រឿងរ៉ាវ​របស់​កញ្ញា​ហ្គេ​ចលៀង​៖ ពី​អ្នករៀន​ថត​វីដេអូ​ក្លាយទៅជា​អ្នក​ផលិត​ខ្សែភាពយន្ត​

អត្ថបទ​នេះមានជាភាសា៖ enEnglish

Georgi

By Georgi Simpkin

Communications Consultant


កាលពី​ ២ឆ្នាំមុន​ ហ្គេ​ចលៀង​បាន​ចូលរួម​វគ្គប​ណ្តុះ​បណ្តា​លផលិត​វីដេអូ​ថ្នា​ក់​មូល​ដ្នាន​ជាមួយ​គម្រោង​ Development​ Innovations​ នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិកសម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​។ គាត់​មិនបាន​ដឹង​ទេ​ថា​បន្ទាប់ពី​បញ្ចប់​វគ្គប​ណ្តុះ​បណ្តា​លនេះ​ហើយ​ ជីវិត​របស់​គាត់​បាន​ផ្លាស់​ប្តូរ​ដោយ​មិនបាន​រំពឹង​ទុក​។ ដូច​នឹង​ប្រជាជន​កម្ពុជា​ដទៃ​ដែរ​ គាត់​ចូលចិត្ត​ទស្សនា​ខ្សែរ​ភាពយន្ត​ ប៉ុន្តែ​គាត់​មិនដែល​ស្រមៃ​ទេ​ថា​បន្ទាប់ពី​ចូល​វគ្គសិក្សា​ផលិត​វីដេអូ​នេះ​ហើយ​ គាត់​បាន​រក​ឃើញ​ចំណង់​ចំណូលចិត្ត​របស់​គាត់​ក្នុង​ការផលិត​ខ្សែរ​ភាពយន្ត​។ រយៈពេល២ឆ្នាំ​កន្លងមក​ គាត់​នឹង​ចាប់ផ្តើម​រៀន​បរិញ្ញាប័ត្រ​ផ្នែក​ផលិត​ខ្សែភាពយន្ត​ និង​ទូរទស្សន៍​នៅ​ JMC​ Academy​ ក្នុង​ក្រុង​ Brisbane​ នៃ​ប្រទេស​អូស្ត្រាលី​។ តើ​គាត់​បាន​មកដល់​ទីនេះ​ដោយ​របៀបណា​?

កញ្ញា​ហ្គេ​ចលៀង​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន៣នាក់​ដែល​មានកំណើត​នៅ​ក្រុង​ប៉ោយប៉ែត​ក្បែរ​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា​និង​ថៃ​ ហើយ​គាត់​បាន​ចំណាយពេល​ភាគច្រើន​នៃ​កុមារភាព​របស់​គាត់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ គាត់​បាន​និយាយ​ថា​ “ចាប់តាំងពី​ធំ​ដឹង​ក្ដី​មក​ ម្តាយរបស់ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​អាច​ធ្វើ​បាន​គ្រប់យ៉ាង​នូវ​អ្វី​ដែល​ខ្ញុំ​ចង់បាន​ក្នុង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​គិតថា​វា​មិន​ងាយស្រួល​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ថា​ខ្ញុំ​ចង់​ធ្វើអ្វី​ដែរ​។” បន្ទាប់ពី​បញ្ចប់​បរិញ្ញាប័ត្រ​ផ្នែក​មន្ទីរពិសោធន៍​វេជ្ជ​សាស្ត្រ​នៅ​សាកល​វិទ្យាល័យ​អន្តរជាតិ​កាលពី​ឆ្នាំ២០១៦​មក​ គាត់​អាច​ស្វែងរក​ការងារ​ធ្វើ​បានតែ​នៅ​អាកាសយាន​ដ្ឋាន​ក្នុង​ស្រុក​ប៉ុណ្ណោះ​។ ពេល​ដែល​គាត់​នៅតែ​មិន​ប្រាកដ​អំពី​សក្តានុភាព​របស់​គាត់​ និង​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ គាត់​ក៏បាន​ទាក់ទង​ទៅកាន់​លោកស្រី​ Celia​ Boyd​ ដែល​ជានា​យក​គ្រប់គ្រង​នៅ​សហគ្រាស​សង្គម​ SHE Investments  ដើម្បី​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​គាត់​ដែល​ចង់​ធ្វើការ​ជាមួយ​ពួកគេ​។ គាត់​មិន​មាន​បទ​ពិសោធន៍​ជាក់លាក់​ទេ​ ប៉ុន្តែ​គាត់​មានបំណង​ចង់​រៀនសូត្រ​ និង​ឱ្យ​តម្លៃ​ជា​ខ្លាំង​ទៅលើ​គោលដៅ​និង​បេសកកម្ម​របស់​ស្ថាប័ន​នេះ​។ កញ្ញា​ហ្គេ​ចលៀង​ក៏បាន​ចូលរួម​ជាមួយ​ក្រុមការងារ​ SHE​ Investments​ ក្នុង​តួនាទី​ជា​ជំនួយការ​ផ្នែក​ទំនាក់ទំនង​។ គាត់​បាន​ជ្រើស​យក​ជំហាន​ដំបូង​ដ៏​សំខាន់​របស់​គាត់​ដើម្បី​ក្លាយជា​អ្នក​ផលិត​ខ្សែភាពយន្ត​ដោយ​មិនបាន​ដឹងខ្លួន​មុន​។

នៅ​ SHE​ Investments​ ដែល​ជា​សហគ្រាស​សង្គម​គាំទ្រ​ដល់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ គាត់​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ម្ចាស់​អាជីវកម្ម​ដែល​គួរ​យក​គំរូ​តាម​ជាច្រើន​។ កញ្ញា​ហ្គេ​ចលៀង​បាន​រៀបរាប់​ថា​៖ “ខ្ញុំ​ដឹង​ថា​ការ​ធ្វើការ​នៅ​ SHE​ Investments​ ពិតជា​មាន​សារៈសំខាន់​ណាស់​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​ និង​គាំទ្រ​ និង​តស៊ូ​មតិ​សម្រាប់​ស្ត្រី។ មិនមែន​គ្រប់គ្នា​សុទ្ធតែ​មានសំណាង​ដូច​ខ្ញុំ​ដែល​មាន​ម្ដា​យ និង​គ្រួសារ​ជួយ​គាំទ្រ​នោះ​ទេ​ ហើយ​ស្ត្រីជាច្រើន​មិន​មាន​អារម្មណ៍​ថា​ពូក​គេ​មានទំនុក​ចិត្ត​ និង​ការ​គាំទ្រ​ក្នុង​ការ​ធ្វើអ្វី​ដែល​ពួកគេ​ចង់​ធ្វើ​នោះ​ដែរ​។” តាមរយៈ​ SHE​ Investment​ គាត់​បាន​ចែករំលែក​ និង​ផ្សព្វផ្សាយ​នូវ​រឿងរ៉ាវ​ជាច្រើន​នៃ​ការ​លើកកម្ពស់​ស្ត្រី​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ព្រឹត្តិ​ការណ៍​ និង​វគ្គប​ណ្តុះ​បណ្តា​លនា​នា​។ 

ជំនាញ​ទីផ្សារ​បែប​ឌីជីថល​ និង​ការ​កែសម្រួល​វីដេអូ​មិនមែន​ជា​ជំនាញ​ដែល​មាន​បង្រៀន​នៅ​សកលវិទ្យាល័យ​ ឬនៅ​ក្នុង​វគ្គប​ណ្តុះបណ្តា​លនា​នា​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​វា​មាន​សារៈសំខាន់​ណាស់​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ ។ លោកស្រី​ Celia​ Boyd​ នៅ​ SHE​ Investments​ បាន​និយាយ​ថា​ “ពេល​ដែល​យើង​ទទួ​លក​ញ្ញាហ្គេ​ចលៀង​ គាត់​មាន​ថាមពល​ច្រើន​ និង​ចង់​រៀនសូត្រ​ខ្លាំង​ណាស់​ ដូចនេះ​ពួក​យើង​ត្រូវ​ផ្តល់​ឱកាស​ដល់​គាត់​ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​គាត់​។” កញ្ញា​ហ្គេ​ចលៀង​បាន​ចុះឈ្មោះ​រៀន​វគ្គប​ណ្តុះបណ្តា​លរបស់​គម្រោង​ Development​ Innovations​ នោះ​គឺ​វគ្គ​ផលិត​វីដេអូ​។ កញ្ញា​ហ្គេ​ចលៀង​បាន​និយាយ​ថា​៖ “មុន​ចូល​វគ្គប​ណ្តុះ​បណ្តា​លនេះ​ ខ្ញុំ​មិន​មានគំនិត​ទាក់ទង​នឹង​ការ​កាត់ត​វីដេអូ​ទេ​។ ខ្ញុំ​គិតថា​វគ្គប​ណ្តុះ​បណ្តាលនេះ​គឺ​មាន​ភាព​ច្បាស់លាស់​ណាស់​សម្រាប់​អ្នក​ដែល​មិនធ្លាប់​មាន​បទ​ពិសោធ​ន៍ខាង​កាត់ត​វីដេអូ​ពីមុន​។ អ្នក​អាច​យល់​ពី​មូលដ្ឋាន​គ្រឹះ​ និង​ធ្វើ​វា​បាន​យ៉ាង​ល្អ​។”

វីដេអូ​ដំបូង​របស់​គាត់​ធ្វើ​សម្រាប់​ SHE​ គឺ​អំពី​គេហទំព័រ​ងាយ​ងាយ​ដែល​ជា​គេហទំព័រ​សម្រាប់​សហគ្រិនស្ត្រី​។ Ngeay Ngeay, គឺជា​គេហទំព័រ​អាជីវកម្ម​តាម​អ៊ិ​នធើ​ណិ​តប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​បាន​ផ្តល់​ព័ត៌មាន​ឥតគិតថ្លៃ​អំពី​របៀប​ចុះឈ្មោះ​អាជីវកម្ម​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់​ និង​ផ្តោត​លើ​តម្រូវ​កា​ររបស់​ស្ត្រីម្ចាស់​អាជីវកម្ម​។ គេហទំព័រ​នេះ​ទទួល​ជំនួយ​ពី​គម្រោង​ Development​ Innovations​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេ​វា​អ៊ិ​នធើ​ណិ​ត Ezecom​ ។ “ខ្ញុំ​មាន​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ក្នុង​ការផលិត​វីដេអូ​ដំបូង​របស់ខ្ញុំ​សម្រាប់​គេហទំព័រ​ Ngeay​ Ngeay​” ហើយ​ខ្ញុំ​ត្រូវការ​ការ​គាំទ្រ​ជាច្រើន​ទាក់ទង​នឹង​ការគ្រប់គ្រង​ពេលវេលា​ផលិត​ និង​ការ​កាត់ត​វីដេអូ​។ DI​ បាន​ជួយ​គាំទ្រ​ខ្ញុំ​យ៉ាងច្រើន​ក្នុង​ដំណើរការ​នៃ​ការផលិត​វីដេអូ​មួយ​នោះ​ ដូចជា​ការ​ជួយ​គាំទ្រ​ខាង​បច្ចេកទេស​ និង​ឧបករណ៍​សម្រាប់​ថត​។ 

ការ​ធ្វើការ​ជាមួយ​ក្រុមការងារ​ DI​ បាន​ធ្វើ​ឱ្យ​សមត្ថភាព​ពី​ធម្មជាតិ​របស់​កញ្ញា​ហ្គេ​ចលៀង​ក្នុង​ការ​ចាប់ផ្ដើម​ផលិត​វីដេអូ​មាន​ភាព​រីកចម្រើន​។ លោកស្រី​ Celia​ Boyd​ បាន​និយាយ​ថា​ “ការ​ជួយ​គាំទ្រ​ដែល​ក្រុមការងារ​ DI​ បាន​ផ្តល់​ឱ្យ​ SHE​ និង​កញ្ញា​ហ្គេ​ចលៀង​ពិតជា​ធំធេង​ណាស់​។ ពួកគាត់​បាន​ផ្ដល់​លើស​ពី​អ្វី​ដែល​ពួក​យើងខ្ញុំ​ធ្លាប់​បាន​រំពឹង​ទុក​ពី​ដៃគូ​ ហើយ​ពួក​យើង​ប្រាកដជា​មិន​អាច​សម្រេច​បាន​នូវ​សមិ​ទិ្ធ​ផល​ធំៗ​ទាំងនេះ​ទេ​បើ​គ្មាន​ការ​ជួយ​គាំទ្រ​ពី​ពួកគាត់​។”

កញ្ញា​ហ្គេ​ចលៀង​បាន​បង្កើត​វីដេអូ​បង្រៀន​អាជីវកម្ម​ច្រើនជាង២៥​វីដេអូ​សម្រាប់​គេហទំព័រ​​ Ngeay​ Ngeay​ អ្នក​អាច​ចុច​ទស្សនា​នៅ​  ទីនេះ​។ កញ្ញា​ហ្គេ​ចលៀង​បាន​និយាយ​ថា​ “ខ្ញុំ​មិន​មាន​ចេតនា​ពន្លើស​នោះ​ទេ​ ប៉ុន្តែ​នេះ​គឺជា​បទ​ពិសោធន៍​ដែល​ផ្លាស់ប្ដូរ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​ប្រសិនបើ​គ្មាន​វគ្គប​ណ្តុះបណ្តា​លវីដេអូ​ និង​បទ​ពិសោធ​ន៍នៅ​ DI​ ទេ​ ​ខ្ញុំ​មិនបាន​គិតដល់​ពី​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​ និង​តាម​រក​ការសិក្សា​ផ្នែក​ភាពយន្ត​ និង​ទូរទស្សន៍​នៅ​ប្រទេស​អូ​ស្ត្រាលី​នោះ​ទេ​។ បើ​គ្មាន​បទ​ពិសោធន៍​នោះ​ទេ​ ខ្ញុំ​មិន​អាចម​កដល់​ចំនុច​នេះ​ដែរ​។” 

ក្រៅពី​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​នេះ​ កញ្ញា​ហ្គេ​ចលៀង​ក៏បាន​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គម្រោង​ Development​ Innovations​ ផង​ដែរ​។ គាត់​បាន​ស្គាល់​ច្បាស់​ពី​ការគ្រប់គ្រង​ទំ​ព័រ​នៃប​ណ្តាញសង្គម​សម្រាប់​ SHE​ Investments​ ហើយ​គាត់​ទទួល​បាន​គំ​និ​តថ្មី​ៗសម្រាប់​ប្រភេទ​មាតិកា​ដែល​មាន​អ្នកមើល​ច្រើន​។ កញ្ញា​ហ្គេ​ចលៀង​បាន​និយាយ​ថា​៖ “ខ្ញុំ​គិតថា​ខ្ញុំ​ដឹងពី​របៀប​ប្រើប្រាស់​វា​ ប៉ុន្តែ​វគ្គប​ណ្តុះ​បណ្ដា​លនេះ​បាន​បង្រៀន​ខ្ញុំ​ឱ្យ​ចេះ​ពី​ការ​ធ្វើ​ផែនការ​មាតិកា​ ការវិភាគ​ទិន្នន័យ​ និង​របៀប​ប្រើប្រាស់​ចំណេះដឹង​ទាំងនោះ​។ ខ្ញុំ​មិនដែល​គិត​ពី​ការវិភាគ​ឥរិយាបថ​ និង​របៀប​ដែល​ទស្សនិកជន​ចូល​មើល​ពី​ទំព័រ​របស់​យើង​ទេ​ ប៉ុន្តែ​វា​ពិតជា​មា​នប្រសិ​ទិ្ធ​ភាព​មែន​ ពួក​យើង​បាន​បង្កើន​អ្នក​តាមដាន​រហូតដល់៣០​%។”

វគ្គប​ណ្តុះ​បណ្តា​ល និង​ដំបូន្មាន​ដែល​ក្រុមការងារ​ DI​ បាន​ផ្តល់​ឱ្យ​កញ្ញា​ហ្គេ​ចលៀង​និង​ក្រុមការងារ​ SHE​ Investments​ ពិតជា​ទទួល​បាន​លទ្ធផល​។ លោកស្រី​ Celia​ Boyd​ មានប្រសាសន៍​ថា​៖ “ពួក​យើង​បាន​ធ្វើការ​កែ​លម្អ​កម្មវិធី​ បង្កើន​វត្តមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ហើយក៏​បាន​បើក​ដំណើរការ​នូវ​គេហទំព័រ​ព័ត៌មាន​អាជីវកម្ម​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ [ Ngeay​ Ngeay​ ] ដែល​បាន​បង្កើត​ឡើង​ដោយ​ស្ត្រីខ្មែរ​ និង​ចែកចាយ​ជា​ភាសាខ្មែរ​ ។” 

ជា​ការពិត​ណាស់​ ទំនុកចិត្ត​របស់​កញ្ញា​ហ្គេ​ចលៀង​បាន​កើនឡើង​ក្នុងរយៈ​ប៉ុន្មាន​ឆ្នាំនេះ​ដែល​គាត់​បាន​ធ្វើ​នៅ​ SHE​ Investments​ និង​ជាមួយ​ក្រុមការងារ​ DI​។ “ខ្ញុំ​ទទួល​បាន​ឱកាស​ជាច្រើន​នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​នៅ​ SHE​ និង​ទទួល​បានការ​គាំទ្រ​ពី​ក្រុមការងារ​ DI​ ។ មុន​ពេល​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​ក្រុមការងារ​ DI​ ខ្ញុំ​មិនដែល​ស្រមៃ​ថា​នឹង​ក្លាយជា​ពិធីករ​ម្នាក់​នៅក្នុង​កម្មវិធី​ទេ​។” ការ​បង្ហាញខ្លួន​ជាលើកដំបូង​ក្នុងនាម​ជាពិធី​ករ​របស់​កញ្ញា​ហ្គេ​ចលៀង​ស្ថិតនៅ​ក្នុង​កម្មវិធី​ Women​ in​ Tech​ ដែល​រៀបចំឡើង​ដោយ​គម្រោង​ DI​។ ក្រោយមក​គាត់​ក៏បាន​ធ្វើជា​ពិធីករ​នៅ​តាមកម្ម​វិ​ធី​ផ្សេង​ៗទៀត​ រួមមាន​កម្មវិធី​បញ្ចប់​ការសិក្សា​របស់​ SHE​ នៅ​ឯស្ថានទូត​អង់គ្លេស​ដែល​មាន​អ្នកចូលរួម​ដល់ទៅ​ជាង​៥០នាក់​។ “ខ្ញុំ​មាន​ភ័យខ្លាច​ក្នុង​ការ​និយាយ​ទៅ​កាន់់​មនុស្ស​ក្រុម​ធំ​។ DI​ បាន​ជួយ​បង្រៀន​ខ្ញុំ​ពី​ការ​ត្រៀមខ្លួន​ធ្វើជា​ពិធីករ​ និង​ធ្វើការ​ជំរុញ​លើកទឹកចិត្ត​ខ្ញុំ​ឱ្យ​ធ្វើការងារ​នេះ​និង​ធ្វើ​ដោយ​សប្បាយចិត្ត​។ ខ្ញុំ​បាន​ធ្វើតាម​ហើយ​ខ្ញុំ​មា​នមោ​ទនៈ​ភាព​ចំពោះខ្លួន​ឯង​ណាស់​។

នៅពេល​ដែ​លក​ញ្ញាហ្គេ​ចលៀង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ចាប់ផ្តើម​វគ្គសិក្សា​ផ្នែក​ភាពយន្ត​ និង​ទូរទស្សន៍​នៅ​ប្រទេស​អូ​ស្ដ្រាលី​ គាត់​ក៏បាន​ឆ្លុះបញ្ចាំង​ពី​វិធី​ដែល​គាត់​បាន​ដើរមក​ដល់​ចំនុច​នេះ​នៃ​ឆាកជីវិត​។ “នៅពេល​ដែល​ខ្ញុំ​ធ្វើការ​នៅ​ឯអាកាស​យានដ្ឋាន​ ខ្ញុំ​មិនដឹង​ថា​តើ​ខ្ញុំ​អាច​ធ្វើអ្វី​បានទេ​ហើយ​ខ្ញុំ​ក៏​មិនដឹង​ថា​ខ្ញុំ​ចូលចិត្ត​អ្វី​ដែរ​។ គម្រោង​ Development​ Innovations​ បាន​ជួយ​ខ្ញុំ​ឱ្យ​ខ្ញុំ​រក​ឃើញ​នូវ​គោលបំណង​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​អរគុណ​ណាស់​។ ពួកគាត់​បាន​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ដល់​ខ្ញុំ​ដែល​អាច​ឱ្យ​ខ្ញុំ​ធ្វើតាម​ដំបូន្មាន​របស់​ម្ដាយខ្ញុំ​ដែល​ថា​ ស្ត្រី​អាច​ធ្វើអ្វី​បាន​គ្រប់យ៉ាង​។”

កញ្ញា​លៀង​នឹង​បញ្ចប់​ការសិក្សា​នៅ​ឆ្នាំ​២០២២​ ហើយ​គ្រោង​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ហើយ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​ផ្ទាល់ខ្លួន​មួយ​ដែល​ធ្វើការ​ផ្តោត​ទៅលើ​ការ​ប្រាប់​ពី​រឿងរ៉ាវ​របស់​ស្ត្រីនិង​ធ្វើការ​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​ទូទាំង​ប្រទេស។​