ហេតុអ្វីយើង​ត្រូវ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់?

អត្ថបទ​នេះមានជាភាសា៖ enEnglish

នៅ​គម្រោង Development Innovations យើងខ្ញុំ​បាន​គាំទ្រ​ដៃ​គូ​សហការ​របស់​គម្រោង​ក្នុងការ​ស្វែង​យល់​ពី​បច្ចេកវិទ្យា និង​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការងារ​ប្រចាំ​ថ្ងៃ​របស់​ស្ថាប័ន​ដៃ​គូ​ទាំង​នេះ។ ទោះ​បី​ជា​យ៉ាង​ណា​ក្តី បច្ចេកវិទ្យា​មិនមែន​ជា​វេទមន្ត​នោះ​ទេ វា​គ្រាន់​តែ​ជា​ឧបករណ៍​មួយ​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិនមាន​ការ​ធានា​ថា​យើង​នឹង​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ដែរ ប្រសិន​ជា​អ្នក​ប្រើប្រាស់​មិន​សប្បាយ​ចិត្ត និង​មិន​ប្រើប្រាស់។ អ្នក​ប្រើប្រាស់​ទាំង​នេះ គឺ​ជា​អ្នក​ទទួល​ផល​ពី​ដំណោះស្រាយ​ដែល​គម្រោង​យើងខ្ញុំ​បាន​ផ្តល់​ជូន។
 
ដូច្នេះ​ហើយ គម្រោង​យើង​ខ្ញុំ​តែង​តែ​ណែនាំ​ដល់​ដៃគូ​របស់​យើង​ថា កុំ​ចាប់​ផ្តើម​ពី​បច្ចេកវិទ្យា ប៉ុន្តែ​ចាប់​ផ្តើម​ពី​អ្នក​ប្រើប្រាស់​វិញ។
 
នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ស្វែង​យល់​អ្នក​ប្រើប្រាស់ (ពាក្យ​បច្ចេកទេស​ជា​ភាសា​អង់គ្លេស User Research) ដែល​ជា​វិធីសាស្រ្ត​មួយ​ផ្តោត​សំខាន់​ទៅ​លើ​មនុស្ស​ដែល​ជា​អ្នក​ប្រើប្រាស់ ដោយ​ដាក់​អ្នក​ប្រើប្រាស់​នៅ​ចំនុច​កណ្តាល​នៃ​ការ​រចនា​ដំណោះ​ស្រាយ។ ដូច្នេះ​ការ​បង្កើត​បច្ចេកវិទ្យា​គប្បី​ចាប់​ផ្តើម​ជាមួយ​ការ​គិតគូ​ពី​អ្នក​ប្រើប្រាស់​ជា​មុន ហើយ​ស្វាគមន៍​ឲ្យ​អ្នក​ប្រើប្រាស់​ចូលរូម​ក្នុង​ដំណើរ​ការ​បង្កើត​នេះ ដើម្បី​បង្កើន​ភាព​ជោគជ័យ។
 
ក្រុមហ៊ុន​ជំនួញ និង​សហគ្រាស​ទើប​តែ​បង្កើត​ថ្មី​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់ ព្រោះ​មធ្យោបាយ​នេះ​ជួយ​ពួកគេ​បង្កើត​ឧបករណ៍​ដែល​អាច​ទាញ​យក​ប្រាក់​ចំណួល។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អង្គការ​សង្គម​ស៊ីវិល​ខ្លះ ការ​អនុវត្ត​វិធីសាស្រ្ត​នេះ​មិន​ត្រូវ​បាន​ប្រើប្រាស់​គ្រប់​ពេល​នោះ​ទេ។ ប្រហែល​ជា​ដោយសារ​ពាក្យ «ការ​ស្រាវជ្រាវ» ធ្វើ​ឲ្យ​ពួក​គេ​គិត​ថា វា​អាច​ចំណាយ​ពេល​យូរ និង​ចំណាយ​ថវិកា​ច្រើន ប៉ុន្តែ​តាម​ពិត​ទៅ​វា​មិនមែន​ដូច្នោះ​នោះ​ទេ។
 
ការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​អាច​ខុស​ពី​ការ​សន្និដ្ឋាន​របស់​យើង ហើយ​វា​នឹង​ប្រាប់​យើង​ពី​ដំណោះស្រាយ​ ដោយ​យើង​ត្រូវ​ចេញ​ពី​ការិយាល័យ​ដែល​មាន​ម៉ាស៊ីន​ត្រជាក់​របស់​យើង ហើយ​ទៅ​ពិភព​ខាង​ក្រៅ​ដើម្បី​ជួប​នឹង​អ្នក​ដែល​នៅ​មូលដ្ឋាន​ និង​ជា​អ្នក​ប្រើ​ប្រាស់​ពិត​ប្រាកដ។ ខាង​ក្រោម​នេះ ជា​ផល​ប្រយោជន៍​នៃ​ការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល៖

  • បង្ហាញ​ថា​អង្គការ​របស់​លោកអ្នក​ជា​អង្គការ​ដែល​មាន​ការ​អភិវឌ្ឍ​ឈាន​មុខ និង​ចូលចិត្ត​រៀន​សូត្រ ដោយ​ទទួល​បាន​ទិន្នន័យ និង​បង្កើន​ចំណេះ​ដឹង​ពាក់ព័ន្ធ​នឹង​អ្នក​ទទួល​ផល​របស់​ស្ថាប័នអ្នក និង​ស្វែង​យល់​ពី​តម្រូវការ​របស់​ពួកគេ​ឲ្យ​បាន​ទៀងទាត់។ ទិន្នន័យ​ថ្មីៗ​អាច​ជួយ​អ្នក​កែ​តម្រូវ​យុទ្ធសាស្រ្ត​របស់​អ្នក ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​លេចធ្លោ។
  • បង្កើន​លទ្ធផល​គម្រោង​របស់​អ្នក​ដល់​អតិបរមា ស្រប​ពេល​ដែល​សម្រេច​គោលដៅ និង​វត្ថុ​បំណង​នៃ​គម្រោង​របស់​អ្នក ដោយ​បង្កើត​តម្លៃ​ដល់​អ្នក​ប្រើប្រាស់​ដោយ​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ពួកគេ។ ការ​ចូលរួម​របស់​អ្នក​ប្រើប្រាស់​ក្នុង​ដំណាក់​កាល​បង្កើត​ដំណោះស្រាយ គឺ​ជា​វិធី​មួយ​ដែល​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​ផល​ចូលរួម​ដំណាក់​កាល​កំណត់​ន័យ​ឲ្យ​បញ្ហា​របស់​ខ្លួន និង​ស្វែង​រក​ដំណោះស្រាយ​ជាមួយ​គ្នា។ អ្នក​ទទួល​ផល​ទាំងអស់​គឺ​ជា​អ្នក​ជំនាញ​នៃ​តម្រូវ​ការ​ចំបង​របស់​ពួកគេ។
  • សន្សំសំចៃ​ពេលវេលា និង​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​អ្នក​ទទួល​ផល ដើម្បី​សំណើរ​ជោគជ័យ ការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន និង​ពេលវេលា​វែង​នោះ​ទេ។ ការ​ធ្វើការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​យ៉ាង​ឆាប់​រហ័ស ដោយ​ចំណាយ​ថវិកា​តិច​អាច​បញ្ជាក់​ពី​គំនិត​ឈាន​មុខ​របស់​ស្ថាប័ន​អ្នក។ ការ​លើក​ឡើង​នូវ​លទ្ធផល​ដំបូង​នៃ​ការ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​អាច​ធ្វើ​ឲ្យ​សំណើរ​គម្រោង​របស់​ស្ថាប័ន​អ្នក​កាន់​តែ​មាន​ភាព​លេច​ធ្លោ។

ការ​ចុះ​ស្រាវជ្រាវ​ពី​អ្នក​ប្រើប្រាស់​ជាមួយ​ក្រុម Eco Fresh Box និង​ឆ្មាំ​កណ្តុរ

នៅ​ក្នុង​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​មាន​ឱកាស​ចូលរួម​ការ​ស្រាវជ្រាវ​ចំនួន​២ នៅ​តាម​ខេត្ត​ជាមួយ​នឹង​ដៃគូ​សហការ​របស់​យើង។ គោល​បំណង​នៃ​កម្មសិក្សា​នេះ​ គឺ​ដើម្បី​ទទួល​មតិ​យោបល់​ទាក់ទង​នឹង​ផលិតផល​ដែល​ក្រុម​ការងារ​កំពុង​បង្កើត។ ក្រុម​ការងារ​ទាំងពីរ​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី EPIC ។ EPIC ជា​កម្មវិធី​រយៈពេល​មួយ​ឆ្នាំ ដែល​បណ្តុះបណ្តាល និង​គាំទ្រ​អាជីវកម្ម​ជួយ​សង្គម​របស់ Impact Hub Phnom Penh និង Development Innovations ក្រោម​ជំនួយ​ USAID Cambodia.

ក្រុម​ការងារ​របស់ Eco Fresh Box អង្កេត​ឃើញ​បញ្ហា​មួយ​ចំនួន ដែល​កសិករ​ជា​ច្រើន​កំពុង​ប្រឈម​មុខ​ក្នុង​ការ​ស្តុក​ទុក និង​ដឹក​ជញ្ជូន​ផលិតផល​របស់​ពួកគេ​ទៅ​កាន់​ទី​ផ្សារ។ កសិករ​ទាំង​នេះបាន​បាត់បង់​ប្រាក់​ចំណូល​ពេល​ដែល​ផលិតផល​របស់​ពូកគេ​រលួយ​មុន​ពេល​លក់​ចេញ។ ក្រុម Eco Fresh Box កំពុង​បង្កើត​ប្រអប់​មិន​ប៉ះពាល់​បរិស្ថាន​ពី​ឬស្សី និង​បាវ​ទៅ​ជា​ឧបករណ៍​ស្តុក​បន្លែ ដែល​អាច​ថែ​រក្សា​គុណភាព​របស់​បន្លែ​បាន​យូ។ កាក​សំណល់​អាហារ​បាន​ធ្វើ​ឲ្យ​កសិករ​ដាំ​បន្លែ​នៅ​ប្រទេស​កម្ពុជា​បាត់បង់​ថវិកា​ប្រមាណ​៥៣លាន ដុល្លា​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ឆ្នាំ (MAFF 2016 & iDE 2015)។

 


ក្រុម​ការងារ​កំពុង​សម្ភាស​កសិករ​ដាំ​បន្លែ​៤​នាក់ ដែល​រៀប​ចំ​ដោយ​សមាគមន៍​បន្លែ​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ។ ពួក​គេ​សម្ភាស​កសិករ​នៅ​ទី​តាំង​ប្រមូល​កសិផល ដែល​ជា​កន្លែង​កសិករ​ដឹក​ជញ្ជូន​បន្លែ​ពី​ចម្ការ​ពួកគេ​ទៅ​កាន់​សមាគមន៍​នោះ​សម្រាប់​បញ្ចេញ​ទៅ​ទី​ផ្សារ។ សមាជិក​នៃ​ក្រុម​ការងារ​មាន​តួនាទី​ផ្សេងៗ​គ្នា ម្នាក់​ជា​អ្នក​សម្ភាស រី​ឯ​ម្នាក់​ទៀត​ជា​អ្នក​កត់​ត្រា និង​ថត​សម្លេង​បទ​សម្ភាស​នេះ ដើម្បី​ទុក​ជា​ឯកសារ​សម្រាប់​ស្តាប់​ឡើង​វិញ​នៅ​ពេល​ក្រោយ។

 


បន្ទាប់​មក ក្រុម​ការងារ​បាន​ធ្វើ​បទ​បង្ហាញ​គំរូ​ប្រអប់​របស់​ខ្លួន ជាមួយ​នឹង​អ្នក​ចូល​រួម​ដែល​ជា​អ្នក​ប្រើប្រាស់​គោល​ដៅ ដើម្បី​ស្តាប់​មតិ​យោបល់​ពី​ប្រអប់​នេះ។ ទាំង​អស់​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ការងារ​ផ្ទៀងផ្ទាត់​នឹង​ការ​សន្មត​របស់​ពួកគេ​ជាមួយ​​អ្នក​ទទួល​ផល។ ជាមួយ​នឹង​បទ​បង្ហាញនេះ​អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ស្រមើស្រមៃ​ទេ គឺ​ពួកគេ​អាច​ឃើញ និង​ប៉ះ​ផលិតផល​នោះ​ដោយ​ផ្ទាល់។

 

ឆ្មាំកណ្តុរ The Rat Hunter ជា​ក្រុម​ការងារ​មួយ​ដែល​ព្រួយ​បារម្ភ​ពី​ហានិភ័យ​ដែល​កសិករ​ប្រឈម​មុខ​ក្នុងការ​ការពារ​វាលស្រែ​នៅ​រដូវ​ប្រាំង​ពី​សត្វកណ្តុរ។ ពួកគេ​កំពុង​បង្កើត​ឧបករណ៍​ម្យ៉ាង​ដែល​សុវត្ថិភាព និង​មិន​ប៉ះពាល់​បរិស្ថាន ដោយ​បញ្ចេញ​សម្លេង​ដើម្បី​បណ្តេញ​សត្វ​កណ្តុរ​ពី​វាល​ស្រែ។ តាម​ការ​ប៉ាន់​ប្រមាណ ការ​បាត់បង់​ទិន្នផល​ស្រូវ​ប្រមាណ​ពី​ ៥%​ ទៅ​១០% ក្នុង​មួយ​ឆ្នាំ​គឺ​ដោយសារ​សត្វ​កណ្តុរ។ ហើយ​ការ​បាត់បង់​នេះ​អាច​ចិញ្ចឹម​មនុស្ស​ប្រមាណ​ ២០០លាននាក់​ក្នុង​១ឆ្នាំ នៅ​អាស៊ី (IRRI 2013)។

 

Rat Hunter
ក្រុម​ការងារ​កំពុង​ធ្វើការ​សម្ភាស​ស៊ី​ជម្រៅ​ជា​បុគ្គល​ជាមួយ​កសិករ​នៅ​ខេត្ត​តាកែវ។ ក្រុម​ការងារ​បាន​ប្រើប្រាស់​រូបភាព​មួយ​ចំនួន​ជា​ជំនួយ ដើម្បី​ទំនាក់​ទំនង​ជាមួយ​កសិករ​កាន់​តែ​មាន​ប្រសិទ្ធភាព។ ជំនួយ​ទាំង​នោះ​មាន​ដូចជា ការ​បង្ហាញ​រូបភាព​នៅ​លើ​អេក្រង់​ទូរស័ព្ទ​នូវ​រូប​កណ្តុរ​ជា​ច្រើន​ប្រភេទ​ដើម្បី​កំណត់​សម្គាល់​ថា​ប្រភេទ​ណា​ដែល​ជួប​ប្រទះ​ច្រើន​ជាង​គេ និង​ការ​បក​ស្រាយ​ពី​ដំណើរ​ការ​នៃ​ឧបករណ៍​បញ្ចេញ​សម្លេង​ដោយ​ប្រើប្រាស់​ដ្យាក្រាម។

 

Rat Hunter
បន្ទាប់​មក​ក្រុម​ការងារ​បាន​ចែក​ផ្លូវ​គ្នា​រៀងៗ​ខ្លួន។ ខ្ញុំ​បាន​រួម​ដំណើរ​ជាមួយ​សមាជិក​ក្រុម​ដែល​ដើរ​តាម​ផ្ទះ​ដើម្បី​សម្ភាស​កសិករ។ វា​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​ពី​ដំណោះ​ស្រាយ​បច្ចុប្បន្ន ដែល​កសិករ​កំពុង​ប្រើប្រាស់​សម្រាប់​ទប់​ស្កាត់​បញ្ហា​សត្វ​ចង្រៃ ដូច​ជា​សត្វ​កណ្តុរ។ ក្នុង​បទ​សម្ភាស​មួយ យើង​បាន​សំណូមពរ​ឲ្យ​កសិករ​ម្នាក់​បង្ហាញ​ពី​ឧបករណ៍​ដែល​គាត់​ប្រើ​សម្រាប់​បណ្តេញ​សត្វ​កណ្តុរ ហើយ​គាត់​បាន​បង្ហាញ​ឧបករណ៍​អគ្គិសនី​សម្រាប់​ឆក់​មួយ​ដែល​គាត់​បាន​ទិញ​ពី​ជាង​ម៉ាស៊ីន​ក្នុង​ស្រុក​ភូមិ​គាត់។

 

Rat Hunter
បន្ទាប់​ពី​កិច្ច​សម្ភាសន៍ ក្រុម​ការងារ​មាន​វគ្គ​ពិភាក្សា​មួយ​ជាមួយ​អ្នក​ធ្វើ​អន្ទាក់​ចាប់​កណ្តុរ តាម​រយៈ​ការ​រៀបចំ​ដោយ​សមាគមន៍​កសិករ​នៅ​មូលដ្ឋាន។ គោល​បំណង​នៃ​វគ្គ​ពិភាក្សា​នេះ គឺ​ដើម្បី​ទទួល​យក​ចំណេះដឹង​ពី​អ្នក​ដែល​ជំនាញ​ខាង​ចាប់​សត្វ​កណ្តុរ។ ក្រុម​ការងារ​បាន​សិក្សា​ពី​ទម្លាប់​ផ្លាស់ទី​របស់​កណ្តុរ និង​សកម្មភាព​របស់​កណ្តុរ​ក្នុង​ការ​បំផ្លាញ​វាលស្រែ។

ពួក​យើង​បាន​ទទួល​លទ្ធផល​ជា​ដុំ​កំភួន​ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ ដើម្បី​កែ​តម្រូវ​ផលិតផល​និង​បង្កើន​សមត្ថភាព​នៃ​ឧបករណ៍​នេះ​ក្នុង​វាល​ស្រែ។

 

តើខ្ញុំអាចចាប់ផ្តើមពីណា?

ចុះ​ឈ្មោះ​ក្នុង​វគ្គ​ប្រឹក្សា​យោបល់​ដោយ​ឥត​គិត​ថ្លៃ​ នៅ DI និង​ចូល​ទៅ​កាន់ទំព័រ ធនធាន​ផ្នែក​បច្ចេកវិទ្យា ដើម្បី​ស្វែង​រក​ព័ត៌មាន​ពីការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ដែល​មាន​ប្រយោជន៍​ផ្សេងៗជា​ច្រើន​ទៀត។

Vantharith

​ដោយ​ អ៊ុំ វ័ណថារិទ្ធ

អ្នកប្រឹក្សាផ្នែកបច្ចេកវិទ្យា ICT4D
Development Innovations