ពី​បេក្ខនារី​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ Technovation​ ក្លាយ​ជា​ជ័យលាភី​ពានរង្វាន់​ស្រ្តី​ក្នុង​វិស័យ​បច្ចេកវិទ្យា​ (Women​ in​ Tech​ Award​)

អត្ថបទ​នេះមានជាភាសា៖ enEnglish

Tiffany Tsang

ដោយ​ Tiffany Tsang

Communications Advisor
Development Innovations


នៅ​មុន​ឆ្នាំ២០១៧​ កញ្ញា​ ឈី​ សុគន្ធ​ទេវី​ គឺជា​សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ​ម្នាក់​ដែល​មិន​ធ្លាប់​ស្គាល់​ទេ​ថា​អ្វីទៅ​គឺជា​ការ​សរសេរ​កូដ​។
គាត់​រៀប​រាប់​ថា​ “ខ្ញុំ​មិនដែល​ចាប់​អារម្មណ៍​រឿង​បច្ចេកវិទ្យា​អី​នោះ​ទេ​។”

នៅ​ថ្ងៃទី១៥​ ខែមីនា​ ទេវី​ ក្លាយ​ជា​ជ័យលាភី​ពានរង្វាន់​ពន្លក​ថ្មី​ (Girl​ Innovator​ Award​) ប្រចាំ​ឆ្នាំ២០១៩​ នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ស្រ្តី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ Raffles​ Le​ Royal​ ក្នុង​រាជធានី​ភ្នំពេញ​។ ពានរង្វាន់​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​រៀបចំ​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១៨​ ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ ទូរគមនាគមន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​អបអរសាទរ​ដល់​ស្ត្រី​ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​វិទ្យា​ (ICT​) ដើម្បី​ប្រែ​ក្លាយ​កម្ពុជា​នៅ​ក្នុង​យុគសម័យ​ឌីជីថល​។ ទេវី​ ក្លាយ​ជា​ជ័យលាភី​ពន្លក​​ថ្មី​ឆ្នាំ២០១៩​ ដោយសារតែ​សមិទ្ធផល​របស់​គាត់​ក្នុងនាម​ជា​សហ​ស្ថាបនិក​នៃ​កម្មវិធី​ទូរស័ព្ទ​ដៃ​សម្រាប់​ការអប់រំ​បែប​ស្ទែ​ម (STEM​) ឈ្មោះ​ E-Lab​ ព្រមទាំង​កិច្ចការ​ដែល​គាត់​បាន​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ទៅ​យុវតី​ផ្សេងទៀត​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ក្នុងនាម​ជា​ Technovation​ Student​ Ambassador​។

កម្មវិធី​ Technovation​ គឺជា​ឫស​គល់​នៃ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​នៃ​អាជីព​របស់​ទេវី​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ គាត់​បាន​ឮ​អំពី​កម្មវិធី​នេះ​ដំបូង​បំផុត​ពី​នាយក​សាលា​របស់​គាត់​ ហើយ​ពេល​នោះ​គាត់​គិត​ក្នុង​ចិត្ត​ថា​ “តើ​សិស្ស​វិទ្យាល័យ​ម្នាក់​អាច​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​បាន​យ៉ាង​ម៉េច​ទៅ​?” គម្រោង​ដំបូង​របស់​គាត់​មាន​ឈ្មោះ​ថា​  ​Healthful​ (សុខភាព​ល្អ​) ដែល​ជា​កម្មវិធី​ទូរស័ព្ទ​ដៃ​មួយ​ផ្តោត​លើ​ការ​លើក​កម្ពស់​ផ្សព្វផ្សាយ​រឿង​សុខភាព​ និង​ការថែទាំ​សុខភាព​តាមរយៈ​វីដេអូ​ និង​ការ​ធ្វើលំ​ហាត់ប្រាណ​សម្រាប់​អ្នកប្រើ​ប្រាស់​។ កម្មវិធី​ Healthful​ នេះ​បាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ជា​សកល​។ នេះ​ពិត​ជា​មិន​អន់​ទេ​សម្រាប់​អ្នក​ទើប​ចាប់ផ្ដើម​ដំបូង​ក្នុង​វិស័យ​ច្នៃ​បង្កើត​បច្ចេកវិទ្យា​ថ្មីនេះ​។
នៅ​ក្នុង​ឆ្នាំ២០១៨​ ទេវី​ និង​ក្រុម​ការងារ​របស់​គាត់​ បាន​វិល​ត្រលប់​មកវិញ​ ហើយ​បាន​បង្កើត​ E-Lab​ (បន្ទប់​ពិសោធន៍​អេឡិចត្រូនិក​)។ ដោយ​កត់សម្គាល់​ឃើញ​ថា​នៅ​តាម​សាលារៀន​ភាគ​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ មាន​ភាព​ខ្វះ​ខាត​បន្ទប់​ពិសោធន៍​សម្រាប់​ការ​អនុវត្ត​ជាក់​ស្តែង​លើ​មេរៀន​វិទ្យាសាស្រ្ត​ ដូចនេះ​ E-Lab​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ជំនួយ​ដល់​សិស្ស​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី៧​ ដល់ទី១២​ អោយ​រៀន​វិទ្យាសាស្ត្រ​ ដោយ​អនុវត្ត​វិទ្យាសាស្ត្រ​ តាមរយៈ​វីដេអូ​ដែល​បង្ហាញ​អ្នកមើល​ ពី​របៀប​អនុវត្ត​ផ្ទាល់​លើ​ការពិសោធន៍​វិទ្យាសាស្ត្រ​។ គណៈកម្មការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ E-Lab​ ក៏​ក្លាយជា​ជ័យលាភី​ថ្នាក់​ជាតិ​។

សព្វ​ថ្ងៃ​នេះ​ ទេវី​ គឺ​ជា​សិស្ស​ឆ្នាំ​សិក្សា​មូលដ្ឋាន​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​គីរីរម្យ​ ជា​កន្លែង​ដែល​គាត់​កំពុង​សិក្សា​លើ​មុខ​វិជ្ជា​តែ​មួយ​គត់​ដែល​មាន​បង្រៀន​ គឺ​ មុខ​វិជ្ជា​បង្កើត​កម្មវិធី​កុំព្យូទ័រ​ (Software​ Engineering​)។ ក្រៅ​ពី​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ទេវី​ក៏​ដើរតួ​នាទី​ជា​ Technovation​ Student​ Ambassador​។ ក្នុង​តួនាទី​នេះ​ គាត់​ចង់​លើកទឹកចិត្ត​ដល់​យុវតី​នៅក្នុង​ប្រទេស​កម្ពុជា​ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ Technovation​ ឱ្យ​បាន​ច្រើន​ក្នុង​ការ​ច្នៃ​បង្កើត​បច្ចេកវិទ្យា​ថ្មី​ ដែល​គាត់​ជឿជាក់​ថា​ វា​គឺជា​ស្ពាន​មួយ​សម្រាប់​អាជីព​នា​ពេល​អនាគត​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ បច្ចុប្បន្ន​គាត់​ជា​យុវតី​ម្នាក់​ក្នុងចំណោម​សិស្ស​នារី​ ០៩នាក់​ដែល​កំពុង​រៀន​ក្នុង​ថ្នាក់​មួយ​មាន​សិស្ស​សរុប​ចំនួន​ ៣៥នាក់​។ គាត់​កត់សម្គាល់​ឃើញថា​ចំនួន​ស្ត្រី​នៅក្នុង​កម្មវិធី​សិក្សា​បច្ចេកវិទ្យា​នៅ​មាន​ចំនួន​តិចតួច​ មិនថា​នៅក្នុង​សាលា​របស់​គាត់​ ឬសាលា​ទូទាំង​ប្រទេស​។ “ដូចនេះ​ហើយ​ ខ្ញុំ​ពិតជា​ចង់​លើកទឹកចិត្ត​ដល់​យុវតី​ផ្សេងទៀត​ឱ្យ​ងាក​មក​សិក្សា​ជំនាញ​ពាក់ព័ន្ធ​ទៅ​នឹង​បច្ចេកវិទ្យា​។

ថ្មី​ៗនេះ​ ទេវី​ ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​របស់​អង្គការ​ WEDU​ ដែល​ជា​ដៃគូ​ថ្មី​របស់​គម្រោង​ ​Development​ Innovations​ ក្នុង​នោះ​ គាត់​នឹង​ទទួល​បានការ​បណ្ដុះ​បណ្ដាល​បន្ថែម​ទៀត​លើ​ភាព​ជា​អ្នក​ដឹក​នាំ​ ដើម្បី​ជួយ​ឱ្យ​អាជីព​របស់​គាត់​មាន​ការ​វិវឌ្ឍ​បន្ថែម​ទៀត​ ហើយ​គាត់​នឹង​ត្រូវ​បាន​ផ្គូ​រផ្គង​ជាមួយ​នឹង​គ្រូ​បង្វឹក​ម្នាក់​ដែល​ជំនាញ​ក្នុង​បច្ចេកវិទ្យា​។ ចូរ​សាក​ទាយ​ទៅ​មើល​ថា​ គាត់​ត្រូវ​បាន​ផ្គូ​រផ្គង​ជាមួយនឹង​នរណា​? គ្មាន​នរណា​ផ្សេង​ក្រៅពី​អ្នក​តំណាង​កម្មវិធី​ Technovation​ ប្រចាំ​តំបន់​ គឺ​លោកស្រី​ ហ៊ា​ង អ៊ូ​មួយ​!

ថ្មី​ៗនេះ​ក្រុម​ E-lab​ របស់​គាត់​ក៏​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ក្លាយជា​ផ្នែក​មួយ​នៃ​កម្មវិធី​យុវ​ច្នៃ​ (Youth​ Innovate​ Cambodia​)  ​របស់​គម្រោង​ DI​  ​។ កម្មវិធី​នេះ​នឹង​ជួយ​ឱ្យ​ពួកគេ​អភិវឌ្ឍ​ E-lab​ បន្ថែម​ទៀត​តាមរយៈ​ការ​បង្ហាត់​បង្រៀន​ និង​ការ​បណ្តុះបណ្តាល​បន្ថែម​។ “ឥឡូវនេះ​យើង​ចង់​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ដៃ​នេះ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​អាជីព​ជាង​មុន​ ដូច្នេះ​យើង​បាន​ធ្វើ​បច្ចុប្បន្នភាព​ ហើយ​ដាក់​មាតិកា​បន្ថែម​ ។” ចាប់តាំងពី​បញ្ចប់​ថ្នាក់​វិទ្យាល័យ​មក​ សមាជិក​ក្រុម​នេះ​បាន​ចូលរៀន​តាម​សាកល​វិទ្យាល័យ​ផ្សេង​ៗគ្នា​ ដូចជា​ AUPP​ និង​ UEF​  ​ជាដើម​។ ក្នុង​នោះ​មាន​សមាជិក​ម្នាក់​នៅ​រៀន​វិទ្យាល័យ​នៅឡើយ​ ដូច្នេះ​ក្រុម​នេះ​ប្រើប្រាស់​ហ្វេ​សប៊ុ​កដែល​មាន​លក្ខណៈ​ជា​ក្រុម​ដាច់ដោយឡែក​ ដើម្បី​បន្ត​ចែករំលែក​គំនិត​ ទទួល​មតិយោបល់​ ជុំវិញ​មាតិកា​ដែល​បាន​បង្កើត​ក្នុង​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ពួកគាត់​នោះ​។

កាលពី៣ឆ្នាំមុន​ ទេវី​ មិនដែល​ដឹង​អំពី​អាជីព​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​នោះ​ឡើយ​ ប៉ុន្ដែ​សព្វថ្ងៃ​នេះ​ គាត់​បាន​ជ្រមុជ​យ៉ាង​ជ្រៅ​ទៅ​ក្នុង​សហគមន៍​បច្ចេកវិទ្យា​ ហើយ​រឹតតែ​ពិសេស​គឺ​បច្ចេកវិទ្យា​ដែល​ជួយ​បង្កើត​ឥទ្ធិពល​ល្អ​ដល់​សង្គម​។ “ខ្ញុំ​ចង់​បង្កើត​អ្វីមួយ​សម្រាប់​ឱ្យ​មនុស្ស​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ ជា​អ្វី​មួយ​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សង្គម​។” ទេវ​វី​! ពួក​យើង​អន្ទះ​សារ​ចង់​ឃើញ​សមិទ្ធផល​បន្ទាប់​របស់​អ្នក​!

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email