ពី​អ្នក​ម្តា​យ​ម្នា​ក់​ក្លាយ​ទៅ​ជា​សហគ្រិន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​ក្នុង​រយៈពេល​៣​ឆ្នាំ៖ រឿងរ៉ាវ​របស់​សូរិយ៉ា

អត្ថបទ​នេះមានជាភាសា៖ enEnglish

Georgi

By Georgi Simpkin

Communications Consultant


ដំណើរ​បទពិសោធន៍​របស់​អ្នកនាង​សូ​រិយា​គឺជា​រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​ដែល​គាត់​បាន​ប្រែ​ពី​អ្នក​ម្តា​យម្នា​ក់​ក្លាយទៅជា​សហគ្រិន​អាជីវកម្ម​ក្នុងរយៈពេល​ត្រឹមតែ៣ឆ្នាំ​ប៉ុណ្ណោះ​។ គាត់​តែងតែមាន​ភាព​វិជ្ជមាន​ មានការ​ប្តេជ្ញា​ចិត្ត​ និង​មាន​អាកប្ប​កិរិយា​មួយ​បែប​ដែល​អ្នកគ្រប់គ្នា​ប្រាថ្នា​ចង់បាន​។ នៅពេល​ដែល​ជួប​គាត់​ដំបូង​ អ្នក​អាច​និយាយ​បាន​ថា​គាត់​គឺជា​បុគ្គល​មួយ​រូប​ដែល​មិន​ត្រឹមតែ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឈាន​មកដល់​ចំនុច​នេះ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ធ្វើការ​ប្រកបដោយ​ភាព​ឈ្លាសវៃ​ផង​ដែរ​។

មុន​ពេល​ដែល​អ្នកនាង​សូ​រិយា​បាន​ចូលរៀន​វគ្គប​ណ្តុះ​បណ្តា​លគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គម្រោង​ Development​ Innovations​ ក្នុង​ឆ្នាំ២០១៧​ គាត់​បាន​រក​ប្រាក់ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទំព័រ​ Youtube​ និង​Google​ បាន​ចន្លោះ​ពី៤០០ដុល្លារ​ ដល់១០០០ដុល្លារ​រួច​ទៅ​ហើយ​។ អ្នកនាង​និយាយ​ថា​៖“ នៅពេល​ដែល​ខ្ញុំ​នៅផ្ទះ​មើលថែ​រក្សា​កូន​ៗទាំងពីរ​ ខ្ញុំ​ប្រើ​ប្រាស់​អ៊ិ​នធើ​ណិ​តជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​តែងតែ​គិតថា​ តើ​ខ្ញុំ​អាច​រក​ប្រាក់ចំណូល​ពី​បច្ចេកវិទ្យា​បាន​ដោយ​របៀបណា​? ខ្ញុំ​បាន​រៀន​ពី​អ៊ិ​នធើ​ណិ​ត និង​ធ្វើតាម​វិធី​នោះ​។ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​លើកទឹកចិត្ត​ឱ្យ​ខ្ញុំ​ធ្វើជា​ស្ត្រី​ម្ចាស់​អាជីវកម្ម​ និង​បង្កើត​ក្រុមហ៊ុន​នោះ​ទេ​។”

សព្វថ្ងៃ​នេះ​ អ្នកនាង​សូ​រិយា​គឺជា​នាយក​គ្រប់គ្រង​ និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ Suria Digital Marketing និង​ Suria​ Green​។ ប៉ុន្តែ​នៅពេល​ដែល​អ្នកនាង​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ គាត់ទើប​តែ​ចាប់ផ្តើម​ធ្វើជា​អ្នក​ប្រឹក្សា​យោបល់​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​ប៉ុណ្ណោះ​។ អ្នកនាង​រៀបរាប់​ថា​៖ “ អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​វគ្គប​ណ្តុះ​បណ្តា​លនោះ​គឺ​គម្រោង​ DI​ ពិតជា​មាន​ជំនាញ​វិជ្ជាជីវៈ​ណាស់​ ប៉ុន្តែ​មាន​ភា​ពសាមញ្ញា​ និ​ងាយស្រួល​យល់​។ សូម្បីតែ​ខ្ញុំ​ក៏អាច​យល់​ពីអ​ត្ថ​ន័យ​ទាំងអស់​បាន​ដែរ​។”

ដូច​ទៅ​នឹង​ស្ត្រី​ខ្មែរ​ជាច្រើន​ទៀត​ដែរ​ គាត់​បាន​ចំណាយពេល​ពី​ការងារ​ដើម្បី​ចិញ្ចឹម​បីបាច់​កូន​ទាំង២របស់​គាត់​។ នៅពេល​ដែល​គាត់​ត្រឡប់ទៅ​ធ្វើការ​វិញ​រយៈពេល៧ឆ្នាំក្រោយ​មក​ គាត់​ទទួល​បាន​អារម្មណ៍​មិន​ច្បាស់លាស់​ពី​ក្រុម​គ្រួសារ​របស់​គាត់​។ “នៅពេល​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​ដោយ​ឯករាជ្យ​(Freelance​) គ្រួសារ​របស់ខ្ញុំ​មិន​យល់ស្រប​ជាមួយ​ខ្ញុំ​នោះ​ទេ​ ពួកគាត់​គិតថា​ខ្ញុំ​ធ្វើ​មិនបានទេ​។ មនុស្ស​គ្រប់គ្នា​និយាយ​ថា​ ខ្ញុំ​ត្រូវតែ​ធ្វើជា​ស្ត្រី​មេផ្ទះ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​មិនដែល​បោះបង់​ទេ​។ ខ្ញុំ​នៅតែ​រក្សា​ក្ដី​សុ​បិន្តថា​ថ្ងៃណាមួយ​ខ្ញុំ​នឹងអាច​សម្រេច​បាន​នូវ​អ្វី​ដែល​ខ្ញុំ​ចង់បាន​។” ហើយ​គាត់​ពិតជា​ធ្វើ​បានសម្រេច​មែន​។ ក្រុមហ៊ុន​ទីផ្សារ​ឌីជីថល​សូ​រិយា​ (Suria​ Digital​ Marketing​ Agency​) បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ២០១៧ ដែល​បច្ចុប្បន្ន​នេះ​មាន​បុគ្គលិក​ចំនួន១០នាក់​ ហើយ​ពួកគាត់​បម្រើ​សេវា​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ផ្នែក​ព័ត៌មាន​វិទ្យា​ក៏ដូចជា​សេវាកម្ម​ផ្នែក​ទីផ្សារ​ឌីជីថល​ផង​ដែរ​។ Suria​ Green​ ទើបតែ​ចាប់ផ្តើម​បាន​រយៈពេល៣ខែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មាន​អតិថិជន​ជាង៤០នាក់​រួចទៅ​ហើយ​ ​នឹង​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង។​

រយៈពេល២ឆ្នាំ​បន្ទា​ប់​ពី​គាត់​បាន​បញ្ចប់​វគ្គប​ណ្តុះ​បណ្តា​លនៅ​គម្រោង​ DI​ អ្នកនាង​សូ​រិយា​នៅតែ​មាន​សៀវភៅ​ណែនាំ​អំពីប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​គាត់​បាន​ប្រើប្រាស់​ និង​ថែរក្សា​បាន​យ៉ាង​ល្អ​។ អ្នកនាង​បាន​ពន្យល់​យ៉ាង​ច្បាស់​ពីសា​រៈសំ​ខាន់​នៃ​សៀវភៅ​ដែល​មាន​ពណ៌​សខ្មៅ​និង​បោះពុម្ព​ទាំងសងខាង​ចំពោះ​អាជីវកម្ម​របស់​គាត់​ និង​អាជីវកម្ម​របស់​អតិថិជន​របស់​គាត់​។ អ្នកនាង​សូ​រិយា​មាន​ប្រសាសន៍​ថា​៖  “ ដំណើរការ​ និង​យុទ្ធ​សា​ស្ត្រគ្រប់យ៉ាង​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បណ្តា​ញសង្គម​របស់ខ្ញុំ​ដែល​ធ្វើ​សម្រាប់​អតិថិជន​របស់ខ្ញុំ​គឺ​បាន​មក​ពីទី​នេះ​ [ [សៀវភៅ​ណែនាំ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​]។ អ្នកនាង​សូ​រិយា​បន្ត​ទៀត​ថា​៖ “ មុន​ពេល​ដែល​ខ្ញុំ​ទៅកាន់​គម្រោង​ DI​ ខ្ញុំ​មាន​អតិថិជន​ជាច្រើន​ ប៉ុន្តែ​ខ្ញុំ​មិនដឹង​ពី​របៀប​ដើម្បី​គ្រប់គ្រង​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ពួកគាត់​ឱ្យ​បាន​ល្អ​ទេ​។ គម្រោង​ DI​ បាន​ជួយ​ខ្ញុំ​ឱ្យ​ចេះ​ពី​របៀប​បង្កើត​ផែនការ​សកម្មភាព​សម្រាប់​ហ្វេ​សប៊ុ​ក និង​ជួយ​ខ្ញុំ​ឱ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​លើ​សេវាកម្ម​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ​។”

ទោះបីជា​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​គាត់​យ៉ាង​ក៏ដោយ​ អ្នកនាង​សូ​រិយា​នៅតែ​មិនសូវ​មានទំនុក​ចិត្ត​លើ​សមត្ថភាព​នៃ​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់​។ គាត់​និយាយ​ដោយ​ភាព​រីករាយ​ពី​សកម្ម​ភាព​ខ្លះ​ៗក្នុងអំឡុងពេល​ចូលរៀន​វគ្គ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅពេល​ដែល​គាត់​ជឿជាក់​ថា​គាត់​ដឹង​ច្រើន​ប៉ុណ្ណា​។ អ្នកនាង​សូ​រិយា​មានប្រសាសន៍​ថា​៖ “នៅពេល​ពួកគាត់​បា​ន​ប​ណ្តុះ​បណ្តា​លខ្ញុំ​ ខ្ញុំ​បានដឹង​ពី​មេរៀន​ជាច្រើន​ និង​មាន​មេ​រៀន​ថ្មី​ៗជាច្រើន​ទៀត​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​រំភើប​ចិត្ត​។”

ការ​បញ្ចប់​ការ​សិក្សា​ពី​វគ្គប​ណ្តុះ​បណ្តា​លរបស់​គាត់​នៅ​គម្រោង​ DI​ គឺជា​ពេល​វេ​លា​តំ​រង់​ទិស​សម្រាប់​អាជីព​របស់​គាត់​ ជាពិសេស​នៅពេល​ដែល​គាត់​បាន​ចែករំលែក​ភាព​ជោគជ័យ​របស់​គាត់​នៅ​លើប​ណ្តា​ញសង្គម​។ “បន្ទាប់ពី​ខ្ញុំ​បាន​បញ្ចប់​ការសិក្សា​ពី​គម្រោង​ DI​ ខ្ញុំ​បាន​បង្ហោះ​រូប​នៃ​ការ​បញ្ចប់​ការសិក្សា​របស់ខ្ញុំ​ជាមួយនឹង​វិញ្ញា​បន​ប័ត្រ​របស់ខ្ញុំ​នៅ​លើ​ហ្វេ​សប៊ុ​ក។ ពេលនោះ​មាន​មនុស្សជា​ច្រើន​បាន​ទាក់ទង​មក​ខ្ញុំ​ និង​ផ្តល់​ឱកាស​ការងារ​ជាច្រើន​ដល់​ខ្ញុំ​។ បន្ទាប់ពី​បញ្ចប់​វគ្គប​ណ្តុះ​បណ្តា​លម​កខ្ញុំ​អាច​បង្កើន​អត្រា​ថ្លៃឈ្នួល​ទៅកាន់​អិ​តិថិ​ជន​របស់ខ្ញុំ​ដើម្បី​ផ្តល់​ឱ្យ​ពួកគាត់​នូវ​សេវាកម្ម​ដ៏​មាន​ជំនាញ​បន្ថែម​ទៀត​។ ពួកគាត់​ជឿ​ និង​ទុកចិត្ត​មក​លើ​ខ្ញុំ​ថា​អាច​ធ្វើការងារ​ដ៏​មាន​ជំនាញ​វិជ្ជាជីវៈ​មួយ​នេះ​បាន​។”

គាត់​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ត្រូវការ​សេវាកម្ម​ប្រឹក្សា​យោបល់​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គាត់​ ដូចនេះ​គាត់​បាន​សម្រេ​ចនូ​វមិ​ហិ​ច្ច​តា​របស់​គាត់​ហើយ​។ បន្ទាប់ពី​ចូលរួម​ពិធីសម្ពោធ​គេហទំព័រ​ ងាយ​ងាយ​ ដែល​ជា​គម្រោង​មួយ​ដែល​ទទួល​បាន​មូលនិធិ​ជំនួយ​ពី​គម្រោង​ Development​ Innovations​ ជាមួយ​សហគ្រាស​សង្គម​ SHE​ Investments​ ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​របៀប​ចុះឈ្មោះ​អាជីវកម្ម​តាម​អ៊ី​នធើ​ណិ​តដោយ​ឥតគិតថ្លៃ​មក​ អ្នកនាង​សូ​រិយា​ក៏​ត្រូវ​បាន​ជំរុញ​ឱ្យ​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​របស់​គាត់​។ ចាប់តាំងពី​ពេលនោះ​មក​ គាត់​ក៏បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​អាជីវកម្ម​របស់​សហគ្រាស​សង្គម​ SHE​ Invesments​ (SHE​ Investments​ Accelerator​ Program​) និង​ធ្វើការ​ជាមួយ​ក្រុមការងារ​របស់​គាត់​ដើម្បី​បង្កើត​ក្រុមហ៊ុន Suria​ Digital​ Marketing​។ “ខ្ញុំ​មាន​អាជីវកម្ម​ជាច្រើន​នៅពេល​សព្វថ្ងៃ​នេះ​ក៏ដោយ​សារ​គម្រោង​ DI​ និង​សហគ្រាស​សង្គម​ SHE Investmentsដែរ​។”

អ្នកនាង​សូ​រិយា​ផ្តល់​ដំ​បូ​ន្មាន​ខ្លះ​ៗសម្រាប់​អ្នក​ដែល​មាន​បញ្ហា​ជាមួយនឹង​អាជីវកម្ម​ ឬគម្រោង​របស់​ពួកគាត់​ដោយ​បាន​និយាយ​ថា​៖ “អ្វី​ៗគ្រប់យ៉ាង​ដែល​​យើង​ធ្វើស​ព្វ​ថ្ងៃនេះ​ គឺជា​អ្វី​ដែល​​យើង​បាន​ធ្វើ​កាលពីមុន​។ ដូច្នេះ​ប្រសិនបើ​យើង​ចង់ឱ្យ​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​ជាង​នេះ​ ​យើង​ត្រូវ​ចាប់​យក​ឱកាស​ថ្ងៃនេះ​ឱ្យ​បាន​ល្អ​បំផុត​។ គ្រប់យ៉ាង​គឺ​ស្ថិតនៅ​លើ​ខ្លួន​យើង​។ គ្រប់យ៉ាង​អាច​ទៅរួច​ប្រសិនបើ​ពួក​យើង​ចង់​។” ពាក្យ​សម្តី​ដ៏​ឈ្លាសវៃ​ពី​ស្ដ្រី​ដែល​អាច​ពឹងពាក់​លើ​ខ្លួនឯង​បាន​ និង​មាន​មហិ​ច្ឆិ​តា​ខ្ពស់​ និង​ជា​បុគ្គល​ដែល​គួរ​យក​គំរូ​តាម​នា​ពេល​អនាគត​។