ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ប្រមូល​ទិន្នន័យ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ

ស្លាក: , , , , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

ស្ថាប័ន​អ្នក​អាច​នឹង​ប្រើប្រាស់​ធនធាន​ជា​ច្រើន​ក្នុងការ​ប្រមូល​ទិន្នន័យ​ដោយ​ប្រើ​ក្រដាស ដូចជា​៖​ បុគ្គលិក ថវិកា និង​ពេលវេលា​។ ឧបករណ៍​បច្ចេកវិទ្យា​ជា មធ្យោបាយ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ការ​ប្រមូល​ទិន្នន័យ និង​សរសេរ​របាយការណ៍​ មាន​ភាព​ឆាប់​រហ័ស  និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជាង​មុន​។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​ នៅតែ​ប្រើប្រាស់​ក្រដាស​ ក្នុងការ​ប្រមូល​ទិន្នន័យ​ពី​ក្រុម​គោលដៅ​របស់​ខ្លួន។ អង្គការ​សកម្មភាព​ផ្សព្វផ្សាយ​ដើម្បី​ការ​អប់រំ និង​អភិវឌ្ឍន៍ (MEDIA One) ដែល​ជា​អង្គការ​មួយ​ធ្វើការងារ​ឆ្លើយតប​នឹង​តំរូវការ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ប្រកប​ដោយ​បរិយាប័ន និង​លទ្ធភាព​ស្មើ​គ្នា​ក្នុងការ​ទទួល​បាន​ពត៌មាន​ទូទាំង​ប្រទេស​កម្ពុជា ហើយ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​គ្នា​មួយ ដើម្បី​ជាជំនួយ​ក្នុងការ​លើក​កម្ពស់​នូវ​មតិ​ភាគតិច​ដែល​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់ ព្រម​ទាំង​លើក​កម្ពស់​ដល់​ការ​ចូលរួម​ពី​សំណាក់​សហគមន៍​ងាយ​រងគ្រោះ​ដោយ​ផ្តល់​ជូន​នូវ​ពត៌មាន និង​គំនិត​យោបល់​ដែល​ជា​តម្រូវការ​ចាំបាច់​ផ្សេងៗ​។ កម្មវិធី​វិទ្យុ​ គឺ​ជា​សកម្មភាព​ស្នូល​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន​ទៀត​របស់​អង្គការ MEDIA One​ ហើយ​រាល់ការ​ផ្តល់​មតិយោបល់​ដើម្បី​សា្ថបនា​ទាំងឡាយ​របស់អ្នក ស្តាប់​តែង​តែ​ត្រូវ​បាន​យក​មក​ពិចារណា ដែល​ជា​ផ្នែក​មួយ​សំខាន់​បំផុត​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​វិទ្យុ កាន់តែ​មាន​ភាព​ទាក់ទាញ និង​កាន់តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នក​សា្តប់​។

មុន​ឆ្នាំ ២០១៥ Media One​ ជួប​ប្រទះ​បញ្ហា​ក្នុងការ​ប្រមូល​មតិ​យោបល់ ពី​ក្រុម​អ្នក​ស្តាប់​ក្នុងការ​ ផលិតកម្មវិធី​ឲ្យ​បាន​ឆាប់​រហ័ស និង​មាន​ប្រសិទ្ធិភាព​។ MEDIA One ​បាន​ទទួល​ជំនួយ​មូលនិធិ​ពី USAID តាម​រយៈ​គម្រោង Development Innovations ក្នុងការ​ធ្វើ​តេស្ត​ឧបករណ៍​បច្ចេកវិទ្យា​សម្រាប់​ប្រមូល​ទិន្នន័យ និង​ពិនិត្យ​ថាតើ​ឧបករណ៍​ទាំង​នោះ​អាច​ជួយ​បង្កើន​នូវ​គុណ​ប្រយោជន៍​ដែល​ចេញ​ពីការ​ខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​កម្មវិធី​របស់​គេ​នា​ពេល​បច្ចុប្បន្នដែរ​ឬទេ​។

MEDIA One មាន​បទ​ពិសោធន៍​ច្រើន​ក្នុងការ​ប្រមូល​មតិ​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រៃឡង់ តាម​រយៈ​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវៈ​ចំរុះ​​របស់ USAID ព្រម​ទាំង​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​នេះ​មាន​ភាព​ប្រសើរ​ឡើង​។ ក្រោម​ជំនួយ​ថវិកា​របស់​គម្រោង Development Innovations អង្គការ MEDIA One មាន​លទ្ធភាព​បង្កើត​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​បាន​យ៉ាង​ជោគជ័យ​ដោយ​ប្រើប្រាស់​កម្មវិធី​ប្រមូល​ទិន្នន័យ CommCare ដែល​ជា​កម្មវិធី​ទូទៅ​មួយ​របស់​ទូរស័ព្ទ​ដៃ​ដែល​បង្កើត​ឡើង​សំរាប់​ការ​ប្រើប្រាស់​នៅ​បរិបទ​ដែល​ធនធាន​មាន​កម្រិត។ អង្គការ MEDIA One បាន​ប្រើប្រាស់​ឧបករណ៍​ពី​កម្មវិធី​វិទ្យុ​គាំទ្រ​ដោយ​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវៈ​ចំរុះ​សំរាប់​កម្មវិធី​វិទ្យុ​អេឡិចត្រូនិក​ព្រម​ទាំង​ការ​ថត​សំលេង​ការ​ប្រមូល​មតិយោបល់​ពី​អ្នក​ស្តាប់​គោលដៅ​របស់​ពួកគេ រួមទាំង​ក្រុម​អ្នក​ស្តាប់​នានា​អ្នក​រាយការណ៍​តាម​សហគមន៍ អ្នក​ដឹក​នាំ​សហគមន៍​ព្រៃឈើ និង​ប្រជា​សហគមន៍។ លក្ខណៈ​ពិសេស​ចំនួន​បី​របស់​កម្មវិធី CommCare ដែល​ត្រូវ​បាន​បង្កើត​ឡើង​ស្រប​ទៅ​តាម​តំរូវការ​របស់​បុគ្គលិក​ចុះ​ផ្តល់​សេវា​តាម​សហគមន៍​ផ្សេងៗ​គ្នា​​រួម​មាន​៖ អ្នក​សំរប​សំរួល​ក្រុម​អ្នក​ស្តាប់ អ្នក​រាយការណ៍​តាម​សហគមន៍ និង​អ្នក​ដឹកនាំ​សហគមន៍​ព្រៃឈើ​។ ហើយ​បាន​បណ្តុះបណ្តាល​សិក្ខាកាម​ច្រើន​ជាង ៤៥​នាក់ ពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​កម្មវិធី CommCare។ ប្រព័ន្ធ​នេះ​បាន​ជួយ​ពួក​គាត់​ចាប់​យក​ពត៌មាន​ពី​សមាជិក​របស់​សហគមន៍​​ចំនួន ២០៦៥នាក់ និង​បាន​បង្កើត​ប្រធាន​បទ​កម្មវិធី​វិទ្យុ របស់​ពួក​គាត់​ព្រម​ទាំង​បញ្ជូន​នូវ​របាយណ៍ការ​ជាង ១០០​ទៅ​កាន់​ការិយាល័យ​ធំ​របស់ MEDIA One​ ក្នុងពេលផ្សាយផ្ទាល់ផងដែរ។

 

 

ចាប់​តាំង​ពី​កម្មវិធី CommCare បាន​ដំណើរ​ការ​ឲ្យ​ប្រើប្រាស់​ទៅ​ដល់​បុគ្គលិក​ផ្តល់​សេវា​តាម​សហគមន៍​មក​​ មាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​បាន​ផ្តល់​មតិ​វិជ្ជមាន​ដល់ MEDIA One ជា​ពិសេស​ផ្តល់​ភាព​ងាយ​ស្រួល​សំរាប់​ការ​រក្សា​ទុក​ឯកសារ​និង​ការ​ផលិត​របាយការណ៍​ទាន់​ពេល​វេលា​។

អ្នកស្រី ម៉ៅ ច័ន្ទ​ធឿន ដែល​ជា​បុគ្គលិក​ផ្តល់​សេវា​តាម​សហគមន៍ បាន​និយាយ​ថា​៖ “CommCare អាច​កត់​ត្រា​ព័ត៌មាន និង​បញ្ចូន​ទិន្នន័យ​ទាន់​ពេល​វេលា ព្រម​ទាំង​អាច​ផ្ទុក​នូវ​សំនួរ​ និង​ព័ត៌មាន​ក្នុង​ទំរង់​​ដូចជា សៀវភៅ​រឿង​កំប្លែង​អប់់រំ  រូបភាព និង​វគ្គ​ផ្សាយ​តាម​វិទ្យុដែល​ធ្វើ​ឲ្យ​ការងារ​របស់​គាត់​ងាយ​ស្រួល​ជាងមុន។”

បន្ថែម​លើ​កម្មវិធី​វិទ្យុ MEDIA One បាន​បង្កើត​សៀវភៅ​រឿង​កំប្លែង​អប់រំ​ជា​សំលេង ដែល​មាន​បង្កប់​សារ​អភិរក្ស​បរិស្ថាន សម្រាប់​ជួយ​បង្កើន​ការ​យល់ដឹង​ដល់ សមាជិក​សហគមន៍​ព្រៃឈើ​ដែល​មិន​ចេះអាន។

លោក អ៊ិន ណាំ ដែល​ជា​សមាជិក​គណៈកម្មាធិការ​នៃសហគមន៍​ព្រៃឈើ​ក្បាលអូធ្នុង​បាន​ថ្លែងថា ​ “ខ្ញុំបានចែក សៀវភៅ​រឿង​កំប្លែង​អប់រំ​ចំនួន ២៥ ក្បាល​កាល​ពីឆ្នាំមុន​ ប៉ុន្តែ​ខ្ញុំ​បាន​ដឹងថា​សមាជិក​សហគមន៍​ព្រៃឈើ​ស្ទើរ​តែ​ទាំងអស់​មិន​ចេះ​អាន​ហេតុនេះ​ពួកគេ​មិន​បាន​យល់ដឹង​ពីសារ​អប់រំ​ច្រើន​ទេ​។ ​ឥឡូវ​វាជា​ការ​ល្អណាស់​ដែល MEDIA One បាន​បង្កើត​សៀវភៅ​រឿង​កំប្លែង​អប់រំ​បច្ចេកវិទ្យា ជាមួយ​សំលេង​ដ៏​ទាក់ទាញ​មួយ​ដើម្បី​ជួយ​សមាជិក​សហគមន៍​យល់​ពីសារ​សំខាន់ៗ។​

គាត់​បាន​បន្ត​ទៀត​ថា “CommCare គឺ​ពិត​ជា​ល្អណាស់ និង​ប្រសើរ​ជាង​ការ​បោះពុម្ព​សៀវភៅ រឿង​កំប្លែង​អប់រំ​ព្រោះ​ថា​កម្មវិធី​នេះ​ពន្យល់​រាល់​ស្ថានភាព​យ៉ាង​ល្អ​តាម​តួអង្គ​កំប្លែង​។ ឥឡូវ​សមាជិក​សហគមន៍​ព្រៃឈើ​ទទួល​បាន​ការ​យល់ដឹង​ប្រសើរ​ជាង​មុន​ពី​គន្លឹះ​នៃ​ការ​អភិរក្ស​នានា និង​បង្កើន​បាន​ការ​ចូលរួម​ក្នុង​ការ​ល្បាតព្រៃ​។”

MEDIA One បាន​ធ្វើការ​រាយការណ៍​លើ​ជំនួយ​ថវិកា​ដែល​ផ្តល់​ដល់​គម្រោង បាន​និង​កំពុង​បង្កើន សមត្ថភាព​ទាំង​ស្ថាប័ន និង​បុគ្គលិក​ផ្ទាល់​ឲ្យ​ចេះ​ប្រើប្រាស់​រាល់​ឧបករណ៍​បច្ចេកវិទ្យា។ លោក កុយ បូរី ជា​អគ្គនាយក​អង្គការ MEDIA One បាន​និយាយ​ថា​  “ទោះ​បី​ជា​កម្មវិធី​វិទ្យុ​គាំទ្រ​ដោយ​គម្រោង​គាំទ្រ​ព្រៃឈើ និង​ជីវៈ​ចំរុះ​ត្រូវ​បាន​បញ្ចប់ បុគ្គលិក​របស់ MEDIA One នៅ​តែ​ប្រើប្រាស់​កម្មវិធី​នេះ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី អ្នក​ស្តាប់​ខណៈ​ពេល​ចុះ​ត្រួត​ពិនិត្យ​តាមដាន​ក្នុង​តំបន់​គោលដៅ។

ពេល​បច្ចុប្បន្ន​នេះ បុគ្គលិក​អាច​បង្កើត ​និង​កែ​សម្រួល​កម្មវិធី​ដោយ​ខ្លួន​ឯង​សំរាប់​គម្រោង​ផ្សេងៗ​ទៀត​នា​ពេល​អនាគត។​  MEDIA One កំពុង​មាន​ចំណាប់​អារម្មណ៍​ផ្តល់ការ​បណ្តុះបណ្តាល ឬ​ជំនួយ​បច្ចេកទេស​លើការ​យក​លំនាំ​តាម CommCare សំរាប់​អង្គការ​ដ៏ទៃ​ទៀត ដែល​មាន​បំណង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​នេះ​ក្នុងការ​បង្កើត​កម្មវិធី​របស់​ពួកគេ។”