រឿងរ៉ាវ​របស់​កញ្ញា​សុវណ្ណ​៖ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយជំរុញ​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Georgi

ដោយ Georgi Simpkin

Communications Consultant


នារី​ម្នាក់​ដែល​មាន​ប្រាជ្ញា​លើស​ពី​អាយុ​របស់​គាត់​ កញ្ញា​សុវណ្ណ​មាន​អាយុ៣០ឆ្នាំ​ជានា​យក​ប្រតិ​បត្តិ​ និង​សហ​ស្ថាបនិក​នៃ​សហគ្រាស​សង្គម​ Edemy។ គាត់​គឺជា​ស្ត្រីម្នាក់​ដែល​សុភាព​បំផុត​​ដែល​ខ្ញុំ​​បាន​ជួប​។ ការងារ​ដែល​គាត់​បាន​ធ្វើ​គឺដើម្បី​លើកកម្ពស់​ការ​ទទួល​បានការ​អប់រំ​គឺ​ពិតជា​គួរ​ឱ្យ​កត់សម្គាល់​ណាស់​។ តាមរយៈ​សហគ្រាស​សង្គម​ Edemy​ គាត់​បាន​ផ្តល់​ជូន​សិស្ស​ជាង២២​.០០០​ នាក់​នូវ​ឧបករណ៍​អប់រំ​ និង​បច្ចេកវិទ្យា​ដែល​ពួកគាត់​មិនធ្លាប់​មាន​ពីមុន​មក​។ នៅពេល​ដែល​សួរ​គាត់​ថា​តើ​គាត់​មាន​អារម្មណ៍​យ៉ាងណា​ពី​ការងារ​ដែល​គាត់​ និង​ក្រុម​របស់​គាត់​បានបង្កើត​ គាត់​ក៏បាន​និយាយ​ថា​៖ “កម្ពុជា​មាន​សិស្ស​វិទ្យាល័យ​ច្រើនជាង​២លាន​នាក់​ ដូច្នេះ​យើង​មានការ​ងារ​ជាច្រើន​ទៀត​ ពួក​យើង​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​។”

Edemy គឺ​ជា​សហគ្រាស​សង្គម​មួយ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​ទទួល​បានការ​អប់រំ​។ គំនិត​សម្រាប់​អាជីវកម្ម​នេះ​បាន​បំផុស​ឡើង​ដោយបទ​ពិសោធន៍​ផ្ទាល់​ខ្លួន​របស់​កញ្ញា​សុវណ្ណ​ តាមរយៈ​ការ​ធ្វើការងារ​ស្ម័គ្រចិត្ត​នៅ​តាម​សាលារៀន​នៅ​ជនបទ​ កំឡុង​ពេល​ដែល​គាត់​កំពុងតែ​រៀន​ជំនាញ​បង្រៀន​ភាសាអង់គ្លេស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ កញ្ញា​សុវណ្ណ​បាន​និយាយ​ថា​៖ “ទោះបីជា​សិស្ស​ចំណាយពេល​រៀន​ជាច្រើន​ម៉ោង​មែន​ ប៉ុន្តែ​នៅ​ឆ្នាំ២០១៤សិស្ស​ចំនួន៧០​%នៅតែ​ធ្លាក់​ការ​ប្រឡង​ថ្នាក់​ជាតិ​។ ខ្ញុំ​ឃើញថា​សិស្សានុសិស្ស​បាន​ខិតខំ​ប្រឹងរៀន​ណាស់​ ប៉ុន្តែ​មិន​មានន័យថា​ពួកគេ​សុទ្ធតែ​ជោគជ័យ​នោះ​ទេ​។ ខ្ញុំ​ចង់​ស្វែងរក​វិធី​មួយ​ដែល​អាច​ជួយ​សិស្សានុសិស្ស​ទាំងនោះ មិន​ត្រឹមតែ​អាច​ប្រឡងជាប់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​មាន​ភាព​រីករាយ​ក្នុង​ការសិក្សា​ផង​ដែរ​។”

កញ្ញា​សុវណ្ណ​បាន​ទទួលការ​គាំទ្រ​ពី​គម្រោង​DI​ ជាលើកដំបូង​តាមរយៈ​ការ​ផ្តល់​មូល​និធិ​ចាប់ផ្ដើម​អាជីវកម្ម​នៅក្នុង​ឆ្នាំ២០១៧​ នៅពេល​ដែល​គាត់​ និង​ក្រុមការងារ​បាន​ធ្វើ​បទ​បង្ហាញ​ពី​គំនិត​បង្កើត​ Edemy​ នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​អាជីវកម្ម​ EPIC​ Incubator​ នៅ​ Impact​ Hub​។ កញ្ញា​សុវណ្ណ​បាន​និយាយ​ថា​៖ “ពួក​យើង​បាន​ឈ្នះ​ទឹកប្រាក់​ចំនួន​ ១០០០០​ដុល្លារ​ដើម្បី​ចាប់ផ្តើម​ធ្វើអាជីវកម្ម​របស់​ពួក​យើង​ និង​ជាមួយ​ការ​ជួយ​គាំទ្រ​ពី​ Impact​ Hub​ និង​ គម្រោង​ DI​ ពួកគាត់​បាន​បង្កើត​គំរូ កម្មវិធី​សិក្សា​ និង​បច្ចេកវិទ្យា​របស់ Edemy។ នោះ​គឺជាចំនុចចាប់ផ្តើមនៃភាព​ជោគជ័យ​របស់​ពួក​យើង​សព្វថ្ងៃ​នេះ​។”

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ EPIC​ ក្រុមការងារ​ Edemy​ តែងតែ​ជួប​ជាមួយ​ក្រុមការងារ​ DI​ ជា​ទៀង​ទាត់​ដើម្បី​រាយការណ៍​ពី​ការ​វិវឌ្ឍ​ន៍ និង​ចែករំលែក​បញ្ហា​ប្រឈម​របស់​ពួកគាត់​ និង​ទទួលយក​កា​រ​ប​ណ្តុះ​បណ្តា​លពី​វិធី​សាស្ត្រផ្តោត​សំខាន់​លើ​អ្នកប្រើ​ប្រាស់​។ “ពួក​យើង​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​ពី​វិធី​សាស្ត្រ​ផ្តោត​សំខាន់​លើ​អ្នកប្រើ​ប្រាស់​ ហើយ​គាត់​បាន​ផ្លាស់​ប្តូរ​ផ្នត់គំនិត​របស់​ពួក​យើង​ ហើយ​និង​បាន​កំណត់​យក​អ្នកប្រើ​ប្រាស់​នៅ​ជា​ចំណុច​ស្នូល​នៃ​ការរចនា​ឧបករណ៍​បច្ចេកវិទ្យា​របស់​ពួក​យើង​។ ជា​ធម្មតា​ពួក​យើង​គិតថា​ នេះ​ជា​គំនិត​និង​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​ដោយ​មិនបាន​ពិភាក្សា​ជាមួយ​សិស្សដែលជាអ្នកប្រើប្រាស់របស់​ពួក​យើង​ទេ​។ ​គម្រោង​ DI​ ពិតជា​មានការ​សង្កត់​ធ្ងន់​ណាស់​ក្នុង​ការប្រើ​ប្រាស់​វិធី​សាស្ត្រផ្តោត​សំខាន់​លើ​អ្នកប្រើ​ប្រាស់​។”

ក្រុមការងារ​ DI​ បាន​ធ្វើការ​ជាមួយ​កញ្ញា​សុវណ្ណ​ដើម្បី​ណែនាំ​ពីរ​បៀ​បនៃ​កា​រស​ម្ភាស៍​សិស្សរបស់​ពួកគាត់​ដើម្បី​ស្វែងរក​នូវ​អ្វី​ដែល​ពួកគាត់​ត្រូវការ​ និង​បញ្ហា​ប្រឈម​ដែល​ពួកគាត់​បាន​ជួបប្រទះ​ជាក់​ស្តែងនៅ​សាលារៀន​។ “គម្រោង​ DI​ បាន​ជួយ​ពួក​យើង​ឱ្យ​មានការ​យល់​ពី​អ្នកប្រើ​ប្រាស់​ដើម្បី​រចនា​ផលិតផល​របស់​ពួក​យើង​។” សព្វថ្ងៃ​នេះ​សហគ្រាស​សង្គម​ Edemy​ ប្រើប្រាស់​វិធី​សា​ស្ត្រនេះ​ជាមួយនឹង​ការ​អភិវឌ្ឍន៍​ផលិតផល​ទាំងអស់​។ កញ្ញា​សុវណ្ណ​បាន​និយាយ​ថា​៖ “នៅពេល​ដែល​ពួក​យើង​កំពុង​អភិវឌ្ឍ​កម្មវិធី​ទូរ​ស័ព្ទ​ តេ​ស្ដ​១២​  ពួក​យើង​បាន​ជួប​ជាមួយ​គ្រូ​ និង​សិស្សានុសិស្ស​ប្រមាណ​ជា​ ១០០នាក់​ដើម្បី​ធ្វើ​បទ​សម្ភាស​យ៉ាង​ស៊ីជម្រៅ​ ធ្វើការ​ស្ទាបស្ទង់​មតិយោបល់​ និង​បាន​ចូលរួម​សង្កេត​នៅក្នុង​ថ្នាក់​ដើម្បី​មើល​ពី​របៀប​ដែល​សិស្ស​រៀន​ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រូបង្រៀន​។”

នៅ​ក្នុង​ឆ្នាំ២០១៨​ សហគ្រាស​សង្គម​ Edemy​ ទទួល​បាន​មូលនិធិ​ជំនួយ​ជា​លើក​ទីពីរ​ពី​គម្រោង​ DI ដើម្បី​ពង្រីក​ការ​ច្នៃ​បង្កើត​នៃ​បច្ចេកវិទ្យា​របស់កម្មវិធី​ទូរ​ស័ព្ទតេ​ស្ដ​១២​។ កម្មវិធី​ទូរ​ស័ព្ទ​នេះ​ជួយ​ដល់​សិស្ស​វិទ្យាល័យ​ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​នៃ​ការយល់​ដឹង​អំពី​មុខវិជ្ជា​ផ្នែក​វិទ្យា​សាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម​ និង​គណិតវិទ្យា​របស់​ពួកគាត់​។ ឧបករណ៍​ដ៏​សាមញ្ញ​មួយ​នេះ​អាច​ជួយ​វាយតម្លៃ​កម្រិត​នៃ​ចំណេះដឹង​របស់​សិស្ស​ក្នុង​មុខវិជ្ជា​ដូចជា​វិទ្យា​សា​ស្ត្រនិង​គណិតវិទ្យា​ និង​បាន​ជួយ​ផ្តល់​ដំបូន្មាន​ដើម្បី​ជួយ​កែ​លម្អ​ ដែល​មាន​ដូចជា​វីដេអូ​បង្រៀន តេ​ស្ដ​សាកល្បង​ និង​ការ​សុំ​ជំនួយ​ពី​គ្រូ​។ “នៅពេល​ដែល​យើង​ចាប់ផ្តើម​ធ្វើ​កម្មវិធី​ទូរ​ស័ព្ទ​តេស្ត១២ មក​ យើង​មាន​សំណួរ​យល់ដឹង​តែ​ប៉ុន្មាន​រយ​សំណួរ​ប៉ុណ្ណោះ​ ប៉ុន្តែ​បន្ទាប់ពី​ពួក​យើង​ទទួល​បាន​មូលនិធិ​ជំនួយ​ពី​គម្រោង​ DI​ ឥលូវ​នេះ​ពួក​យើង​មាន​សំណួរ​ច្រើនជាង​ ១០០០០​សំណួរ​សម្រាប់សិស្ស។ នេះ​ពិតជា​ធ្វើ​ឱ្យ​ការបែងចែក​កម្រិត​នៃ​ការយល់​ដឹង​មាន​ភាព​ខុសគ្នា​ជាង​មុន​។”

ការបម្រើសេវាកម្មនៅ​ក្នុង​វិស័យ​អប់រំ​ និង​ការសិក្សា​រៀនសូត្រ​ សហគ្រាស​សង្គម​ Edemy​ បាន​ពង្រីក​សេវាកម្ម​របស់​ពួកគាត់​ពី​កម្រិត​សិស្ស​វិទ្យាល័យ​រហូតដល់​សហគ្រិន​ជា​ស្ត្រីដែល​ជា​វិស័យ​មួយ​ដែល​ស្ថិតនៅ​ក្នុង​បេះដូង​របស់​កញ្ញា​សុវណ្ណ​។ “ខ្ញុំ​ដឹង​ថា​វា​ពិបាក​ខ្លាំង​ណាស់​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ និង​ពិបាក​កាន់តែ​ខ្លាំង​ទៀត​បើសិនជាអ្នកជា​ស្ដ្រី​ម្នាក់​។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំង​ណាស់​នៅពេល​ដែល​សហគ្រាស​សង្គម​ SHE​ Investments​ ស្នើសុំ​ឱ្យ​ពួក​យើង​អភិវឌ្ឍ​ទំព័រ​រៀន​តាម​ប្រព័ន្ធ​អ៊ិ​នធើ​ណិ​តសម្រាប់​គេហទំព័រ​ងាយ​ងាយ​។”ងាយងាយ​ ត្រូវ​បាន​ផ្តល់​មូលនិធិ​ជំនួយ ដំបូង​ពី​គម្រោង​ DI​ ក្នុង​ឆ្នាំ២០១៧​ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេ​វា​អ៊ិ​នធើ​ណិ​ត Ezecom​។ Ngeay​ Ngeay​ ជា​គេហទំព័រ​អាជីវកម្ម​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​បាន​ផ្តល់​ព័ត៌មាន​ឥតគិតថ្លៃ​អំពី​របៀប​ចុះឈ្មោះ​អាជីវកម្ម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ និង​ផ្តោត​លើ​តម្រូវ​កា​ររបស់​ស្ត្រីម្ចាស់​អាជីវកម្ម​។ សហគ្រាស​សង្គម​ Edemy​ បាន​ជួយ​បង្កើត​គេហទំព័រ​រៀន​តាម​អ៊ិ​នធើ​ណិ​ត ក៏ដូចជា​ប្រព័ន្ធ​គ្រប់គ្រង​មាតិកា​ផង​ដែរ​។

កញ្ញា​សុវណ្ណ​បាន​រំលឹក​ឡើងវិញ​នូវ​ការ​ជួយ​គាំទ្រ​ដែល​គាត់​ និង​ក្រុម​របស់​គាត់​ទទួល​បាន​ពី​គម្រោង DI​ អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​នេះ​ដូចជា​ ពី​វគ្គ​ផលិត​វីដេអូ​ និង​វគ្គ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តា​ញសង្គម​ ការ​បង្ហាត់បង្ហាញ​ ការ​ជួយ​ធ្វើ​ឱ្យ​សមត្ថភាព​និយាយ​ជា​សាធារណៈ​មាន​ភាព​ប្រសើរ​ឡើង​ និង​ការ​ធ្វើ​ជាពិធី​ករ​នៅ​តាមកម្ម​វិ​ធី​ផ្សេង​ៗរបស់​គម្រោង​ DI​។ ជាពិសេស​ កញ្ញា​សុវណ្ណ​ក៏បាន​លើកឡើង​ពី​ការ​យកចិត្ត​ទុកដាក់​ដែល​ទទួល​បាន​ពី​ក្រុមការងារ​ DI​ នៅពេល​ធ្វើការ​វាស់​ស្ទង់​ លទ្ធផល​ និង​រង្វាស់​នៃ​ភាព​ជោគជ័យ​។ កញ្ញា​សុវណ្ណ​បាន​និយាយ​ថា​៖ “ក្រុមការងារ​ DI​ តែងតែ​សួរ​សំណួរ​ជាច្រើន​ទៅកាន់​ពួក​យើង​អំពី​ទិន្នន័យ​ និង​លទ្ធផល​វិជ្ជមាន​ដែល​ពួក​យើង​កំពុងតែ​ទទួល​បាន​។ ពួកគាត់​បាន​បង្ហាញ​ពួក​យើង​អំពី​របៀប​វាស់​ស្ទង់​ និង​ជួយ​ពួក​យើង​ឱ្យ​យល់​កាន់តែ​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​ការងារ​នេះ​។ ពួក​យើង​បាន​យក​គំរូ​ដំណើរការ​នេះ​ពី​ពួកគាត់​ដើម្បី​យក​ទៅ​អនុវត្ត​នៅក្នុង​ស្ថាប័ន​របស់​ពួក​យើង​ ដូច្នេះ​ពួក​យើង​អាច​វាស់​ស្ទង់​ពី​លទ្ធផល​ផ្ទាល់ខ្លួន​របស់​ពួក​យើង​បាន​។”

ក្រោម​ការ​ដឹកនាំ​របស់​កញ្ញា​សុវណ្ណ​ សហគ្រាស​សង្គម​ Edemy​ ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ ៣ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​គាត់​មាន​គម្រោ​ងធំៗ​ជាច្រើន​នា​ពេល​អនាគត​។ គោលដៅ​របស់​គាត់​គឺ​ចង់ឱ្យ​សហគ្រាស​សង្គម​ Edemy​ ស្ថិតនៅ​លំដាប់ថ្នាក់​មុខ​គេ​ក្នុង​ការស្រាវជ្រាវ​ និង​ការ​អភិវឌ្ឍ​ន៍​ផ្នែក​បច្ចេកវិទ្យា​អប់រំ​នៅ​ប្រទេស​កម្ពុជា​។ កញ្ញា​សុវណ្ណ​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​ងារ​របស់​គាត់​ជាមួយ​គម្រោង​ DI​ ដែ​លក​ញ្ញ​បាន​និយាយ​ថា​៖ “ជំនួយ​ដែល​ពួក​យើង​ទទួល​បាន​ពី​គម្រោង​ DI​ បាន​ត្រួសត្រាយ​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​របស់​ពួក​យើង​។ ពួកគាត់​បាន​ផ្តល់​ការ​គាំទ្រ​ដែល​មាន​ភាព​បត់បែន​ និង​ពេលវេលា​សម្រាប់​ការ​អភិវឌ្ឍ​ន៍ដំណោះស្រាយ​ទៅលើ​បញ្ហា​ជាក់​ស្ដែងនៅ​ក្នុង​វិស័យ​អប់រំ​។ ពួក​យើង​គ្មាន​ថ្ងៃ​នេះ​ទេ​ប្រសិន​បើ​​មិន​​មាន​គម្រោង​ DI​។”