​ឥត​គិត​ថ្លៃ ដោយ​ទូរស័ព្ទ​ទៅ​លេខ 1294 ពី​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ប្រទេស និង​ចុះ​ឈ្មោះ លេខ​ទូរស័ព្ទ និង​ទី​តាំង​របស់​ពួក​គាត់។

flood-early-warning-tool
គំរូ​ឧបករណ៍​ប្រកាស​អាសន្ន​ពី​ទឹក​ជំនន់​បើក​ទូលាយ​ដែល​មាន​តម្លៃ​ទាប​តាំង​នៅ​ក្នុង User Testing Lab របស់​គម្រោង Development Innovations

ឧបករណ៍​ចាប់​សេនស័រ​នេះ​អាច​វាស់​កម្ពស់​ទឹក ហើយ​បន្ទាប់​មក​បញ្ជូន​ទិន្នន័យ​នេះ តាម​រយៈ​បណ្ដាញ​ទូរស័ព្ទ​ចល័ត​ទៅ​កាន់​មូលដ្ឋាន​ផ្ទុក​ទិន្នន័យ​កណ្ដាល​របស់​អង្គការ PIN។ អង្គការ PIN នឹង​បញ្ចូល​ទិន្នន័យ​នៅ​ក្នុង​ឧបករណ៍​នេះ ជាមួយ​និង​ប្រព័ន្ធ​ឆ្លើយ​ឆ្លង​ជា​សំឡេង (IVR) របស់​ពួក​គាត់ ឬ​ការ​ផ្សព្វផ្សាយ​សារ​សំឡេង​ប្រកាស​អាសន្ន ​ដើម្បី​ធ្វើ​ការ​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ប្រជាជន​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះ​ពាល់។ ការ​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​នេះ នឹង​ជូន​ដំណឹង​ដល់​ប្រជាជន​ក្នុង​ករណី​ដែល​មាន​កម្រិត​ទឹក​កើន​ឡើង​ដែល​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់ និង​ជួយ​ឱ្យ​ពួក​គាត់​ចាត់​វិធាន​ការ​សមរម្យ​ទុក​ជា​មុន​ដើម្បី​ទប់​ស្កាត់​ផង​ដែរ។

បច្ចុប្បន្ន​នេះ ឧបករណ៍​ទាំង​នេះ​ត្រូវ​បាន​ដំឡើង​ និង​ប្រើប្រាស់​សាកល្បង​នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កំពត និង​ខេត្ត​ពោធិ៍សាត់​។ ឧបករណ៍​ទាំង​នេះ​មាន​តម្លៃ​តិច​ជាង 300 ដុល្លារ​អាមេរិក​សម្រាប់​ធ្វើ​ការ​បង្កើត ហើយ​វា​ដំណើរ​ការ​ដោយ​ថាមពល​ព្រះអាទិត្យ​ផង​ដែរ។ នេះ​មាន​ន័យ​ថា ឧបករណ៍​នេះ​ទាម​ទារ​ការ​ចំណាយ​ទៅ​លើ​ការ​ថែ​ទាំ​តិច​ជាង​ស្ថានីយ​ឧតុនិយម​ដទៃ​ទៀត​។ នេះ​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ទៀត​ដែល​សម​ស្រប​សម្រាប់​តំបន់​ដាច់​ស្រយាល​និង​មាន​ប្រាក់​ចំណូល​ទាប ហើយ​ងាយ​រង​គ្រោះ​ដោយ​ផល​ប៉ះ​ពាល់​នៃ​ទឹក​ជំនន់។​

installing-flood-warning-tool
លោក Rob Ryan-Silva និង​អង្គការ People in Need កំពុង​ដំឡើង​ឧបករណ៍​ប្រកាស​អាសន្ន​ពី​ទឹក​ជំនន់​ទេពមច្ឆា​នៅ​ខេត្ត​ពោធិ៍សាត់។

បន្ទាប់​ពី​ធ្វើ​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សាក​ល្បង​ដោយ​ជោគ​ជ័យ និង​កែ​លម្អ​ឧបករណ៍​ទេពមច្ឆា​រួច​រាល់​ហើយ អង្គការ PIN មាន​គម្រោង​ដំឡើង ឧបករណ៍​នេះ នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ផ្សេងៗ​ទៀត និង​ទូ​ទាំង​ប្រទេស​ផង​ដែរ​នា​ថ្ងៃ​អនាគត​។​ អ្នក​គ្រប់គ្រង​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ការអភិវឌ្ឍន៍​របស់​អង្គការ PIN លោក James Happell បាន​និយា​យថា “ពួក​ខ្ញុំ​គិត​ថា​ឧបករណ៍​ច្នៃ​បង្កើត​ថ្មី​នេះ គឺ​ជា​ដំណោះ​ស្រាយ​ដែល​មិន​សូវ​ទាម​ទារ​ការ​ថែ​ទាំ​ខ្ពស់​និង​មាន​តម្លៃ​ទាប​ សម្រាប់​ការ​ប្រកាស​អាសន្ន​ដល់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​តំបន់​ងាយ​រង​គ្រោះ​ផុត។”

ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍​នេះ​សម្រាប់​សហគមន៍​របស់​អ្នក អ្នក​អាច​ទាក់​ទង​ទៅ​កាន់​អង្គការ People in Need បាន​តាម​រយៈ james.happell@peopleinneed.cz

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email