ស៊ី អ៊ិនវេសមិន (SHE Investments) ផ្ដល់ការគាំទ្របន្ថែមដល់សហគ្រិនជាស្ត្រី Posted on: ខែមិថុនា 8, 2018 ស្លាក: នារី, សហគ្រាសសង្គម អត្ថបទនេះមានជាភាសា៖ Englishកាលពីចុងឆ្នាំ២០១៦ ស៊ី អ៊ិនវេសមិន បានដាក់ពាក្យនិងទទួលមូលនិធិជំនួយពីគម្រោង Development Innovations (DI) ដើម្បីបង្កើតគេហទំព័រមួយដែលផ្ដល់ព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មទៅដល់សហគ្រិនជាស្រ្តីនៅកម្ពុជាដែលគ្រប់គ្រងអាជីវកម្មខ្នាតតូច។ ពួកគាត់មិនបានរំពឹងទុកទាល់តែសោះថាពីរឆ្នាំបន្ទាប់មកពួកគាត់មិនត្រឹមតែជាអ្នកទទួលបានមូលនិធិជំនួយប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏បានក្លាយជាដៃគូសហការដ៏យូរអង្វែងរបស់ Development Innovations ផងដែរ។ ស៊ី អ៊ិនវេសមិន គឺជាសហគ្រាសសង្គមមួយដែលបង្កើតឡើងដោយ អ្នកនាង លឹម លីដា ជាអ្នកគ្រប់គ្រងកម្មវិធីនិងអ្នកសម្របសម្រួលគោល អ្នកនាង សេលា ប៉យ័ ជានាយកគ្រប់គ្រង និងលោក ជេម វីលសុន ជានាយកគ្រប់គ្រងគម្រោង”ងាយងាយ” និងអ្នកប្រឹក្សាយោបល់អាជីវកម្ម ។ ស៊ី អ៊ិនវេសមិន បង្កើតឡើងនៅក្នុងឆ្នាំ២០១៤ក្នុងគោលបំណងគាំទ្រសហគ្រិនស្ត្រីក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ និងផ្ដល់ផលប្រយោជន៍សង្គមនិងសេដ្ឋកិច្ចទៅដល់សហគមន៍របស់ពួកគាត់។ នៅប្រទេសកម្ពុជាមានសហគ្រិនស្ត្រីដល់ទៅ៦៥% ប៉ុន្តែមានតែ១%ប៉ុណ្ណោះដែលបានចុះឈ្មោះអាជីវកម្មជាផ្លូវការ។ ស៊ី អ៊ិនវេសមិន បានស្វែងរកឃើញថាពួកគាត់ត្រូវការបង្កើតគេហទំព័រអ៊ីនធើណិតមួយដែលអាចជួយផ្ដល់ព័ត៌មានទៅកាន់សហគ្រិនជាស្ត្រីដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការស្វែងរកព័ត៌មានអំពីការចុះបញ្ជីអាជីវកម្ម និងពន្ធនានា។ ដោយផ្អែកទៅលើការបញ្ជាក់ពីបញ្ហានេះហើយ ក្រុមការងារ ស៊ី អ៊ិនវេសមិន ទទួលបានមូលនិធិជំនួយពីគម្រោង Development Innovations និងការគាំទ្របន្ថែមពី EZECOM ក្នុងការបង្កើតគេហទំព័រ ងាយងាយ។ ងាយងាយ គឺជាគេហទំព័រដែលឥតគិតថ្លៃនិងងាយស្រួលប្រើមួយ ដែលផ្ដល់ព័ត៌មានដើម្បីជួយដល់សហគ្រិនជាស្ត្រីដែលមិនទាន់ចុះឈ្មោះអាជីវកម្មក្នុងការចុះឈ្មោះអាជីវកម្មរបស់ពួកគាត់នៅក្នុងប្រព័ន្ធរបស់រដ្ឋាភិបាលដូចជានាយកដ្ឋានពន្ធនិងក្រសួងពាណិជ្ជកម្ម ក៏ដូចជាដើម្បីឲ្យពួកគាត់ពង្រីកអាជីវកម្មនិងមានឈ្មោះជាផ្លូវការ។ ទំព័រនេះបានបើកឲ្យប្រើប្រាស់កាលពីខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែមូលនិធិជំនួយនេះគ្រាន់តែជាផ្នែកមួយនៃការសហការរវាង ស៊ី អ៊ិនវេសមិន និង Development Innovations ប៉ុណ្ណោះ។ ពីដំបូង ស៊ី អ៊ិនវេសមិន មិនសូវប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប៉ុន្មាននោះទេ។ សេលាបាននិយាយថា “ពួកយើងប្រើប្រាស់តែប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុណ្ណោះ”។ តាមរយៈការធ្វើការជាមួយអ្នកបង្ហាត់បង្ហាញផ្នែកបច្ចេកវិទ្យានៅ DI ពួកគាត់បានស្វែងយល់អំពីធនធានមនុស្សនិងថវិកាដែលត្រូវការដើម្បីបង្កើតគេហទំព័រនេះ។ បន្ទាប់មកពួកគាត់ទទួលបានចំណេះដឹងក្នុងការស្វែងរកកន្លែងផ្ទុកគេហទំព័រងាយងាយ របៀបត្រួតពិនិត្យនិងវិភាគ និងបានបង្កើតគម្រោងនៃទំព័រដែលពួកគាត់ចង់បាន។ “បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គមនៅ Development Innovations ខ្ញុំអាចចែករំលែកចំណេះដឹងនេះជាមួយនឹងសមាជិកនៅក្នុងកម្មវិធីបណ្ដុះអាជីវកម្មរបស់ស៊ី អ៊ិនវេសមិន។ ពួកគាត់បានប្រាប់ខ្ញុំថាវគ្គសិក្សានេះពិតជាមានអត្ថប្រយោជន៍ណាស់ព្រោះគាត់អាចប្រើប្រាស់ទំព័រ Facebook ប្រសើរជាងមុន។” កញ្ញា សេង ហ្គេចលាង មន្ត្រីទំនាក់ទំនងរបស់ ស៊ី អ៊ិនវេសមិន រូបថត: Development Innovations មន្ត្រីទំនាក់ទំនង កញ្ញា ហ្គេចលាង កំពុងអនុវត្តជំនាញថតរូបរបស់គាត់នៅក្នុងវគ្គបង្កើតមាតិការបស់វគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ DI។ ក្រុមការងារស៊ី អ៊ិនវេសមិន ក៏បានភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្ដាញរបស់ DI ដើម្បីស្វែងរកដៃគូសហការនាថ្ងៃអនាគត។ សេលាបានឲ្យដឹងថា “DI បានជួយយើងស្វែងរកដៃគូសហការដែលបានជួយបន្ថែមពីលើគម្រោងដែលមានស្រាប់។” សហស្ថាបនិក លីដា បានបន្ថែមថា “ខ្ញុំមានអារម្មណ៍ថាស៊ី អ៊ិនវេសមិន ទទួលបានការទទួលស្គាល់ច្រើនជាងមុន។” ក្នុងពេលត្រៀមដាក់គេហទំព័រងាយងាយឲ្យប្រើប្រាស់ជាផ្លូវការ ក្រុមការងារស៊ី អ៊ិនវេសមិន បានចូលរួមជាមួយ DI នៅក្នុងវគ្គបណ្ដុះបណ្ដាលពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ស៊ី អ៊ិនវេសមិន ទទួលបានសន្ទុះការគាំទ្រពី៤២០០នាក់ដល់១១០០០នាក់នៅលើទំព័រ Facebook និងទទួលបានអ្នកចូលរួមកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍នានារបស់ពួកគាត់។ សេលាបាននិយាយថា “ពួកយើងធ្លាប់តែរកអ្នកចូលរួមក្នុងព្រឹត្តិការណ៍របស់យើងសឹងតែមិនបាន១០នាក់។ ឥឡូវនេះពួកយើងទទួលបានអ្នកចូលរួមដល់ទៅ២៥-៣០នាក់ទាំងមិនចាំបាច់ចំណាយប្រាក់ក្នុងការផ្សព្វផ្សាយ។” មន្ត្រីទំនាក់ទំនងរបស់ស៊ី អ៊ិនវេសមិន កញ្ញា សេង ហ្គេចលាង បានចូលរួមវគ្គបណ្ដុះបណ្ដាលបណ្ដាញសង្គមនិងវីដេអូរបស់ DI និងបានបង្កើនសមត្ថភាពរបស់គាត់ក្នុងការគ្រប់គ្រងប្រព័ន្ធទំនាក់ទំនង រួចបានផលិតវីដេអូរបស់ងាយងាយក្នុងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃគេហទំព័រនេះ។ បច្ចុប្បន្ននេះ គាត់កំពុងតែផលិតវីដេអូដែលបង្ហាញពីភាពជោគជ័យនៃកម្មវិធីផ្សេងៗទៀតដែលស៊ី អ៊ិនវេសមិន មាន។ “ខ្ញុំមិនធ្លាប់មានជំនាញផលិតវីដេអូទេពីមុនមក។ មើលទៅដូចជាពិបាកខ្លាំងណាស់។ ប៉ុន្តែគ្រូបង្វឹកនៅ DI បានធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកដែលមិនធ្លាប់ផលិតវីដេអូពីមុនមក។” គេហទំព័រ ងាយងាយ បានផ្ដល់ភាពជឿជាក់និងទំនុកចិត្តទៅដល់ស៊ី អ៊ិនវេសមិន ក្នុងការបន្តបេសកកម្មរបស់ពួកគាត់ទៅមុខទៀត។ ពួកគាត់មិនត្រឹមតែបានទទួលបានការសហការពីសំណាក់ក្រសួងនានានៃរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់បានសហការជាមួយនឹងដៃគូនៅប្រទេសវៀតណាមនិងមីយ៉ាន់ម៉ា ដើម្បីដំណើរការកម្មវិធី Mekong Women in Business ដែលជាកម្មវិធីបណ្ដុះអាជីវកម្មសម្រាប់ស្ត្រីក្នុងតំបន់។ ក្រុមការងារស៊ី អ៊ិនវេសមិន បានសហការជាមួយនឹង Development Innovations ដើម្បីពង្រីកកម្មវិធីរបស់ខ្លួនបន្ថែមទៀតនៅឆ្នាំក្រោយ។ សេលាបាននិយាយថា “ស៊ី អ៊ិនវេសមិន និង DI កំពុងតែសហការជាមួយគ្នាដើម្បីពង្រីកនិងធ្វើឲ្យកម្មវិធីបណ្ដុះអាជីវកម្មសម្រាប់ស្ត្រីរបស់ពួកគាត់កាន់តែមានប្រសិទ្ធភាព។ ទាញយកករណីជោគជ័យនេះក្នុងទម្រង់ PDF