មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ​ជួយ​អង្គការ​យុវជន​ពង្រីក​វិសាលភាព​ទៅ​កាន់​ប្រជាជន​កម្ពុជា

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

បើ​ធៀប​ជាមួយ​នឹង​ទិន្នន័យ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន អង្គការ​សមាគម​យុវជន​ខ្មែរ (KYA) អាច​មើល​ឃើញ​ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​ចូល​រួម​គាំទ្រ​ច្រើន​ជាង​មុន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ពួក​គាត់​។

បើ​មើល​ទៅ​លើ​វីដេអូ​មួយ​របស់​ពួក​គាត់​ដែល​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​២០១៤​ដែល​ទទួល​បាន​អ្នក​ទស្សនា​ត្រឹម​តែ​៣០០០​នាក់​តែ​ប៉ុណ្ណោះ​ក្នុង​កំឡុង​ពេល​៥​ឆ្នាំ​នេះ។ ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជាមួយ​នឹង​យុវជន​ដ៏​ធំ​មួយ ទិន្នន័យ​នេះ​មិន​មែន​ជា​តួ​លេខ​ល្អ​នោះ​ទេ។ មន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សមាគម​យុវជន​ខ្មែរ កញ្ញា ជី​បញ្ញា បាន​និយាយ​ថា “ដោយ​សារ​តែ​មាតិកា​របស់​យើង​ខ្ញុំ​មិន​សូវ​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទស្សនិកជន​បែរ​ជា​ចុច Unlike ទំព័រ​របស់​យើង​ខ្ញុំ​វិញ។”

បើ​យោង​ទៅ​តាម​ទិន្នន័យ​ចុង​ក្រោយ​ពីអង្គការ UNDP ប្រជាជន​របស់​ប្រទេស​កម្ពុជា​ដែល​មាន​អាយុ​ក្រោម៣០ឆ្នាំមាន​រហូត​ដល់​ទៅ ៦៥.៣%នៃចំនួនប្រជាជនសរុប។ ចាប់​ពី​ឆ្នាំ​១៩៩២ សមាគម​យុវជន​ខ្មែរ​បាន​ធ្វើ​ការ​ដើម្បី​ជំរុញ​យុវវ័យ​ឲ្យ​ចូល​រួម​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។ ពួក​គាត់​បាន​ធ្វើ​ការ​ស្ទើរ​តែ​គ្រប់​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស នៅ​លើ​វិស័យ​ជា​ច្រើន​ដូច​ជា សុខភាព​ផ្លូវ​ភេទ សុខភាព​បន្ត​ពូជ និង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ។​ ក៏​ប៉ុន្តែ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​លើ​វិស័យ​ឌីជីថល​ សមាគម​យុវជន​ខ្មែរ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ជំហរ​មួយ​នៅ​ក្នុង​ពិភព​អ៊ីនធឺណិត​។ សមាគម​យុវជន​ខ្មែរ​ខ្វះ​ខាត​យុទ្ធសាស្ត្រ​ផ្នែក​ទំនាក់​ទំនង ឬ​ជំនាញ​ក្នុង​ការ​បង្កើត​មាតិកា​ឌីជីថល​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មិន​មាន​ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​គុណភាព​។ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​ទទួល​មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ Second Chance Fund ពី​គម្រោង Development Innovations របស់​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ USAID

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧ គម្រោង DI បាន​ផ្ដល់​ឱកាស​ទទួល​បាន​មូលនិធិ​ជំនួយ​ដោយ​ការ​ប្រើ​ប្រាស់​បទពិសោធន៍​ពី​គម្រោង​បច្ចេកវិទ្យា​ដែល​មិន​ទទួល​បាន​ជោគជ័យ និង​មាន​បំណង​ចង់​បង្កើត​មធ្យោបាយ​ថ្មី​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អភិវឌ្ឍន៍​ដដែល​នោះ។ ក្នុង​ករណី​របស់​សមាគម​យុវជន​ខ្មែរ គោល​បំណង​របស់​ពួក​គាត់​គឺ​ដើម្បី​បង្កើត​គេហទំព័រ​ថ្មី​ដែល​មាន​ភាព​ងាយ​ស្រួល​ប្រើ​ប្រាស់ បង្កើន​វត្តមាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​និង​គុណភាព​មាតិកា​ និង​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ការងារ​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ជា​ពិសេស​ឧបករណ៍​គមនាគមន៍​។ សមាគម​យុវជន​ខ្មែរ​មាន​បំណង​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ដើម្បី​ធ្វើ​ឲ្យ​យុវជន​កម្ពុជា​មាន​ភាព​សកម្ម និង​មាន​ចំណេះ​ដឹង​ទាក់​ទង​នឹង​បរិស្ថាន​ដែល​នៅ​ជុំ​វិញ​ពួក​គាត់។ ពួក​គាត់​ចង់​ចាប់​ផ្ដើម​ការងារ​នេះ​ជាមួយ​នឹង​ក្រុម​ការងារ​របស់​ពួក​គាត់។

មុន​ពេល​ទទួល​បាន​មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ​នេះ សមាគម​យុវជន​ខ្មែរ​ក៏​បាន​ធ្វើ​ការងារ​ខ្លះៗ​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​គម្រោង​នេះ។ ពួក​គាត់​បាន​ធ្វើ​ការ​ស្ទង់​មតិ​ពី​អ្នក​ចូល​ទស្សនា​គេហទំព័រ​របស់​ពួក​គាត់​កាល​ពី​ឆ្នាំ​២០១៧​ រួច​ដឹង​ថា​គេហទំព័រ​នោះ​មាន​ភាព​លំបាក​ក្នុង​ការ​ប្រើ​ប្រាស់​តាម​ទូរស័ព្ទ​ដៃ ហើយ​អ្នក​ទស្សនា​របស់​ពួក​គាត់​ភាគ​ច្រើន​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ដើម្បី​ទស្សនា​មាតិកា​ទាំង​នោះ​។ ក្រៅ​ពី​នោះ សមាគម​យុវជន​ខ្មែរ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​គេហទំព័រ​របស់​ខ្លួន​ដោយ​ហេតុ​ថា​ពួក​គាត់​ត្រូវ​ចំណាយ​ថវិការ​បន្ថែម​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​គ្រប់​គ្រង​គេហទំព័រ​របស់​ពួក​គាត់។ សមាគម​នេះ​ត្រូវ​ការ​មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ​ដើម្បី​បង្កើត​គេហទំព័រ​មួយ​ដែល​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ និង​ការ​ចូល​រួម​ពី​យុវវ័យ​នៅ​កម្ពុជា​បាន​ច្រើន​ជាង​មុន។

ជាមួយ​នឹង​មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ​នេះ សមាគម​យុវជន​ខ្មែរ​បាន​ពង្រឹង​យុទ្ធសាស្ត្រ និង​ជំនាញ​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​ពួក​គាត់​តាម​រយៈ​វគ្គ​បណ្ដុះ​បណ្ដាល​ពី​គ្រូ​បង្វឹក និង​កម្មវិធី​សិក្សា​របស់ DI។ ក្នុង​នោះ​ក៏​មាន​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​របស់​អង្គការ​គណៈកម្មការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា​ដែល​ពួក​គាត់​បាន​បន្ត​សេវាកម្ម​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ពី DI កាល​ពី​ឆ្នាំ​២០១៧។ គម្រោង DI ក៏​បាន​ជួយ​ដល់​ការ​កែ​សម្រួល​រចនា​បទ និង​ភាព​លេច​ធ្លោ​របស់​គេហទំព័រ​របស់​សមាគម​យុវជន​ខ្មែរ។ ជា​លទ្ធផល​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​បើក​ទូលាយ ក្រុម​ការងារ​របស់​សមាគម​យុវជន​ខ្មែរ​ទទួល​បាន​ជំនាញ​ក្នុង​ការ​ដាក់​មាតិកា​ថ្មី​ និង​ធ្វើ​បច្ចុប្បន្នភាព​នៅ​លើ​គេហទំព័រ​ដោយ​ខ្លួន​ឯង​។


មន្ត្រី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​សមាគម​យុវជន​ខ្មែរ​កញ្ញា ជី​ បញ្ញា កំពុង​តែ​សម្ភាសន៍​ភ្ញៀវ​កិត្តិយស​លើ​ប្រធាន​បទ​ព្រះពុទ្ធសាសនា និង​អំពើ​ហិង្សា​លើ​កុមារ នៅ​ក្នុង​ស្ទូឌីយោ​ដែល​ទើប​នឹង​កែ​លម្អ​ថ្មី។

នៅ​ខែ​សីហា ឆ្នាំ​២០១៨ សមាគម​យុវជន​ខ្មែរ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ទស្សនា​ដល់​ទៅ​ ១២៣០០ នៅ​ក្នុង​រយៈ​ពេល​ដប់​ថ្ងៃ​ប៉ុណ្ណោះ​។ មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ​បាន​លទ្ធផល​ល្អ។ លោក សេង រដ្ឋា ដែល​ជា​ជំនួយ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​សមាគម​យុវជន​ខ្មែរ​បាន​និយាយ​ថា “ជំនាញ និង​ស្ទូឌីយោ​ថ្មី​របស់​យើង​ខ្ញុំ​បាន​ជួយ​បង្កើន​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​ផលិត​របស់​សមាគម​។ ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​លឿន​ជាង​មុន​ដល់​ទៅ​ដប់​ដង​នៅ​ក្នុង​ការ​ទាញ​យក​វីដេអូ​ចេញ​ពី​កម្មវិធី​កាត់​ត និង​លឿន​ជាង​មុន​ពីរ​ដង​ក្នុង​ការ​កាត់​ត។”

នៅ​ចុង​ឆ្នាំ​នេះ សមាគម​យុវជន​ខ្មែរ​ក៏​នឹង​សហការ​ជាមួយ​គម្រោង DI ក្នុង​ការ​ដំណើរ​ការ​វគ្គ​ផលិត​វីដេអូ​នៅ​លើ​ទូរស័ព្ទ​ដៃ​ដែល​ជា​វគ្គ​បណ្ដុះ​បណ្ដាល​ដ៏​ជោគជ័យ​មួយ។ ជាមួយ​នឹង​មូលនិធិ​ជំនួយ​សម្រាប់​ឱកាស​លើក​ទី​ពីរ និង​ការ​សហការ​ថ្មី​នេះ គម្រោង DI បាន​ផ្ដល់​ជូន​សមាគម​យុវជន​ខ្មែរ​នូវ​ឧបករណ៍ កម្មវិធី​ផលិត​វីដេអូ និង​ជំនាញ​ក្នុង​ការ​ផលិត​វីដេអូ​ដែល​មាន​គុណភាព​ល្អ។ លើស​ពី​នេះ​ ពួក​គាត់​ក៏​ទទួល​បាន​ជំនាញ​ទំនាក់​ទំនង និង​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដើម្បី​ផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​ពួក​គាត់ និង​ទាក់​ទាញ​ការ​ចូល​រួម​ពី​ក្រុម​គោល​ដៅ។  ក្រុម​ការងារ​របស់​សមាគម​យុវជន​ខ្មែរ​បាន​ចាប់​ផ្ដើម​ចែក​រំលែក​ជំនាញ​ថ្មីៗ​ទាំង​នេះ​ទៅ​កាន់​ក្រុម​ការងារ​របស់​ពួក​គាត់​នៅ​តាម​បណ្ដា​ខេត្ត ក៏​ដូច​ជា​ដៃ​គូ​ផ្សេងៗ ដែល​ឥឡូវ​នេះ​ពួក​គាត់​បាន​ថត​រូប​ល្អៗ​សម្រាប់​ទំព័រ Facebook របស់​គាត់ និង​ទទួល​បាន​ជំនាញ​ក្នុង​ការ​ផ្ដិត​យក​សំឡេង និង​គំនិត​របស់​យុវជន​កម្ពុជា​នា​ថ្ងៃ​អនាគត​។

ទាញ​យក​ករណី​ជោគជ័យ​នេះ​ក្នុង​ទម្រង់​ PDF