ពង្រីក​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន​ដែល​ស្រួល​ប្រើ​ពាក់​ព័ន្ធ​នឹង​ការ​ថែ​ទាំ​កុមារ​

អត្ថបទ​នេះមានជាភាសា៖ enEnglish

“ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​បី​ទៅ​បួន​គីឡូម៉ែត្រ​គ្រាន់​តែ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នូវ​ឯកសារ​ព័ត៌មាន​មួយ​តែ​ប៉ុណ្ណោះ”​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កង សិទ្ធ ដែល​ជា អ្នក​សម្រប​សម្រួល​ការ​ជួប​ជុំ​គ្រួសារ​នៅ​អង្គការ​កល្យាណ​មិត្ត ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​នៅ​ខេត្ត​សៀមរាប​ដែល​ផ្ដល់​សេវាកម្ម​ជួយ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការ​ស្វែង​រក​គ្រួសារ​ថ្មី​។ អង្គការ​កល្យាណ​មិត្ត​ផ្ទុក​ក្រដាស​ឯកសារ​របស់​កុមារ​ចំនួន​ពី​៥០០​ទៅ​៦០០​នាក់​នៅ​ក្នុង​ទូ​ឯកសារ​មួយ​របស់​ពួក​គាត់​។ ឯកសារ​ទាំង​នោះ​ងាយ​នឹង​បាត់​បង់​ និង​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចូល​ព័ត៌មាន​ថ្មី​ដោយ​ដៃ​។ នៅ​ឯ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ អ្នក​គ្រប់​គ្រង​អង្គភាព​កិច្ចការ​សង្គម​ លោក ឌឹម សុភារិន បាន​រៀប​រាប់​ថា​បុគ្គលិក​របស់​អង្គភាព​លោក​ចំណាយ​ពេល​ដល់​ទៅ​៣០​នាទី​ដើម្បី​ស្វែង​រក​កំណត់​ត្រា​របស់​អ្នក​ជំងឺ​និមួយៗ​ដែល​មាន​នៅ​ដេប៉ាតឺម៉ង់​ផ្សេង​ៗ​គ្នា​។ ការ​ផ្ទុក​កំណត់​ត្រា​ដោយ​ប្រើ​ក្រដាស​បែប​នេះ​តម្រូវ​ឲ្យ​បុគ្គលិក​ចំណាយ​ពេល​ទៅ​លើ​ការ​ស្វែង​រក​ក្រដាស​ទាំង​នោះ​ច្រើន​ជាង​ពេល​ ដែល​ពួក​គាត់​ជួយ​ក្មេង​ៗ​ទាំង​នោះ​ទៅ​ទៀត​។

ប៉ុន្តែ​ស្ថានភាព​នេះ​អាច​នឹង​ប្រសើរ​ឡើង​។ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ អង្គការ​កល្យាណ​មិត្ត​ និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​បាន​នឹង​កំពុង​តែ​ចាប់​ផ្ដើម​ប្រើ​ប្រាស់​សាក​ល្បង​នូវ​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត​ឈ្មោះ​ OSCaR (Open Source Case-Management and Record Keeping) ដែល​ត្រូវ​បាន​បង្កើត​ដោយ​ អង្គការ​កុមារ​ក្នុង​គ្រួសារ (Children in Families)

“ប្រព័ន្ធ​គ្រប់​គ្រង​នេះ​ជា​មធ្យោបាយ​ដែល​ចាំ​បាច់​ក្នុង​ការ​កសាង​ប្រព័ន្ធ​គ្រប់​គ្រង​ការ​ការ​ពារ​កុមារ​មួយ​ដែល​មាន​ប្រសិទ្ធភាព​និង​ឆ្លើយ​តប​នឹង​តម្រូវ​ការ​។ វា​ពិត​ជា​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ពេល​ដែល​ទាំង​ស្ថាប័ន​រដ្ឋ​និង​ឯកជន​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​។​ នេះ​គឺ​ជា​ជោគ​ជ័យ​មួយ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហគមន៍​ការ​ពារ​កុមារ​ងាយ​រង​គ្រោះ។”
Robert Common, អ្នក​ជំនាញ​ផ្នែក​ការ​ពារ​កុមារ​នៅ Save the Children

រូបថត៖​ អង្គការកុមារក្នុងគ្រួសារ
អង្គការ​កុមារ​ក្នុង​គ្រួសារ​ថែ​ទាំ​កុមារ​ដោយ​យក​ចិត្ត​ទុកដាក់​និង​មាន​សុវត្ថិភាព​។

 

អង្គការ​កុមារ​ក្នុង​គ្រួសារ​គ្រប់​គ្រង​ជាង​ ២០០​ ករណី​ពី​ព័ត៌មាន​កុមារ​ និង​បាន​ជួយ​កុមារ​ងាយ​រង​គ្រោះ​ជាង​៣០០​នាក់​ក្នុង​ការ​ស្វែង​រក​ជម្រក​ក្នុង​គ្រួសារ​ថ្មី​។ ការ​ថែ​ទាំ​កុមារ​កំព្រា​នៅ​តាម​គ្រួសារ​គឺ​ជា​ដំណោះ​ស្រាយ​ថ្មី​មួយ​ជំនួស​ទៅ​នឹង​ការ​ចិញ្ចឹម​កុមារ​ទាំង​នោះ​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ និង​ជា​មធ្យោបាយ​ល្អ​ជាង​មុន​ក្នុង​ការ​ចិញ្ចឹម​កុមារ​ទាំង​នោះ​ឲ្យ​មាន​អនាគត​ល្អ​។ កាល​ពី​ឆ្នាំ​២០១៦​ អង្គការ​កុមារ​ក្នុង​គ្រួសារ​ ទទួល​បាន​ជំនួយ​មូលនិធិ​ពី​ USAID តាម​រយៈ​គម្រោង​ Development Innovations ដើម្បី​បង្កើត​ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន​នៅ​លើ​អ៊ីនធឺណិត​ដែល​អាច​ជួយ​ពួក​គាត់​ក្នុង​ការ​គ្រប់​គ្រង​ តាម​ដាន និង​ជួយ​កុមារ​កំព្រា​ខណៈ​ពេល​ដែល​វិធី​ថែ​ទាំ​កុមារ​ទាំង​នោះ​ត្រូវ​បាន​ប្ដូរ​ទៅ​តាម​ផ្ទះ​។ ជាមួយ​នឹង​ជំនួយ​ពី​ Rotati ដែល​ជា​ក្រុមហ៊ុន​មួយ​បង្កើត​គេហទំព័រ​និង​កម្មវិធី​នៅ​ភ្នំពេញ​ អង្គការ​កុមារ​ក្នុង​គ្រួសារ​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់​ OSCaR។ ការ​ប្រើ​ប្រាស់​ OSCaR បាន​បង្ហាញ​ថា​ប្រព័ន្ធ​បើក​ទូលាយ​អាច​ជា​ដំណោះ​ស្រាយ​សម​ស្រប​និង​មាន​ប្រសិទ្ធភាព​មួយ​ដែល​អាច​ឲ្យ​បុគ្គលិក​កិច្ចការ​សង្គម​ស្វែង​រក​ព័ត៌មាន​និង​ទិន្នន័យ​ដែល​ពួក​គាត់​ត្រូវ​ការ​ ដើម្បី​ពង្រឹង​គុណភាព​នៃ​ការ​ថែ​ទាំ​ក្រុម​គោល​ដៅ​របស់​ពួក​គាត់​។

បន្ទាប់​ពី​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ប្រើ​សាក​ល្បង​រយៈ​ពេល​៦​ខែ​ នៅ​តាម​បណ្ដា​ខេត្ត​និង​ក្រុង​ចំនួន​៨​របស់​អង្គការ​កុមារ​ក្នុង​គ្រួសារ​ ដែល​បាន​ជួយ​ដល់​ក្រុម​គោល​ដៅ​ចំនួន​៤៣៥​នាក់​នៅ​ប្រទេស​កម្ពុជា​ ពួក​គាត់​បាន​បញ្ចូល​លក្ខណៈ​ពិសេស​ថ្មី​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​ OSCaR ដើម្បី​ពង្រីក​ប្រព័ន្ធ​នេះ​ឲ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​មុន​។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ អង្គការ​កុមារ​ក្នុង​គ្រួសារ​បាន​សហការ​ជាមួយ​​ USAID Family Care First ដើម្បី​ទទួល​បាន​ជំនួយ​សម្រាប់​បណ្ដុះ​បណ្ដាល​អង្គការ​ផ្សេងៗ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ឲ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពេញ​លេញ​។ ជាមួយ​នឹង​ជំនួយ​ជា​មូលនិធិ​លើក​ទី​២ពី​ Development Innovations ដើម្បី​ពង្រីក​សមត្ថភាព​របស់ OSCaR អង្គការ​កុមារ​ក្នុង​គ្រួសារ​បាន​សហការ​ជាមួយ​និង​ Rotati ម្ដង​ទៀត​ដើម្បី​កែ​តម្រូវ​បច្ចេកទេស​ សម្រួល​ការ​ប្រើ​ប្រាស់​ និង​បើក​អនុញ្ញាត​ឲ្យ​អង្គការ​ដែល​ប្រើ​ប្រាស់​កែ​ច្នៃ​ប្រព័ន្ធ​នោះ​តាម​តម្រូវ​ការ​របស់​គាត់​។

កាន់​តែ​ពិសេស​ទៀត​នោះ​ គេ​បាន​ផលិត​សៀវភៅ​ និង​វីដេអូ​ណែ​នាំ​ពី​វិ​ធី​ប្រើ​ប្រាស់​ OSCaR សម្រាប់​អង្គការ​ដែល​ជា​អ្នក​ប្រើ​ប្រាស់​។ ខណៈ​ពេល​ដែល​អង្គការ​និង​អ្នក​ផ្ដល់​សេវា​ទាំង​នេះ​បន្ត​ការ​ផ្លាស់​ប្ដូរ​ពី​មធ្យោបាយ​ចាស់​មក​ប្រើ​បច្ចេកវិទ្យា​ទំនើប​នេះ​ ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ប្រាកដ​ជា​ទទួល​យក​របៀប​ប្រើ​ប្រាស់​ថ្មី​មិន​ទាន់​ រួម​បញ្ចូល​ទាំង​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ដទៃ​ អង្គការ​កុមារ​ក្នុង​គ្រួសារ​បាន​បង្កើត​ជា​វិធាន​ណែ​នាំ​ដែល​អង្គការ​អ្នក​ប្រើ​ប្រាស់​អាច​ស្វែង​យល់​និង​ពិភាក្សា​បាន​នៅ​ពេល​មាន​ចម្ងល់​។

តាម​​រយៈ​មតិ​ទាំង​នេះ​ អង្គការ​កុមារ​ក្នុង​គ្រួសារ​បាន​បង្កើត​ OSCaR Wiki ដែល​ជា​ទំព័រ​អ៊ីនធឺណិត​មួយ​សម្រាប់​ណែនាំ​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​ប្រើ​និង​កែ​ច្នៃ​ប្រព័ន្ធ​នេះ​តាម​តម្រូវ​ការ​របស់​គាត់​។ ទំព័រ​នេះ​ត្រូវ​បាន​បញ្ចូល​ព័ត៌មាន​ជា​ប្រចាំ​ដោយ​បុគ្គលិក​អង្គការ​កុមារ​ក្នុង​គ្រួសារ​។ ជាមួយ​នឹង​ជំនួយ​ផ្ទាល់​ពី​អ្នក​បច្ចេកទេស​ ពួក​គាត់​សង្ឃឹម​ថា​នឹង​អាច​ទប់​ស្កាត់​គម្លាត​បច្ចេកវិទ្យា​ដែល​រាំង​ស្ទះ​ដៃ​គូ​របស់​គាត់​ក្នុង​ការ​ទទួល​ផល​ប្រយោជន៍​ពី​ឧបករណ៍​ទំនើប​នេះ​។

ចាប់​តាំង​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ដើម​ឆ្នាំ​២០១៧​នេះ OSCaR ត្រូវ​បាន​អង្គការ​និង​ស្ថាប័ន​ដៃ​គូ​ចំនួន​១៥​ប្រើ​ប្រាស់​ និង​អាច​ជួយ​ដល់​ក្រុម​គោល​ដៅ​ចំនួន​ ១៦៧៩​នាក់។ ៧៥% នៃ​អ្នក​ប្រើ​ប្រាស់​បាន​និយាយ​ថា​ពួក​គាត់​អាច​គ្រប់​គ្រង​ករណ​បាន​ល្អ​ជាង​មុន​បន្ទាប់​ពី​ប្រើ​ប្រាស់​ឧបករណ៍​នេះ​ និង​ច្រើន​ជាង​80%បាន​និយាយ​ថា ពួក​គាត់​អាច​សន្សំ​ពេល​វេលា​បាន​ច្រើន​ជាង​មុន​ក្នុង​ការ​ស្វែង​រក​ឯកសារ​កំណត់ត្រា​របស់​ក្រុម​គោលដៅ​។ នៅ​ក្នុង​គម្រោង​បន្ទាប់​ អង្គការ​កុមារ​ក្នុង​គ្រួសារ​សង្ឃឹម​ថា​នឹង​អាច​ដាក់​ OSCaR ឲ្យ​ប្រើ​ប្រាស់​បាន​នៅ​ក្រៅ​ប្រទេស​ និង​បច្ចុប្បន្ន​កំពុង​តែ​នឹង​ចរចា​ជាមួយ​និង​ដៃ​គូ​របស់​គេ​នៅ​បណ្ដា​ប្រទេស​អាស៊ី និង​អាហ្វ្រិក។

ទាញ​យក​ករណី​ជោគជ័យ​នេះ​ជា​ឯកសារ​ PDF

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
0Share on Google+
Google+
0Email this to someone
email