ការ​វិវត្តនៃ​ការច្នៃ​បង្កើត​បច្ចេកវិទ្យា​​ថ្មីនៅ​កម្ពុ​ជា ៖ ២០១៤ – ២០១៩

អត្ថបទ​នេះមានជាភាសា៖ enEnglish

Pork PONN

ដោយ ប៉ុន ព​ក

ប្រធាន​ផ្នែក​ សិក្សា ត្រួត​ពិនិត្យ និង​វាយ​តម្លៃ
Development Innovations


កម្មវិធី​​​​ Technovation គឺ​​ជា​​កម្ម​វិធី​​សហគ្រិនភាព​បច្ចេកវិទ្យា​​ដ៏​​ធំ​បំផុត​នៅ​លើ​ពិភពលោក​សម្រាប់​​កុមារី​​ដែល​មាន​​អាយុ​​ ​ចាប់​ពី​ ១០​-​១៨ ​ឆ្នាំ​។ Technovation ផ្តល់​ឱកាស​ឱ្យ​​យុវតី​​​ជុំ​វិញ​ពិភពលោក​​ក្នុង​ការ​​សិក្សា​​​ជំនាញ​ចាំ​​បាច់​នានា ​ដើម្បី​​អាច​ក្លាយ​​ទៅ​​ជា​​សហ​គ្រិន​ និងជា​អ្នក​​ដឹក​នាំ ក្នុង​វិស័យ​​​​បច្ចេក​​​វិទ្យា ​ ​តាម​រយៈ​​​​វគ្គ​សិក្សា​​បែប​​អនុវត្ត​ជាក់​ស្ដែង​ជាមួយ​នឹង​គម្រោង​​រយៈ​ពេល​​១២​សប្តាហ៏​ ដោយ​​មាន​​ការ​​សម្រប​សម្រួល​​​ដោយ​​​គ្រូបង្វឹក​ក្នុង​ស្រុក​​ដែលមាន​ជំនាញ​ខាង​​​បច្ចេក​វិទ្យា​ និងអាជី​វកម្ម​។  កម្ម​វិធី​នេះ​ត្រូវ​​បាន​បង្កើត​​ឡើង​នៅ​ដើមឆ្នាំ​២០១០ ដើម្បី​ឆ្លើយតប​ទៅ​នឹង​​​គម្លាត​ យេន​ឌ័រ  ក្នុង​​វិស័យ​​បច្ចេក​​វិទ្យា​ ​និង​​សហគ្រិន​​ភាព​​​នៅ​​​ជុំ​វិញ​ពិភព​លោក។
 

រូបភាព ​ 1៖ ការរីកចំរើននៃកម្មវិធី Technovation កម្ពុជា

 
កម្មវិធី Technovation កម្ពុ​ជា​ត្រូវ​​​បាន​​​​រៀប​​ចំឡើង​​​នៅ​ក្នុង​​ប្រ​ទេស​​កម្ពុជា​​ដោយ​​គម្រោង​ Development Innovations របស់​​ទី​​ភ្នាក់​​​ងារ​ជំនួយ​អាមេរិក USAID ចាប់​​តាំង​​ពី​​ឆ្នាំ​​២០១៤។ ក្នុង​​​ឆ្នាំ​​ដំបូង​ មាន​​ក្រុម​ការងារ​​តែ​​មួយ​ក្រុម​​​ប៉ុណ្ណោះ​ ប៉ុន្តែ​​​កម្ម​វិធី​​​នេះ​​វិវឌ្ឍ​​យ៉ាង​​ខ្លាំង​​រហូត​​ដល់​ឆ្នាំ​២០១៨ ដោយ​​​​បាន​​​ទាក់​​ទាញ​​ឱ្យ​អ្នក​​​​​ចូល​រួម​​​ចំនួន​៤៤​​ក្រុម​​ទូទាំង​ប្រទេស។ គិត​មក​​​ទល់​​សព្វថ្ងៃ​កម្ម​​វិធី​​នេះ​​បាន​​ជួយ​​ដល់​​យុវតី​​នៅ​​កម្ពុជា​​​​​ជាង​៤០០​នាក់​ ឱ្យ​​ចេះ​កំណត់​បញ្ហា​​​ក្នុង​​​សហ​គមន៍​​របស់​ពួក​គាត់ រៀន​​​សរសេរ​កូដ​ និង​​ជំនាញ​​បង្កើត​​​​អាជីវក​ម្ម​​ជាក់​ស្តែង​​តាម​រយៈ​​​​ការ​​បង្កើត​​កម្ម​វិធី​ទូ​រស័ព្ទ​ដៃ​​ដើម្បី​​ដោះ​​ស្រាយ​​​បញ្ហា ហើយ​​មានយុវតី​​​រាប់​រយ​នាក់​ទៀត​នឹង​​បញ្ចប់​​កម្ម​វិធីសិក្សា​​​​នេះ​​ក្នុង​​ឆ្នាំ​២០១៩​​។​ កម្មវិធី​​សិក្សា​​​ប្រចាំ​​ឆ្នាំ​របស់ ​Technovation កម្ពុជា​​បញ្ចប់​​ដោយ​មាន​ការ​ប្រកួត​ប្រ​ជែង​ធ្វើ​បទ​បង្ហាញ​​មួយ​​នៅ​​រាជ​​ធានី​​ភ្នំ​ពេ​ញ ហើយ​ក្រុម​នីមួយៗ​​ត្រូវ​​បញ្ជូន​​គម្រោង​​របស់​ពួក​គាត់​​ទៅកាន់​ការិយាល័យ​កណ្ដាល​របស់ Technovation ​នៅ​ទីក្រុង​ ​San Francisco សហរដ្ឋ​អាមេរិក ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយ​ដើម្បី​ប្រ​កួត​ប្រ​ជែង​យក​ឱកាស​ចូលរួមក្នុង​​ព្រឹត្តិ​​ការណ៍ដ៏​ល្បី​ថ្នាក់​ពិ​ភព​លោក​​​។

 

ក្នុង​ឆ្នាំ​២០១៧ មានក្រុម​មួយ​របស់ Technovation កម្ពុជា​ជាប់​វគ្គ​ផ្ដាច់ព្រ័ត្រ ១២​ក្រុមចុងក្រោយ​ ក្នុង​ចំណោម​បេក្ខភាព ​១.១០០ ក្រុម មកពី​ជុំ​វិញ​ពិ​ភព​លោក។ ក្រុម​នេះ​​បាន​​ធ្វើ​​ដំណើរ​​ទៅក្រុង​ Silicon Valley នៅ​​​​​ San Francisco ​ ​ដើម្បីទៅ​ចូល​រួម​ព្រឹ​ត្តិការណ៍កម្រិត​ពិភព​លោក​នៅ​​ទី​ស្នាក់​ការក្រុមហ៊ុន​ Google ហើយ​នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​ពួក​គេ​បាន​ជិះ​យន្ដ​ហោះ។ យុវតី​វ័យ​អាយុ១១​និង​១២​ឆ្នាំ​ចំនួន​៥​នាក់​មក​ពី​សាលា Liger Leadership Academy បាន​ប្រកួត​ប្រជែង​ដោយ​មិន​រុញ​រា​ទល់​នឹង​ក្រុម​មក​ពី ហុងកុង និង កេនយ៉ា។ ក្រុម​យុវតី​នេះ​ក្លាយជា​មោទនភាព​មួយ​សម្រាប់​ស្រ្តី​កម្ពុជា​គ្រប់វ័យ​ ហើយ​បាន​បំបែក​​ផ្នត់​គំនិត​ចាស់​គំរឹល​ចំពោះ​​លក្ខណៈ​សម្បត្តិ​របស់​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ឬ​អ្នក​ច្នៃបង្កើត​នៅកម្ពុជា។

 

រូបភាព៖ សិក្ខាកាម​កម្មវិធី Technovation ក្នុង​ខេត្ត​បាត់ដំបង រាល់ចុងសប្ដាហ៍ ពី ខែមករា​-មេសា​

 

ក្នុង​ឆ្នាំ​២០១៨ កម្មវិធី Technovation ​កម្ពុជាបាន​​​​ពង្រីកទៅថ្នាក់​​ខេត្ត ​ហើយ​ទទួល​បាន​ការ​ចូល​រួមពី​​យុវតី​​នៅ​ខេត្ត​បាត់ដំបង និង ខេត្ត​សៀម​រាប។ ការពង្រីក​​ទៅ​​​តាម​​សាលា​​រៀន​​ក្រៅ​តំបន់​​​​ភ្នំ​ពេញ​ តម្រូវឱ្យ​បង្កើន​​ចំនួន​ក្រុម​ការងារ​តាម​ខេត្ត​ ​​រួម​​​ទាំង​ក្រុម​ការងារ​តាម​​សាលារដ្ឋ​ផង​ដែរ។ មាន​​៣ក្រុម (១ក្រុម​មក​ពី​ខេត្ត​សៀម​រាប) ​​ឈ្នះ​​បាន​ពានរង្វាន់​នៅ​​​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ ​ហើយ​មួយ​ក្រុម​ទៀត​ទទួល​បាន​ពាន​រង្វាន់ប្រជាប្រិយភាព​តាម​រយៈ​​យុទ្ធ​នា​ការ​ប្រកួត​ប្រជែង​​ក្នុង​ហ្វេស​ប៊ុក )Facebook) ។ សម្រាប់​កម្រិត​សកល​វិញ មាន​ក្រុម​កម្ពុជា​៣​ក្រុម (​​​១​ក្រុម​មក​ពី​ខេត្ត​បាត់ដំបង) ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ចំណោម​ ​​២.៥០០ក្រុម ​មក​ពី​ច្រើន​ជាង​​១១៥​ប្រទេស បាន​ជាប់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​។​

 

រូបភាព៖ កុមារី Technovation ធ្វើការរាល់ចុងសប្ដាហ៍ក្នុង​បន្ទប់កុំព្យូទ័រនៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា​

 

ក្នុង​​ឆ្នាំ​២០១៩ កម្មវិធី Technovation កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ដៃ​គូ​ជា​ច្រើន។ ព្រឹត្តិការណ៍​សាធា​រណៈ​​​​ត្រូវ​​បាន​ចាត់​ចែង​​ដោយ​ដៃ​គូ​​​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុ​ជា (ITC) ដែល​បានគ្រប់​គ្រង​ផង​ដែរ​លើ​​​កម្មវិធី​​សិក្សា​រយៈ​ពេល​១២​​សប្តាហ៍​សម្រាប់​សាលា​រដ្ឋ​នៅ​ទូ​ទាំង​​រាជ​​ធានី​​ភ្នំពេញ​។​ លើស​ពី​នេះ​ទៅ​ទៀត មាន​ក្លិប​​សិក្សា​​​ Technovation តាម​សាលារៀន​ចំនួន​៩ក្លិបនៅ​​ទូទាំង​​ប្រទេស​កំពុង​ដំណើរ​ការ​កម្ម​វិធី​សិក្សា​​នេះ​នៅតាម​សាលា​រៀន​របស់​ពួក​គាត់​រៀងៗ​ខ្លួន​។ ក្រុម​ហ៊ុន​ទូរគមនា​គមន៍ Smart Axiata ​​បន្ត​សហការ​ឧបត្ថម្ភ​លើ ​កម្មវិធី​​​​ផ្តួច​ផ្តើម​​ដ៏​សំខាន់​នេះ​សម្រាប់​​៣ឆ្នាំ​ជាប់ៗ​គ្នា​។
 

រូបភាព៖ សកម្មភាព​ផ្សេងៗ​ក្នុង​ព្រឹត្តិការណ៍ថ្នាក់ជាតិ Technovation កម្ពុជាឆ្នាំ​ 2018

 
កម្មវិធី Technovation នៅ​កម្ពុ​ជា មាន​​​​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ដល់​យុវតី​​កម្ពុជា​ជា​ច្រើន​ ហើយ​បាន​ជួយ​ដោះ​ស្រាយ​​បញ្ហា​​គម្លាត​​យេនឌ័រ​ ទាំង​ក្នុង​​វិ​ស័យ​​ បច្ចេក​វិទ្យា​ និង​អាជី​វកម្ម ក៏​ដូច​ជា​បាន​កសាង​បណ្ដាញ​​​​ស្ត្រីវ័យ​ក្មេង​លើ​​​​ជំនាញ​សហ​គ្រិន​ភាព​បច្ចេក​វិទ្យា​ ព្រម​ទាំង​​​ជំនាញ​គ្រឹះ​មួយ​ចំ​នួន​​​​​ដែល​ចាំបាច់​​សម្រាប់​​ការងារ​​​នាពេល​អនា​គត​​
 

 
តើ​ផ្នែក​ណា​មួយ​​នៃ​កម្ម​វិធី​នេះ​ដែល​ធ្វើ​ឱ្យ​អតីត​សិក្ខាកាម​​យល់​ថា​មាន​តម្លៃ​បំផុត​តាម​រយៈ​ការ​ស្ទង់​មតិ​លើ​​អតីត​សិក្ខាកាម​​​​បាន​បង្ហាញឱ្យ​ឃើញ​​ថា​ ពួក​គេ​​​វាយ​តម្លៃ​ខ្ពស់លើ​​​ជំនាញ​​ទន់ ដែល​បាន​រៀន​ ព្រមទាំង​មេរៀន​នៃ​តារា​​កម្ម​វិធីសិក្សា​ដែល​ផ្ដោត​សំខាន់​លើ​បច្ចេកវិទ្យា។
 

 
ការ​ស្ទង់​​មតិ​នេះ​ក៏​បាន​សួរ​ដែរ​ថា​ តើ​​យុវតី​ទាំង​នោះ​បាន​ធ្វើអ្វី​ខ្លះ​បន្ទាប់​ពី​បាន​បញ្ចប់​កម្ម​វិធីបណ្ដុះ​បណ្ដាល​​រយៈ​ពេល​១២សប្តាហ៍​មក។​ លទ្ធ​ផល​បាន​បង្ហាញ​ថា​ ពួក​គាត់​ភាគ​ច្រើន​នៅ​តែ​ចូល​រួម​ក្នុងវិ​ស័យ​បច្ចេក​វិទ្យា​៖ កុមារី​​ជា​ច្រើន​ប្រាប់​ឱ្យ​ដឹង​ថា​ពួក​គាត់​នៅ​តែ​បន្ត​បង្កើត​​ឧបករណ៍​បច្ចេក​វិទ្យា​ថ្មីៗ  ឬ​ឧបករណ៍​គំរូ​សាកល្បង​ ខ្លះ​ទៀត​បាន​ចុះ​ឈ្មោះ​ចូល​រៀន​​​វគ្គសិក្សា​ទាក់​ទង​នឹងស្ទែម (STEM) និង​ស្ម័គ្រ​ចិត្ត​ចូល​រួម​​​សកម្ម​ភាព​ និង​ព្រឹត្តិការណ៍​ដែល​ទាក់​ទង​នឹង​បច្ចេក​វិទ្យា។ អតីត​សិក្ខាកាម​​​៨នាក់ ​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុ​ប្បន្ន​ពួក​គាត់​កំពុង​សិក្សា​នៅសា​កល​​​វិទ្យា​ល័យ ​​ហើយ​ពាក់កណ្តាល​ទៀត​កំពុង​​បន្ត​សិក្សា​បរិញ្ញាបត្រ​ជាន់​ខ្ពស់​​ផ្នែក​​វិទ្យា​សាស្រ្ត​កុំ​ព្យូ​ទ័រ និង​ជំនាញ​ផ្សេងៗ​ដែល​ទាក់​ទងទៅ​នឹងស្ទែម។​
 

​អតី​តសិក្ខាកាម​ស្ទើ​រតែ​ទាំង​អស់​​ដែល​ចូលរួមក្នុង​ការ​​​ស្ទង់​មតិ ពោល​គឺ៖ ៩៨%​  បញ្ជាក់​ថា ពួក​គាត់​នឹង​​​ណែ​នាំ​ដល់​មិត្ត​ភក្តិ​របស់​ពួក​គាត់​ ឬ បង​ប្អូន​ស្រីរបស់​ពួក​គាត់ឱ្យ​ចូល​រួមក្នុង​កម្មវិធី Technovation ​កម្ពុជានៅ​ឆ្នាំ​ក្រោយ។​​
ដូច​ដែល​បាន​​បង្ហាញ​ក្នុង​ទិ​ន្ន​ន័យពីការ​​ស្ទង់​មតិ ​កម្មវិធី ​Technovation កម្ពុជា​បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរជា​​​វិជ្ជ​មាន​ដល់​​​កុមារី​​ជា​ច្រើន​ ហើយ​​ក៏បាន​បង្កើត​​​​ផ្លូវ​មួយ​សម្រាប់​​ស្រ្តី​វ័យក្មេង​​នៅ​​កម្ពុជា​ឱ្យ​អាច​​ចូល​រួម​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ និង​សហ​គ្រិនភាព​។ កុមារីទាំង​អស់​​បាន​និយាយ​ថា ពួក​គាត់​បាន​ឃើញពី​ការ​ផ្លាស់​ប្តូរ​ជា​​វិជ្ជ​មាន​ចំពោះ​​ខ្លួនឯង​ ​បន្ទាប់​ពី​បាន​បញ្ចប់​​ការ​បណ្ដុះ​បណ្ដាល​ក្នុង​កម្ម​​វិធី​នេះ​។ ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​រួម​មាន៖ កាន់​តែ​ចាប់​អា​រម្មណ៍​លើ​​ផ្នែក​​បច្ចេក​វិទ្យា​ មាន​គំនិត​សហគ្រិនភាព​ថ្មីៗ ​​មាន​​ទំ​នុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន និង​មាន​ជំនាញ​ខាង​បច្ចេក​​វិទ្យាតែម្ដង​។​

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email