លើក​កម្ពស់​ការ​យល់ដឹង​អំពី​សិទ្ធិ​ជន​ពិការ​តាម​រយៈ​បច្ចេកវិទ្យា

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

“កាល​ពី​មុន គេ​មើល​ងាយ​ខ្ញុំ​ ហើយ​ហៅ​ខ្ញុំ​ថា​ជា​មនុស្ស​ខ្វាក់។ ប៉ុន្តែ​ឥឡូវ​​ពេល​ដែល​គេ​​ហៅ​​ខ្ញុំ​ចឹង ខ្ញុំ​ប្រាប់​គេ​​ថា​ ជន​ពិការ​​ក៏​​មាន​សិទ្ធិ​​ដូច​គេ​ដូច​ឯង​​ដែរ”។ នេះ​​ជា​ការ​លើក​​ឡើង​​របស់​​សុខា​ ស្រ្តី​​ពិការ​​ភ្នែក​​ម្នាក់​ក្នុង​វ័យ​ ​៣០​​ស្តើង​​ដែល​​រស់​​នៅ​​ខេត្ត​​ក្រចេះ។ ក្រោយ​ពី​​បាន​ស្តាប់​​ការ​ចាក់​​ផ្សាយ​ខ្នាត​តូច​ស្តី​​អំពី​​សិទ្ធិ​​ជន​ពិការ​ គាត់​​អាច​​ការពារ​​ខ្លួន​​ពី​​ពាក្យ​​សម្តី​​រើសអើង​​នៅ​​ទី​សាធារណៈ។ ឥឡូវ​​នេះ​ គាត់​​និយាយ​ថា​ អ្នក​​ភូមិ​​កម្រ​​នឹង​ធ្វើ​បែប​​នេះ​​ដាក់​​គាត់​​ទៀត​ណាស់។

 

សុខា​ គ្រាន់​​តែ​​ជា​​ជន​ពិការ​​មួយ​រូប​ក្នុង​​ចំណោម​​ជន​ពិការ​​ជា​ច្រើន​​រូប​​ទៀត​​ដែល​​រស់​នៅ​​ខេត្ត​​ក្រចេះ។ ករណី​​រើសអើង​​ច្រើន​​រាប់​មិន​អស់ ​កំពុង​​កើតឡើង​​ចំពោះ​​ជន​ពិការ​​ប្រមាណ​​៥០ម៉ឺន​នាក់​​ដែល​​រស់​​នៅ​​ប្រទេស​​កម្ពុជា។ ក្រៅ​ពី​​ទទួល​រង​ការ​រើសអើង​ ការ​​បំពាន​ និង​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​ ជន​ពិការ​​ជាច្រើន​​មិន​​បាន​​យល់ដឹង​​ពី​​សិទ្ធិ​​របស់​​ពួកគេ​ និង​​របៀប​​ការពារ​​ខ្លួន​ឡើយ។ ស្ថាប័ន​ពាក់ព័ន្ធ​​​មិន​ទាន់​បាន​ផ្តល់​​ការ​​គាំទ្រ​គ្រប់​គ្រាន់​​ដល់​​​ក្រុម​ជន​ងាយ​រងគ្រោះ​នេះ​នៅ​ឡើយ​ទេ​។ ហើយ​អ្នក​ដឹកនាំ​សហគមន៍​ក៏​មិន​បាន​ចូលរួម​កែប្រែ​គំនិត​អវិជ្ជមាន​នេះ​​ក្នុង​​សង្គម​នោះទេ។

 

ដើម្បីចូលរួម​ដោះស្រាយ​បញ្ហានេះ​ អង្គការ​ជនពិការ​កម្ពុជា​ (CDPO) បាន​ចាប់ផ្តើម​គម្រោង​មួយ​ ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ទៅលើ​សិទ្ធិ​ជនពិការ​ ដោយ​ផ្ទាល់​តាម​តំបន់​គោលដៅ​ និង​ដោយ​តាមរយៈ​​ប្រព័ន្ធ​អ៊ីនធើណិត។ អង្គការ​ជនពិការ​កម្ពុជា​ ​ជាអង្គការមិនរក​ប្រាក់​ចំណូល​​​តំណាង​ជនពិការ​​ ហើយ​មាន​ទម្រង់​ជា​សម្ព័ន្ធ​អង្គការ​សមាជិក​។ គម្រោង​ដែល​អង្គការ​នេះ​កំពុង​អនុវត្ត​ គឺទទួល​បាន​ការឧបត្ថម​ពី USAID តាមរយៈ​គម្រោង​ Development Innovations ​ និង​ពី​ DFAT Australian Aid ​តាមរយៈ ​UNDP។ ក្រុម​គោលដៅ​នៃ​គម្រោង​នេះ គឺ​ប្រជាជន​ដែល​រស់​នៅ​ជនបទ​ ដែល​ទទួល​ការអប់រំ​តិចតួច​ និង​ទទួល​បាន​ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ​​​ដោយ​ផ្ទាល់នៅ​តំបន់​គោលដៅ​ ឬ​តាមរយៈ​ប្រព័ន្ធ​អ៊ីនធើណិត។

 

សុខន
ទោះបីជាមានជំងឺស្វិតដៃជើងក៏ដោយ ក៏សុខន (ឆ្វេង) នៅតែតស៊ូជាអ្នកលក់នំម្នាក់ដែរ។ គាត់មានទម្លាប់រៀបចំគ្រឿងផ្សំធ្វើនំរៀងរាល់ល្ងាច។ [រូបថតដោយ៖ វិញ សុជាតា ]

ការផ្សព្វផ្សាយ​ខ្នាតតូច​ ជាយុទ្ធសាស្រ្ត​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​តំបន់​គោលដៅ​ និង​ទៅ​កាន់​ក្រុម​មនុស្ស​ជាក់លាក់​ ដូចជា​នៅតាម​សហគមន៍​ជនបទ​ ហើយ​យុទ្ធសាស្រ្ត​នេះ​ ពិតជា​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​តំបន់​ដែល​មិន​អាចភ្ជាប់​ប្រព័ន្ធ​អ៊ីនធើណិត​ ឬ​តំបន់​ដែល​គ្មាន​អគ្គិសនី​សម្រាប់​ប្រើប្រាស់។ ការផ្សព្វផ្សាយ​ខ្នាត​តូច​ ដែល​សុខា​បាន​ស្តាប់​ ជា​យុទ្ធសាស្រ្ត​ដែល​អង្គការ​ជនពិការ​កម្ពុជា​ប្រើប្រាស់​ ដើម្បី​ចែកចាយ​ព័ត៌មាន​សិទ្ធិ​មនុស្ស​ទៅកាន់​ជនពិការ​។ គម្រោង​នេះ​ ប្រើប្រាស់​ម៉ាស៊ីន​ចាក់​សម្លេង​ ដែល​ផ្ទុក​ខ្សែ​សម្លេង​នៃ​ការពិភាក្សា​លើ​ការយល់ដឹង​ស្តីអំពីសិទ្ធិ​មនុស្ស​ និង​រឿង​និទាន​នៃ​វីរៈជន​៥រូប​ ដែល​ជា​ការរៀបរាប់​ពី​ជីវិត​ជនពិការ​៥​រូប​ដែល​បានជំនះ​ពិការភាព​របស់​ខ្លួន។ ម៉ាស៊ីន​ចាក់​សម្លេង​ និង​ផ្ទាំង​ផ្សាព្វផ្សាយ​ពី​សិទ្ធិ​ជនពិការ​ ត្រូវ​បាន​ចែកចាយ​ទៅកាន់​អង្គការ​ជនពិការ​តាម​ខេត្ត​ចំនួន​១០​ សម្រាប់​ការផ្សព្វផ្សាយ​បន្ត​ទៅកាន់​អ្នក​ស្រុក​អ្នកភូមិ។

 

នៅខេត្ត​ក្រចេះ​ ប្រធាន​អង្គការ​ជនពិការ​ថ្នាក់​ខេត្ត​ បាន​ចាក់ផ្សាយ​ខ្សែ​សម្លេង​ទៅកាន់​ក្រុម​ជួយខ្លួន​ឯង​ចំនួន​៣​នៅក្នុងភូមិ​ និង​នៅក្នុង​ការប្រជុំ​ឃុំ​ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ សុខន​ អ្នក​លក់​នំ​វ័យ​កណ្តាល​ម្នាក់​ ដែល​មាន​ជំងឺ​ស្វិត​ដៃជើង​នៅខេត្ត​ក្រចេះ​ និយាយថា​ កាល​ពីមិន​ទាន់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​សិទ្ធិ​ជនពិការ​​ គាត់​អស់សង្ឃឹម​ណាស់​។ «គេ​គិតថា​យើង​ទន់ខ្សោយ​ ហើយអត់បាន​ការ។ បន្ទាប់​ពី​បាន​ស្តាប់​ការចាក់ផ្សាយ​អំពី​សិទ្ធិ​ជនពិការ​ ពួកគេ​លែង​និយាយ​បែប​នេះ​ទៀតហើយ»។

 

បន្ថែម​ពី​លើ​ការ​ផ្សព្វផ្សាយ​ខ្នាតតូច​ ដើម្បី​លើក​កម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ​ជនពិការ​ អង្គការ​ជន​ពិការ​កម្ពុជា​គម្រោង​នឹង​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ ដើម្បី​ចែកចាយ​ខ្លឹមសារ​តាមទម្រង់​ឌីជីថល​ទៅកាន់​មហាជន​។ ខ្លឹមសារ​ទាំងនោះ​រួមមាន​ ក្រាបបង្ហាញ​ទិន្នន័យ​ និង​ខ្លឹមសារ​ដែល​អាច​​ឆ្លើយឆ្លង​គ្នា​បាន​ ហើយ​ខ្លឹម​សារ​ទាំងនេះ​​​ទាក់ទងនឹង​សិទ្ធិ​របស់​ជនពិការ​នៅ​ក្នុង​ការអប់រំ​ សេវាកម្ម​សុខភាព​ ការ​ទទួល​បាន​ព័ត៌មាន​ ការចូលរួម​ក្នុង​ការបោះឆ្នោត​ និង​ការ​ចេញចូល​អាគារ។ អង្គការ​នេះ​ ក៏​មាន​គម្រោង​រៃអង្គាស​ថវិការ​ និង​សហការណ៍​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ផ្សព្វផ្សាយ​សិទ្ធិ​ជនពិការ​ក្រោយ​គម្រោង​នេះ​ត្រូវបានបញ្ចប់។ អង្គការ​ជនពិការ​កម្ពុជា​ សង្ឃឹម​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ពួកគេ​ នឹង​ជម្រុញឲ្យមានការគោរពដល់​ជនពិការ​គ្រប់រូបទូទាំង​ប្រទេស៕

ទាញ​យក​អត្ថបទ​នេះ​ជា​ឯកសារ​ PDF