សិក្ខា​សាលា​ណែនាំ​ស្ដី​ពី​កម្មវិធី Technovation កម្ពុជា ២០១៩

អត្ថបទ​នេះមានជាភាសា៖ enEnglish

នៅ​ថ្ងៃ​អាទិត្យ​ ទី​០៦ ខែ​មករា ឆ្នាំ​២០១៩ កម្មវិធី Technovation កម្ពុជា​បាន​ប្រកាស​ចាប់​ផ្ដើម​កម្មវិធី​របស់​ខ្លួន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ កម្មវិធី Technovation កម្ពុជា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Technovation ក្រប​ខណ្ឌ​សកល​ទាក់​ទង​នឹង​ការ​ប្រកួត​ប្រជែង និង​ការ​បណ្ដុះ​បណ្ដាល​ផ្នែក​បច្ចេកវិទ្យា និង​សហគ្រិនភាព​ដល់​ ក្រុម​កុមារី និង​សិស្ស​នារី ដែល​មាន​អាយុ​ពី ១០ ទៅ ១៨ឆ្នាំ។ ព្រឹត្តិការណ៍​នេះ​បាន​ទាក់​ទាញ​អ្នក​ចូល​រួម ច្រើន​ជាង​៣៥០​នាក់ ដែល​នៅ​ក្នុង​នោះ​មាន​ក្រុម​សិស្ស​មក​ពី​វិទ្យាល័យ គ្រូបង្វឹក ឪពុកម្តាយ អាណាព្យាបាល អ្នក​តំណាង​មក​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា អង្គការ​ក្រៅ​រដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​កម្ពុជា។

កម្មវិធី​បណ្ដុះ​បណ្ដាល​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កំណត់​បញ្ហា​សហគមន៍ ជំនាញ​មូលដ្ឋាន​គ្រឹះ ផ្នែក​កុំព្យូទ័រ ការ​សរសេរ​ផែនការ​អាជីវកម្ម និង​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​ព្រម​ទាំង​ការ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ។ កម្មវិធី​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​១២​សប្ដាហ៍ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី០៦ ខែ​មករា ដល់​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ កម្មវិធី​នេះ​បើក​សម្រាប់​ក្រុម​កុមារី មក​ពី​បណ្ដា​វិទ្យាល័យ​រដ្ឋ និង​ឯកជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​សិក្សា​ពី​ជំនាញ​សំខាន់ៗ​ក្នុង​សតវត្ស​ទី​២១ ទាក់ទង​នឹង​បច្ចេកវិទ្យា និង​សហគ្រិនភាព។ ក្រុម​ជ័យ​លាភី​ចំនួន​ដប់​ពីរ​ក្រុម​មក​ពី​ជុំ​វិញ​ពិភពលោក​នឹង​ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍ World Pitch នៅ​ទីក្រុង San Francisco សហរដ្ឋ​អាមេរិក​ក្នុង​ខែ​សីហា ឆ្នាំ​២០១៩ ។

ព្រឹត្តិការណ៍​នេះ​បាន​ចាប់​ផ្ដើម​ដោយ​សុន្ទរកថា​របស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន  និងកីឡា រួម​ជាមួយ​នឹង​មតិ​ស្វាគមន៍​របស់ លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក Jonathan Yap ប្រធាន​ផ្នែក Regulatory & Corporate Affairs របស់​ក្រុមហ៊ុន Smart Axiata និង​លោកស្រី Kate Heuisler ប្រធាន​គម្រោង Development Innovations។

នៅ​ក្នុង​សុន្ទរកថា​បើក​កម្មវិធី លោក​ជំទាវ គឹម សេដ្ឋានី បាន​សម្តែង​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ចំពោះ​កម្មវិធី​មួយ​នេះ។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា “កម្មវិធី Technovation បាន​ជួយ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​ការ​ចូល​រួម​របស់​កុមារី​ក្នុង​វិស័យ ICT ។ កម្មវិធី​នេះ​មិន​ត្រឹម​តែ​បាន​រួម​ចំណែក​ដល់​ផ្នែក ICT និង​ការ​ច្នៃ​បង្កើត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ផ្ដល់​ឲ្យ​កុមារី​នូវ​ផ្នត់​គំនិត​នៃ​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ព្រម​ទាំង​បាន​អភិវឌ្ឍ​ជំនាញ​ទន់​សម្រាប់​ការងារ​នា​ពេល​អនាគត ដូច​ជា​ការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ច្នៃ​ប្រឌិត សហគ្រិនភាព ការ​ត្រិះ​រិះ​ពិចារណា ជំនាញ​បច្ចេកវិទ្យា និង​ការ​ដោះ​ស្រាយ​បញ្ហា។”

និយាយ​អំពី​កម្មវិធី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នេះ លោក Jonathan Yap បាន​លើក​ទឹក​ចិត្ត​កុមារី ដែល​មាន​វត្តមាន​ថា “ចំពោះ​ក្រុមហ៊ុន Smart កម្មវិធី Technovation ជំរុញ​ឱ្យ​អ្នក​សាក​ល្បង​នូវ​អ្វី​ថ្មីៗ បណ្ដុះ​គំនិត​ច្នៃ​ប្រឌិត​និង​ច្នៃ​បង្កើត ស្វែង​យល់​អំពី​ឥទ្ធិពល​នៃ​បច្ចេកវិទ្យា​ដើម្បី​សម្រេច​បាន​នូវ​ក្តី​បំណង​របស់​អ្នក។”

ក្នុង​ឆ្នាំ​២០១៨ គម្រោង Development Innovations បាន​សហការ​ជាមួយ​សហគមន៍ Technovation ក្រសួង​អប់រំ យុវជន និងកីឡា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​សាលា​រៀន​ដៃ​គូ បាន​ចូលរួម​ផ្ដល់​កម្មវិធី​សិក្សា​នេះ​ដល់​ក្មេង​ស្រី​ច្រើន​ជាង ១៨០នាក់ ស្មើ​នឹង​៤៤​ក្រុម ដែល​មក​ពី​សាលា​រដ្ឋ និង​ឯកជន​នៅ​ខេត្ដ​និង​រាជធានី​ចំនួន​បី គឺ​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​រាជធានី​ភ្នំពេញ។

“កម្មវិធី Technovation ​ផ្ដល់​ឱ្យ​ក្មេង​ស្រី​នូវ​ជំនាញ​ដែល​ពួក​គេ​ត្រូវ​ការ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ និង​សម្រប​សម្រួល​បាន​ទៅ​តាម​វិស័យ ឬ​អាជីព​ដែល​ពួក​គាត់​ជ្រើសរើស​នា​ពេល​អនាគត។ អ្នក​ចូលរួម​ម្នាក់​ពី​ឆ្នាំ ២០១៨ ឈ្មោះ រចនា បាន​ប្រាប់​ខ្ញុំ​ថា នាង​គិត​ថា​កម្មវិធី​នេះ​គឺ​ទាក់ទង​នឹង​ជំនាញ​បច្ចេកវិទ្យា ហើយ​នាង​បាន​រៀន​ជំនាញ​ថ្មីៗ​ជា​ច្រើន​ទាក់ទង​នឹង​ ការ​ធ្វើ​ការងារ​ជា​ក្រុម និង​ការ​ដោះស្រាយ​បញ្ហា​ផង​ដែរ។ ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​រឹង និង​ជំនាញ​ទន់​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​កម្មវិធី​នេះ​មាន​ភាព​ជោគ​ជ័យ។
 អ្នក​ចូល​រួម​ទាំង​អស់​តែង​តែ​បន្ត​វិល​ត្រឡប់​មក​ប្រកួត​ប្រជែង​វិញ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឥឡូវ​ ពួក​គេ​មួយ​ចំនួន​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​គ្រូ​បង្វឹក​វិញ​ម្ដង​ដើម្បី​ជំរុញ​ដល់​ក្មេង​ជំនាន់​ក្រោយ” លោក​ស្រី Kate Heuisler ប្រធាន​គម្រោង Development Innovations បាន​បញ្ចេញ​មតិ​របស់​លោក​ស្រី។

លោក​បណ្ឌិត ជុនហៀង ថាវរិទ្ធិ នាយករង​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​មុខ​វិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ជាមួយ​នឹង​តម្រូវ​ការ​ផ្នែក​ធនធាន​មនុស្ស​នៅ​ក្នុង​ផ្នែក​វិស្វកម្ម បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។ លោក​បណ្ឌិត​បាន​ជឿ​យ៉ាង​មុត​មាំ​ថា “តាម​រយៈ​កម្មវិធី Technovation នេះ​យើង​នឹង​ឃើញ​មាន​ការ​ចូល​រួម​របស់​ក្មេង​ស្រី​កាន់​តែ​ច្រើន​ទៅ​ៗ​នៅ​ក្នុង​មុខ​វិជ្ជា STEM នា​ពេល​អនាគត ” ។

ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក​កម្មវិធី Technovation កម្ពុជា​បាន​ជួយ​ក្រុម​ក្មេង​ស្រី​សរុប​ច្រើន​ជាង​ ៥០០​នាក់​នៅ​ក្នុង​១០០​ក្រុម​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​នេះ។ នៅ​ក្នុង​ឆ្នាំ​នេះ កម្មវិធី Technovation កម្ពុជា​ឆ្នាំ២០១៩ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និងកីឡា គម្រោង Development Innovations របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ និង​ការ​សម្រប​សម្រួល​ជាមួយ​សាលារៀន​ដៃគូ​ចូលរួម​នៅ​ទូទាំង​ប្រទេស។ ក្រុមហ៊ុន Smart Axiata គឺ​ជា​អ្នក​ឧបត្ថម្ភ​ថ្នាក់​ជាតិ​សម្រាប់​កម្មវិធី​នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​

Mrs. Oumuoy Heang, 2019 Technovation Cambodia Ambassador
Phone: 069 955 818 | 010 886 981, Email:  oumuoy.heang@gmail.com

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email