ដំណើរ​នៃ​ការ​សិក្សា​របស់​មុយ​ទៀង​៖ រយៈពេល៦ខែ​ក្នុងនាម​ជា​ Young Innovator

អត្ថបទ​នេះមានជាភាសា៖ enEnglish

Muyteang

ដោយ​ កញ្ញា ​តាន់​ មុយ​ទៀង

Former Young Innovator
Development Innovations


ការ​បញ្ចប់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ​គឺជា​ពេល​ដែល​ភ័យ​ផង​អរ​ផង​។ វា​ជា​ពេល​ដែល​អ្នក​ត្រូវ​រៀបចំផែនការ​ជីវិត​របស់​អ្នកជា​ថ្មី​ម្ដ​ងទៀតហើយ​អ្នកចាប់​ផ្តើម​យល់ថា​ សមិទ្ធិ​ផល​សិក្សា​អាច​មិន​មានតម្លៃ​ចំពោះ​និយោជិក​ដូច​បទ​ពិសោធ​ការងារ​នោះ​ទេ​។បើ​និយាយ​ពី​បទ​ពិសោធ​ការងារ​គឺជា​រឿង​ដែល​គួរ​ឱ្យ​អស់សំណើច​មួ​យ។ អ្នក​ត្រូវ​មាន​បទ​ពិសោធ​ការងារ​ដើម្បី​ត្រូវ​បាន​គេ​ជ្រើសរើស​ប៉ុន្តែ​ក៏​ត្រូវ​មាន​អ្នកណា​ម្នាក់​ជួល​អ្នកធ្វើការ​មុន​សិន​ទើប​អ្នក​អាច​មាន​បទ​ពិសោធ​ធ្វើការ​ដែរ​។ សម្រាប់​ខ្ញុំ​វា​ជា​រឿង​ហួសចិត្ត​បន្តិច​។

កាលពីដើម​ឆ្នាំនេះ​ខ្ញុំ​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​បរិញ្ញាប័ត្រ​ឱសថ​សាស្ត្រហើយ​ខ្ញុំ​មិនដែល​មាន​បទ​ពិសោធ​ធ្វើការងារ​ពេញ​ម៉ោង​ទេ​។ ដូច្នេះ​នៅពេល​ដែល​ខ្ញុំ​បានឃើញ​ការប្រកាស​ពី​កម្មវិធី​ Young​ Innovator​ Program​ ខ្ញុំ​ដឹង​ថា​កម្មវិធី​នេះ​អាច​សាក​សម​សម្រាប់​ខ្ញុំ​។ កម្មវិធី​ Young​ Innovator​ Program​ (YIP​) គឺជា​កម្មវិធី​ហាត់​ការ​រយៈពេល​ ៦ ខែ​របស់​គម្រោង​ Development​ Innovations​ សម្រាប់​និស្សិត​ទើប​បញ្ចប់​ការសិក្សា​។ អ្នក​ហាត់​ការ​ (Young​ Innovators​) ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គាំទ្រ​ការអនុវត្ត​គម្រោង​តាមរយៈ​ការងារ​ជាក់​ស្តែងនិង​កា​រប​ណ្តុះបណ្តាលលើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ថ្មី​ៗ។ ខ្ញុំ​ដាក់ពាក្យ​ក្នុង​កម្មវិធី​នេះ​ដើម្បី​រៀន​ពី​អ្វី​ដែល​បាន​បរិយាយ​ក្នុង​ការ​ពិពណ៌នា​ពី​ការងារ​ ប៉ុន្តែ​Young​ Innovator​ Program​ មិនមែន​ជា​កម្មវិធី​ហាត់​ការ​ធម្ម​តាៗ​នោះ​ទេ​ ដូច្នេះ​ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​របស់ខ្ញុំ​ក្នុងនាម​ជា​ Young​ Innovator​ ម្នាក់​ ។

 

បរិយាកាស​បម្រើ​ការងារ​ និង​សិក្សា

ខ្ញុំ​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​ដែល​មា​នប៉ា​ធ្វើការ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ ខ្ញុំ​តែងតែ​ចង់​ដឹងពី​ការងារ​របស់​គាត់​ តើ​វា​ខុសគ្នា​ពី​ការ​ងារ​ក្រុមហ៊ុន​ឯកជន​ដូច​ម្តេចខ្លះ​ និង​ពី​របៀប​ដំណើរការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​កម្ពុជា​។ YIP​ បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​បទ​ពិសោធ​ទាំងនោះ​។ ខ្ញុំ​បាន​គ្រប់គ្រង​គំ​រោង​ផ្សេង​ៗរបស់​ DI​ និង​ទទួល​បាន​កា​រប​ណ្ដុះ​បណ្ដា​ល លើ​ប្រធាន​បទ​ផ្សេង​ៗដូចជា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ការបង្កើត​វីដេអូ​តាម​ទូរ​សព្ទ​ដៃ​ ការ​សរសេរ​ប្លុក​ ការ​ធ្វើ​របាយការណ៍​ និង​ ការគ្រប់គ្រង​គម្រោង​។ខ្ញុំ​ក៏បាន​ទទួល​កា​រប​ណ្តុះ​បណ្ដាលលើ​ ជំនាញ​រចនា​គម្រោង​ដែល​ផ្តោត​លើ​អ្នកប្រើ​ប្រាស់​ (Human​ Centered​ Design​) ដែល​ ជា​វគ្គប​ណ្ដុះ​បណ្តាលមួ​យក្នុង​ចំណោម​វគ្គ​បណ្ដុះ​បណ្តាលដែល​មានប្រយោជន៍​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​។ ជាមួយ​ក្រុមការងារ​DI​ និង​ មិត្ត​រួម​ក្រុម​របស់ខ្ញុំ​ យើង​បាន​រៀបចំផែនការ​ដោះស្រាយ​បញ្ហា​មួយ​ដែល​យើង​បាន​ជ្រើសរើស​តាមរយៈ​ការពិភាក្សា​ក្រុម​ និង​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​ និង​បាន​បំពេញ​ការសិក្សា​តាម​ប្រពន្ធ័​អ៊ី​នធើ​ណែ​ត។ វា​បាន​ផ្តល់​ឱ្យ​ខ្ញុំ​នូវ​វិធី​សាស្ត្រដ៏​មាន​ប្រសិទ្ធភាព​ និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការបង្កើត​ដំណោះស្រាយ​បញ្ហា​លើ​គ្រប់​វិស័យ​។

 

ការងារ​នេះ​គឺ​លើស​ពី​ការងារ​ការិយាល័យ​!

តើ​អ្នក​នឹកឃើញ​អ្វី​នៅពេល​អ្នក​ ដែល​អ្នក​លឺ​ពាក្យ​ថា​បុគ្គលិក​ហាត់​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​? សម្រាប់​ខ្ញុំ​ ខ្ញុំ​នឹកឃើញ​ពី​ទិ​ដ្ឋ​ភាព​អង្គុយ​នៅ​ការិយាល័យ​នៅមុខ​កុំព្យូទ័រ​ធ្វើ​របាយការណ៍​ នឹង​ចូលរួម​កិច្ច​ប្រជុំ​ផ្សេង​ៗជាដើម​។ នោះ​គឺជា​ការពិត​មួយ​ផ្នែក​ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​ខាងលើ​ YIP​ មិនមែន​ជា​កម្មវិធី​ហាត់​ការ​ធម្មតា​ទូទៅ​នោះ​ទេ​។ លើស​ពី​ការងារ​ការិយាល័យ​ ខ្ញុំ​បាន​ធ្វើដំណើរ​ទៅតាម​ខេត្ត​ដើម្បី​ពិនិត្យមើល​គម្រោង​ គ្រប់គ្រង​ស្ដ​ង់​ក្នុង​កម្មវិធី​តាំង​ពិ​ពណ៌​បច្ចេកវិទ្យា​សំ​ខាន់​ៗ និង​ចូលរួម​កម្មវិធី​បច្ចេកវិទ្យា​និង​ព្រឹត្តិ​ការណ៍​សិក្សា​ផ្សេង​ៗ។ លើស​ពីនេះ​ទៅទៀត​ក៏​មានការ​ចុះ​ទស្សនកិច្ច​ម្ដ​ងម្កាល​ជាមួយ​ដៃគូ​របស់​គម្រោង​ Development​ Innovations​ ដែល​ខ្ញុំ​អាច​រៀន​អំពី​រចនា​សម្ព័ន្ធ​ ភាព​ជោគជ័យ​និង​បញ្ហា​ប្រឈម​ដែល​ពួកគេ​បាន​ជួបប្រទះ​។ វា​បាន​ពង្រីក​ចំណេះដឹង​របស់ខ្ញុំ​អំពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ បណ្ដាញ​សហគមន៍​បច្ចេកវិទ្យា​និង​អាជីវកម្ម​បង្កើត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។ បទ​ពិសោធ​នេះ​បាន​ផ្លាស់​ប្តូរ​ការយល់ឃើញ​របស់ខ្ញុំ​ទាំងស្រុង​ដែល​ថា​អ្នក​ត្រូវការ​រៀន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ធ្វើការ​នៅក្នុង​វិស័យ​នេះ​។ បច្ចេកវិទ្យា​ថ្មី​អាច​ត្រូវ​បាន​ប្រើប្រាស់​នៅក្នុង​គ្រប់​វិស័យ​។

 

វប្បធម៌​ច្នៃ​បង្កើត

អ្វី​ដែល​ល្អ​បំផុត​ដែល​ខ្ញុំ​ទទូល​បាន​ក្នុងនាម​ជា​Young​ Innovator​ ម្នាក់​ គឺជា​បរិយាកាស​ការងារ​ដ៏​ល្អ​។ នៅពេល​ដែល​ខ្ញុំ​ចូល​ធ្វើការ​ដំបូង​ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​មក​សង្កេត​ រៀន​ពី​អ្នកគ្រប់គ្នា​ និង​ធ្វើការ​លើ​កិច្ចការ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​។ ប៉ុន្តែ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​បរិយាកាស​ការងារ​ដែល​មិន​ប្រកាន់​ឋានានុក្រម​ ដែល​ក្រុម​ការងារ​គ្រប់រូប​អាច​បញ្ចេញមតិ​ដោយសេរី​។ ចំណែកខ្ញុំ​វិញ​ទោះបី​ខ្ញុំ​ជា​អ្នក​ហាត់​ការ​ក៏ដោយ​តែ​គំនិត​របស់ខ្ញុំ​ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​។ លើស​ពីនេះ​ទៅទៀត​ ខ្ញុំ​អាច​ស្នើសុំ​ជំនួយ​និង​ប្រាប់​ក្រុម​ការងារ​អំពី​កង្វល់​របស់ខ្ញុំ​។ ពួកគាត់​តែងតែ​យកចិត្ត​ទុកដាក់​ចំពោះ​ការ​រីកចម្រើន​របស់​ Young​ Innovator​ និង​ តែងតែ​ផ្តល់​ដំ​បូ​ន្មាន​ល្អ​ៗសម្រាប់​អាជីព​ការងារ​របស់ខ្ញុំ​។ ការ​គាំទ្រ​ និង​បរិយាកាស​ការងារ​បែបនេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ក្លាយជា​ស្ត្រី​ដែល​មានទំនុក​ចិត្ត​និង​មានការ​ទទួលខុសត្រូវ​ខ្ពស់​។

រយៈពេល​៦ខែ​នៃ​កម្មវិធី​ Young​ Innovator​ ពិតជា​សមនឹង​តម្លៃ​ពេលវេលា​ដែល​បាន​ចំណាយ​។ ខ្ញុំ​បាន​រៀន​ជំនាញ​ដែល​ខ្ញុំ​តែងតែ​ចង់​រៀន​ហើយ​ខ្ញុំ​មាន​ភាព​ច្នៃប្រឌិត​ និង​ គិត​បាន​សព្វ​ជ្រុងជ្រោយ​ជាង​មុន​ ។ សមត្ថភាព​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​ ការ​ធ្វើការ​ជា​ក្រុម​ និង​ ចំណេះដឹង​ពី​ការគ្រប់គ្រង​គម្រោង​ជា​អ្វី​ដែល​មានប្រយោជន៍​សម្រាប់​ដំណាក់កាល​បន្ទាប់​ក្នុង​ជីវិត​របស់ខ្ញុំ​។ ខែក្រោយ​ខ្ញុំ​នឹង​ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​រវាង​យុវជន​ក្នុង​តំបន់​អាស៊ាន​មួយ​ឈ្មោះថា​ SSEAYP​ ដែល​ខ្ញុំ​ត្រូវ​រចនា​គម្រោង​ការងារ​សង្គម​និង​ធ្វើការ​ជាមួយ​យុវជន​ក្នុង​តំបន់​អាស៊ាន​និង​ជប៉ុន​ ដែល​មាន​ ជីវប្រវត្តិ​ និង​បរិបទ​វប្ប​ធម៌​ផ្សេង​ៗគ្នា​។ ជំនាញ​ដែល​ខ្ញុំ​បាន​ទទួល​ពី​កម្មវិធី​ Young​ Innovator​ មាន​ចំណែក​ចូលរួម​សម្រាប់​ត្រៀម​ខ្លូន​ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​មួយ​នេះ​។

បន្ទាប់ពី​ចូលរួម​កម្មវិធី​ Young​ Innovator​ Program​ ខ្ញុំ​បាន​បញ្ជាក់​រឿង​មួយ​ យុវជន​គួរតែ​ហ៊ាន​ជ្រើសរើស​ជម្រើស​ដែល​មិនសូវ​មាន​ប្រជាប្រិយ​ភាព​ ប្រសិនបើ​វា​ជា​ការងារ​ដែល​អ្នក​ពេញចិត្ត​។ ដោយសារតែ​ចុងបញ្ចប់​ មានតែ​អ្នក​ទេ​ដែល​ដឹង​ថា​អ្វី​ដែល​ល្អ​សម្រាប់​ខ្លួ​នអ្នក​បំផុត​។