DoyDoy: ការ​ចាប់​ផ្ដើម​អាជីវកម្ម​របស់​ខ្ញុំ

ស្លាក: ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

ជា​សិស្ស​កំពុង​រៀន​ឆ្នាំ​ទី​៣ ផ្នែក​បរិញ្ញាប័ត្រ​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ លោក ឯម ចន្ទ័រិទ្ធិកុរ ក៏​ជា​ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ថ្មី​មួយ​ផង​ដែរ​គឺ Doydoy ដែល​ជា​ឧបករណ៍​សិក្សា​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដែល​មាន​តំលៃ​សមរម្យ​សម្រាប់​កុមារ។ លោក​បាន​បង្កើត​ឧបករណ៍​ក្មេង​លេង Doydoy នេះ​ឡើង​នៅ​ក្នុង​វគ្គសិក្សា Think Global Make Local (TGML) ដែល​បាន​រៀបចំ​ដំណើរការ​ដោយ ARC Hub PNH នៅ​ក្នុង​ឆ្នាំ ២០១៥​​ក្រោម​​ការ​​ឧបត្ថម្ភ​​របស់ USAID តាម​រយៈ​គម្រោង Development Innovations។ ឧបករណ៍​ក្មេង​លេង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​ក្មេងៗ​ដែល​ពុំ​សូវ​មាន​ថវិកា​ច្រើន ប៉ុន្តែ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត និង​ការ​រចនា។ ឧបករណ៍​នេះ​ត្រូវ​បាន​ធ្វើ​ពី​ទុយយោ​ប្លាស្ទិក​ដែល​មាន​តម្លៃ​ថោក និង​មាន​ដុំ​ដំណរ​ភ្ជាប់​ដែល​បង្កើត​ដោយ​ម៉ាស៊ីន​បោះពុម្ព 3D ដែល​អាច​ដាក់​ភ្ជាប់គ្នា​ដើម្បី​បង្កើត​ជា​រូបរាង​ផ្សេងៗ​ដូចជា​ផ្ទះ ឬ​ប្រអប់។ វគ្គសិក្សា TGML បាន​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ពីការ​ផលិត​ដែល​មាន​គុណភាព​ខ្ពស់​ដោយ​ឥត​គិត​ថ្លៃ និង​ផ្ដោត​លើ​ប្រធាន​បទ​ដូច​ជា​ការ​រចនា​ការ​បោះពុម្ព 3D ការ​បង្កើត​គ្រឿង​អេឡិចត្រូនិក និង​មនុស្សយន្ត។

សហគ្រិន​វ័យ​ក្មេង ឯម ចន្ទ័រិទ្ធិកុរ ជាមួយ​និង​ឧបករណ៏​សិក្សា​ក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា “Doydoy”។

ក្នុង​នាម​ជា​សហគ្រិន​វ័យ​ក្មេង លោក រិទ្ធកុល​បាន​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន។ លោក​បាន​និយាយ​ថា “ខ្ញុំ​មិន​ដែល​រៀន​ពី​អាជីវកម្ម ហើយ​ក៏​មិនមាន​គ្រួសារ​ជា​អ្នក​រក​ស៊ី​ដែរ ណា​មួយ​អ្នក​ណែនាំ​របស់​ខ្ញុំ​ភាគ​ច្រើន​គឺ​ជា​ជន​បរទេស​ដែល​ពួក​គាត់​ពិបាក​ក្នុងការ​ផ្តល់​ដំបូន្មាន​ឱ្យ​សម​នឹង​បរិបទ​ក្នុង​ស្រុក​ខ្មែរ”។ លោក​បាន​អោយ​ដឹង​ទៀត​ថា​អាយុ​ក៏​ជា​ឧបសគ្គ​មួយ​របស់​គាត់​ផង​ដែរ “វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ស្វែង​រក​ដៃ​គូ​ជំនួញ ពីព្រោះ​គេ​គ្រប់​គ្នា​មិន​ទុក​ចិត្ត​ខ្ញុំ​ព្រោះ​តែ​អាយុ​របស់​ខ្ញុំ​នៅ​តិច។ ពួកគេ​គិត​ថា​ខ្ញុំ​មិន​ទាន់​ប្រាកដ​ប្រជា ហើយ​ខ្ញុំ​គ្រាន់តែ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ដោយសារ​តែ​ចំណង់​មួយ​ឆាវ​តែ​ប៉ុណ្ណោះ»។ ឧបសគ្គ​ធំ​មួយ​ទៀត​ដែល​ខ្ញុំ និង​អាជីវកម្ម​ផ្សេងៗ​ទៀត​សុទ្ធ​តែ​ជួប​ប្រទះ​នោះ​គឺ​បញ្ហា​ដើម​ទុន។ “ខ្ញុំ​បាន​ចាប់​ផ្តើម​ដោយ​ប្រើ​លុយ​ហោប៉ៅ​ផ្ទាល់​ខ្លួន និង​គ្រួសារ​របស់​ខ្ញុំ។ ហើយ​ពិត​ជា​ពិបាក​ខ្លាំង​ណាស់​ក្នុងការ​រក​លុយ​នៅ​ដំណាក់​កាល​ដំបូង​ហើយ​វា​កាន់​តែ​ពិបាក​ជាង​នេះ​ទៅ​ទៀត​ក្នុងការ​រក​ថវិកា​ជំនួយ​ព្រោះ​អ្នក​ផ្តល់​មូលនិធិ​ជំនួយ​ភាគ​ច្រើន​ត្រូវការ​ឯកសារ​ជា​ច្រើន​ដូចជា ការ​ព្យាករ​ហិរញ្ញវត្ថុ និង​ផែនការ​ថវិកា​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​បទ​ពិសោធន៏​ជាដើម។”

ក្រោយ​ពី​បើក​អាជីវកម្ម​នេះ​អស់​រយៈពេល ១៨​ខែ លោក​បាន​បង្កើត​ក្រុម​ដែល​មាន​សមាជិក ៣ នាក់​រួម​មាន​អ្នក​ខាង​ផ្នែក​ទីផ្សារ និង​ផ្នែក​ខាង​រចនា​ផង​ដែរ។ ហើយ​លោក​គ្រោង​នឹង​ជ្រើសរើស​សមាជិក​ក្រុម​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។ រហូត​មក​ដល់​ពេល​នេះ រិទ្ឋិកុរ​បាន​លក់​ឧបករណ៍​ក្មេង​លេង​នេះ​បាន​ច្រើន​ជាង ៨០០ ប្រអប់​ហើយ​ក៏​នៅ​មាន​គម្រោង​ចង់​ពង្រីក​អាជីវកម្ម​នេះ​បន្ថែម​ទៀត។ ការ​បង្កើត​ក្រុម​មួយ​ដែល​មាន​រចនា​សម្ព័ន្ធ​ល្អ​គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ទៀត​ដែល​លោក​ត្រូវ​ដោះស្រាយ។ មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​បង្កើត​ក្រុម​ដ៏​ល្អ​មួយ​ដែល​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់ ដើម្បី​ឱ្យ​អាជីវកម្ម​ដំណើរ​ការ​ល្អ។ ខ្ញុំ​ចង់​រៀន​ពី​របៀប​បង្កើត និង​គ្រប់គ្រង​ក្រុម​ដ៏​ល្អ​មួយ ហើយ​នេះ​គឺ​ជា​ចំនុច​ខ្វះខាត ដែល​ខ្ញុំ​មើល​ឃើញ​ក្នុង​កម្មវិធី​សហគ្រិនភាព​ដែល​ខ្ញុំ​បាន​ចូល​រួម​ពី​មុន​មក»។

ថ្វី​បើ​មាន​បញ្ហា​ប្រឈម​ទាំង​នេះ​ក៏​ដោយ រិទ្ឋិកុរ​ទទួល​ស្គាល់​សារៈ​សំខាន់​នៃ​ការ​គាំទ្រ​ដែល​លោក​បាន​ទទួល។ បន្ទាប់​ពី TGML លោក​ក៏​បាន​ចូល​រួម​កម្មវិធី Cellcard Lab ដែល​រៀបចំ​ដោយ Impact Hub និង​ឈ្នះ​បាន​ទឹក​ប្រាក់​ចំនួន ៥០០០$ និង​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៣​ថ្ងៃ​ដើម្បី​ទស្សន​កិច្ច​នៅ Microsoft Malaysia និង Malaysian Global Innovation and Creativity Centre (MaGIC)។

ក្មេងៗ​មាន​ភាព​រំភើប​រីករាយ​ក្នុងការ​សាង​សង់​អគារ​នៃ​ក្ដី​ស្រមៃ​របស់​ពួកគេ​ជាមួយ Doydoyដែល​បាន​បរិច្ចាក​ទៅ​សាលា​ដូង ដែល​ជា​សាលា​មួយ​សង់​ពី​ប្លាស្ទិច​និង​សំណល់​កែច្នៃ។
[រូបភាព​ប្រភព: ឯម ចន្ទ័រិទ្ធិកុរ]

តាម​រយៈ​កម្មវិធី​នេះ Impact Hub បាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ខ្ញុំ​និង​អ្នក​ផ្ដល់​ដំបូន្មាន និង​ព្រឹត្តិការណ៏​ពង្រីក​ទំនាក់​ទំនង​នានា ដែល​ខ្ញុំ​អាច​រៀន​ពី​យុទ្ឋសាស្រ្ត​វិនិយោគ គំរោង​អាជីវកម្ម និង​របាយការណ៏។ ARC Hub PNH ក៏​បាន​បន្តរ​ផ្ដល់​ការ​គាំទ្រ​ដល់ រិទ្ឋិកុរ ដោយ​បន្ថយ​តំលៃ​ក្នុងការ​ផលិត Doydoy ដែល​ផលិត​ដោយ​ឧបករណ៏​បោះពុម្ភ 3D របស់​ពួក​គេ។ ការ​បញ្ចុះ​តំលៃ​នេះ​បាន​ជួយ​ឲ្យ​អាជីវកម្ម​របស់​គាត់​រីក​ចំរើន។ ថ្មីៗ​នេះ លោក ​រិទ្ឋិកុរ ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឈ្នះ ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជាឆ្នាំ ២០១៧ ជាមួយ​និង​បេក្ខភាព ១៥​នាក់​ដទៃទៀត។ រង្វាន់​នេះ​ជា​ភាព​ជោគជ័យ​មួយ​ដ៏​ធំ​សំរាប់ Doydoy ដែល​អាច​ធ្វើ​ឲ្យ​ទីផ្សារ​កម្ពុជា​ស្គាល់​ផលិតផល​នេះ​កាន់​តែ​ច្រើន។ រិទ្ឋិកុរ​បន្ថែម​ថា ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​គណៈកម្មធិការ​ ៥​ចំណោម​ ៩នាក់​ជា​ជនជាតិ​ខ្មែរ​ដែល​មាន​បទ​ពិសោធន៏​ធ្វើការ​ជាមួយ​នឹង​ផលិត​ផល​ក្នុង​ស្រុក ហើយ​និង​បាន​ឱកាស​ពិសេស​នេះ​ក្នុងការ​ស្គាល់​មនុស្ស​និង​អតិថិជន​ជា​ច្រើន​ទៀត។

Doydoy កំពុង​តែ​ចាប់​ដៃ​គូ​សហការ​ជាមួយ​នឹង​សាលា​និង​ក្រុមហ៊ុន​ផ្សេងៗ​ដើម្បី​ផ្ដល់​ឱកាស​ដល់​ក្មេងៗ​ក្នុងការ​ប្រើប្រាស់​ឧបករណ៏​តំលៃ​សមរម្យ​នេះ​ដើម្បី​បង្កើត​អ្វី​តាម​ការ​គិត​ស្រមៃ​របស់​ខ្លួន និង​សិក្សា​ស្វែង​យល់​ពី​ចំណេះ​ដឹង​វិស្វកម្ម​ទូទៅ។ សូម​ទំនាក់​ទំនង​ទៅ​លោក រិទ្ឋិកុរ សំរាប់​ព័ត៏មាន​បន្ថែម។ ប្រសិន​បើ​អ្នក​មាន​ចំណាប់​អារម្មណ៏​ក្នុងការ​ជាវ Doydoy អ្នក​អាច​រក​បាន​នៅ ENGINOV Cambodia នៅ Block 11

ទាញ​យក​ករណី​ជោគជ័យ​មួយ​នេះ​ជា​ PDF