មូលហេតុ​ដែល DI ផលិត​វីដេអូ​ផ្ដោត​អំពី​រឿងរ៉ាវ​បុគ្គល

អត្ថបទ​នេះមានជាភាសា៖ enEnglish

Leanghort

ដោយ​ សុខ លាង​ហ៊ត

អ្នក​ផលិត​វីដេអូ​
គម្រោង Development Innovations


នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​នៅ Development Innovations (DI) ខ្ញុំ​បាន​ផលិត​វីដេអូ​ខ្លីៗ​បាន​ចំនួន​២០​វីដេអូ​ និង​រូប​ថត​ជា​ច្រើន​រយ​សន្លឹក​ទៀត​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​មួយ​សែន​នាក់​។ វីដេអូ​ទាំង​នេះ​ភាគ​ច្រើន​និយាយ​អំពី​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​បុគ្គល ពី​ព្រោះ​ខ្ញុំ​គិត​ថា​វីដេអូ​ប្រភេទ​នេះ​មាន​ប្រសិទ្ធភាព និង​អាច​ផ្ដល់​ព័ត៌មាន​លម្អិត​ពី​ជីវិត​របស់​តួ​អង្គ​ផ្ទាល់។

ក្នុង​ចំណោម​វីដេអូ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ផលិត​នៅ DI មាន​វីដេអូ​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​ជាង​គេ​នោះ​គឺ​វីដេអូ​ដែល​និយាយ​អំពី​លោក​ស្រី ផុន សុភា ដែល​ជា​គ្រូ​បង្រៀន​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​ដាច់​ស្រយាល​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។

អ្នក​គ្រូ​សុភា​ដែល​មាន​ដើម​កំណើត​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ផ្ទាល់​បាន​និយាយ​ថា​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​តូច​នៅ​ក្នុង​សហគមន៍​ជនជាតិ​ព្នង​ដែល​បាន​រៀន​ចប់​វិទ្យាល័យ និង​បាន​បន្ត​ការ​សិក្សា​ដើម្បី​ក្លាយ​ជា​គ្រូ​បង្រៀន។ គាត់​ក៏​បាន​សម្គាល់​ឃើញ​ថា​កុមារ​ជា​ច្រើន​នៅ​ក្នុង​សហគមន៍​របស់​គាត់​មិន​បាន​ទទួល​ការ​អប់រំ​នោះ​ទេ។​ គាត់​គិត​ថា​បញ្ហា​នេះ​បណ្ដាល​មក​ពី​ឪពុក​ម្ដាយ​ដែល​មិន​បាន​ជំរុញ​ឲ្យ​កូន​របស់​ខ្លួន​ទៅ​សាលា​រៀន និង​កុមារ​ដែល​មិន​ចង់​ទៅ​សាលារៀន​ដោយ​ខ្លួន​ឯង​។

ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នក​គ្រូ​សុភា​ដើម្បី​ពង្រឹង​ការ​អប់រំ​នៅ​ក្នុង​សហគមន៍​របស់​គាត់​ពិត​ជា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រំភើប​យ៉ាង​ខ្លាំង ហើយ​នេះ​ក៏​ជា​រឿងរ៉ាវ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ទៅ​កាន់​អ្នក​ដទៃ​ដែរ។ ដើម្បី​ឲ្យ​កុមារ​ចូល​រៀន​បាន​ច្រើន​ជាង​មុន អ្នក​គ្រូ​សុភា​បាន​ជួប​ជាមួយ​នឹង​ឪពុក​ម្ដាយ​របស់​សិស្ស និង​ពន្យល់​ពួក​គាត់​អំពី​សារៈសំខាន់​នៃ​ការ​សិក្សា​របស់​កុមារ។ ដើម្បី​ទាក់​ទាញ​កុមារ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​ទៅ​សាលា​រៀន គាត់​ក៏​បាន​បង្ហាញ​អំពី​កម្មវិធី​រៀន​អាន​នៅ​លើ​ទូរស័ព្ទ​ថាប្លែត​មួយ​ដែល​បង្កើត​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ។

ជា​លទ្ធផល វីដេអូ​នេះ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន ដូច​ជា​ខ្ញុំ​ផង​ដែរ រំភើប​យ៉ាង​ខ្លាំង។ វីដេអូ​ដែល​និយាយ​អំពី​អ្នក​គ្រូ​សុភា និង​ទឹក​ចិត្ត​របស់​គាត់​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ​ត្រូវ​បាន​គេ​ចូល​ចិត្ត (Like) និង​ចែក​រំលែក (Share) ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ពី​ព្រោះ​ក្នុង​នាម​ជា​អ្នក​ផលិត​វីដេអូ​នេះ គោល​បំណង​របស់​ខ្ញុំ​គឺ​ចង់​ឃើញ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​បន្ត​ជួយ​គាំ​ទ្រ​ការ​ច្នៃ​បង្កើត​ឧបករណ៍​បច្ចេកវិទ្យា​ដែល​អាច​ជួយ​ឲ្យ​កុមារ​នៅ​ក្នុង​សហគមន៍​ដាច់​ស្រយាល​អាច​ទទួល​បាន​ការ​អប់រំ និង​ទទួល​បាន​ឱកាស​ផ្សេងៗ។

ខាង​ក្រោម​នេះ​គឺ​ជា​វីដេអូ​ខ្លះៗ​របស់​គម្រោង Development Innovations ដែល​ផ្ដោត​អំពី​រឿង​រ៉ាវ​បុគ្គល។ ប្រធានបទ​នៃ​វីដេអូ​ទាំង​នេះ​មាន​ដូច​ជា ភាព​ជា​ព្រះសង្ឃ កុមារី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ បរិបទ​អប់រំ​នៅ​តំបន់​ដាច់​ស្រយាល និង​អ្នក​និពន្ធ​វ័យ​ក្មេង ដែល​ពួក​គាត់​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ជា​ដំណោះ​ស្រាយ​ទៅ​កាន់​បញ្ហា​របស់​ពួក​គាត់។ ស្វែង​យល់​បន្ថែម​អំពី​បញ្ហា​របស់​ពួក​គាត់ និង​ដំណោះស្រាយ​ដែល​ពួក​គាត់​បាន​ប្រើ​ប្រាស់។

Learning in Their Language: អ្នក​គ្រូ​ផុន សុភា​គឺ​ជា​គ្រូ​បង្រៀន​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ប្រើ​ប្រាស់​បណ្ណាល័យ​ឌីជីថល​ដើម្បី​ឲ្យ​សិស្ស​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​សហគមន៍​របស់​គាត់​ទទួល​បាន​សម្ភារៈ​សិក្សា​បន្ថែម។

Using Tech to Tell Stories: ភិក្ខុ កែន ហន ដែល​ជា​សិក្ខា​កាម​នៅ​ក្នុង​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន បាន​បង្កើត​ទំព័រ Facebook មួយ​ដើម្បី​អប់រំ​ទស្សនិកជន​តាម​រយៈ​វីដេអូ។

Digital Stories Engage New Audiences: លោក ស្វាយ លីម៉េង​គឺ​ជា​អ្នក​និពន្ធ​រឿង ដែល​លោក​បាន​បោះពុម្ព​សៀវភៅ​ជា​ស្នាដៃ​របស់​លោក​ចំនួន​៥​មក​ហើយ​នៅ​ពេល​ដែល​លោក​ចូល​រួម​វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​កាល​ពី​ឆ្នាំ​២០១៦។ បន្ទាប់​ពី​បាន​សិក្សា លោក​បាន​ប្រើ​ប្រាស់​ជំនាញ​និពន្ធ​របស់​លោក​ជា​លក្ខណៈ​ឌីជីថល​ដើម្បី​បង្ហាញ​ពី​សារ​អត្ថន័យ​របស់​លោក​បាន​ល្អ​ជាង​មុន។

Small Girl Big Dream: កុមារី ស៊ូចេង គឺ​ជា​សមាជិក​ម្នាក់​នៅ​ក្នុង​ក្រុម​កម្ពុជា​ដែល​បាន​ជាប់​ទៅ​ដល់​វគ្គ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​របស់​កម្មវិធី Technovation អន្តរជាតិ។តើ​អ្នក​ចង់​ស្វែង​យល់​អំពី​បទពិសោធន៍​របស់​គាត់​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​បច្ចេកវិទ្យា និង​សហគ្រិនភាព​នេះ​ដែរ​ឬ​ទេ?

The Young Reader: រឿង​រ៉ាវ​អំពី ធីតា ដែល​ជា​កុមារី​អាយុ​៨​ឆ្នាំ​ម្នាក់​ ហើយ​គាត់​បាន​បង្រៀន​ខ្លួន​ឯង​ឲ្យ​ចេះ​អាន និង​អត្ថ​ប្រយោជន៍​ដែល​គាត់​ទទួល​បាន​ពី​កម្មវិធី TEST App។

ខ្ញុំ​ប្រាកដ​ណាស់​ថា​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ផលិត​វីដេអូ​ជាង​ការ​សរសេរ។ ខ្ញុំ​ចូល​ចិត្ត​ផលិត​មាតិកា​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនិកជន​ច្រើន។ តាម​រយៈ​វីដេអូ​ដែល​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​ផ្ញើ​ខ្លឹមសារ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​សង្ឃឹម​ថា​វីដេអូ​របស់​ខ្ញុំ​អាច​លាត​ត្រដាង​អំពី​រឿង​រ៉ាវ​របស់​បុគ្គល​នៅ​ក្នុង​នោះ។ ជា​ពិសេស ខ្ញុំ​សង្ឃឹម​ថា​សំឡេង​មតិ​របស់​កុមារី និង​ស្រ្តី​ទទួល​បាន​ការ​ឲ្យ​តម្លៃ។

ដោយ​សារ​តែ​ផល​វិជ្ជមាន​ដែល​វីដេអូ​ប្រភេទ​នេះ​អាច​មាន ខ្ញុំ​នឹង​បន្ត​ជំរុញ​ខ្លួន​ឯង​ឲ្យ​ស្រលាញ់​និង​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ល្អ​ជាង​មុន។ ខ្ញុំ​រំពឹង​ថា​ខ្ញុំ​នឹង​អាច​ផលិត​វីដេអូ​អំពី​រឿង​រ៉ាវ​ដូច​នេះ​ទៀត​នៅ​ថ្ងៃ​អនាគត​។

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
0Share on Google+
Google+
0Email this to someone
email