ជួបជាមួយលោករតនា៖ តារារះថ្មីក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា Posted on: ខែវិច្ឆិកា 10, 2019 អត្ថបទនេះមានជាភាសា៖ English By Georgi Simpkin Communications Consultant គម្រោង Development Innovations (DI) បានជួបរតនាកាលពីឆ្នាំ ២០១៥ នៅពេលដែលគាត់បានដាក់ពាក្យចូលរួមក្នុងកម្មវិធី Young Professional Program (YPP)។ ជានិស្សិតទើបតែបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រីកុំព្យួទ័រមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គាត់មានទេពកោសល្យធម្មជាតិក្នុងការដោះស្រាយបញ្ហា និងមានគំនិតចង់ចេះ ចង់ដឹង ជាហេតុធ្វើឱ្យគាត់មានសមត្ថភាពសាកសមទៅនឹងកម្មវិធីរបស់DI។ លោករតនាបានពិពណ៌នាថា កម្មវិធី Young Professional Program ពិតជាមានលក្ខណៈខុសប្លែកពីកម្មវិធីដទៃទៀត។ រតនាបានបន្ថែមទៀតថា “ DIបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញទន់ ហើយពួកគាត់ក៏ចង់ជួយដោះស្រាយបញ្ហាសង្គមសម្រាប់ប្រទេសរបស់យើង និងកសាងបណ្តាញទំនាក់ទំង ទាំងអស់នេះជាបទពិសោធន៍ដំបូងសម្រាប់ខ្ញុំដែលបានជួប”។ ក្នុងកំលុងពេលនៃកម្មវិធីនេះ លោករតនាបានទៅធ្វើការនៅ Codingate ដែលជាអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យាទទួលបានពានរង្វាន់មួយនៅទីក្រុងភ្នំពេញ។ ក្នុងរយៈពេលពីរដងក្នុងមួយខែ គាត់តែងតែមានកិច្ចប្រជុំជាមួយក្រុមការងារ DI ដើម្បីធ្វើការចែករំលែកបទពិសោធន៍ជាមួយក្រុម ទទួលបានបណ្តុះបណ្ដាល និងណែនាំបន្ថែម។ ឆ្លុះបញ្ចាំងពីកម្មវិធី YPP រតនាបានបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងផ្នត់គំនិតរបស់គាត់៖ “នៅពេលខ្ញុំរៀនសរសេរកូដនៅសាកលវិទ្យាល័យយើងព្យាយាមដោះស្រាយបញ្ហាពីបទពិសោធន៍ និងគំនិតផ្ទាល់ខ្លួន។ ការបណ្តុះបណ្ដាល អំពីវិធីសាស្ត្រផ្ដោតសំខាន់លើអ្នកប្រើប្រាស់ របស់គម្រោង DI បានបើកគំនិតខ្ញុំឱ្យគិតអំពីដំណោះស្រាយមិនត្រឹមតែពីខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែជាដំណោះស្រាយសម្រាប់អ្នកប្រើប្រាស់ដែលជាគោលដៅរបស់យើង។ ជាលើកដំបូងដែលយើងត្រូវរចនាយ៉ាងប្រុងប្រយ័ត្នសម្រាប់អ្នកដែលនឹងប្រើប្រាស់បច្ចេកវិទ្យានោះ។ យើងត្រូវគិតជាមុនសិនថាតើវាមានមានប្រសិទ្ធភាពប៉ុណ្ណា។” បន្ថែមពីលើការអភិវឌ្ឍជំនាញបច្ចេកទេសរបស់គាត់នៅ Codingate គាត់ក៏បានចូលរួមយ៉ាងសកម្មជាមួយគំនិតផ្តួចផ្តើមរបស់គម្រោងDI ដើម្បីលើកកម្ពស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានវិទ្យា(ICT)នៅក្នុងសហគមន៍បច្ចេកវិទ្យា។ លោករតនាបានស្ម័គ្រចិត្តចូលរួមសិក្ខាសាលាទាក់ទងនឹងបច្ចេកវិទ្យាជាច្រើនរួមមានកម្មវិធី BarCamp និងក្រោយមកទៀតគាត់ចូលរួមក្នុងកម្មវិធី Technovation។ គាត់ចាំបានថាគាត់ចូលចិត្តនិយាយអំពី ICT ខ្លាំងណាស់នៅក្នុងព្រឹត្តិការណ៍ទាំងនេះ ប៉ុន្តែគាត់បាននិយាយថានេះមិនមែនជាអ្វីដែលគាត់តែងតែធ្វើពីមុនមកទេ៖ “មុនពេលចូលរួមជាមួយគម្រោងDI ខ្ញុំពូកែខាងបច្ចេកវិទ្យា តែខ្ញុំខ្វះជំនាញទន់។ ពួកយើងត្រូវនិយាយក្នុងវគ្គចែករំលែកផ្សេងៗ ហើយវាជាលើកទីមួយដែលខ្ញុំនិយាយនៅចំពោះមុខមនុស្សសាធារណៈ។ គម្រោង DI បានផ្តល់ឱ្យខ្ញុំនូវការបង្វឹក និងការបណ្តុះបណ្តាលអំពីរបៀបនិយាយជាសាធារណៈ ហើយវាពិតជាធ្វើឱ្យខ្ញុំមានទំនុកចិត្តខ្ពស់។” រតនាបានធ្វើការអស់រយៈពេលពីរឆ្នាំចុងក្រោយជាគ្រូបង្រៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានយោបល់ថា “ខ្ញុំពិតជាចូលចិត្តនិយាយជាសាធារណៈណាស់ឥឡូវនេះ។” បន្ទាប់ពីបានចូលរួមកម្មវិធី YPP របស់គម្រោងDI រតនាបានទទួលអាហារូបករណ៍ដើម្បីបន្តថ្នាក់អនុបណ្ឌិតផ្នែក “អភិវឌ្ឍន៍កម្មវិធី” នៅប្រទេសបារាំង។ នៅពេលដែលគាត់ត្រឡប់មកភ្នំពេញវិញនៅឆ្នាំ២០១៧ គាត់បានបន្តទំនាក់ទំនងជាមួយគម្រោង DI និងបានចូលរួមក្នុងកម្មវិធី Technovation ជាគ្រូបង្វឹកផ្នែកបច្ចេកទេស។ Technovation គឺជាកម្មវិធីសហគ្រិនភាពបច្ចេកវិទ្យាថ្នាក់ពិភពលោកសម្រាប់ក្មេងស្រីដែលមានអាយុចាប់ពី ១០ ទៅ ១៨ឆ្នាំ។ Technovation កម្ពុជាទទួលបានមូលនិធិពីគម្រោង DI តែឥឡូវត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ក្នុងនាមជាគ្រូបង្វឹកផ្នែកបច្ចេកទេស លោករតនាបានជួយក្មេងស្រីជាច្រើនរៀនអំពីរបៀបកំណត់បញ្ហានៅក្នុងសហគមន៍របស់ពួកគេ ក៏ដូចជាបង្រៀនពីការសរសេរកូដថ្នាក់មូលដ្ឋាន ដើម្បីបង្កើតកម្មវិធីទូរស័ព្ទដៃដែលអាចដោះស្រាយបញ្ហាក្នុងសង្គម។ លោក ពិដោរ លីដែត ជាគ្រូបង្វឹកបង្គោលរបស់កម្មវិធីTechnovation បានមានប្រសាសន៍ថា “រតនាពិតជាការប្ដេជ្ញាចិត្តខ្ពស់ និងផ្ដល់ជាជំនួយយ៉ាងច្រើនក្នុងកំលុងពេលអនុវត្តកម្មវិធីTechnovationក្នុងឆ្នាំ២០១៧។ គាត់មិនត្រឹមតែទទួលខុសត្រូវចំពោះសិស្សរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានប្តេជ្ញាចិត្តធ្វើអ្វីៗដែលគាត់អាចធ្វើបាន ដើម្បីធានាបានថាអ្នកគ្រប់គ្នាស្ថិតនៅក្នុងគោលជំហរតែមួយ។” នៅឆ្នាំនេះ លោករតនាបានជួយអនុវត្តកម្មវិធី Technovation នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) ហើយនេះគឺជាឆ្នាំដំបូងដែលកម្មវិធី Technovation ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យនេះផ្ទាល់ ជាមួយនឹងគម្រោងDI និងសហគមន៍ Technovation កម្ពុជា។ ទាក់ទងនឹងកម្មវិធីឆ្នាំនេះ លោករតនាបានមាននិយាយថា “ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបញ្ហាសង្គម និងសហគមន៍បានតាមរយៈបច្ចេកវិទ្យា។ យើងត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាដែលកំពុងវិវត្ត ដូចនេះមនុស្សជំនាន់ក្រោយ អាចជួយធ្វើឱ្យសង្គមរបស់យើងកាន់តែប្រសើរឡើង”។ នៅពេលដែលសួរគាត់អំពីឥទ្ធិពលនៃគម្រោង DI ទៅលើជីវិតរបស់គាត់ លោករតនាបាននិយាយថា “ពីមុនខ្ញុំចំណាយពេលច្រើនសិក្សា ប៉ុន្តែពេលជួបជាមួយ DI ពួកគាត់បានបើកផ្នត់គំនិតរបស់ខ្ញុំទៅកាន់ពិភពលោកថ្មី និងបានពង្រីកចំណេះដឹងរបស់ខ្ញុំ។ តាមរយៈគម្រោង DI ខ្ញុំបានជួបមនុស្សជាច្រើន ចូលរួមព្រឹត្តិការណ៍បច្ចេកវិទ្យានៅចុងសប្តាហ៍ ហើយបានរកឃើញសហគមន៍របស់ខ្ញុំ។ ខ្ញុំដឹងថាអ្នកមិនចាំបាច់ដាក់កម្រិតខ្លួនអ្នកនៅក្នុងប្រអប់តែមួយទេ អ្នកអាចខិតខំរៀនសូត្រ និងអាចខិតខំចូលរួមសង្គម។” នៅចុងឆ្នាំនេះ រតនានឹងធ្វើដំណើរទៅប្រទេសបារាំងជាថ្មីម្ដងទៀត បន្ទាប់ពីទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតរបស់គាត់ផ្នែកទស្សនវិស័យកុំព្យួទ័រ និងការរៀនម៉ាស៊ីន៖ “People detection robustness using deep neuron networks” នៅសាកលវិទ្យាល័យGrenoble Alpes តំបន់ Grenoble នៃប្រទេសបារាំង។