រឿងរ៉ាវរបស់កញ្ញាសិរីរតន៍៖ ការថែរក្សាព្រៃឈើ និងលើកទឹកចិត្តយុវវ័យ Posted on: ខែវិច្ឆិកា 19, 2019 អត្ថបទនេះមានជាភាសា៖ English By Georgi Simpkin Communications Consultant មិនមែនជារៀងរាល់ថ្ងៃដែលអ្នកបានជួបជាមួយនរណាម្នាក់ដែលហៅខ្លួនឯងថាមិត្តរបស់ព្រៃឈើនោះទេ។ កញ្ញាសិរីរតន៍មានកម្ពស់១៥២សង់ទីម៉ែតប៉ុណ្ណោះ បីជាកម្ពស់ទាប ប៉ុន្តែគាត់មានមហិចិ្ឆតា និងការតាំងចិត្តខ្ពស់។ គាត់មានក្រុមតាមដានដ៏ស្មោះត្រង់មួយក្រុម ហើយសម្ភារៈដែលគាត់ប្រើប្រាស់ដើម្បីការពារព្រៃឈើគឺ តាមបែបវិទ្យាសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងតាមត្រចៀកទាំងពីររបស់គាត់។ ទើបតែអាយុ ២៧ឆ្នាំ កញ្ញាសិរីរតន៍គឺជាសហស្ថាបនិកនៃក្រុមអេកូយុវទូត Young Eco Ambassador Cambodia ក៏ជាម្ចាស់ជើងឯកផ្នែកអភិរក្ស និងជាដៃគូសហការរបស់គម្រោង Development Innovations (DI) ផងដែរ។ កាលពីនៅតូចកញ្ញាសិរីរតន៍រស់នៅក្នុងព្រៃតាមដងទន្លេសាបក្នុងខេត្តពោធិ៍សាត់នៅភាគខាងលិចនៃប្រទេសកម្ពុជា។ ផ្ទះរបស់គាត់មានចម្ងាយ១០០ម៉ែត្រពីច្រាំងទន្លេ ហើយគាត់តែងតែទៅនេសាទជាមួយឪពុករបស់គាត់ដើម្បីចិញ្ចឹមគ្រួសារ។ ដូច្នេះហើយក្ដីស្រឡាញ់របស់គាត់ជាមួយនឹងធម្មជាតិបានចាប់ផ្តើម ហើយក៏រីកលូតលាស់តាមភាពពេញវ័យរបស់គាត់ដែលធ្វើឱ្យគាត់ចូលរៀនមុខវិជ្ជាផ្នែកវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជំនួបដំបូងរបស់កញ្ញាសិរីរតន៍ជាមួយគម្រោង DI គឺនៅក្នុងឆ្នាំ២០១៤ នៅពេលដែលនិយោជករបស់គាត់បានរៀបចំវគ្គបណ្តុះបណ្ដាលមួយនៅការិល័យរបស់ DI។ រយៈ៤ឆ្នាំក្រោយមក គាត់បានចូលរៀនវគ្គប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ DI។ ក្នុងនាមជាម្ចាស់ជើងឯកផ្នែកអភិរក្សបរិស្ថាន កញ្ញាសិរីរតន៍បានបង្កើតសហគមន៍អេកូយុវទូតនៅឆ្នាំ២០១៧ ដើម្បីបង្កើនការយល់ដឹងពីបញ្ហាបរិស្ថាននៅប្រទេសកម្ពុជា។ ដើម្បីផ្សព្វផ្សាយ និងទាក់ទាញទស្សនិកជនគោលដៅរបស់យុវទូតរបស់គាត់ គាត់ត្រូវការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសហ៊េ្វសបុកដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ គាត់ត្រូវការជំនួយដើម្បីឱ្យការផ្សព្វផ្សាយរបស់ស្ថាប័នគាត់បានទៅដល់ទស្សនិកជនកាន់តែច្រើន។ ចាប់តាំងពីឆ្នាំ២០១៨ដល់ឆ្នាំ២០១៩ គម្រោង Development Innovations បានធ្វើការយ៉ាងជិតសិ្នទ្ធជាមួយកញ្ញាសិរីរតន៍ដើម្បីជួយស្ថានប័នរបស់គាត់សម្រេចបាននូវគោលដៅនេះ។ កញ្ញាសិរីរតន៍ និងក្រុមការងារអេកូយុវទូតបានចូលរួមវគ្គបណ្តុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គម វគ្គបង្វឹកឱ្យក្លាយជាគ្រូបង្វឹក (ToT) និងវគ្គផលិតវីដេអូតាមរយៈទូរស័ព្ទដៃ និងបានប្រើប្រាស់សេវាកម្មប្រឹក្សាយោបល់របស់គម្រោង DI ផងដែរ។ គាត់បានពន្យល់ថា៖ “វគ្គបណ្តុះបណ្ដាលរបស់ DI បានផ្លាស់ប្តូររបៀបនៃការគិតរបស់ពួកយើងនៅអេកូយុវទូត។ ពីមុនពួកយើងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមដើម្បីផ្សព្វផ្សាយការងារល្អៗរបស់ពួកយើង ប៉ុន្តែមិនមានផែនការច្បាស់លាស់ទេ។ វគ្គបណ្តុះបណ្ដាលនេះបានបង្ហាញពួកយើងឱ្យចេះរៀបចំផែនការមាតិការបស់ពួកយើង និងបង្កើតគម្រោងការល្អៗ។” លទ្ធផលនៃវគ្គបណ្តុះបណ្ដាលនេះបានជំរុញឱ្យកញ្ញាសិរីរតន៍ធ្វើការជាមួយក្រុមការងារ DI ដើម្បីកែសម្រួលវគ្គបណ្តុះបណ្ដាលដែលមានរយៈពេល៣ថ្ងៃឱ្យទៅជាសិក្ខាសាលាដែលមានរយៈពេលត្រឹមតែ២ថ្ងៃសម្រាប់យុវជនស្ម័គ្រចិត្តថ្មីៗរបស់គាត់។ គាត់បានជួបជាមួយក្រុមការងារ DI ម្ដងក្នុងមួយសប្តាហ៍រយៈពេល៤សប្តាហ៍ដើម្បីកែសម្រួលវគ្គបណ្តុះបណ្ដាលនោះ និងទទួលបានទំនុកចិត្តក្នុងបណ្តុះបណ្ដាលដោយខ្លួនគាត់ផ្ទាល់។ “ក្នុងអំឡុងពេលវគ្គ ToT ពួកគាត់បានបង្ហាត់ពួកយើងឱ្យមានទំនុកចិត្ត។ នៅពេលដែលពួកយើងឡើងទៅលើឆាក ពួកយើងដឹងពីរបៀបត្រៀមខ្លួន មិនត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានជំនាញ និងចំណេះដឹងមុនឡើងនិយាយជាសាធារណៈ។ វាបានជួយកសាងទំនុកចិត្តរបស់ខ្ញុំ និងជួយខ្ញុំឱ្យស្វែងរកសំឡេងរបស់ខ្ញុំ។” ជាផ្នែកមួយនៃវគ្គបណ្តុះបណ្ដាលរយៈពេល២ថ្ងៃ គម្រោង DI បានបង្ហាញក្រុមយុវទូតអំពីរបៀបថតរូបឱ្យបានល្អសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម របៀបកាត់តវីដេអូនៅលើទូរស័ព្ទដៃ របៀបង្កើតមាតិកាឌីជីថលដែលទាក់ទាញការចាប់អារម្មណ៍ និងរបៀបប្រើប្រាស់ការវិភាគទិន្នន័យ។ ការជួយពីក្រុមការងារ DI គឺមិនត្រឹមតែជួយឱ្យពួកគាត់បានទទួលជំនាញបច្ចេកទេសនោះទេ គឺថែមទាំងមានជំនាញទន់ផងដែរ។ កញ្ញាសិរីរតន៍បាននិយាយដោយត្រង់ៗអំពីឥទ្ធិពលវិជ្ជមានរបស់ប្រធានគ្រប់គ្រងកម្មវិធីរបស់គម្រោង DI កញ្ញាអាត សុធាវីថា: “គាត់គឺជាស្ដ្រីដែលមានឥទ្ធិពលខ្លាំង ហើយគាត់គឺជាគំរូនិងជាអ្នកណែនាំរបស់ខ្ញុំ។ បងស្រីសុធាវីបានចែករំលែកពីរបៀបដែលគម្រោង DI ជួយពួកយើងក្នុងដំណើរការបណ្ដុះបណ្ដាលនិងផ្តល់ការគាំទ្រជាច្រើនដល់ខ្ញុំ។ ទោះបីជាគម្រោង DI បញ្ចប់ បងស្រីសុធាវីក៏នៅតែជាអ្នកណែនាំ និងជាទីប្រឹក្សារបស់ពួកយើងដែលធ្វើឱ្យពួកយើងសប្បាយចិត្តខ្លាំងណាស់។” សហគមន៍គឺជារឿងមួយដែលសំខាន់បំផុតសម្រាប់កញ្ញាសិរីរតន៍ ដែលរួមមានសហគមន៍ព្រៃឈើដែលគាត់កំពុងការពារ និងសហគមន៍ក្នុងទីក្រុងដែលគាត់កំពុងតែលើកទឹកចិត្តឱ្យកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច និងពិតណាស់សហគមន៍អេកូយុវទូត។ គាត់មានជំនឿទៅលើឥទិ្ធពលសំឡេងរបស់ប្រជាពលរដ្ឋ។ “ក្រុមរបស់ខ្ញុំម្នាក់ពិតជាមិនមានទំនុកចិត្តក្នុងការនិយាយជាមួយសហគមន៍និងនិយាយជាមួយអ្នកធ្វើការស្ម័គ្រចិត្តទេ ប៉ុន្តែខ្ញុំបានបង្ហាញគាត់នូវអ្វីដែលខ្ញុំបានរៀនហើយផ្តល់ឱកាសឱ្យគាត់ដើម្បីអនុវត្តនិងធ្វើវាដោយខ្លួនឯង។ ខ្ញុំព្យាយាមនិងជួយគាំទ្រគាត់ដើម្បីស្វែងរកសំឡេងនិងទំនុកចិត្តរបស់គាត់។” យុទ្ធនាការការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជានៅតែជាផ្នត់គំនិតថ្មីនៅឡើយ ហើយក្រុមអេកូយុវទូតកំពុងតែដឹកនាំចលនានេះជាមួយយុវជនខ្មែរ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះពួកគាត់ទទួលបានការកើនឡើងចំនួន ៥០% នៃអ្នកស្ម័គ្រចិត្តដែលបានចូលរួមក្នុងព្រឹត្តិការណ៍និទានរឿងប្រចាំឆ្នាំរបស់ពួកគាត់ដែលផ្តោតសំខាន់លើបញ្ហាបរិស្ថាន។ ឆ្នាំនេះដែរ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើទន្លេមេគង្គបានប្រមូលផ្តុំក្រុមយុវជនស្ម័គ្រចិត្តកម្ពុជាប្រមាណជាង ៦០០ នាក់។ នៅពេលដែលកញ្ញាសិរីរតន៍នត្រូវគេសួរពីបទពិសោធជាមួយគម្រោង DI កញ្ញាមានស្នាមញញឹមដ៏អស្ចារ្យពេញផ្ទៃមុខរបស់គាត់នៅពេលគាត់រៀបរាប់ពីសមត្ថភាពដែលគាត់អាចមានថ្ងៃនេះបានថា “ខ្ញុំអាចដឹកនាំក្រុម និងជំរុញទឹកចិត្តមនុស្សច្រើនជាងពីមុន។ ខ្ញុំយល់ដឹងពីរបៀបប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម និងរបៀបប្រើប្រាស់ទូរស័ព្ទដើម្បីថតវីដេអូ។ ខ្ញុំបានរៀនពីរបៀបគ្រប់គ្រងក្រុមរបស់ខ្ញុំ របៀបសម្របសម្រួលជាមួយមនុស្ស និងរបៀបក្នុងការសម្រេចចិត្តនិងដោះស្រាយបញ្ហា។” កញ្ញាសិរីរតន៍បានបន្តថា “គម្រោង DI បានជួយពួកយើងឱ្យបានរៀនសូត្រ ជួបជាមួយដៃគូផ្សេងៗទៀត និងអភិវឌ្ឍន៏គោលដៅច្បាស់លាស់។ ឥឡូវនេះពួកយើងដឹងថាពួកយើងជាអ្នកធ្វើយុទ្ធនាការការពារបរិស្ថាន។” សព្វថ្ងៃនេះ ក្រុមអេកូយុវទូតមានយុវទូតសកម្មចំនួន ១០០នាក់ដែលធ្វើយុទ្ធនាការជាច្រើនសម្រាប់បញ្ហាបរិស្ថានទូទាំងប្រទេស។ ដើម្បីតាមដានរឿងរ៉ាវរបស់ពួកគាត់ សូមចូលរួមជាមួយសហគមន៍ហ្វេសប៊ុករបស់ពួកគាត់តាមរយៈ @YoungEcoAmbassador។