គន្លឹះ​ក្នុងការ​ស្វែង​រក​មូលនិធិ​សហការ​ពី​វិស័យ​ឯកជន

អត្ថបទ​នេះមានជាភាសា៖ enEnglish

ការ​ស្វែង​រក​ដៃគូ​សហការ​ពី​វិស័យ​ឯកជន​ដើម្បី​ផ្តល់​មូលនិធិ​សម្រាប់​គម្រោង​ជួយ​សង្គម​របស់​លោកអ្នក​មិនមែន​ងាយ​ស្រួល​ឡើយ ប៉ុន្តែ​វា​ក៏​មិន​មែន​មាន​ន័យ​ថា​ជា​រឿង​ដែល​មិន​អាច​នោះ​ទេ។ នៅ​គម្រោង Development Innovations (DI) របស់​ USAID ការ​កៀង​គរ​ជំនួយ​ពី​វិស័យ​ឯកជន​ដើម្បី​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជា​សកម្មភាព​ចំបង​មួយ​របស់​យើង​ខ្ញុំ។ ហេតុ​ដូច្នេះ​ហើយ​ក្នុង​ឆ្នាំ​២០១៣ គឺ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​ធ្វើការ​ដំបូង​នៅ​គម្រោង DI ក្នុង​តំណែង​ជា​អ្នក​គ្រប់គ្រង​កម្មវិធី​ស្វែង​រក​ដៃ​គូ​សហការ ខ្ញុំ​មាន​តួនាទី​ស្វែង​រក​ដៃ​គួ​ក្នុង​វិស័យ​ឯកជន ដើម្បី​ចូល​រួម​ផ្តល់​មូលនិធិ​ដល់​គម្រោង​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែល​បាន​ស្នើ​ឡើង​ដោយ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​សហការ​របស់​យើង​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​មិន​ធ្លាប់​ធ្វើ​កិច្ចការ​បែប​នេះ​ពី​មុន​មក​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ចាប់​ផ្តើម​ស្វែង​យល់ និង​ស្វះស្វែង​បំពេញ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង។ ជា​ការ​ពិត វា​មិនមែន​ជាភារកិច្ច​ងាយស្រួល​នោះ​ទេ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​ដំបូង។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ក្រោយ​ពី​បាន​សាក​ល្បង​វិធីសាស្រ្ត​ជា​ច្រើន ខ្ញុំ​បាន​រក​ឃើញ​វិធីសាស្រ្ត​ល្អ​បំផុត​មួយ​ចំនួន​ដើម្បី​បំពេញ​កិច្ចការ​នេះ​ប្រកប​ដោយ​ជោគជ័យ។

ជា​លទ្ធផល​តាម​រយៈ​ការ​អនុវត្ត​នូវ​វិធីសាស្រ្ត​ទាំង​នេះ ក្នុង​រយៈពេល​ ៤ឆ្នាំ​កន្លង​ទៅ​នេះ គម្រោង​យើង​ខ្ញុំ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន ២០​ដែល​ធ្វើការ​ទាក់ទង​នឹង​បច្ចេកវិទ្យា ក្នុង​នោះ​មាន​ដូច​ជា​ក្រុមហ៊ុន​សេវាកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត អ្នក​បង្កើត​កម្មវិធី​កុំព្យូទ័រ ក្រុមហ៊ុន​គ្រឿង​បន្លាស់​អេឡិចត្រូនិច និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វេរលុយ។ តាម​រយៈ​កិច្ចសហការ​ទាំងនេះ គម្រោង​យើង​ខ្ញុំ​ទទួល​បាន​ការ​ឧបត្ថម​ជា​ថវិកា និង​សម្ភារៈ​ជា​សរុប​ចំនួន ១៥ម៉ឺន​ដុល្លា ដែល​នេះ​រួម​ចំនែក​បន្ថែម​លើ​មូលនិធិ​របស់ USAID ដើម្បី​ជំរុញ​ឲ្យ​ទទួល​បាន​លទ្ធផល​កាន់​តែ​ប្រសើរ។

ក្នុងចំណោម​វិធីសាស្រ្ត​នានា ក្នុង​ការ​កៀង​គរ​មូលនិធិ​ពី​វិស័យ​ឯកជន​ឲ្យ​បាន​ជោគជ័យ ខ្ញុំ​សូម​ចែក​រំលែក​នូវ​វិធីសាស្រ្ត​ចំនួន៥។ យ៉ាងណា​មិញ វិធី​ទាំង​នេះ​មិនមែន​ជា​ក្បួន​តម្រា​ដែល​បាន​ចារ​លើ​សិលា​ចារឹក​នោះ​ទេ។ លោកអ្នក​អាច​បត់បែន និង​កែ​តម្រូវ​ដើម្បី​ឲ្យ​សមស្រប​ជាមួយ​សកម្មភាព និង​បរិបទ​របស់​ស្ថាប័ន​លោកអ្នក។

  1. ចាប់​ផ្តើម​បង្កើត​តារាង​ជម្រើស​នៃ​ក្រុមហ៊ុន​ឯកជន និង​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមហ៊ុន​ទាំង​នោះ
  2. ក្រុមហ៊ុន​ឯកជន​មាន​បេសកកម្ម និង​សកម្មភាព​ខុសៗ​គ្នា​ជា​ច្រើន ជា​ពិសេស​ទាក់ទង​នឹង​សកម្មភាព​ជួយ​សង្គម (CSR) ហើយ​អ្នក​ប្រហែល​ជា​មិន​ចង់​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ទាក់ទង​ទៅ​ក្រុមហ៊ុន​ទាំងអស់​ម្តង​មួយៗ​នោះ​ទេ។ ដូចនេះ អ្នក​គួរ​តែ​ចាប់ផ្តើម​ស្វែង​រក​ក្រុមហ៊ុន​ឯកជន​ណា​ដែល​មាន​បេសកកម្ម​ស្រដៀង​នឹង​ស្ថាប័ន​អ្នក ឬ​ផ្តល់​ជំនួយ​ដែល​ត្រូវ​នឹង​សកម្មភាព​របស់​ស្ថាប័ន​អ្នក។ ខ្ញុំ​គិត​ថា​អ្នក​គួរ​តែ​ចាប់​ផ្តើម​ស្វែង​រក និង​ជ្រើសរើស​ក្រុមហ៊ុន​ទាំង​១០ ដែល​ទំនង​នឹង​ផ្តល់​មូលនិធិ​ដល់​ស្ថាប័ន​អ្នក​ជាងគេ ហើយ​ស្វែង​រក​វិធីសាស្រ្ត​ក្នុងការ​ទំនាក់ទំនង​ទៅ​កាន់​ជន​បង្គោល​ក្នុង​ក្រុមហ៊ុន​នីមួយៗ បន្ទាប់​មក​ទៀត​គឺ​ត្រូវ​ទំនាក់ទំនង​ទៅ​កាន់​ពួកគេ។ ពីដំបូង ខ្ញុំ​អាច​និយាយ​បាន​ថា​ការ​ស្វែង​រក​ព័ត៌មាន​ទាំង​នេះ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​មិន​សូវ​ជា​មាន​ប្រសិទ្ធិភាព​នោះ​ទេ ប៉ុន្តែ​ការ​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​បុគ្គល​ដែល​មាន​បណ្តាញ និង​ពូកែ​ផ្នែក​ទំនាក់ទំនង​ដែល​អាច​ណែនាំ​ខ្ញុំ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ទាំង​នេះ គឺ​អាច​មាន​សង្ឃឹម​ច្រើន។

  3. រៀប​រៀង​សារ​របស់​អ្នក​ឲ្យ​បាន​ច្បាស់លាស់ និង​បញ្ចូលក្នុង PPT
  4. លោកអ្នក​ប្រហែល​ជា​គិត​ថា​មាន​ព័ត៌មាន​ច្រើន​ពេក ដូច​នេះ​អ្នក​មិន​ច្បាស់​ថា​គួរ​តែ​ដាក់​បញ្ចូល​ព័ត៌មាន​ណា​ខ្លះ​នោះ​ទេ។ ក្រុមហ៊ុន​ឯកជន​គ្មាន​ពេលវេលា​ច្រើន​ដើម្បី​អាន​សំណើរ​ស្នើ​សុំ​របស់​អ្នក​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ដាក់​បញ្ចូល​ព័ត៌មាន​តិច​ពេក អ្នក​ក៏​មិន​អាច​បញ្ចូន​សារ​ដែល​មាន​អត្ថន័យ​គ្រប់គ្រាន់​នោះ​ដែរ។ តាម​បទ​ពិសោធ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ សំណេរ​ស្នើ​សុំ​ដ៏​ល្អ​មួយ​គួរ​តែ​មាន​ព័ត៌មាន​ចំនួន​៤​ ចំណុច​ដូច​តទៅ៖ ទី១ ការ​បរិយាយ​យ៉ាង​ច្បាស់លាស់​ពី​គម្រោង​ដែល​មាន​ភាព​រួចរាល់​ក្នុង​ការ​ទទួល​បាន​មូលនិធិ ដែល​អាច​ផ្តល់​លទ្ធផល​ជា​ដុំ​កំភួន​ភ្លាមៗ អម​ជាមួយ​នឹង​កម្មវត្ថុ​ច្បាស់លាស់​ពី​គម្រោង​នេះ​ផង​ដែរ។ ទី២ ការ​បង្ហាញ​ច្បាស់លាស់​ថា​សកម្មភាព​ដែល​អ្នក​បាន​ស្នើ​ពិត​ជា​អាច​ដោះ​ស្រាយ​បញ្ហា​សង្គម និង​ជួយ​ដល់​ក្រុម​ទិសដៅ​បាន (ហើយ​អ្នក​អាច​បង្ហាញ​ពី​លទ្ធផល​កន្លង​មក ដោយ​ប្រើប្រាស់​ទិន្នន័យ ហើយ​ប្រសិន​បើ​ជា​គម្រោង​ថ្មី​អាច​ដាក់​បញ្ជូល​លទ្ធផល​រំពឹង​ទុក​នៃ​គម្រោង​ផង​ដែរ)។ ទី៣ ព្យាយាម​គិត​ពីសារៈ​ប្រយោជន៍​ចំពោះ​ដៃ​គូរបស់​អ្នក​ថា​ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​គាំទ្រ​សកម្មភាព​ទាំងនេះ និង​លទ្ធផល​ដែល​ដៃ​គូ​អាច​ទទួល​បាន។ មិនមែន​គិត​តែ​ពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ដៃ​គូ​នោះ​ទេ។ ជា​ចុងក្រោយ សរសេរ​រៀបរាប់​ជាចំនុច​ទ្រេ​២ ឬ៣​ ចំនុច​អំពី​ចំនួន​សម្ភារៈ ឬ​ថវិកា​ដែល​អ្នក​ចង់​ស្នើ​សុំ​ពី​ដៃ​គូ​របស់​អ្នក។ កុំ​ភ្លេច​សរសេរ​សារ​ទាំងនេះ​ទៅ​ក្នុង PPT ចំនួន​៤ ឬ៥​សន្លឹក ជាមួយ​នឹង​ការ​រចនា​គួរ​ឲ្យ​ទាក់ទាញ។

  5. ត្រៀម​លក្ខណៈ​សម្រាប់​ការ​ធ្វើ​បទ​បង្ហាញ
  6. ដូច​ដែល​បាន​លើក​ឡើង​ខាង​ដើម ភាគី​ក្រុមហ៊ុន​ឯកជន​នៅ​ប្រទេស​កម្ពុជា​គ្មាន​ពេល​វេលា​ច្រើន​ទេ ហើយ​ក៏​គ្មាន​ក្រុម​ការងារ​ជំនាញ​ដើម្បី​អាន​សំណើរ​សុំ​របស់​អ្នក​នោះ​ដែរ​។ ដូចនេះ​ក្រោយ​ពី​ផ្ញើ​សំណើរ​សុំ​របស់​អ្នក​ហើយ អ្នក​គួរ​តែ​សាក​ល្បង​ណាត់​ប្រជុំ​ជាមួយ​ពួក​គេ។ សម្រាប់ខ្ញុំ ខ្ញុំ​បាន​ហាត់​សម​និយាយ​ជា​ច្រើន​ដង ដើម្បី​រៀប​ចំ​ខ្លួន និង​កសាង​ទំនុក​ចិត្ត​ផ្ទាល់​ខ្លួន​មុន​ពេល​ប្រជុំ។ ជាធម្មតា ខ្ញុំ​ហាត់​សម​ជាមួយ​មិត្ត​រួម​ការងារ ដើម្បី​ទទួល​បាន​ការ​រិះ​គន់​ស្ថាបនា។

  7. ការ​បន្ត​ការ​សាកសួរ​ព័ត៌មាន
  8. ក្រោយ​ពី​ការ​ប្រជុំ អ្នក​អាច​នឹង​ដឹង​ត្រួសៗ​ពី​ចំណាប់​អារម្មណ៍​វិជ្ជមាន ឬ​អវិជ្ជមាន​ពី​ដៃ​គូ​សហការ​របស់​អ្នក ប៉ុន្តែ​ស្រប​ពេល​នេះ​ដែរ ពួក​គេ​អាច​នឹង​ត្រូវ​ការ​ព័ត៌មាន​បន្ថែម។ កុំ​ឆាប់​បោះ​បង់​ចោល​ក្តី​សង្ឃឹម​ពេក។ អ្នក​ត្រូវ​ទាក់ទង​ទៅ​ពួក​គេ​ដោយ​ពាំ​នាំ​ព័ត៌មាន​បន្ថែម។ រង់ចាំ និង​ផ្តល់​ពេល​វេលា​ខ្លះ (ប៉ុន្តែ​មិនមែន​យូ​ពេក​នោះ​ទេ) ឲ្យ​ដៃ​គូ​សហការ​អ្នក​ក្នុង​ការ​ឆ្លើយ​តប។ មួយ​សប្តាហ៍ ឬ​១០ថ្ងៃ​ក្រោយ​មក ប្រសិន​បើ​អ្នក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ សូម​ផ្ញើសារ​អេឡិចត្រូនិច ឬ​ហៅ​ទូរសព្ទ​ទៅ​ពួកគេ។ ក្នុង​អំឡុង​ពេល​រង់​ចាំ អ្នក​ត្រូវ​រៀប​ចំ​គំរូ​កិច្ចសន្យា​ឲ្យ​រួចរាល់។ ពេល​ដែល​ទទួល​បាន​ចម្លើយ​ថា «យល់ព្រម» ភ្លាម​អ្នក​អាច​បំពេញ​ព័ត៌មាន​ឲ្យ​បាន​ឆាប់​រហ័ស និង​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​នោះ​រវាង​ស្ថាប័ន​អ្នក និង​ដៃ​គូ​សហការ។

  9. រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃ​គូ​របស់​អ្នក
  10. ព្យាយាម​ផ្សារ​ភ្ជាប់​ដៃ​គូ​សហការ​របស់​អ្នក​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​របស់​អ្នក និង​ផ្ញើ​លទ្ធផល​លេចធ្លោ រូបភាព វីដេអូ ឬ​ផ្ញើការ​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម ឬ​គេហទំព័រ​ឲ្យ​ដៃ​គូ​សហការ​អ្នក។ ដូចនេះ​ទើប​ពួក​គេ​អាច​ចែក​រំលែក​ការ​ផ្សព្វផ្សាយ​ទាំងនេះក្នុង​គេហទំព័រ​ បណ្តាញ​សង្គម​របស់​ពួក​គេ ឬ​តាម​បណ្តាញ​ផ្សេងៗ​ទៅ​កាន់​ទស្សនិកជន​របស់​ពួកគេ។ ចូរ​ចង​ចាំ​ថា​អ្នក​មិនមែន​ធ្វើការ​ជាមួយ​ដៃ​គូ​សហការ​តែ​ម្តង​ទេ អ្នក​តែងតែ​មាន​គម្រោង​ថ្មីៗ​ដើម្បី​ធ្វើ​បទ​បង្ហាញ​ឲ្យ​ពួក​គេ។ ដូច​ករណី​គម្រោង DI យើង​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​ដៃ​គូ​សហគ្រាស​ឯកជន​ចំនួន​៥​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​ទៅ​នេះ​ ហើយ​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ទាំង​នេះ​លើ​គម្រោង​ផ្សេងៗ​ទៀត។

ឧទាហរណ៍​ពី​សកម្មភាព​ដែល​យើង​ខ្ញុំ​បាន​សហការ​ជាមួយ​ដៃគូ៖

EZECOM

តាំង​ពី​ឆ្នាំ​២០១៣ ពេល​ដែល​គម្រោង DI ទើប​តែ​បង្កើត​ឡើង DI បាន​សហការ​ជាមួយ​អ្នក​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត ដើម្បី​ចូលរួម​ផ្តល់​មូលនិធិ​ដល់​កម្មវិធី​បច្ចេកវិទ្យា និង​សហគ្រិនភាព​សម្រាប់​ក្មេងស្រី ដែល​មាន​ឈ្មោះ​ថា Technovation Cambodia កម្មវិធី​បច្ចេកវិទ្យា BarCamp​ The Lab នៅ Development Innovations​ និង Business Information Portal for Women Entrepreneurs ដែល​រៀប​ចំ​ឡើង​ដោយ SHE Investments។ ការ​ឧបត្ថម​របស់ EZECOM បាន​ជួយ​ប្រជាជន​កម្ពុជា​លើស​ពី ៣៥០០នាក់​ក្នុង​ការ​រចនា និង​ធ្វើ​តេស្ត​បច្ចេកវិទ្យា​ថ្មី ដែល​មាន​តម្លៃ​សរុប​៥ម៉ឺនដុល្លា បើ​រួម​បញ្ចូល​ទាំង​ការ​ឧបត្ថម​ជា​សម្ភារៈ និង​​ថវិកា។

The Lab

MyTEB

MyTEB ជា​ក្រុមហ៊ុន​ថេប្លេត (Tablet) ​របស់​ប្រទេស​ម៉ាឡេស៊ី​មួយ​ដែល​បាន​សហការ​ជាមួយ​គម្រោង DI តាំង​ពី​ឆ្នាំ២០១៤ ដោយ​បាន​ផ្តល់​ការ​ឧបត្ថម​ជា​ឧបករណ៍​​ដែល​មាន​តម្លៃ​លើស​ពី​ ១ម៉ឺនដុល្លា សម្រាប់ The Lab at Development Innovations និង​កម្មវិធី Technovation Cambodia។

Vibol

ដោយ​ លោក​ ថេង វិបុល

អនុប្រធាន​គម្រោង​
Development Innovations