ការបង្កើតកំណត់ត្រាវេជ្ជសាស្ត្របែបឌីជីថលសម្រាប់ភូមិអណ្ដែតទឹកនៅកម្ពុជា Posted on: ខែតុលា 30, 2019 អត្ថបទនេះមានជាភាសា៖ English ដោយ រ័ត្ន សេដ្ឋា Former Senior Innovation Program Manager Development Innovations តើអ្នកធ្វើកំណត់ត្រាវេជ្ជសាស្ត្របែបឌីជីថលយ៉ាងដូចម្តេចនៅពេលដែល គ្លីនិចរបស់អ្នកនៅលើបឹង ដែលឆ្ញាយពីទីក្រុងហើយត្រូវធ្វើដំណើរប្រហែល៤ម៉ោង ហើយទីនោះជាតំបន់មានអ៊ីនធើណិតតិចតួច? អ្នកអាចថា វាមិនអាចទៅរួចទេ ! ប៉ុន្តែវាមិនពិតនោះទេ។ ខ្ញុំសូមណែនាំអ្នកអំពី អង្គការទន្លេគ្លីនិកកម្ពុជា ហៅកាត់ថា TLC ដែលជាគ្លីនិចសុខភាពមួយដែលកំពុងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញនេះដោយមានការគាំទ្រពីគម្រោងរយៈពេល ៦ឆ្នាំដែលមានឈ្មោះថា Development Innovations ដែលទទួលបានជំនួយពីទីភា្នក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ TLC គឺជាគ្លីនិចសុខភាពតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ការថែទាំសុខភាព និងការផ្សព្វផ្សាយទៅដល់ប្រជាជនដែលរស់នៅក្នុងភូមិអណ្តែតទឹកនៅលើបឹងទន្លេសាប។ ជារៀងរាល់សប្តាហ៍ បុគ្គលិករបស់ TLC បានធ្វើដំណើរអស់រយៈពេល៤ម៉ោងពីការិយាល័យរបស់ពួកគេក្នុងក្រុងសៀមរាបដើម្បីទៅមើលពីគ្លីនិចអណ្តែតទឹកដែលពួកគេបានបម្រើដល់អ្នកជម្ងឺពី៥០ទៅ៦០នាក់ក្នុងមួយថ្ងៃ។ មុនពេលពួកគេធ្វើការជាមួយDIក្នុងឆ្នាំ២០១៦ TLC បានប្រើប្រាស់ប្រព័ន្ធដែលមានមូលដ្ឋានលើក្រដាសដើម្បីគ្រប់គ្រង និងថែរក្សាព័ត៌មានរបស់អ្នកជម្ងឺ។ វិធីសាស្ត្រនេះធ្វើឱ្យកំណត់ត្រាទាំងនោះងាយនឹងបំផ្លាញដោយសារគ្រោះធម្មជាតិ សំណើម ភ្លើងនិងសត្វល្អិត។ ការផ្តល់សេវាកម្មគឺមានការលំបាក ដោយត្រូវសរសេរច្រើន រៀបចំ និងបញ្ជូនកំណត់ត្រាដែលសរសេរដោយដៃ ដូចនេះ វាបានកាត់បន្ថយពេលវេលាដែលគ្រូពេទ្យអាចចំណាយពេលជាមួយអ្នកជម្ងឺ។ ដូចនេះវាគួរតែមានការផ្លាស់ប្តូរ។ ភូមិអណ្ដែតទឹកនៅលើបឹងទន្លេសាប តើត្រូវចាប់ផ្តើមពីចំណុចណាទៅ? ជារឿងដែលមិនគួរភ្ញាក់ផ្អើលនោះទេ ដែលថាការស្វែងរកដៃគូដ៏ល្អមួយគឺចាំបាច់។ TLC បានសហការជាមួយអ្នកផ្តល់សេវាកម្មបច្ចេកវិទ្យា ដែលមានឈ្មោះថា Mekom Solutions ដើម្បីធ្វើឱ្យប្រព័ន្ធគ្រប់គ្រងអ្នកជម្ងឺរបស់ខ្លួនជារបៀបឌីជីថល ដែលទទួលបានការផ្តល់ជំនួយថវិការពី DI។ ពួកគេបានធ្វើការរួមគ្នាដើម្បីកែច្នៃ ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រ បើកទូលាយ Open Medical Record System (OpenMRS) ដែលជាប្រព័ន្ធដែលដាក់ឱ្យប្រើប្រាស់ដោយសេរី និង មានសុវត្ថិភាពមួយ។ ពួកគេបានធ្វើការងារនេះដោយមានភាគីពាក់ព័ន្ធជាច្រើន បានផ្តល់យោបល់ ដែលក្នុងនោះមានដូចជា បណ្តាញអ្នកជំនាញថែទាំសុខភាពក្នុងស្រុកនិងអន្តរជាតិ អ្នកអនុវត្តការអភិវឌ្ឍន៍អន្តរជាតិដទៃទៀត រួមទាំងអ្នកសម្របសម្រួលផ្នែកបច្ចេកវិទ្យា ឬគេស្គាល់ថា “អ្នកជំនាញខាងបច្ចេកវិទ្យា”។ យោបល់អ្នកជំនាញខាងបច្ចេកវិទ្យាបានជួយTLCទាក់ទងជាមួយនឹងអ្នកអភិវឌ្ឍរបស់ Mekom អំពីតម្រូវការរបស់គ្លីនិចសម្រាប់ OpenMRS។ បន្ទាប់ពីមានការសាកល្បងជាមួយអ្នកប្រើប្រាស់ដែលបានធ្វើឡើងជាមួយនឹងបុគ្គលិក TLC ក្នុងគ្លីនិចអណ្តែតទឹក និងការកែលម្អលើប្រព័ន្ធបច្ចេកវិទ្យានេះ TLC និង Mekom បានបង្កើតជាប្រព័ន្ធមួយដែលមានភាពសាមញ្ញក្នុងការប្រើប្រាស់ ដែលអាចចាប់យកព័ត៌មានដែលមានប្រយោជន៍ច្រើនជាង ការសរសេរលើក្រដាស។ ជាជាងធ្វើឱ្យប្រព័ន្ធនេះមានលក្ខណៈ Offline ប្រព័ន្ធនេះត្រូវបានបង្កើតដោយធ្វើការប្រើប្រាស់ប្រព័ន្ធចល័តទូរស័ព្ទដៃដើម្បីភ្ជាប់អ៊ីនធើណិតនិងផ្ទុកទិន្នន័យអ្នកជម្ងឺ។ ចាប់តាំងពីការដាក់ចេញនូវកម្មវិធី OpenMRS ឱ្យប្រើប្រាស់នៅតាមគ្លីនិច TLC មានបុគ្គលិកគ្លីនិក ១៤បានប្រើប្រាស់ប្រព័ន្ធនេះដើម្បីផ្តល់សេវាព្យាបាលនៅតាមគ្លីនិចអណ្តែតទឹកចំនួន ៥នៅក្នុងភូមិចំនួន៨ក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។ ប្រព័ន្ធនេះបានកត់ត្រាអ្នកជម្ងឺជាង ៥០០០នាក់ ដែលមាន តំណាងឱ្យការពិនិត្យសុខភាពចំនួន ១១០០០ដង និង២៨០០០ករណី។ បុគ្គលិកគ្លីនិចជាច្រើនបានរាយការណ៍ថាប្រព័ន្ធនេះបាន ជួយសន្សំសំចៃពេលវេលា យ៉ាងហោចណាស់ ៥ទៅ ១០នាទី ជាមួយអ្នកជម្ញឺម្នាក់ៗ។ ប្រព័ន្ធនេះបានបង្កើនប្រសិទ្ធភាពការងារ និងរក្សាកំណត់ត្រាល្អប្រសើរជាងមុន។ A TLC medical doctor provides treatment using the OpenMRS Distribution for Cambodia. តើអ្វីខ្លះទៅជាបទពិសោធន៍ដែលក្រុមការងាររបស់ DI ទទួលបានពី TLC? ជ្រើសរើសបុគ្គលិកដែល “មានជំនាញខាងបច្ចេកវិទ្យា” ដើម្បីតភ្ជាប់គម្លាតក្នុងការទំនាក់ទំនង៖ ជាញឹកញាប់អង្គការអភិវឌ្ឍនិងក្រុមមិនមែនរដ្ឋាភិបាលជាច្រើនមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកបច្ចេកទេសអំពីតម្រូវការគម្រោងរបស់ពួកគេ។ រឿងនេះច្រើនតែកើតឡើងព្រោះអ្នក បច្ចេកទេសតែងតែមានការយល់ដឹងតិចតួចអំពីបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ និងគោលដៅរបស់អង្គការអភិវឌ្ឍ។ ពួកគេផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាដោយមិនយល់ច្បាស់ពីបញ្ហា ឬបរិបទ។ អ្នកជំនាញខាងបច្ចេកវិទ្យាអាចភ្ជាប់គម្លាតនោះបានដោយសម្រួលការទំនាក់ទំនងអំពីបច្ចេកវិទ្យា និងការអភិវឌ្ឍន៍អន្តរជាតិ។ពួកគេអាចសម្របសម្រួលការកំណត់បញ្ហា បង្កើតគំនិត សម្រាប់ដំណោះស្រាយ និងបណ្តុះបណ្ដាលអ្នកប្រើប្រាស់អំពីដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។ បង្កើតប្រព័ន្ធដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ បុគ្គលិកគម្រោងគួរតែផ្តោតលើការយល់ដឹងអំពីបញ្ហារបស់ក្រុមគោលដៅរបស់ពួកគេ។ អ្នកប្រើប្រាស់គួរតែត្រូវបានចូលរួមក្នុងដំណើរការរចនា និងការបង្កើត ដោយធ្វើការសាកល្បងលើផលិតផលគំរូ និងការផ្តល់មតិ។ ; ឧទារហណ៍៖ ការឆ្លើយតបរបស់បុគ្គលិក TLC ឱ្យអ្នកអភិវឌ្ឍបច្ចេកវិទ្យាដឹងថាការប្រើប្រាស់ប្រព័ន្ធដើម្បីធ្វើការពិនិត្យពិគ្រោះអ្នកជម្ងឺគឺមានភាពស្មុគស្មាញ និងចំណាយពេលយូរ។ ជាការឆ្លើយតប អ្នកអភិវឌ្ឍបានផ្លាស់ប្តូរទម្រង់ដើម្បីកាត់បន្ថយចំនួនចុច ផ្នែកដែលត្រូវសរសេរច្រើន ត្រូវជំនួសដោយ សំណួរពហុជ្រើសរើស ជាដើម និងជំនួសសំណួរអំពីការបញ្ចូលអត្ថបទដោយជ្រើសរើសជម្រើសច្រើន។ ប្រព័ន្ធនេះ គួរតែត្រូវបង្កើតឡើងធ្វើឱ្យការប្រើប្រាស់មានភាពងាយស្រួស និងមិនគួរបង្កើនបន្ទុកបន្ថែមដល់បុគ្គលិកគ្លីនិចនោះទេ ហើយម្យ៉ាងទៀតវាគួរតែបង្កើនគុណភាពការងាររបស់ពួកគេឱ្យប្រសើរជាងមុន ដូច្នេះហើយទើបពួកគេចង់ប្រើប្រាស់វា។ ប្រើដំណើរការដដែលៗដើម្បីអភិវឌ្ឍប្រព័ន្ធ ការបង្កើតឧបករណ៍ឌីជីថលមិនកើតឡើងពេញមួយយប់នោះទេ។ វាត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនដើម្បីធ្វើ ឧបករណ៍គំរូ ការធ្វើតេស្ត៍សាកល្បង បញ្ចូលមតិយោបល់ និងកែលម្អប្រព័ន្ធ។ ក្នុងករណីរបស់ TLC ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដំបូងដើម្បីដំណើរការលើអ៊ីនធើណិត។ អ្នកបង្កើតប្រព័ន្ធបានគិតថាគ្លីនិចអណ្តែតទឹកទាំងអស់មានសេវាទូរស័ព្ទល្អ ។ ប៉ុន្តែនៅពេលដែលប្រព័ន្ធនេះត្រូវបានដាក់ប្រើប្រាស់ ពួកគេបានរកឃើញថាក្នុងចំណោមគ្លីនិកទាំង៥ មានគ្លីនិក២ ដែលមិនមានសេវាទូរស័ព្ទ។ បន្ទាប់មកពួកគេបានធ្វើការធ្វើតេស្ត៍ និងកែតម្រូវច្រើនលើកច្រើនសារ ដើម្បីធ្វើឱ្យប្រព័ន្ធនេះមានភាពប្រសើរឡើងស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់។ គិតអំពីការសម្ងាត់និងភាពឯកជនរបស់អ្នកប្រើប្រាស់ ប្រព័ន្ធ OpenMRS ត្រូវបានប្រើដើម្បីកត់ត្រាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជម្ងឺក៏ដូចជាប្រវត្តិវេជ្ជសាស្ត្រនិងរក្សាទុកព័ត៌មាននោះជាការសម្ងាត់ និងប្រើប្រាស់សម្រាប់គោលបំណងដែលបានគ្រោងទុក។ ប្រជាជនកម្ពុជាទាំងអស់មិនមែនសុទ្ធតែមានការយល់ដឹងខ្ពស់អំពីសារៈសំខាន់នៃការរក្សាការសម្ងាត់ទិន្នន័យទេ។ គ្លីនិចដែលចង់ប្រើប្រាស់ប្រព័ន្ធ OpenMRS នាពេលអនាគតនឹងចាំបាច់ត្រូវពិចារណាអំពីភាពឯកជននិងសុវត្ថិភាពទិន្នន័យ ហើយធានាឱ្យបានថាទាំងអ្នកអភិវឌ្ឍបច្ចេកវិទ្យា និងអ្នកប្រើប្រាស់ប្រព័ន្ធយល់ពីតម្រូវការការពារអ្នកជម្ងឺ និងប្រើប្រាស់ទិន្នន័យប្រកបដោយទំនួលខុសត្រូវ។ ធ្វើការបណ្តុះបណ្ដាលឱ្យបានទៀងទាត់ដល់អ្នកប្រើប្រាស់ បើទោះបីជាប្រព័ន្ធមួយដែលមានភាពងាយស្រួលក្នុង ការប្រើប្រាស់ក៏ដោយ តែ ការបណ្ដុះបណ្ដាលទៀងទាត់ អំពីការប្រើប្រាស់ គឺជារឿងចាំបាច់ដែលអាចធានាឱ្យបានថាប្រព័ន្ធមួយនេះត្រូវបានប្រើប្រាស់ដោយជោគជ័យ។ ក្នុងនាមជាអ្នកប្រើប្រាស់ បុគ្គលិកគ្លីនិចនឹងចាំបាច់ត្រូវស្វែងយល់ពីប្រព័ន្ធទាំងមូលនិងរបៀបដែលវាដំណើរការ។ ចំណេះដឹងនេះនឹងជួយពួកគេឱ្យកំណត់បញ្ហានៅពេលមានបញ្ហាកើតឡើង និងដោះស្រាយបញ្ហាតូចៗ។ បុគ្គលិកក៏ត្រូវបណ្តុះបណ្ដាលលើមុខងារថ្មីៗនៅពេលប្រព័ន្ធ មានការកែប្រែ។ ការបណ្ដុះបណ្ដាលកាន់តែមានសារៈសំខាន់នៅតាមគ្លីនិច TLC ដោយសារតែពួកគេតែងតែជ្រើសរើសអ្នកស្ម័គ្រចិត្ត ថ្មីៗជាញឹកញាប់។ កិច្ចខិតខំប្រឹងប្រែងរបស់ TLC និង Mekom ក្នុងការធ្វើឌីជីថលកំណត់ត្រាវេជ្ជសាស្ត្រ គឺជាគំរូមួយដែលបានបង្ហាញពីសារៈសំខាន់នៃការចាប់ផ្តើមតូច ដោយផ្តោតសំខាន់លើ ការរចនាតាមតម្រូវការអ្នកប្រើប្រាស់ ការធ្វើឱ្យប្រសើរឡើងលើគំរូបច្ចេកវិទ្យា និងធ្វើការជាមួយអ្នកជំនាញដែលអាចភ្ជាប់គម្លាតរវាងបច្ចេកវិទ្យា និងការអភិវឌ្ឍន៍អន្តរជាតិ។ យើងលើកទឹកចិត្តឱ្យអ្នកអនុវត្តការអភិវឌ្ឍន៍ទាំងអស់ដែលធ្វើការនៅក្នុងបច្ចេកវិទ្យាឱ្យទទួលយកនូវមេរៀនទាំងនេះដើម្បីកែលម្អការបង្កើតកម្មវិធី និងរចនាឧបករណ៍បច្ចេកវិទ្យាដែលមានប្រសិទ្ធភាពជាងមុន។ ទាញយកករណីសិក្សា នៅទីនេះ។