ទេព​មច្ឆា​ប្រកាស​អាសន្ន

អត្ថបទ​នេះមានជាភាសា៖ enEnglish

ប្រជាជន​កម្ពុជា​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ជា​រៀង​រាល់​ឆ្នាំ ហើយ​ប្រជាជន​ជា​ច្រើន​មិន​បាន​ទទួល​ដំណឹង​អំពី​ការ​ប្រកាស​អាសន្ន​ដើម្បី​ការពារ​ខ្លួន​នោះ​ទេ។ គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ ប្រជាជន​កម្ពុជា​ចំនួន ១,៨ លាន​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​២០​បាន​រង​គ្រោះ​ដោយ​សារ​ភ្លៀង​ខ្លាំង និង​កម្ពស់​ទឹក​ឡើង​លឿន ដែល​បណ្ដាល​ឲ្យ​ខូច​ខាត​សរុប​ជា​ទឹក​ប្រាក់​ច្រើន​ជាង ៣៥០ លាន​ដុល្លារ។
 
នៅ​ឆ្នាំ​២០១៦ គម្រោង Development Innovations (DI)  បាន​សហការ​ជាមួយ អង្គការ People In Need (PIN) និង DAI Maker Lab ដើម្បី​បង្កើត និង​សាកល្បង​ប្រើ​ប្រាស់​គំរូ​ឧបករណ៍​ប្រកាស​អាសន្ន​គ្រោះ​ទឹក​ជំនន់ ឈ្មោះ​ថា ទេព​មច្ឆា។ នៅ​ឆ្នាំ ២០១៧ DI បាន​ផ្ដល់​ជំនួយ​ថវិកា​ដើម្បី​អោយ PIN បង្កើត​ឧបករណ៍​នេះ​បន្ថែម និង​ដាក់​អោយ​ប្រើ​នៅ​តាម​ខេត្ត និង​តំបន់​នានា​ដែល​ប្រឈម​មុខ​នឹង​ទឹក​ជំនន់។ ប្រព័ន្ធ​ប្រកាស​អាសន្ន ១២៩៤ របស់ PIN បាន​ប្រើប្រាស់​ទិន្នន័យ​ដែល​ទទួល​បាន​ពី​ឧបករណ៍​វាស់​កម្ពស់​ទឹក រួច​ផ្ញើ​ទិន្នន័យ​នោះ​ទៅ​កាន់​ឧបករណ៍​បច្ចេកវិទ្យា​ដែល​អាច​ព្យាករណ៍ និង​បង្កើន​ភាព​ធន់ ដើម្បី​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ការពារ​ខ្លួន​ពី​គ្រោះ​ទឹក​ជំនន់ និង​គ្រោះ​ដទៃ​ទៀត​បាន​ល្អ​ជាង​មុន។ អង្គការ PIN បាន​សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ហើយ​ទទួល​បាន​អ្នក​ប្រើប្រាស់​ច្រើន​ជាង ៧០,០០០ នាក់​ទៅ​តាម​តំបន់​ដែល​ងាយ​ប្រឈម​មុខ​នឹង​ទឹក​ជំនន់។ PIN ក៏​កំពុង​តែ​ធ្វើ​ការ​ដើម្បី​ពង្រីក​គម្រោង​នេះ​ទូទាំង​ប្រទេស​កម្ពុជា​។
 
ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​ស្វែង​យល់​ពី​លោក​ស្រី ទិត្យ ដាវី ដែល​ជា​អ្នក​ប្រើ​ប្រាស់​ម្នាក់​នៅ​ខេត្ត​កំពត។