មេរៀន​ដែល​ទទួល​បាន​ពី​ប្រទេស​កម្ពុជា​៖ វិធី​ធ្វើ​ឱ្យ​កម្មវិធី​អប់រំ​ស្ដី​ពី​សហគ្រិនភាព​បច្ចេកវិទ្យា​សម្រាប់​ក្មេងស្រី​មាន​ភាព​រីក​លូតលាស់​ក្នុងរយៈពេល​ ៦ឆ្នាំ​

តើ​អ្នកធ្វើ​ដូច​ម្ដេចដើម្បី​ឱ្យ​ក្មេងស្រី​កម្ពុជា​បាន​ចូលរួម​ក្នុង​ការ​ដោះស្រាយ​ការបែងចែក​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល​? នេះ​គឺជា​សំណួរ​ដែល​គម្រោង​ Development​ Innovations​ (DI​) ដែល​ជា​គម្រោង​មាន​រយៈពេល​ ៦ឆ្នាំ​ព្យាយាម​ស្វែងរក​ចម្លើយ​ចាប់​តាំងពី​គម្រោង​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ដោយ​ទីភ្នាក់ងារ​ជំនួយ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​។ មជ្ឈមណ្ឌល​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​របស់​ក្រុមហ៊ុន​ DAI​ Global​ និង​ DI ក៏បាន​សរសេរ​អំពី​រឿង​នេះ​នៅក្នុង​ប្លុក​ជា​រឿយ​ៗ។

នៅក្នុង​ឆ្នាំ២០១៤​ DI​ បាន​ដំណើរ​កម្មវិធី​ Technovation ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ក្រុម​តែមួយ​ដោយ​សម្របសម្រួល​ជាមួយ​កម្មវិធី​ Technovation លំដាប់​ពិភពលោក​ដែល​ជា​សហគ្រាស​មិន​រក​ប្រាក់ចំណូល​មួយ​។ កម្មវិធី​ Technovation គឺជា​ការ​ប្រកួត​ប្រជែង​ជាស​កល​លើ​ការ​សរសេរ​កូដ​ និង​ផែនការអាជីវកម្ម​ដែល​មាន​រយៈពេល​១២​សប្តាហ៍​សម្រាប់​ក្មេងស្រី​ និង​ស្ត្រី​វ័យក្មេង​ដែល​មាន​អាយុ​ពី១០ដល់១៨ឆ្នាំ​។ ជា​រៀងរាល់ថ្ងៃ​អាទិត្យ​ សិស្ស​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​អ្នកណែនាំ​ផ្នែក​បច្ចេកទេស​ និង​អាជីវកម្ម​ដើម្បី​បង្កើត​កម្មវិធី​ទូរ​ស័ព្ទ​ដៃ​និង​ផែនការអាជីវកម្ម​ដែល​ទាក់ទង​នឹង​បញ្ហា​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

ឆ្លងកាត់​រយៈពេល៦ឆ្នាំ​កន្លងមក​នេះ​ កម្មវិធី​ Technovation មាន​ប្រជាប្រិយ​ភាពជា​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​៖ ក្មេងស្រី​ជាង៨០០នាក់​មក​ពី​ខេត្ត​ចំនួន៣​ បាន​រៀន​ពី​ការ​សរសេរ​កូដ​ ក្រុម​កម្ពុជា​ចំនួន១៥ក្រុម​បាន​ឈាន​ទៅដល់​វគ្គ​ពាក់​កណ្តា​លផ្តាប់​ព្រ័ត្រ​នៃ​កម្មវិធី​ Technovation លំដាប់​ពិភពលោក​ហើយ​ក្រុម​កម្ពុជា​ចំនួន២ក្រុម​បាន​ធ្វើដំណើរ​ទៅ​ Silicon​ Valley នៃ​រដ្ឋ​កា​លី​ហ័្វ​ញ៉ា​ដើម្បី​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅក្នុង​កម្មវិធី​ Technovation លំដាប់​ពិភព​លោក​។ កាលពី​ខែសីហា​កន្លងទៅ​នេះ​ ក្រុម​កុមារី​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ២នៅក្នុង​ការប្រកួត​លំដាប់​ពិភពលោក​។

ឥលូវ​នេះ​គម្រោង​នឹង​ត្រូវ​បញ្ចប់​ឆាប់​ៗនេះ​ DI និង​មជ្ឈមណ្ឌល​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​របស់​ក្រុមហ៊ុន DAI​ Global​ កំពុង​គិត​ពី​ភាព​ជោគជ័យ​និង​ឧប​សគ្គ​ធំៗ​មួយចំនួន​ដែល​បាន​មក​ពី​ការ​គាំទ្រ​របស់​ DI ក្នុង​កម្មវិធី​ Technovation កម្ពុជា​។ ដើម្បី​ក្រឡេក​មើល​ពី​កម្មវិធី​ Technovation ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ពួក​យើង​បាន​ធ្វើ​កា​រស​ម្ភាស៍​ជាមួយ​អ្នក​ពាក់ព័ន្ធ​ជាង​៣០​នាក់​​ទាំង​នៅ​ភ្នំពេញ​ និង​ខេត្តបាត់ដំបង​នៅក្នុង​ខែសីហា​កន្លងទៅ​នេះ​។
 

តើ​អ្វីខ្លះ​ដែល​ដំណើរការ​បាន​ល្អ​?

 

  • Technovation មិន​ត្រឹមតែ​បាន​ជួយ​ក្មេងស្រី​កម្ពុជា​ជាច្រើន​មាន​ជំនាញ​បច្ចេកវិទ្យា​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​ជួយ​ឱ្យ​ពួកគេ​មានការ​អភិវឌ្ឍ​លើ​ជំនាញ​ទន់​ទៀតផង​។ នៅពេល​ដែល​សួរ​ពី​ជំនាញ​និង​ចំណេះដឹង​សំខាន់​បំផុត​ដែល​ទទួល​បាន​ពី​ការ​ចូល​រូ​មក​ម្ម​វិធី Technovation ១០០​%នៃ​សិស្សានុសិស្ស​ និង​ជាង៩០​%នៃ​អាណាព្យាបាល​និង​អ្នកណែនាំ​បាន​លើកឡើង​អំពី​ជំនាញ​ទន់​ ជាពិសេស​ការ​គិតពិចារណា​ ការ​ធ្វើការ​ជា​ក្រុម​ និង​ជំនាញ​ភាពជា​អ្នកដឹកនាំ​។ ការ​កសាង​សមត្ថភាព​នេះ​ជួយ​បំពេញ​ចំណុច​ខ្វះខាត​នៅក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​។

  • Technovation​ គឺជា​កម្មវិធី​ប្រកួតប្រជែង​លំដាប់​ពិភពលោក​ ហើយ​ក្មេងស្រី​កម្ពុជា​កំពុង​ទទួល​បាន​ជោគជ័យ​នៅ​លើឆាកអន្តរជាតិ​។ កាលដែល​ក្រុម​កម្ពុជា​ចំនួន១៥ក្រុម​បាន​ឈាន​ទៅដល់​វគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រ​នៅ​សន្និបាត​ពិភពលោក​នៃ​កម្មវិធី​Technovation និង​ក្រុម​ចំនួន​២បាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​សន្និបាត​ពិភពលោក​ ដែល​នេះ​គឺជា​និមិត្តរូប​សម្រាប់​អ្នក​ពាក់ព័ន្ធ​ដែល​គាំទ្រ​កម្មវិធី​នេះ​។ វា​បាន​ផ្តល់​ភស្តុ​តាង​យ៉ាង​ជាក់​ស្តែងថា​សិស្ស​កម្ពុជា​អា​ចប្រ​កូត​ប្រជែង​នៅ​លើឆាកអន្តរជាតិ​ និង​បង្កើត​នូវ​មោទនភាព​សម្រាប់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​។
  • Technovation​ កម្ពុជា​កំពុង​មានការ​រីកចម្រើន​។ ក្នុង​ឆ្នាំ២០១៨​ សាលា​ និង​អង្គការ​ចំនួន៣ក្នុង​ក្រុងភ្នំពេញ​និង​ខេត្តបាត់ដំបង​បាន​ចាប់​ផ្តើម​ខ្លឹ​ប Technovation របស់​ពួកគេ​ផ្ទាល់​។ សាលា​មួយ​ក្នុងចំណោម​សាលា​ទាំងនោះ​បាន​បញ្ចូល​មុខវិជ្ជា​បច្ចេកវិទ្យា​ទៅ​ក្នុង​កម្មវិធី​សិក្សា​ជា​ផ្លូវការ​របស់​ពួកគេ​។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​តម្រូវការ​ក្នុង​ស្រុក​ចំពោះ​កម្មវិធី​អប់រំ​ផ្នែក​បច្ចេកវិទ្យា​ដូចជា​កម្មវិធី​ Technovation ហើយ​ទោះ​បី​ជា​គ្មាន​ការ​គាំទ្រ​ពី​ DI បន្ទាប់ពី​គម្រោង​នេះ​ត្រូវ​បាន​បញ្ចប់​ក៏​កម្មវិធី​ Technovation កម្ពុជា​នៅតែ​អាច​មាន​និរន្តរភាព​។
  • Technovation​ ពង្រឹង​សហគមន៍​បច្ចេកវិទ្យា​នៅ​កម្ពុជា​និង​បង្កើត​សម័្ពន្ធ​ភាព​ក្នុងចំណោម​អ្នក​ពាក់​ព័ន្ធ​ធំៗ​។ Technovation​ ជួយ​សម្រប​សម្រួល​​បណ្តា​ញ អ្នកណែនាំ​ ជួយ​ពួកគេ​ឱ្យ​បង្កើត​ទំនាក់ទំនង​ដែល​អាច​ជួយ​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ​របស់​ពួកគេ​។កម្មវិធី​នេះ​បាន​បង្កើត​ទំនាក់ទំនង​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​ដែល​មិនធ្លាប់​មាន​ពីមុន​ដែល​ជួយ​ពង្រឹង​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។ ទន្ទឹម​នឹង​នេះ​ផង​ដែរ​ Technovation ក៏បាន​ប្រមូល​ផ្តុំ​អ្នក​ពាក់ព័ន្ធ​ដែល​មា​នកេរិ៍្ត​ឈ្មោះ​ដូចជា​ សហគមន៍​ម្ចាស់​ជំនួយ​ ក្រុមហ៊ុន​ឯក​ជន​ធំៗ​ រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​បុព្វហេតុ​រួម​មួយ​ ហើយក៏​បាន​ជួយ​ឱ្យ​ស្ថាប័ន​ទាំងនោះ​សម្រេច​បាន​នូវ​គោលដៅ​ផ្សេងទៀត​ដូចជា​ការបង្កើត​ទំនាក់ទំនង​ជាមួយ​សហគមន៍​បច្ចេកវិទ្យា​នៅ​កម្ពុជា​ជាដើម​។

តើ​អ្វីខ្លះ​ទៅ​ដែល​ដំណើរការ​មិនបាន​ល្អ​?

 

  • ឧបសគ្គ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​បង្កើត​បាន​ជា​ការយល់​ច្រឡំ​សម្រាប់​អ្នកគ្រប់គ្នា​។ អ្នកណែនាំ​ សិស្សានុសិស្ស​និង​ឪពុក​ម្ដាយមួយ​ចំនួន​បាន​លើកឡើង​ថា​ពួកគេ​មិនបាន​ទទួល​ព័ត៌មាន​ត្រឹមត្រូវ​ និង​ទាន់ពេល​វេលា​អំពី​កម្មវិធី​ Technovation។ បញ្ហា​នេះ​មាន​ពីរ​កម្រិត​៖ អ្នក​ដែល​បាន​ផ្តល់​បទ​សម្ភាស៍បាន​លើកឡើង​អំពី​កង្វះ​ព័ត៌មាន​ឬ​មិន​ស៊ីសង្វាក់​គ្នា​លើ​ព័ត៌មាន​ដូចជា​ពេលវេលា​ចាប់ផ្តើម​រៀន​ (សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​) ពួកគេ​ក៏បាន​លើកឡើង​ថា​មិន​យល់​ពី​មូលហេតុ​ដែល​ការ​ផ្លាស់​ប្តូរ​ជា​មូលដ្ឋាន​ចំពោះ​កម្មវិធី​Technovation កម្ពុជា​ (កម្រិត​យុទ្ធ​សា​ស្ត្រខ្ពស់​)។ នេះ​គឺជា​បញ្ហា​ប្រឈម​មួយ​ដោយសារតែ​សិស្សានុសិស្ស​ដែល​ចូលរួម​ជាច្រើន​មិន​មាន​អ៊ីម៉េល​ឬ​ហ្វេ​សប៊ុ​កផ្ទាល់ខ្លួន​​ហើយ​ឱ្យ​ឪពុក​ម្ដា​យជា​អ្នកសម្របសម្រួល​។ តាំងពីដើមមក​ក្រុមការងារ ​Technovation​ តែងតែ​ប្រើប្រាស់​ក្រុម​ហ្វេ​សប៊ុ​ក​ដើម្បី​រៀបចំ​ព្រឹត្តិ​ការណ៍​នានា​ហើយ​ជា​ញឹកញាប់​ ហើយក៏​ទាក់ទង​តាម​ទូរ​ស័ព្ទ​ជា​លក្ខណៈ​បុគ្គល​។ នេះ​គឺជា​មេរៀន​សំខាន់​មួយ​ដែល​អ្នក​ត្រូវ​ស្វែងយល់​ពី​ក្រុម​ដែល​អ្នកធ្វើការ​ជាមួយ​ ហើយ​ធ្វើ​ការ​ពង្រឹង​ទំនាក់ទំនង​ខាងក្នុង​ក៏ដូចជា​ទំនាក់ទំនង​ជាមួយ​សាធារណៈ​ជន​។ ទោះជា​យ៉ាង​ក៏ដោយ​ពេល​ដែល​ពួកគេ​ត្រូវការ​ជំនួយ​ពី​ DI ឬក្រុមការងារ​ Technovation​ ពួកគេ​បាន​លើកឡើង​ថា​ពួកគេ​តែងតែ​ទទួល​បានការ​ជួយ​ ឬអន្តរាគមន៍​ទាន់ពេល​វេលា​ជានិច្ច​។
  • កម្មវិធី​ Technovation​ ទាមទារ​ឱ្យ​មានការ​ចំ​ណាយ​ពេ​លវេលា​ច្រើន​ហើយ​នេះ​គឺជា​ឧបសគ្គ​រារាំង​អ្នកណែនាំ​ និង​សិស្ស​ឱ្យ​ចួល​រួម​កម្មវិធី​ពីដើម​ដល់​ចប់​។ ការចូលរួម​ក្នុង​កម្មវិធី​ Technovation ត្រូវការ​ពេល​កន្លះ​ថ្ងៃ​រៀងរាល់ថ្ងៃ​អាទិត្យ​ពី​អ្នកណែនាំ​និង​សិស្ស​ដែល​ចូលរួម​យ៉ាងហោចណាស់​១២សប្តាហ៍​។ នេះ​អាច​ចាត់ទុកថា​ជា​ការងារ​ប្រាំ​ថ្ងៃ​ដែល​មាន​រយៈពេល​ជិត​ ៦ខែ​។ នេះ​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​ក្នុង​ការ​ ទាក់ទាញ​អ្នកណែនាំ​ និង​ សិស្ស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​។ឧទាហរណ៍​៖ អតីត​សិស្ស​ដែល​ចូលរួម​ជាច្រើន​បាន​និយាយ​ថា​ពួ​កគេប​ញ្ឈ​ប់​ការចូលរួម​ក្នុង​កម្មវិធី​ Technovation នៅពេល​ដែល​ពួកគេ​រៀន​ដល់​ថ្នាក់​ទី​៩ឬទី១២​ ពីព្រោះ​ពួកគេ​ត្រូវការ​ចំណាយពេល​វេលា​បន្ថែម​ដើម្បី​សិក្សា​សម្រាប់​ការ​ត្រៀមប្រឡង​។ វា​ក៏​ធ្វើ​ឱ្យ​មាន​បញ្ហា​ក្នុង​ការ​រក្សា​នូវ​អ្នកណែនាំ​ក្នុង​រដូវ​កាល​ Technovation ផង​ដែរ​។ ក្នុង​ឆ្នាំ២០១៨​ អ្នកណែនាំ​ប្រហែល​៦០​% បាន​បោះបង់ចោល​បន្ទាប់ពី​ចូលរួម​បាន៤​សប្តាហ៍​។ បញ្ហា​នេះ​បាន​ជះ​ឥទិ្ធ​ពល​យ៉ាង​ខ្លាំង​ទៅលើ​សិស្ស​ដែល​ចូលរួម​ដែល​ក្នុង​នោះ​ មាន​ក្មេងស្រី​ប្រហែលជា៥០​%តែប៉ុណ្ណោះ​ ដែល​ចូលរួម​តាំងពី​សប្តាហ៍​ទី១ ហើយ​បាន​បញ្ជូន​កិច្ចការ​របស់​ពួកគេ​ទៅ​ក្នុង​ការប្រកួត​កម្មវិធី​ Technovation លំដាប់​ពិភពលោក​នៅ​សប្តាហ៍​ទី១២​។
  • ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នកណែនាំ​គឺ​មាន​សារៈសំខាន់​ តែ​មិន​ស្ថិតស្ថេរ​។ុ អ្នកណែនាំ​ជា​មូលដ្ឋាន​គ្រឹះ​របស់​កម្មវិធី​ Technovation ហើយ​ភាព​ជោគជ័យ​នៃ​កម្មវិធី​នេះ​គឺ​ពឹងផ្អែក​ទៅលើ​ទំនាក់ទំនង​រវាង​អ្នកណែនាំ​ និង​សិស្ស​ដែល​ចូលរួម​។បើ​សិស្ស​មាន​បទ​ពិសោធន៍​មិនល្អ​ជាមួយ​អ្នកណែនាំ​ នោះ​គឺ​ពួកគេ​គឺ​មាន​បទ​ពិសោធន៍​មិនល្អ​ជាមួយ​កម្មវិធី​ Technovation​។ សិស្ស​ដែល​ចូលរួម​មួយ​ចំនួ​ន​បា​ន​ក​ត់​សម្គាល់​ឃើញថា​ជា​រៀងរាល់​សប្តាហ៍​ អ្នកណែនាំ​របស់​ពួកគេ​មិនបាន​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ​នោះ​ទេ​។ អ្នកណែនាំ​មួយចំនួន​ក៏បាន​ខកខាន​មិនបាន​មក​ជាច្រើន​ដង​ក្នុង​កំឡុង​ពេល១២សប្តាហ៍​ ប៉ុន្តែ​មាន​អ្នកណែនាំ​មួយចំនួន​បាន​និយាយ​ថា​ពួកគេ​បាន​ចំណាយពេល​ជួប​ជាមួយ​កូនក្រុម​របស់​ពួកគេ​ក្នុង​ថ្ងៃ​ក្នុង​សប្តាហ៍​ជំនួ​សវិញ​។ នៅក្នុង​ការ​ស្ទាបស្ទង់​មតិ​នៅ​ឆ្នាំ​២០១៨​ភាគី​​សិស្ស​បាន​បញ្ចេញ​យោបល់​ដ៏​សំខាន់​មួយ​ គឺ​គួរ​ជ្រើសរើស​អ្នកណែនាំ​ដែល​មានការ​តាំងចិត្ត​ខ្ពស់​ក្នុង​ការចូលរួម​។
  • ក្រុម​អ្នកចូលរួម​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​ Technovation ត្រូវការ​ការ​ជួយ​គាំ​ទ្រ​ខុស​ៗគ្នា​។ុនៅពេល​កម្មវិធី​ Technovation កម្ពុជា​ចាប់ផ្តើម​ដំបូង​ DI បាន​ធ្វើការ​ជាមួយ​ក្រុម​អ្នកណែនាំ​ដែល​មក​ពីសា​លា​រៀន​ដែល​មិន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ និង​សាលា​ឯកជន​។ Technvotion​ បាន​ពង្រីក​ទៅដល់​សាលា​និង​ខេ​ត្ត​ថ្មី​ៗជាច្រើន​ក្នុង​នោះ​មាន​អង្គការ​នៅក្នុង​សហគមន៍​ក្នុង​ខេត្តបាត់ដំបង​រួម​ជាមួយ​សាលារៀន​នៅ​ភ្នំពេញ​បាន​ចូលរួម​ក្នុង​កម្មវិធី​ Technovation​។ នៅពេល​ដែល​ការចូលរួម​មានការ​កើនឡើង​ នោះ​តម្រូវការ​ក្នុង​ការ​ជួយ​គាំទ្រ​ក៏​មាន​ភាព​ចម្រុះគ្នា​ដែរ​។អ្នក​ចូល​រួម​ដែល​មាន​វ័យក្មេង​ប្រហែលជា​ត្រូវការ​ការ​គាំទ្រ​បន្ថែម​ពី​អ្នកណែនាំ​របស់​ពួកគេ​ដោយសារ​កម្រិត​នៃ​ការ​អភិវឌ្ឍ​របស់​ពួកគេ​ ម៉្យាងទៀត​សិស្ស​ដែល​មក​ពីសា​លា​រដ្ឋ​មិន​មាន​ឧបករណ៍​ប្រើប្រាស់​ក្រៅពី​ម៉ោង​សិក្សា​នៃ​កម្មវិធី​ Technovation នោះ​ទេ​។ បើ​ទោះបីជា​មានការ​ពិបាក​ជាង​មុន​សម្រាប់​អ្នក​រៀបចំ​កម្មវិធី​ដើម្បី​គាំទ្រ​អ្នក​ពាក់​ព័ន្ធ​ថ្មី​ៗទាំងនេះ​ក៏ដោយ​ ប៉ុន្តែ​វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​កម្មវិធី​ Technovation បាន​ពង្រីក​ធំជាង​មុន​។

កម្មវិធី​ផ្តល់​មូលនិធិ​ដោយ​ម្ចាស់​ជំនួយ​ផ្តោត​លើ​បច្ចេកវិទ្យា​ គឺ​នៅ​ថ្មី​និង​វិវឌ្ឍន៍​ខ្លួន​យ៉ាង​ឆាប់រហ័ស​។ តាមរយៈ​ការចែក​រំលែក​នូវ​មេរៀន​ ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​អំពី​ការអនុវត្ត​កម្មវិធី​នេះ​គឺ​ក្នុង​គោលបំណង​ លើកទឹកចិត្ត​ដល់​គម្រោង​ដែល​ពង្រឹង​ដល់​ប្រព័ន្ធ​សហគមន៍​បច្ចេកវិទ្យា​ដទៃទៀត​ធ្វើការ​ចែករំលែក​អំពី​មេរៀន​ដូចគ្នា​ដែរ​។ភស្តុតាង​ជា​សាធារណៈ​នឹង​ជួ​យគម្រោង​ប្រភេទ​នេះ​ឱ្យ​រីកចម្រើន​នា​ពេល​អនាគត​។