រឿងរ៉ាវរបស់ទេវី៖ សិស្សវិទ្យាល័យដែលកំពុងដឹកនាំវិស័យបច្ចេកវិទ្យា Posted on: ខែវិច្ឆិកា 10, 2019 អត្ថបទនេះមានជាភាសា៖ English By Georgi Simpkin Communications Consultant នៅវ័យ១៩ឆ្នាំ កញ្ញាសុគន្ធទេវីគឺជាសមាជិកនៅក្នុងក្រុមជ័យលាភីរបស់កម្មវិធី Technovation កម្ពុជាឆ្នាំ២០១៨ និងបានទទួលមូលនិធិវិនិយោគសម្រាប់កម្មវិធីទូរស័ព្ទដៃរបស់គាត់។ ទេវីក៏ជាអ្នកឈ្នះពានរង្វាន់ពន្លកថ្មី (Girl Innovator Award) នៅក្នុងកម្មវិធីពានរង្វាន់ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាកម្ពុជាឆ្នាំ២០១៩របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលដែលចោទសួរថាតើគាត់មានគោលបំណងអ្វីបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ គាត់អាចឆ្លើយយ៉ាងច្បាស់ថា “ខ្ញុំចង់ក្លាយជាសហគ្រិនបច្ចេកវិទ្យា”។ ក្នុងវ័យមិនទាន់២០ឆ្នាំផង ទេវីកំពុងតែស្ថិតក្នុងដំណើររបស់គាត់ដើម្បីក្លាយជាអ្នកដឹកនាំស្រ្តីក្នុងវិស័យបច្ចេកវិទ្យាកម្ពុជា។ និស្សិតស្រ្តីភាគច្រើនដែលមានអាយុប្រហែលទេវី ដែលទើបនឹងបញ្ចប់ឆ្នាំមូលដ្ឋាននៅសាកលវិទ្យាល័យបអាចនឹងចំណាយពេលឈប់សម្រាកដើម្បីជួបជុំគ្រួសារ ឬមិត្តភ័ក្ត។ ប៉ុន្តែនៅពេលដែលគាត់មានវិស្សមកាល ទេវីដែលកំពុងតែសិក្សាមុខជំនាញវិស្វកម្មកម្មវិធីកុំព្យូទ័រចំណាយពេល៣ទៅ៤ម៉ោងធ្វើដំណើរពីវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យទៅភ្នំពេញដើម្បីជួបក្រុមការងារអាជីវកម្មបច្ចេកវិទ្យារបស់គាត់។ តើទេវីធ្វើដូចម្ដេចខ្លះបានជាគាត់ទទួលជោគជ័យច្រើនបែបនេះតាំងពីវិទ្យាល័យ ពេលដែលទេវីដឹងថាខ្លួនមានចំណាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាគឺនៅឆ្នាំ២០១៧ ពេលដែលគាត់មានអាយុ ១៧ឆ្នាំ។ វិទ្យាល័យរបស់ទេវីបានចូលរួមក្នុងកម្មវិធី Technovation ដែលជាកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យា និងសហគ្រិនភាពអន្តរជាតិសម្រាប់កុមារីអាយុពី១០ទៅ១៨ឆ្នាំ។ កម្មវិធីនេះទទួលបានជំនួយដំបូងពីគម្រោង DI និងបច្ចុប្បន្នគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន។ ទេវីនិយាយថា “មុនពេលចូលរួមកម្មវិធី Technovation ខ្ញុំមិនដឹងថាខ្ញុំចង់ធ្វើអ្វីនៅថ្ងៃអនាគតនោះទេ។ ខ្ញុំមិនមានផែនការ ហើយមិនដឹងថាអាចជួយដល់សង្គមបានតាមរបៀបណា”។ បន្ទាប់ពីបានចូលរួមជាមួយបច្ចេកវិទ្យា ទេវីបានរកឃើញចំណាប់អារម្មណ៍របស់ខ្លួន។ នៅឆ្នាំ២០១៧ គំនិតបង្កើតកម្មវិធីទូរស័ព្ទដៃរបស់ទេវីដែលភ្ជាប់ប្រជាជនកម្ពុជាជាមួយនឹងទិន្នន័យសុខភាពរបស់ខ្លួនបានឈានទៅដល់ត្រឹមវគ្គប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រអន្តរជាតិ ប៉ុន្តែនៅឆ្នាំ២០១៨ ទេវីបានទទួលជ័យលាភីសម្រាប់គំនិតកម្មវិធីបង្កើតថ្មីឈ្មោះថា E-Lab. E-Lab គឺជាកម្មវិធីទូរស័ព្ទដែលមានមាតិកាអប់រំអំពីវិធីដែលមានសុវត្ថិភាពសម្រាប់ធ្វើពិសោធន៍វិទ្យាសាស្រ្តមាននៅក្នុងកម្មវិធីសិក្សាជាតិសម្រាប់សិស្សវិទ្យាល័យពីថ្នាក់ទី៧ដល់ទី១២។ ទេវីនិយាយថា “នៅតាមសាលារដ្ឋនានា សិស្សរៀនអំពីទ្រឹស្ដីវិទ្យាសាស្រ្ត ប៉ុន្តែយើងមិនដែលបានធ្វើពិសោធន៍ផ្ទាល់នោះទេ។ វាពិតជាពិបាកក្នុងការសិក្សា។ សិស្សភាគច្រើនត្រូវទន្ទេញមេរៀនដើម្បីប្រលងជាប់ តែនេះមិនមែនជាវិធីល្អសម្រាប់រៀនសូត្រនោះទេ។ យើងមិនអាចប្រើប្រាស់ចំណេះដឹងនោះទេបើសិនជាយើងមិនយល់ពីវាផង។” ទេវីបានប្រែក្លាយគំនិតនេះទៅជាគម្រោងពិតប្រាកដដែលមានគ្រូបង្វឹកបច្ចេកទេស និងអាជីវកម្មនៅក្នុងកម្មវិធី Technovation ឆ្នាំ២០១៨ ហើយពេលនោះគឺ E-Lab បានកើតឡើង។ មិនយូរប៉ុន្មានបន្ទាប់ពីឈ្នះកម្មវិធី Technovation ក្រុម E-Lab ត្រូវបានជ្រើសរើសនៅក្នុងកម្មវិធី យុវច្នៃកម្ពុជា របស់គម្រោង DI ដែលជាកម្មវិធីរយៈពេល៣ខែដើម្បីប្រែក្លាយគំនិតច្នៃបង្កើតឱ្យក្លាយជាដំណោះស្រាយ និងសកម្មភាពជាក់ស្ដែង។ ក្រុម E-Lab ទទួលបានមូលនិធិជំនួយចំនួន ៣៥០០ ដុល្លារអាមេរិកដើម្បីចាប់ផ្ដើមអាជីវកម្មរបស់ពួកគាត់។ ទេវីបានបន្តថា “នៅពេលនោះយើងមានតែមាតិការជាវីដេអូ ប៉ុន្តែមិនមានកម្មវិធីដើម្បីបង្ហោះវីដេអូនោះទេ។ កម្មវិធីយុវច្នៃកម្ពុជាបានផ្ដល់វគ្គបណ្ដុះបណ្ដាលផលិតវីដេអូ សេវាកម្មប្រឹក្សា និងវគ្គបណ្ដុះបណ្ដាលប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីឱ្យយើងឈានទៅជំហានបន្ទាប់”។ ជាមួយនឹងមូលនិធិជំនួយពីកម្មវិធីយុវច្នៃកម្ពុជាក្រុមការងារ E-Lab បានផលិតវីដេអូ និងធ្វើការស្រាវជ្រាវបន្ថែមទៀតអំពីការពិសោធន៍វិទ្យាសាស្ត្រដោយមានសុវត្ថិភាពនៅផ្ទះ។ កញ្ញាបានពន្យល់ថា៖ “នៅក្នុងវីដេអូរបស់ពួកយើង សិស្សានុសិស្សត្រូវតែអនុវត្តតាមគន្លឹះសុវត្ថិភាពរបស់ពួកយើងមុនពេលដែលពួកគាត់ធ្វើការពិសោធន៍ ពីព្រោះពួកយើងចង់ធានាបានថាសិស្សានុសិស្សដែលប្រើប្រាស់មានសុវត្ថិភាព។” នៅពេលនេះកញ្ញាទេវី និងក្រុមរបស់គាត់បានបង្ហាញខ្លួននៅក្នុងវីដេអូ ប៉ុន្តែពួកគាត់គ្រោងនឹងមានគ្រូបង្រៀនបន្ថែមទៀតនាពេលអនាគតដើម្បីកសាងទំនុកចិត្តជាមួយសិស្ស និងលើកទឹកចិត្តពួកគាត់ឱ្យចូលរួមក្នុងការធ្វើពិសោធន៍វិទ្យាសាស្ត្រ។ បន្ទាប់ពីកម្មវិធីយុវច្នៃកម្ពុជា កញ្ញាទេវី និងក្រុមរបស់គាត់មានគម្រោងធំៗជាច្រើនដើម្បីបង្កើតឱកាសអប់រំស្មើៗគ្នាដល់សិស្សានុសិស្សទាំងអស់នៅប្រទេសកម្ពុជា។ “មិនមែនសិស្សវិទ្យាល័យទាំងអស់សុទ្ធតែមានទូរស័ព្ទប្រើនោះទេ ដូច្នេះពួកយើងចង់បង្កើតយុទ្ធនាការមួយដើម្បីផ្សព្វផ្សាយទៅដល់សាលារៀននៅតាមជនបទ ហើយបង្រៀនពួកគាត់អំពីការធ្វើពិសោធន៍វិទ្យាសាស្ត្រ និងអត្ថប្រយោជន៍របស់វា។ ពួកយើងចង់បង្កើតក្រុមអ្នកតំណាង E-lab ប្រចាំសាលានានា ដូច្នេះពួកគាត់អាចធ្វើការពិសោធន៍បាន។ ហើយប្រសិនបើពួកយើងអាចស្វែងរកជំនួយបានគ្រប់គ្រាន់ ពួកយើងនឹងផ្តល់ជូនកុំព្យូទ័រថាប្លែត (Tablet) មួយគ្រឿងនៅតាមសាលារៀន។” កញ្ញាទេវីក៏បានផ្ទេរចំណោះដឹងពីបទពិសោធន៏ និងវគ្គបណ្ដុះបណ្ដាលដែលទទួលបានពីក្រុមការងារ DI ដើម្បីឱ្យជួយដល់ក្មេងស្រីដទៃទៀតនៅក្នុងវិស័យបច្ចេកវិទ្យា។ នៅក្នុងឆ្នាំ២០១៩ កញ្ញាគឺជាសិស្សតំណាងម្នាក់ដែលបានធ្វើដំណើរទៅទីក្រុង San Francisco ជាមួយក្រុមកម្ពុជាដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រកម្រិតអន្តរជាតិនៃកម្មវិធី Technovation។ “ខ្ញុំបានព្យាយាមជួយកុមារីអ្នកប្រកួតជាច្រើននៅពេលដែលពួកគាត់ត្រៀមខ្លួនសម្រាប់ធ្វើបទបង្ហាញ និងជួយពួកគាត់ឱ្យកាន់តែមានទំនុកចិត្ត។ ពួកគាត់ទទួលបានចំណាត់ថ្នាក់លេខ២ ហើយអ្នកទាំងអស់គ្នាពិតជាសប្បាយចិត្តណាស់។” បើគិតត្រឡប់ទៅកាលពី៣ឆ្នាំមុន កញ្ញាទេវីបាននិយាយថាគាត់នៅតែមិនជឿលើអ្វីដែលបានកើតឡើងទេ។ វាពិបាកនឹងស្រមៃថាក្មេងស្រីដែលពោរពេញទៅដោយទំនុកចិត្តម្នាក់មិនអាចនិយាយជាមួយអ្នកដទៃដោយមើលក្រសែភ្នែក ប៉ុន្តែគាត់បាននិយាយថា៖ “នៅក្នុងឆ្នាំ២០១៧ ទោះបីជាខ្ញុំអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អក៏ដោយ ខ្ញុំនៅតែមានអារម្មណ៍អៀននៅពេលដែលនិយាយទៅកាន់អ្នកជុំវិញខ្លួន និងមិនអាចសូម្បីតែមើលខ្សែភ្នែករបស់ពួកគាត់នៅពេលដែលកំពុងនិយាយ។ ឥឡូវនេះខ្ញុំមានទំនុកចិត្តលើខ្លួនឯង ហើយខ្ញុំចង់ជួយអ្នកដទៃ។” នៅពេលដែលកញ្ញាទេវី និងក្រុមរបស់គាត់ក្លាយទៅជាផ្នែកមួយនៃកម្មវិធីយុវច្នៃកម្ពុជា ពួកគាត់ក៏បានចូលរួមស្វែងយល់ជាមួយបណ្ដាញដៃគូរបស់គម្រោង DI ក៏ដូចជាបុគ្គលនិងកម្មវិធីផ្សេងៗគ្នាផងដែរ។ “ពួកយើងបានបង្ហាញផលិតផលរបស់ពួកយើងនៅតាមកម្មវិធីផ្សេងៗដូចជាកម្មវិធី Barcamp និង STEM ដែលពិតជាកម្មវិធីដ៏អស្ចារ្យសម្រាប់ពួកយើងក្នុងការជួបជាមួយមនុស្សដែលមានចំណាប់អារម្មណ៍នឹងអ្វីដែលពួកយើងកំពុងតែធ្វើ។” គាត់ក៏បាននិយាយពីរបៀបដែលគម្រោង DI បានជួយគាត់ឱ្យក្លាយជាគាត់ដូចសព្វថ្ងៃនេះផងដែរ។ “DI បានបង្កើតឱកាសជាច្រើនសម្រាប់ខ្ញុំដែលធ្វើឱ្យខ្ញុំក្លាយជាខ្ញុំសព្វថ្ងៃនេះ។ ពួកគាត់បានជួយគាំទ្រខ្ញុំ និងប្រជាជនកម្ពុជាដទៃទៀតដែលបានតស៊ូ និងឆ្លងកាត់បញ្ហាជាច្រើន។ DI ពិតជាបានជួយពួកយើងច្រើនណាស់។” ជាមួយនឹងភាពច្បាស់លាស់អំពីផែនការ និងគំនិតសម្រាប់ពេលអនាគតថាគាត់នឹងសម្រេចបានទាំងផ្នែកវិជ្ជាជីវៈ និងផ្ទាល់ខ្លួន អ្នកមិនអាចធ្វើអ្វីបាននោះទេក្រៅពីជួយគាំទ្រគាត់។ គាត់និយាយថា៖ “ខ្ញុំមានមហិច្ឆិតាណាស់។ ខ្ញុំចង់សម្រេចបាននូវគោលដៅជាច្រើន។ ខ្ញុំចង់ធ្វើឱ្យកម្មវិធីទូរសព្ទ E-lab មានដំណើរការជោគជ័យ និងចង់ពង្រីកទៅដល់គ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។” គាត់បានបន្តថា៖ “ខ្ញុំមានផែនការច្បាស់លាស់។ ខ្ញុំដឹងថាខ្ញុំអាចប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើតជាលទ្ធផលវិជ្ជមានដល់សង្គម និងដោះស្រាយបញ្ហានានានៅក្នុងសង្គមដែលប្រជាជនរបស់ខ្ញុំកំពុងជួបប្រទះ។”