ឧបករណ៍សម្រាប់ណែនាំក្រុមការងាររបស់អ្នកក្នុងកម្មវិធីTechnovation កម្ពុជា Posted on: ខែមិថុនា 12, 2019 អត្ថបទនេះមានជាភាសា៖ English ដោយ ជា ហ្គេចហៀង Tech Programme Coordinator Development Innovations កម្មវិធីTechnovation កម្ពុជា គឺជាកម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាពលើបច្ចេកវិទ្យាមួយដ៏ល្បីដែលផ្តោតសំខាន់លើកុមារីកម្ពុជា។ចាប់តាំងពីឆ្នាំ២០១៤មក កម្មវិធី Technovation កម្ពុជាបានបណ្តុះបណ្តាលកុមារីកម្ពុជាជាង៤០០នាក់ទូទាំងប្រទេស ហើយយើងក៏បានមើលឃើញនូវលទ្ធផលដ៏ល្អប្រសើររបស់ក្រុមកុមារីទាំងនោះ ទាំងជំនាញសរសេរកូដដ៏ពិបាកៗ ក៏ដូចជាជំនាញទន់ រួមមាន៖ ជំនាញធ្វើបទបង្ហាញ ធ្វើការជាក្រុមនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។ ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមជាង១១៥ប្រទេសជុំវិញពិភពលោកដែលបានចូលរួមក្នុងកម្មវិធីTechnovation នេះ ក្នុងគោលបំណងកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យា។រាល់សម្ភារៈសិក្សាទាំងអស់សម្រាប់កម្មវិធីនេះអាចទាញយកពីគេហទំព័រជាភាសាអង់គ្លេសក៏ប៉ុន្ដែគ្រូបង្វឹករបស់យើង ខ្លះចង់ឲ្យអោយមានសម្ភារៈទាំងនេះសិក្សាជាភាសាខ្មែរដើម្បីជួយពួកគាត់ឲ្យបង្ហាត់បង្រៀនក្រុមរបស់ពួកគាត់បានកាន់តែប្រសើរជាងនេះ។ នៅឆ្នាំ២០១៩យើងបានបង្កើតក្លិបសិក្សា Technovation ចំនួន៩កន្លែងនៅរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង។ នៅឆ្នាំនេះ គម្រោងDevelopment Innovationsរបស់ទីភ្នាក់ងារ USAID បានផលិតសម្ភារៈនិងឧបករណ៍ដើម្បីជាជំនួយដល់ស្វ័យសិក្សា សម្រាប់សមាជិកក្លិបសិក្សាTechnovation និងគ្រូបង្វឹ្កកផងដែរ។ មាតិកាសម្រាប់សិក្សាបែបអេឡិចត្រូនិកជាភាសាខ្មែរនេះបានផ្តល់គន្លឹះសំខាន់ៗ ការណែនាំ និងករណីសិក្សាដែលទទួលជោគជ័យក្នុងប្រទេសកម្ពុជាកន្លងមកព្រមទាំងផ្ដល់ព័ត៌មានអំពីការស្វែងយល់ពីអ្នកប្រើប្រាស់ ក៏ដូចជាការរចនាឧបករណ៍ដែលតម្រូវចិត្តអ្នកប្រើប្រាស់និងសមស្របទៅនឹងបរិបទនៅប្រទេសកម្ពុជា។ ដូច្នេះក្រៅពីសិក្សានៅក្លិបច្នៃបង្កើតបច្ចេកវិទ្យាថ្មីសិក្ខាកាមឥឡូវនេះអាចសិក្សាតាមរយៈវីដេអូដោយខ្លួនឯងនៅផ្ទះ ឬជាមួយមិត្តភក្តិជាមួយក្រុមការងារ សាស្រ្តាចារ្យ ឬ ជាមួយឪពុកម្តាយក៏បាន។ តើខ្ញុំអាចចូលមើលវីដេអូទាំងនោះបានដោយរបៀបណា? ងាយស្រួលណាស់!!! វីដេអូទាំងអស់អាចរកមើលបាននៅលើគេហទំព័រ YouTube ប៉ុស្ដិ៍ TechnovationCambodia យើងគ្រប់គ្នាអាចចូលមើលហើយទាញយកវីដេអូទាំងនោះបានដោយពុំគិតថ្លៃ។យើងក៏អាចស្វែងរកវីដេអូ និងបទបង្ហាញពីការរៀន/ការណែនាំនៅលើទំព័រTechnovation Cambodia ក្រោម“SupplementaryLearning Materials in Khmer”។ បន្ថែមពីលើនេះយើងក៏អាចស្វែងរកបទបង្ហាញអំពីការរៀននិងការបង្រៀនសម្រាប់មេរៀនបច្ចេកទេសនិងអាជីវកម្មដោយចុចលើតំណភ្ជាប់វីដេអូដែលមានពណ៌នាដូចជា៖ ការសិក្សាដោយខ្លួនឯង និង ការបង្វឹកណែនាំ។នៅពីក្រោមមេរៀនសរសេរកូដក៏មានផ្ដល់ជូនជាគំរូកម្មវិធីទូរស័ព្ទជាប្រភេទ .apkនិង .aia។ តើវាដំណើរការយ៉ាងដូចម្តេច? ប្រជាជនទូទាំងប្រទេសកម្ពុជាកំពុងប្រើប្រាស់សម្ភារៈសិក្សាទាំងនេះហើយយើងក៏ទទួលបានមតិត្រលប់ជាច្រើន បន្ទាប់ពីបានចាប់ផ្ដើមបង្កើតវានៅដើមឆ្នាំនេះ។លោកស្រី ផា ពុទ្ធិចាន់ ដែលជាគ្រូបង្វឹកជំនាញអាជីវកម្មនៅក្លិបTechnovation នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានប្រសាសន៍ថា“ខ្ញុំយល់ឃើញថាវីដេអូណែនាំទាំងនេះមានប្រយោជន៍គួរសម។វាខ្លី សាមញ្ញ ច្បាស់លាស់ ហើយជួយសន្សំសំចៃពេលវេលាសម្រាប់គ្រូដែលទើបចាប់ផ្ដើមបង្ហាត់ជាលើកទីមួយដូចជាខ្ញុំ។វាជួយខ្ញុំឲ្យត្រៀមលក្ខណៈសម្រាប់បង្រៀនថ្នាក់នីមួយៗ ហើយក៏អាចត្រៀមសម្រាប់ការបង្រៀនថ្នាក់បន្ទាប់ៗទៀតបានយ៉ាងមានប្រសិទ្ធភាព។វីដេអូណែនាំទាំងនេះគឺជាអាថ៍កំបាំងនៃភាពជោគជ័យរបស់គ្រូបង្វឹក។” តោះទៅមើលវីដេអូទាំងនោះហើយជួយផ្ដល់យោបល់នៅខាងក្រោម!