លោកតាព្រៃឡង់​ផ្សារភ្ជាប់​មនុស្សជាមួយ​ធម្មជាតិ

អត្ថបទ​នេះមានជាភាសា៖ enEnglish

យើងខ្ញុំចូលចិត្តនិទានរឿង​ដោយ​ប្រើប្រាស់​វីដេអូ ដែល​ជា​មធ្យោបាយ​ទំនាក់ទំនង​ដ៏​ខ្លាំង និង​ពេញ​និយម​មួយ​នៅ​ប្រទេស​កម្ពុជា។ វីដេអូ​ខាង​ក្រោម​នេះ បង្ហាញ​ពី​ទេសភាព សត្វព្រៃ និង​រុក្ខជាតិ​ដ៏​ស្រស់​ស្អាត និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ព្រៃឡង់​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​នៃ​ប្រទេស​កម្ពុជា។ វា​បាន​រៀបរាប់​ពី​ដំណើរ​ដើមទង​នៃ​ការ​រចនា និង​ការ​បង្កើត​ឡើង​របស់​តួអង្គ លោកតា ព្រៃឡង់ ព្រម​ទាំង​រៀបរាប់​ពី​យុទ្ធនាការ​របស់​អង្គការ MEDIA One ដែល​ជា​ដៃគូរ​យើងខ្ញុំ ក្នុងការ​ផ្សព្វផ្សាយ​ពី​តួអង្គ​មួយនេះ។ លោកតា ព្រៃឡង់​​ជា​​តួអង្គ​​មួយ​​ដែល​​បង្កើត​​ឡើង​ដើម្បី​ជា​រូប​តំណាង​ឲ្យ​ព្រៃឡង់។ លោកតា​គឺជា​តួអង្គ​សក្ការៈ​មួយ​​ដែល​​វប្បធម៌​​ខ្មែរ​​គោរព​ស្រលាញ់ ហើយ​​សិល្បៈករ អឿ សុគន្ធទេវី បាន​គូរ​គំនូរ​តួអង្គ​នេះ​អម​ជាមួយ​ទេសភាព​ដ៏​សំបូរ​បែប​នៅ​ជុំវិញ ដោយ​សហការ​ជាមួយ​អ្នកឯកទេស​គ្រប់គ្រង​កេរ្តិ៍ឈ្មោះ​ពាណិជ្ជកម្ម អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន និង​គម្រោង​អភិវឌ្ឍ​ក្នុង​តំបន់​អភិរក្ស​នៅ​ព្រៃឡង់។ យើងខ្ញុំ​ចង់​ឃើញ​ពី​លទ្ធផល​ពីការ​ប្រមូល​យោបល់ និង​គំនិត​ពី​មនុស្ស​ផ្សេងៗ​គ្នា​ជា​ច្រើន​ដោយ​ផ្ទាល់ ដើម្បី​បង្កើតរូបភាព និងសារ​រួមគ្នា​មួយ។
 

 
យុទ្ធនាការ​នេះត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជំរុញ​ឲ្យ​មាន​សារ​វិជ្ជមាន​អំពី​តំបន់ព្រៃឈើ ហើយ​យើងខ្ញុំ​ចង់​ដឹង​ថា​តើ​វា​អាច​ទាក់ទាញ​ឲ្យ​មាន​ការ​ចូលរួម​ក្នុងការ​ថែរក្សា​តំបន់​មរតក​ធម្មជាតិ​នៃ​ប្រទេសកម្ពុជា​ច្រើន​ដល់​កំរិត​ណា។ ក្រៅ​ពី​យុទ្ធនាការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសបុក MEDIA One ក៏​បាន​រៀបចំ​សកម្មភាព​បង្កើន​ការ​យល់ដឹង ដែល​រួមមាន​កម្មវិធី​ទំនាក់ទំនង​ដោយ​ផ្ទាល់ និង​ការ​ប្រកួតប្រជែង ក៏​ដូច​ជា​មាន​កម្មវិធី​វិទ្យុ​ដែល​អ្នក​ស្តាប់​អាច​ហៅ​ចូល​ដើម្បី​ជជែក​ជាមួយ​លោកតា​ព្រៃឡង់​បាន។ កម្មវិធី​វិទ្យុ​នេះ​អប់រំ​អ្នក​ស្តាប់​អំពី​ហេតុការណ៍​ចំបងៗ​នៅ​ព្រៃឡង់។ ក្រោយ​ពី​កម្មវិធី​វិទ្យុ MEDIA One បាន​សាកល្បង​ស្ទៀប​ស្ទង់​ការ​យល់ដឹង​ពី​ព្រៃឈើ​ជាមួយ​នឹង​ការ​ឆ្លើយ​សំណួរ​តាម​រយៈការ​ផ្ញើសារ​តាម​ទូរស័ព្ទ ហើយ​លទ្ធផល​នៃ​ការ​ស្ទៀបស្ទង់​បាន​បង្ហាញ​ថា​៨៤% នៃ​អ្នក​ឆ្លើយតប​បាន​ផ្តល់​ចម្លើយ​ត្រឹមត្រូវ​ ១០០%។ កញ្ញា តាំង សុនហៀន ជា​និស្សិត​មួយរូប​ដែល​បាន​ចូល​រួម​យុទ្ធនាការ​នេះ បាន​និយាយ​ថា៖ «ក្រោយ​ពី​បាន​ចូល​រួម​កម្មវិធី​យល់​ដឹង​មរតក​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា ខ្ញុំ​កាន់តែ​យល់​ច្បាស់​នូវ​តម្លៃ​របស់​ព្រៃឈើ​ជាងមុន… ខ្ញុំ​មិន​ដែល​បាន​ទៅ​ដល់​ព្រៃឡង់​ទេ ប៉ុន្តែ​កម្មវិធី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ដូចជា​បាន​ទៅ​ដល់​ពិតមែន។ ខ្ញុំ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​មុខ​ខ្ញុំ​អាច​មាន​ឱកាស​ទៅ​លេង​ព្រៃឡង់»។
 

 

 
សូម​អញ្ជើញ​ទស្សនា និង​ស្វែង​យល់​ពី​រូបភាព​ដែល​ត្រូវ​បាន​បង្កើត និង​ប្រើប្រាស់​ដើម្បី​ផ្សព្វផ្សាយ​កេរមរតក​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ក្នុង​វីដេអូ​ខាង​ក្រោម៖

 

Leng TRI

បក​ប្រែ​ដោយ​ ឡេង​ ទ្រី​

អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​
Development Innovations