សន្និបាត World Pitch ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​កុមារី​ក្នុង​វិស័យ​បច្ចេកវិទ្យា

អត្ថបទ​នេះមានជាភាសា៖ enEnglish

ដោយ​ កញ្ញា​ ជា ហ្គិច​ហៀង Tech Programme Coordinator និង លោក​ ពិដោរ លីដែត Lead Mentor សម្រាប់​ Technovation Cambodia
 


នៅ​ឆ្នាំ​2018​នេះ កុមារី​ចំនួន​១២​ក្រុម​ដែល​មក​ពី​១០​ប្រទេស​ផ្សេងៗ​គ្នា​បាន​ជាប់​ឈ្មោះ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ World Pitch របស់​ Technovation និង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​។ នៅ​ក្នុង​នោះ ក្រុម​ដែល​មក​ពី​ប្រទេស​ប៉ាឡេស្ទីន​បាន​ធ្វើ​ដំណើរ​វែង​ជាង​គេ​ដែល​រហូត​ដល់​ទៅ ១១៩០៩​គីឡូម៉ែត្រ ពី​ប្រទេស​របស់​ខ្លួន។

នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​នេះ ក្រុម​ការ​ងារ​របស់ Technovation បាន​រៀប​ចំ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​សម្រាប់​អ្នក​ចូល​រួម​ដែល​មក​ពី​ជុំ​វិញ​ពិភពលោក។ ពួក​គាត់​បាន​រៀប​ចំ​ស្តង់​ថត​រូប​មួយ​ដែល​មាន​រូប​បិត​ជា​ច្រើន​នៅ​ពី​មុខ​ឆាក​តូច​មួយ​ដែល​មាន​នាយក​គ្រប់​គ្រង​កម្មវិធី​លោក​ស្រី Monica Gragg ជា​ពិធីការនី​។ សម្រាប់​ពួក​យើង គាត់​ពិត​ជា​ប៉ិន​ប្រសព្វ​ក្នុង​ការ​រៀប​ចំ​កម្មវិធី​នេះ​មែន។
 

ស្វែង​យល់​ពី​ការ​បង្កើត​ថ្មី​តាម​រយៈ​ទស្សនកិច្ច​សិក្សា

ស៊ីលីខន់វ៉ាលី នៅ​ទីក្រុង​សាន់ហ្រ្វាន់ស៊ីស្កូ​គឺ​ជា​តំបន់​ដែល​មាន​ប្រព័ន្ធ​អេកូ​បច្ចេកវិទ្យា​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ដែល​សម្បូរ​ទៅ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Google, Intel, និង HP។ ក្រុម​អ្នក​ចូល​រួម​បាន​ទៅ​ទស្សនា​ការិយាល័យ​របស់​ក្រុមហ៊ុន HP និង​បន្ទប់ 3D Printing ដែល​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​ព្រីន 3D បន្ទប់​តាំង​បង្ហាញ​ដែល​មាន​លក្ខណៈ​ជា Virtual Reality រួម​ទាំង​ផលិតផល​ដែល​ព្រីន​ជា 3D ជា​ច្រើន​ទៀត​ដូច​ជា​ដប​ទឹក​ក្រូច អាវ​ក្រៅ កញ្ចប់ និង​សូម្បី​តែ​ប័ណ្ណ​សម្គាល់​ខ្លួន​ដែល​អាច​ព្រីន​ឈ្មោះ​ថ្មី​ឡើង​វិញ​ជា​ច្រើន​ដង។ វា​ពិត​ជា​ល្អ​ណាស់​ដែល​ក្រុមហ៊ុន HP ពិចារណា​អំពី​បញ្ហា​បរិស្ថាន និង​ចិរភាព។



លើស​ពី​នេះ ក្រុមហ៊ុន​ HP ក៏​បាន​រៀប​ចំ​ការ​ពិភាក្សា​ខ្លី​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​ដឹក​នាំ​ស្ត្រី​៤​រូប ដែល​ពួក​គាត់​បាន​ចែក​រំលែក​ពី​បទពិសោធន៍​ការងារ និង​បទ​ពិសោធន៍​ជីវិត ក៏​ដូច​ជា​គន្លឹះ​ដើម្បី​លើក​ទឹក​ចិត្ត​ទៅ​កាន់​កុមារី និង​គ្រូ​បង្វឹក​ទាំង​អស់​គ្នា។​
វាគ្មិន​មួយ​រូប​បាន​និយាយ​ថា​ “ការ​សិក្សា​ពិត​ជា​សំខាន់​ ប៉ុន្តែ​ការ​បង្កើត​បណ្ដាញ​គឺ​ជា​គន្លឹះ​ដែល​នាំ​ទៅ​កាន់​ភាព​ជោគជ័យ​។ អ្នក​មិន​គួរ​ខ្លាច​នឹង​បង្ហាញ​ពី​ខ្លួន​ឯង រៀប​ចំ​គម្រោង និង​មាន​សុទិដ្ឋិនិយម​នោះ​ទេ”។
 

របៀប​ដែល Technovation នឹង​វិវត្ត​នៅ​កម្ពុជា និង​ជុំ​វិញ​ពិភពលោក

បន្ទាប់​ពី​កិច្ច​ប្រជុំ​សម្រប​សម្រួល ពួក​យើង​មាន​ព័ត៌មាន​ដ៏​គួរ​ឲ្យ​រំភើប​អំពី​កម្មវិធី Technovation នៅ​កម្ពុជា និង​ជុំ​វិញ​ពិភពលោក​នា​ឆ្នាំ​ក្រោយ។

នៅ​ជុំ​វិញ​ពិភពលោក៖

  • បន្ថែម​ពី​លើ​ឧបករណ៍ MIT App Inventor 2 ដែល​មាន​ស្រាប់ ឧបករណ៍​សម្រាប់​បង្កើត​កម្មវិធី​ថ្មី​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ក្នុង​កម្មវិធី​សិក្សា។ ឧបករណ៍​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​រួម​អាច​បង្កើត​កម្មវិធី​នៅ​ក្នុង​ប្រព័ន្ធ​ដំណើរការ iOs ដែល​កំពុង​តែ​មាន​តម្រូវ​ការ​កើន​ឡើង។
  • មេរៀន​សិក្សា​មួយ​ចំនួន​នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​ដើម្បី​តម្រូវ​ជាមួយ​នឹង​ស្តង់ដារ​របស់​សមាគម​អន្តរជាតិ​ដើម្បី​បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ (International Society for Technology in Education)។
  • ការ​ចុះ​ឈ្មោះ និង​ដាក់​ពាក្យ​សម្រាប់​កម្មវិធី​ឆ្នាំ​២០១៩​នឹង​បើក​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ២០១៨។

នៅ​កម្ពុជា៖

  • ក្រុម​ការងារ​នឹង​ធ្វើ​ឲ្យ​ធន​ធាន​របស់ Technovation មាន​ភាព​ទូលំ​ទូលាយ​ដោយ​សម្រប​សម្រួល​បញ្ហា​ភាសា និង​ផ្ដល់​ជា​ការ​ណែនាំ​ដើម្បី​ជួយ​គ្រូ​បង្វឹក និង​ក្លឹប Technovation អាច​ដំណើរ​ការ​កម្មវិធី​បាន​សម្រាប់​ក្រុម​របស់​ពួក​គាត់។
  • ក្រុម​ការងារ​នឹង​ចាប់​ដៃ​គូ​បន្ថែម និង​ធ្វើ​ការ​ជាមួយ​នឹង​ក្លឹប Technovation ថ្មី​នៅ​តំបន់​ថ្មីៗ​នៅ​ប្រទេស​កម្ពុជា។

ទោះ​បី​ជា​កម្មវិធី​មាន​ភាព​មមាញឹក​យ៉ាង​ណា អ្នក​តំណាង​ប្រចាំ​តំបន់​ទាំង​អស់​ក៏​បាន​ចូល​រួម​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​និទាន​រឿង និង​ការ​និយាយ​អោយ​ចំ​គោលដៅ។ អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​លោក​ស្រី Katherine Kennedy បាន​សម្រប​សម្រួល​វគ្គ​នេះ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ C ទាំង៣៖ Challenge – Choice – Change (ឧបសគ្គ – ជម្រើស – ផ្លាស់ប្ដូរ)។ នេះ​គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​អំពី​ភាព​ជោគជ័យ ភាព​បរាជ័យ អារម្មណ៍ ជម្រើស​ដែល​យើង​បាន​ជ្រើស​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​ជួប​ប្រទះ និង​របៀប​ដែល​យើង​បាន​ផ្លាស់​ប្ដូរ​និង​លូត​លាស់​ដើម្បី​មើល​ពិភពលោក​និង​ខ្លួន​យើង​ពី​ទស្សន​មួយ​ថ្មី​ទៀត។

ពួក​យើង​បាន​ស្វែង​យល់​បន្ថែម​ជា​ច្រើន​អំពី​ឧបសគ្គ​ដែល​អ្នក​តំណាង​ប្រចាំ​តំបន់​នីមួយៗ​ជួប​ប្រទះ ជា​ពិសេស​ក្នុង​ការ​ស្វែង​រក​មូលនិធិ​ជំនួយ​ដើម្បី​ដំណើរ​ការ​កម្មវិធី​របស់​ពួក​គាត់។ ពួក​យើង​ពិត​ជា​មាន​សំណាង និង​ពេញ​ចិត្ត​ដែល​កម្មវិធី Technovation មាន​ការ​គាំទ្រ​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា។

Technovation Pitch Night & Celebration Day

មុន​ពេល​ដែល​កម្មវិធី Pitch Night ចាប់​ផ្ដើម ក្រុម Legendary Helpers ដែល​ជា​ក្រុម​ទស្សនកិច្ច​ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ដទៃ​រំភើប​ដោយ​ការ​ធ្វើ​បទ​បង្ហាញ​អំពី​កម្មវិធី​តាម​ដាន​សុខភាព​កុមារ​ដែល​ពួក​គាត់​បាន​បង្កើត​។ ទស្សនិកជន​ក៏​បាន​ទះ​ដៃ និង​សរសើរ​ពី​សមត្ថភាព​របស់​ពួក​គាត់​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ និង​របៀប​ដែល​ពួក​គាត់​ធ្វើ​ឲ្យ​គំនិត​ក្លាយ​ជា​ការ​ពិត។ ពួក​យើង​ពិត​ជា​មាន​មោទនភាព​ដែល​មាន​ក្រុម​តំណាង​ប្រទេស​កម្ពុជា ហើយ​ពួក​គាត់​ក៏​បាន​ជាប់​ឈ្មោះ​ចូល​រួម​ប្រកួត​នៅ​ក្នុង​ពាន​រង្វាន់​ប្រជាប្រិយភាព (People’s Choice Award) របស់ Technovation អន្តរជាតិ!

កម្មវិធី Pitch Night គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ស្ដាប់​អំពី​គំនិត​ដ៏​អស្ចារ្យ​របស់​ក្មេង​ស្រី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​មក​ពី​ជុំ​វិញ​ពិភពលោក​តាម​រយៈ​បទ​បង្ហាញ​មួយ​នាទី​របស់​ពួក​គាត់។ ក្រុម​ដែល​បាន​ជាប់​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​មាន​ចំនួន​១២ក្រុម ដែល​នៅ​ក្នុង​នោះ​មាន​ពាក់​កណ្ដាល​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ និង​ពាក់​កណ្ដាល​ទៀត​ដែល​មាន​អាយុ​ពី​១៥​ទៅ​១៨​ឆ្នាំ។ ពួក​យើង​ក៏​បាន​កត់​សម្គាល់​ថា​គំរូ​កម្មវិធី និង​គំនិត​ដែល​បាន​ដាក់​បង្ហាញ​សុទ្ធ​តែ​មាន​គុណភាព​ល្អ និង​មាន​មុខងារ​ច្នៃ​បង្កើត​សំខាន់ៗ។ ដំណោះ​ស្រាយ​បច្ចេកវិទ្យា​ទាំង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់ និង​របៀប​ដែល​ពួក​គាត់​ប្រើ​ដំណោះ​ស្រាយ​បច្ចេកវិទ្យា​។
 


អ្នក​ចូល​រួម​ទាំង​អស់​គ្នា​បាន​សរសើរ​ពី​ក្រុម​កុមារី​ដែល​បាន​ក្រោក​ឈរ​ដឹក​នាំ និង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​សហគមន៍​របស់​គេ។ ពួក​គាត់​កំពុង​តែ​ផ្លាស់​ប្ដូរ​ពិភពលោក​ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន។

ស្វែង​យល់​បន្ថែម​អំពី​ផល​វិជ្ជមាន​នៃ​កម្មវិធី​នេះ និង​ការ​លើក​កម្ពស់​កុមារី​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បង្កើត​បច្ចេកវិទ្យា​នៅ​ក្នុង​ លទ្ធផល​របស់​កម្មវិធី​កាល​ពី​ឆ្នាំ​២០១៨ និង​ស្វែង​យល់​ពី​ព្រឹត្តិការណ៍​សំខាន់ៗ​ផ្សេងៗ​នៅ​ក្នុង​ ការ​សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៨

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
0Share on Google+
Google+
0Email this to someone
email