៥​មូលហេតុ​ដែល​អ្នក​គួរ​ធ្វើ​ការ​ជាមួយ​យុវវ័យ

អត្ថបទ​នេះមានជាភាសា៖ enEnglish

ដោយ​ ជិន ចាវ​អាន​

Communications Specialist
Development Innovations


យោង​ទៅ​តាម​របាយការណ៍​ពី​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​(UNDP)​បាន​ឱ្យ​ដឹង​ថា​ ៦៥​% នៃ​ប្រជាជន​កម្ពុជា​សរុប​ មាន​អាយុ​ក្រោម​៣០ឆ្នាំ​ ហើយ​យុវវ័យ​កម្ពុជា​ទាំង​នេះ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​រួម​ចំណែក​ដល់​សង្គម​ដែល​ពួក​គាត់​រស់នៅ​! ប៉ុន្តែ​និស្សិត​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​មិន​សូវ​ទទួល​បាន​ឱកាស​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ដោយ​សារ​តែ​ពួក​គាត់​ខ្វះ​បទ​ពិសោធន៍​ ចំណេះ​ដឹង​ និង​ជំនាញ​។ នៅ​គម្រោង​ Development​ Innovations​(DI​) ពួក​យើង​ផ្តល់​ឱកាស​ដល់​យុវវ័យ​ដើម្បី​បង្ហាញ​ឱ្យ​ពួក​គាត់​បង្ហាញ​សក្តានុពល​និង​សមត្ថភាព​ដែល​ពួក​គាត់​មាន​។ ពួក​យើង​គិត​ថា​ការ​ធ្វើ​បែប​នេះ​បាន​ជួយ​យើង​ឱ្យ​មាន​ផល​វិជ្ជមាន​កាន់តែ​ច្រើន​ក្នុង​ចំណោម​យុវវ័យ​ ពីព្រោះ​ពួក​គាត់​គឺ​ជា​អ្នក​រចនា​កម្ម​វិធី​ និង​គម្រោង​សម្រាប់​យុវវ័យ​ដែល​មាន​វ័យ​ប្រហាក់​ប្រហែល​គាត់​! នៅ​ DI​ ស្ទើរតែ​ពាក់​កណ្ដាល​នៃ​ចំនួន​បុគ្គលិក​របស់​យើង​មាន​អាយុ​ក្រោម​ ៣០​ ឆ្នាំ​ហើយ​យើង​ក៏​មាន​កម្មវិធី​ Young​ Innovator​ Program​ (កម្មវិធី​ហាត់​ការ​) សម្រាប់​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ថ្មី​ៗ។

ប្រសិន​បើ​អ្នក​នៅតែ​មាន​ចម្ងល់​ថា​ហេតុអ្វី​បាន​ជា​អ្នក​គួរ​ធ្វើ​ការ​ជាមួយ​យុវវ័យ​ ខាង​ក្រោម​នេះ​ជា​មូលហេតុ​ចំនួន​៥ដែល​អ្នក​គួរ​ដឹង​!
 

១. ពួក​គាត់​មាន​គំ​និ​តថ្មី​ៗ

នៅ​ក្នុង​យុគសម័យ​ឌីជីថល​នេះ​ យុវវ័យ​បាន​ស្គាល់​ និង​ ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗតាំងពី​វ័យក្មេង​។ ពួក​គាត់​ធំ​ដឹង​ក្ដី​ជាមួយ​នឹង​ផ្នត់​គំនិត​ដែល​អនុញ្ញាត​ឱ្យ​ពួក​គាត់​បង្កើត​គំនិត​ និង​បង្កើត​ដំណោះស្រាយ​ច្នៃប្រឌិត​។ គំ​និតថ្មី​ៗ​របស់​ពួក​គាត់​អាច​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ស្ថាប័ន​របស់​អ្នក​។

២. ពួក​គាត់​ពូកែ​ឆ្ងល់​

យុវវ័យ​ប្រាថ្នា​ចង់បាន​ចំណេះ​ដឹង​ហើយ​ ពួក​គាត់​ពោរ​ពេញ​ទៅ​ដោយ​ចម្ងល់​។ នៅ​វ័យ​នេះ​ ពួកគាត់​ភាគ​ច្រើន​ចង់​រៀន​ និង​ ស្រូប​យក​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន​តាម​ដែល​ពួកគាត់​អាច​ធ្វើ​បាន​សម្រាប់​ការងារ​និង​អាជីព​នា​ពេល​អនាគត​។ យុវវ័យ​ជា​ច្រើន​ក៏​បាន​ដាក់​ចិត្ត​មុះ​មុត​ទៅ​លើ​ការងារ​របស់​គេ​​ហើយ​មាន​ទឹក​ចិត្ត​ចង់​រៀន​ និង​អនុវត្ត​ដើម្បី​ អភិវឌ្ឍន៍​ជំនាញ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អ​ឥត​ខ្ចោះ​។
 

៣. ពួក​គាត់​មាន​មហិ​ច្ឆិ​តា​

យុវវ័យ​ជំនាន់​ក្រោយ​មាន​មហិ​ច្ឆិ​តា​ខ្ពស់​។ ពួក​គាត់​មាន​ការ​យល់​ដឹង​ច្រើន​ពី​ពិភពលោក​ខាងក្រៅ​ និង​មាន​គោលដៅ​ច្បាស់លាស់​។ ពួកគាត់​ខិត​ខំ​ធ្វើ​ការ​អស់​ពី​សមត្ថភាព​ដើម្បី​សម្រេច​គោលដៅ​របស់​ពួកគាត់​ ហើយ​ប្រសិនបើ​អ្នក​ផ្តល់​ឱកាស​ដល់​ពួកគាត់​ ពួក​គាត់​នឹង​ជួយ​សម្រេច​គោល​បំណង​របស់​ស្ថាប័ន​អ្នក​។
 

៤. ពួក​គាត់​ជា​ក្រុម​ការងារ​ដ៏​ល្អ​

បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​ពីសា​លា​ថ្មី​ៗ អ្នក​ជំនាញ​វ័យក្មេង​ទាំង​នេះ​មិន​ត្រឹមតែ​ឧស្សាហ៍​ព្យាយាម​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ពួក​គាត់​ដើរ​តួ​សំខាន់​ក្នុង​ក្រុមការងារ​។ ផ្នត់​គំនិត​បើក​ទូលាយ​ ភាព​បត់​បែន​ និង​គំនិត​ច្នៃ​ប្រឌិត​របស់​ពួក​គាត់​ ធ្វើ​ឱ្យ​ពួក​គាត់​ធ្វើ​ការ​ជា​ក្រុម​បាន​ល្អ​ ប្រសិន​បើ​យុវវ័យ​ទាំងនេះ​អាច​បញ្ចេញ​មតិ​។

 

៥. ពួក​គាត់​ត្រូវការ​ឱកាស​

យុវវ័យ​សម​នឹង​ទទួល​បាន​ឱកាស​! យើង​គួរ​តែ​វិនិយោគ​លើ​មនុស្ស​ជំនាន់​ក្រោយ​នៅ​ពេល​នេះ​ ពី​ព្រោះ​ពួក​គាត់​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ​នា​ថ្ងៃ​អនាគត​។ ជាមួយនឹង​ភាព​ដឹកនាំ​ និង​ការ​បណ្ដុះ​បណ្ដាល​ល្អ​ យុវវ័យ​ដែល​ពោរ​ពេញ​ដោយ​ទេពកោសល្យ​ទាំង​នេះ​ ប្រៀប​បាន​នឹង​ពេជ្រ​មិន​ទាន់​ច្នៃ​ដែល​នឹង​ក្លាយ​ជា​គ្រាប់​ពេជ្រ​ដែល​មនុស្ស​គ្រប់​គ្នា​ចង់​បាន​!
 
ឥឡូវ​អ្នក​ដឹង​ពី​មូល​ហេតុ​ដែល​អ្នក​គួរ​តែ​ធ្វើ​ការ​ជាមួយ​យុវវ័យ​ហើយ​។ ជំហាន​បន្ទាប់​ តើ​អ្នក​ទៅ​រក​ពួក​គាត់​នៅ​ឯណា​? ដៃគូ​របស់​យើង​ខ្ញុំ​ជា​ច្រើន​សួរ​អំពី​វិធី​ដែល​យើង​អាច​រកបាន​ ក្រុម​ការងារ​ដែល​ពោរ​ពេញ​ដោយ​ទេពកោសល្យ​ច្នៃប្រឌិត​ ដូច្នេះ​ខាង​ក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះៗ​៖
 

1. Facebook

យុវវ័យ​ខ្មែរ​ជា​ច្រើន​ប្រើ​ប្រាស់​ Facebook​ ។ យោង​តាម​របាយការណ៍​របស់​ Sprout​ Social​ ប្រជាជន​កម្ពុជា​ ៧ លាន​នាក់​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដ៏​ធំ​មួយ​នេះ​។ វិធី​ជា​ច្រើន​ដែល​អ្នក​អាច​ប្រើ​ដើម្បី​ស្វែងរក​អ្នក​ជំនាញ​វ័យ​ក្មេង​នៅ​លើ​គេហទំព័រ​នេះ​៖ ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ដែល​ពេញនិយម​ ឬ Boost​ Posts​ តម្រង់​ទៅ​លើ​ក្រុម​គោល​ដៅ​ជាក់​លាក់​ ឬក៏​ប្រើ​មុខងារ​ដែល​មាននៅ​ក្នុង​ Facebook​ ស្រាប់​គឺ​ការ​ផ្សព្វផ្សាយ​ពី​ការងារ​។ ឱកាស​ការងារ​ទាំង​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​នៅ​តាម​ក្រុម​ផ្សេង​ៗ​នៅ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ជា​ច្រើន​ដូចជា​ ក្រុម​ប្រចាំ​សាលារៀន​និង​អតីត​និស្សិត​ ក្រុម​ប្រចាំ​ថ្នាក់​ និង​បណ្ដាញ​ផ្សេង​ៗ។

 

2. បណ្ដាញ

គ្មាន​នរណា​ស្គាល់​ពី​យុវវ័យ​ជាង​ក្រុម​មិត្តភក្តិ​ និង​បណ្ដាញ​របស់​ពួក​គាត់​នោះ​ទេ​។ នៅ​ពេល​ដែល​អ្នក​ចង់​ជ្រើស​រើស​យុវវ័យ​សម្រាប់​សមាជិក​ក្រុម​ការងារ​ថ្មី​របស់​អ្នក​ អ្នក​អាច​ជឿ​ទុក​ចិត្ត​ទៅ​លើ​ស្ថាប័ន​ដែល​ធ្វើ​ការ​អំពី​ការ​អភិវឌ្ឍ​យុវវ័យ​ និង​ស្ថាប័ន​ដែល​គ្រប់​គ្រង​ដោយ​យុវវ័យ​។ ពួក​គាត់​អាច​ទាក់​ទង​ទៅ​សមាជិក​របស់​ពួក​គាត់​ដោយ​ប្រើ​វិធី​សាស្ត្រ​ផ្សេង​ៗគ្នា​ជា​ច្រើន​ប្រសិន​បើ​ពួក​គាត់​ដឹង​ថា​ឱកាស​ការងារ​នោះ​គឺ​ សាក​សម​នឹង​បណ្ដ​ា​ញរ​បស់​ពួកគាត់​។ បណ្ដាញ​យុវវ័យ​ដូចជា​ AIESEC​ ដែល​ជា​អង្គការ​អន្តរជាតិ​ធ្វើការងារ​លើ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​ និង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​យុវវ័យ​ ឬ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​អាមេរិក​ (FUSSAC​) ឬ​ក្រុម​ប្រឹក្សា​យុវជន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ (US​ Ambassador’s​ Youth​ Council​) គឺជា​ក្រុម​គោលដៅ​របស់​អ្នក​ដើម្បី​ស្វែង​រក​យុវវ័យ​កម្ពុជា​ដែល​មាន​សមិទ្ធិផល​ខ្ពស់​ និង​មាន​សក្ដានុពល​ក្នុង​ការ​នាំ​ស្ថាប័ន​របស់​អ្នក​ឈាន​ទៅ​មុខ​មួយ​កម្រិត​ទៀត​។
 

3. គេហទំព័រ​ការងារ​ ឬ ទីភ្នាក់ងារ​ការងារ

កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​អ៊ិ​នធឺ​រណែ​តជិត​ ១២​ លាន​នាក់​នេះ​បើ​យោង​តាម​និយតករ​ទូរគមនាគមន៍​កម្ពុជា​។ គេហទំព័រ​ស្វែង​រក​ការងារ​ និង​ ទីភ្នាក់ងារ​រក​ការងារ​ ជា​កន្លែង​ដែល​និស្សិត​ទៅ​រក​ក្រោយ​បញ្ចប់​ការ​សិក្សា​។ ប៉ុន្តែ​ពួក​គាត់​បាន​ចាប់​ផ្ដើម​ងាក​ទៅ​គេហ​ទំ​ព័រ​ថ្មី​ៗ​ផ្សេង​ទៀត​ក្រៅពី​គេហទំព័រ​ចំ​ណាស់​ៗ។  ​គេហទំព័រ​ដែល​ទើប​នឹង​បង្កើត​ថ្មី​ៗដូច​ជា​ Topjobs​ CamUp​ ឬ CamHR​ ដែល​ជា​គេហទំព័រ​ដែល​កំពុង​ពេញ​និយម​ក្នុង​ចំណោម​យុវវ័យ​។ ប្រសិន​បើ​អ្នក​កំពុង​ផ្ដល់​ឱកាស​ចុះ​កម្ម​សិក្សា​ ការ​ហាត់​ការ​ ឬកម្ម​វិធី​សិក្សា​ណា​មួយ​  អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ WEduShare​ ពី​ព្រោះ​វា​ជា​វេទិកា​ចែក​រំលែក​ព័ត៌មាន​ដ៏​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តោត​លើ​យុវវ័យ​។