យុវជន​កម្ពុជា​ធ្វើការ​ពិភាក្សា​តាម​បណ្តាញ​ឌីជីថល

អត្ថបទ​នេះមានជាភាសា៖ enEnglish

នៅឆ្នាំ២០១៥​​ អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព​​  និងអភិវឌ្ឍន៏ (YCUD) បានសហការជាមួយ កម្មវិធី​អភិវឌ្ឍន៏​ធនធាន​យុវជន ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្តី​អំពីការ​យល់​ឃើញ​របស់​យុវជន​ទៅ​លើ​បេក្ខជន​ឈរ​ឈ្មោះ​ជា​យុវជន​សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងក្រោមជាតិ។ ក្នុងចំណោម​យុវជន​ដែល​សម្ភាសន៌​ជាង​១០០០នាក់​ទូទាំង​ប្រទេស​គឺ ៨៥% បាន​ប្រើ​ប្រាស់ប្រព័ន្ធអ៊ីនធើណែតដើម្បីស្វែងរកពត៌មានបែបនយោបាយ។ យោងតាម​ការសិក្សា​ស្រាវ​ជ្រាវ​របស់វិទ្យាស្ថានបើកទូលាយក្នុងឆ្នាំ២០១៦​បានបង្ហាញថា ​៧៤% នៃ យុវជន​កម្ពុជា (អាយុ​ពី១៥​ដល់​២៤ឆ្នាំ​) បាន​និង​កំពុង​ប្រើប្រាស់​​ហ្វេសបុក ភាគច្រើននៃ យុវជន​​ទាំងនោះ​ប្រើប្រាស់​ហ្វេសបុក​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​។ ​ទោះ​ជា​ការ​ស្រាវជ្រាវ​នេះ​បញ្ជាក់ច្បាស់ថា​យុវជន​កម្ពុជាចំណាយពេលច្រើនទៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តែ​ពួកគេ​មិន​ដឹងថាអាចស្វែងរកកន្លែងជាក់លាក់ណាមួយសម្រាប់ធ្វើកិច្ចពិភាក្សាលើប្រធានបទដែលជាការជ្រើសរើសរបស់ពួកគេបានឡើយ​ឬកន្លែងដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពក្នុង​ការពិភាក្សា​រាល់បញ្ហាទាំងអស់ដោយបើកចំហរនោះទេ។

 

ហេតុនេះហើយអង្គការសម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍន៏បានសំរេចបង្កើតវេទិកាមូយដែលមានឈ្មោះថា ​វេទិកា សម្ព័ន្ធ​យុវជន ​ដែលតំណាងអោយសមាជិកក្រុមយុវជនទាំងអស់ដែលមានសមាជិកចំនួនជាង ៧៧ ៧០០នាក់ មកពី​ សមាជិក​ទាំង៧​របស់សម្ព័ន្ធយុវជនដើម្បី​ឯកភាព​និង​អភិវឌ្ឍន៏​ដើម្បី​​ធ្វើការពិភាក្សា​ ឬធ្វើការតស៊ូមតិ លើ​រាល់​បញ្ហា​ជាក់លាក់​ណាមួយ ព្រមទាំងតាមដាន​ថា តើមានមនុស្សចូលរួមឬយ៉ាងណា។

 

ក្នុងខែធ្នូ ឆ្នាំ២០១៥ Development Innovations បានផ្តល់មូលនិធិថវិកាមួយដល់អង្គការសម្ព័ន្ធយុវជន ដើម្បី​ឯកភាពនិងអភិវឌ្ឍន៏ដើម្បីបង្កើតនិងធ្វើការសាកល្បងទៅលើកម្មវិធីនេះដើម្បី ជួយដល់​យុវជនដើម្បីបញ្ចេញនូវទស្សនៈរបស់ពួកគេ។​

 

គំរោងនេះបានបង្កើតនូវវេទិកាអេឡិចត្រូនិកមួយដែលអាចឲ្យយុវជនធ្វើការពិភាក្សាបញ្ហា​របស់ពួកគេនិងស្វែងរកដំណោះស្រាយដ៍សាមញ្ញ។​ អង្គការសម្ព័ន្ធយុវជនដើម្បី​ឯកភាព និងការអភិវឌ្ឍន៏នឹងប្រមូលទិន្នន័យ តាមរយៈកិច្ចពិភាក្សា ទាំងអស់ហើយបង្កើតជារបាយការណ៍​នានា។​របាយការណ៏ដែលបានមកពីសំលេងយុវជនទាំងនេះ ជួយដល់អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៏ និង អង្គការផ្សេងៗទៀត​ក្នុងការបង្ហាញនូវសេចក្តីត្រូវការរបស់ពួកគេទៅ ម្ចាស់ជំនួយ​ ​អ្នកស្រាវជ្រាវ​ ​និងរដ្ឋាភិបាល។

 

រយៈពេលមួយខែក្រោយពីបានបង្កើតវេទិកានេះ អង្គការសម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍន៏ សហការជាមួយ មជ្ឈមណ្ឌលភីឌីភី ក្នុងការ​ដាក់សំណើររួមមួយ ហើយក៏ទទួលបាននូវមូលនិធិជំនួយបន្ថែមពីសហភាពអឺរ៉ុប ​ ​ដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់យុវជនក្នុងការ​ បោះឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ២០១៧ ​និងថ្នាក់ជាតិឆ្នាំ២០១៨ខាងមុខ​ ហើយវេទិកានេះក៏ត្រូវបានប្រើប្រាស់ក្នុងគម្រោងនេះផងដែរ។

 

៤ខែក្រោយពីវេទិកានេះបានបង្កើតឡើង មានយុវជនប្រមាណ៦០០នាក់បានចុះឈ្មោះ​ និង មានអ្នកប្រើប្រាស់ចំនួន ២៤០នាក់ បានរួមចំណែកតស៊ូមតិក្នុងកិច្ចពិភាក្សា។ ប្រធានបទដែលពេញនិយមរួមមាន៖ ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ ការ​ការពារ​គ្រោះថ្នាក់ចរាចរសិទ្ធិអ្នកបោះឆ្នោត ក្តីបារម្ភរបស់យុវជននិងគុណភាពនៃការអប់រំ។ ​ផ្អែក​លើ​ភាព​ជោគ​ជ័យ​ទាំងអស់​នេះ​អង្គការ OXFAM បាន​ផ្តល់​នូវ​មូលនិធិ​ថវិកា​រយៈពេល ១ឆ្នាំ​ដល់​ការ​ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​នៃ​កម្មវិធី និងយុទ្ធនាកាលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីលើកកំពស់វេទិកានេះ។​មកដល់ខែធ្នូឆ្នាំ២០១៦នេះ មាន​យុវជន​ច្រើន​ជាង ១ ១០០នាក់​ហើយដែលបានចុះឈ្មោះ​ប្រើប្រាស់វេទិកានេះ។

 

កញ្ញា​ សាំង លីណែត និសិ្សតឆ្នាំទី១​​ ផ្នែកនីតិសាស្រ្តនៃមហាវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​និង វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​បាន​និយាយថា “វេទិកានេះផ្តល់នូវពត៌មានជាច្រើនដល់ខ្ញុំ។ភាគីទាំងសងខាងនៃវេទិកានេះមានគំនិតល្អៗណាស់។លើស​ពីនេះ​ទៅ​ទៀតពួកគេផ្តល់នូវដំណោះស្រាយដើម្បីឆ្លើយតបរាល់បញ្ហា​សង្គម។ ខ្ញុំ​អាន​រាល់​កិច្ចពិភាក្សា​និង វិភាគ​លើ​ភាពខុស ឬត្រូវហើយ​គិត​ដល់ដំណោះស្រាយ​ដែល​ល្អប្រសើរ។ ខ្ញុំ​តែងតែ​លើក​យក​គំនិត​ពីវេទិកា​នោះមក​ពិភាក្សា​នៅ​មហាវិទ្យាល័យ​។ ខ្ញុំដឹងថាអ្នកណាក៏រវល់ដែរប៉ុន្តែពួកយើងគួរតែចំណាយពេល៥ឬ១០នាទីសំរាប់ចូលរួមកិច្ចពិភាក្សាលើវេទិកានេះ។ នៅ​ពេល​ដែលយើងមានយុវជនចូលរួមកាន់តែច្រើនយើងអាចប្រើបា្រស់វេទិកានេះជា​ឧបករណ៏ដ៏មានសារៈ​សំខាន់​ដែល​រាជរដ្ឋាភិបាល​គួរយកចិត្ត​ទុកដាក់ ។”

យុវជនមកពីសមាគមន៏យុវជនខ្មែរក្នុងចំនោមសមាជិកទាំង៧របស់ការសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៏ YCUD លើកផ្លាកសញ្ញាគេហទំព័រដើម្បីផ្សព្វផ្សាយវេទិកាលើបណ្តាញសង្គម។

ចង់ចុះឈ្មោះចូលរួមជាមួយវេទិកានេះ?

សូមចូលទៅកាន់តំណនេះ: http://ycud.org/register