បណ្ណាល័យ​ឌីជីថល​ជួយ​សម្រួល​ដល់​ការ​ទទួល​បាន​ព័ត៌មាន​នៅ​ជនបទ

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

ក្នុង​ចំណោម​ក្រុម​ប្រជាជន​ងាយ​រង​គ្រោះ កុមារ​តែង​តែ​ជួប​ប្រទះ​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ​ដោយ​សារ​តែ​តម្រូវ​ការ​ជាក់​លាក់​របស់​ពួក​គាត់​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់។ នៅ​ប្រទេស​កម្ពុជា កុមារ​ជនជាតិ​ដើម​ភាគ​តិច​ជួប​ប្រទះ​បញ្ហា​ស្មុគស្មាញ​មួយ​កម្រិត​ទៀត​នៅ​ពេល​ដែល​កម្មវិធី​សិក្សា​នៅ​សាលា​មិន​សមស្រប​ជាមួយ​នឹង​ភាសា​និង​វប្បធម៌​របស់​ពួកគាត់​ ពី​ព្រោះ​កុមារ​ទាំង​នេះ​មិន​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ដែល​ជា​ភាសា​តែ​មួយ​គត់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ឯកសារ​អប់រំ​នៅ​សាលា។ មុន​ពេល​ដែល​កុមារ​ទាំង​នេះ​អាច​រៀន​ភាសា​ទី​ពីរ​បាន​ស្ទាត់​ជំនាញ ពួក​គាត់​ត្រូវ​ការ​រៀន​ភាសា​កំណើត​របស់​គាត់​ជា​មុន​សិន។

ដោយ​មូល​ហេតុ​នេះ​ហើយ​ទើប អង្គការ Aide et Action កម្ពុជា (AEA) បាន​នឹង​កំពុង​តែ​ជួយ​សម្រួល​ដល់​ការ​បង្កើត​ឯកសារ​អប់រំ​ដែល​មាន​ជា​ភាសា​កំណើត​សម្រាប់​គ្រូ​បង្រៀន​និង​សិស្ស​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​និង​រតនគិរី។ ចាប់ពីឆ្នាំ២០១៧មក នៅ​ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី Khmer រៀនអាន គម្រោង Development Innovations បាន​គាំទ្រ AEA ដើម្បី​បង្កើត​ខ្លឹមសារ​ចម្រុះ នៅ​បណ្ណាល័យ​ទំនើប​តាម​សាលា​បឋម​សិក្សា​គោល​ដៅ​ចំនួន​៧ ។ បណ្ណាល័យ​ឌីជីថល​ទាំង​នេះ​បាន​បំពាក់​នូវ ទូរទស្សន៏ ទូរស័ព្ទថាប្លែត (tablet) និង​សម្ភារៈ​សិក្សា​មាន​ជា​រូបភាព​និង​សំឡេង​ច្រើន​ភាសា ដែល​ផ្ទុក​នូវ​មាតិកា​អប់រំ​ថ្មីៗ​ជា​ភាសា​ជនជាតិ​ភាគ​តិច។ បណ្ណាល័យ​ទាំង​នេះ​ក៏​បាន​ក្លាយ​ជា​កន្លែង​សិក្សា​ថ្មី​ដែល​សិស្ស​និមួយៗ​អាច​ទទួល​បាន​ការ​អប់រំ​ជា​ភាសា​កំណើត​របស់​ខ្លួន និង​ឯកសារ​សិក្សា​ផ្សេងៗ​ដែល​ផលិត​ក្នុង​ស្រុក​សម្រាប់​ពួក​គាត់។ ចាប់​តាំង​ពី​ការ​បង្កើត​បណ្ណាល័យ​ឌីជីថល​នេះ​មក សិស្ស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ប្រើប្រាស់​ឯកសារ​សិក្សា​ដែល​ពួក​គាត់​ទទូល​បាន។
 
 

“កាល​ពី​មុន សិស្ស​បឋម​សិក្សា​ជា​ច្រើន​មិន​ចង់​មក​រៀន​ហើយ​ឪពុកម្ដាយ​របស់​ពួកគាត់​ត្រូវ​តែ​បង្ខំ​ពួក​គាត់​មក​សាលា​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់​ប្ដូរ​ចាប់​ពី​ពេល​ដែល​មាន​បណ្ណាល័យ​នេះ​នៅ​ក្នុង​សាលា បណ្ណាល័យ​នេះ​បាន​ទាក់​ទាញ​ឲ្យ​សិស្ស​មក​រៀន​បាន​ទៀង​ទាត់​ជាង​មុន និង​បាន​ជួយ​ជំរុញ​ឲ្យ​ពួក​គាត់​ចូល​ចិត្ត​ការ​សិក្សា។”
លោក ស្រី វីរៈ
នាយក​សាលា​បឋមសិក្សា​ក្រូច

Photo: Development Innovations
Aide et Action កម្ពុជា​ពង្រឹង​គុណភាព​និង​វិសាលភាព​នៃ​សម្ភារៈ​អប់រំ​សម្រាប់​ប្រជាជន​កម្ពុជា ជា​ពិសេស​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​និង​នៅ​តាម​តំបន់​ជនបទ។

 
 
 
គ្រូបង្រៀន អ្នកគ្រប់គ្រង និង​សិស្សានុសិស្ស​ពេញ​ចិត្ត​នឹង​បណ្ណាល័យ​ឌីជីថល​នៅ​ក្នុង​សាលា​ទាំង​នេះ​ណាស់​។ លោក ស្រី វីរៈ នាយក​សាលា​បឋមសិក្សា​ក្រូច​ដែល​មាន​សិស្ស​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ទំពួន បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា “បណ្ណាល័យ​ឌីជីថល​នេះ​ពិត​ជា​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​គ្រូ​បង្រៀន សិស្ស ក៏​ដូច​ជា​ដល់​សហគមន៍​មែន​ទែន។ កាល​ពី​មុន សិស្ស​បឋម​សិក្សា​ជា​ច្រើន​មិន​ចង់​មក​រៀន​ហើយ​ឪពុកម្ដាយ​របស់​ពួកគាត់​ត្រូវ​តែ​បង្ខំ​ពួក​គាត់​មក​សាលា​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​អ្វីៗ​បាន​ផ្លាស់​ប្ដូរ​ចាប់​ពី​ពេល​ដែល​មាន​បណ្ណាល័យ​នេះ​នៅ​ក្នុង​សាលា បណ្ណាល័យ​នេះ​បាន​ទាក់​ទាញ​ឲ្យ​សិស្ស​មក​រៀន​បាន​ទៀង​ទាត់​ជាង​មុន និង​បាន​ជួយ​ជំរុញ​ឲ្យ​ពួក​គាត់​ចូល​ចិត្ត​ការ​សិក្សា។ គ្រូ​ជា​ច្រើន​បាន​និយាយ​ថា​សិស្ស​របស់​គាត់​អាច​រៀន​ឆាប់​ចេះ​ជាង​មុន​នៅ​ពេល​ដែល​មាន​សម្ភារៈ​សិក្សា​ថ្មី​ទាំង​នេះ។ ចំពោះ​ឪពុក​ម្ដាយ​វិញ ពួក​គេ​បាន​កត់​សម្គាល់​ឃើញ​ពី​ការ​ប្រែប្រួល​អត្តចរិត​របស់​កូន​ចំពោះ​ការ​សិក្សា ហើយ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ចូល​រួម​សកម្មភាព​សាលា​បាន​ច្រើន​ជាង​មុន”។

AEA បាន​បង្កើត​ផែន​ការ​ដំណើរ​ការ​ដ៏​ច្នៃប្រឌិត​មួយ​ដើម្បី​បង្កើន​និរន្តរភាព​របស់​គម្រោង​នេះ។ គ្រូ​ជា​ច្រើន​ត្រូវ​ការ​សម្ភារៈ​អប់រំ​បន្ថែម​ដើម្បី​ពង្រឹង​សមត្ថភាព​បង្រៀន​របស់​ពួក​គាត់។ មាតិកា​ឌីជីថល វីដេអូ និង Infographic អាច​ជួយ​ឲ្យ​សិស្ស​យល់​បន្ថែម​ពី​លើ​កម្មវិធី​សិក្សា​ដែល​មាន​ស្រាប់។ គម្រោង​នេះ​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ជំនួយ​ចំនួន​៥០%​ក្នុង​ការ​ទិញ​ទូរស័ព្ទថាប្លែត​សម្រាប់​គ្រូ​បង្រៀន​នៅ​តាម​សាលា​គោលដៅ។ កម្មវិធី​ទូរស័ព្ទ​ដែល​ផ្ទុក​ធនធាន​អប់រំ​ជា​ច្រើន ត្រូវ​បាន​គេ​បញ្ចូល​ក្នុង​ទូរស័ព្ទថាប្លែត ទាំង​នេះ​ដើម្បី​ជា​ជំនួយ​ដល់​គ្រូ​ក្នុង​ការ​បង្រៀន​ក៏​ដូច​ជា​សម្រាប់​ពួក​គាត់​ស្វ័យ​សិក្សា។​ លោកគ្រូ ហន សុខហេង ជា​គ្រូ​បង្រៀន​ថ្នាក់​ទី​៥​នៅ​សាលា​បឋមសិក្សា​រយ៉ា​លើ នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ចេញ​មតិ​ថា “ទូរស័ព្ទថាប្លែត ទាំង​នេះ​មាន​ផ្ទុក​នូវ​សម្ភារៈ​សិក្សា​និង​បង្រៀន​ជា​ច្រើន។ បើ​សិន​ជា​ខ្ញុំ​ទិញ​ទូរស័ព្ទថាប្លែត ពី​ផ្សារ​ដោយ​ខ្លួន​ឯង ខ្ញុំ​ប្រហែល​ជា​ត្រូវ​បង់​តម្លៃ​ពេញ​ហើយ​វា​ប្រហែល​ជា​មិន​មាន​កម្មវិធី​ច្រើន​ដូច ទូរស័ព្ទថាប្លែត​ទាំង​នេះ​ទេ។”

AEA ធ្លាប់​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្កើត​ឧបករណ៍​និង​ប្រព័ន្ធ​ជួយ​ដល់​គ្រូ​បង្រៀន​ជា​ភាសាខ្មែរ​នៅ​ក្នុង​កម្មវិធី Khmer រៀនអាន។ ឥឡូវ​នេះ​ដោយ​មាន​ជំនួយ​មូលនិធិ​ពី​គម្រោង Development Innovations ពួក​គាត់​បាន​ជួយ​ទៅ​ដល់​ប្រជាជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី​និង​រតនគិរី ដែល​ក្នុង​នោះ​មាន​គ្រូបង្រៀន​ជាង​៤០នាក់ និង​សិស្ស​ជិត​២០០០នាក់។ នា​ថ្ងៃ​អនាគត​ AEA សង្ឃឹម​ថា​នឹង​ជួយ​ពង្រឹង​សមត្ថភាព​សហគមន៍​ទាំង​នេះ ដើម្បី​ប្រើ​ប្រាស់​និង​ថែ​រក្សា​ឧបករណ៏​ទាំង​នេះ​ជា​ទ្រព្យ​សម្បត្តិ​រួម។ ទស្សនៈ​វិស័យ​របស់​ពួក​គាត់​គឺ​អាច​អោយ​អ្នក​បង្កើត​មាតិកា​អប់រំ​ទាំង​ឡាយ​អាច​ប្រើប្រាស់​មធ្យោបាយ​តែ​មួយ​ដើម្បី​ផ្សព្វផ្សាយ​កិច្ច​សហការ​និង​កាត់​បន្ថយ​ភាព​លើស​លប់​នៃ​ការងារ​។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​គម្រោង​មួយ​នេះ​:

ទាញ​យក​ករណី​ជោគជ័យ​នេះ​ជា​ទំរង់​ PDF

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
0Share on Google+
Google+
0Email this to someone
email