ការ​រៃអង្គាស​មូលនិធិ​តាម​ប្រព័ន្ធ​អ៊ិនធើណិត​កាន់​តែ​ពេញនិយម ហើយ​សមាគម​ហ្វាពន្លឺសិល្បៈ​បាន​ប្រើ​វិធីសាស្រ្ត​នេះ​ប្រកប​ដោយ​លទ្ធផល​ជោគជ័យ

អត្ថបទ​នេះមានជាភាសា៖ enEnglish

Socheata

ដោយ កញ្ញា វិញ សុជាតា

ជំនួយការ​ផ្នែក​ទំនាក់ទំនង
Development Innovations


 
 
 
 
 
 
 

នៅ​ប្រទេស​កម្ពុជា​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​កំពុង​ធ្វើការ​យ៉ាង​សកម្ម​ក្នុងការ​កំណត់​បញ្ហា និង​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​មូលដ្ឋាន។ បន្ថែម​ពី​លើ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពិត​ជា​សំខាន់​សម្រាប់​ទ្រទ្រង់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​ឲ្យ​កាន់​តែ​យូរ​អង្វែង និង​បង្កើន​នូវ​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន។ ដោយសារ​ម្ចាស់​ជំនួយ​បាន​កាត់​បន្ថយ​មូលនិធិ​គាំទ្រ​សម្រាប់​ប្រទេស​កម្ពុជា ការ​ស្វែង​រក​មូលនិធិ​ជំនួយ​បាន​ក្លាយ​ជា​ឧបសគ្គ​ចំបង​មួយ​សម្រាប់​គម្រោង​សង្គម​ស៊ីវិល និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ឆ្នាំ២០១៧។

ហ្វាពន្លឺសិល្បៈ ជា​សមាគម​មិន​រក​ប្រាក់​ចំណូល​មួយ​នៅ​ខេត្ត​បាត់ដំបង ដែល​ជួយ​កុមារ និងគ្រួសារ ដែល​ជា​ជន​ងាយ​រង​គ្រោះ​នៃ​បញ្ហា​សង្គម​មួយ​ចំនួន​ដូចជា អំពើ​ហឹង្សា​ក្នុង​គ្រួសារ ថ្នាំញៀន និង​ការ​ជួញដូរ​មនុស្ស​ជាដើម។ ស្ថាប័ន​នេះ​ផ្តល់​ការ​ហ្វឹកហាត់​ផ្នែក​សិល្បៈ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ការ​អប់រំ​ទូទៅ និង​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ដល់​ក្រុម​គោលដៅ​របស់​ខ្លួន។ សមាគម​នេះ ជា​សមាជិក​មួយ​នៃ​គ្រួសារ​ហ្វា​ដែល​រួម​មាន ក្រុមសៀកកាយសម្ព័ន្ធ ហ្វាពន្លឺសិល្បៈ និង ស្ទូឌីយ៉ូហ្វា ដែល​ជា​ស្ទីឌីយ៉ូ​សម្រាប់​ផលិត​គំនូរ​ជីវចល និង​វីដេអូ។ ក្រុម​សៀក​កាយ​សម្ព័ន្ធ ហ្វាពន្លឺសិល្បៈ​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ដោយសារ​ការ​សម្តែង​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា និង​ភាព​ច្នៃ​ប្រឌិត រួម​ទាំង​កាយវិការ​ដ៏​ស្វាហាប់ ហើយ​ក្រុម​សៀក​នេះ​ក៏​បាន​ផ្តល់​ការងារ​ដល់​អ្នក​លេង​សៀក​ជា​ច្រើន​នៅ​ប្រទេស​កម្ពុជា។ រីឯ​ស្ទូឌីយ៉ូហ្វា​វិញ ជា​កន្លែង​បណ្តុះបណ្តាល​ការ​រចនា និង​គំនូរ​ជីវចល​ហើយ​ក៏​បាន​ផ្តល់​ការងារ​ដល់​មនុស្ស​ជា​ច្រើន​ផង​ដែរ។

ស្រប​ពេល​ដែល​កញ្ចប់​មូលនិធិ​ជំនួយ​នៃ​គម្រោង​សង្គម​ស៊ីវិល​ត្រូវ​បាន​កាត់​បន្ថយ ហ្វាពន្លឺសិល្បៈ ក៏​បាន​ចាប់​អារម្មណ៍​ទៅ​លើ​វិធីសាស្រ្ត​ថ្មីៗ​ក្នុងការ​ប្រមូល​វិភាគទាន​សម្រាប់​គម្រោង​ពួកគេ។ នៅឆ្នាំ ២០១៦ ហ្វា​ពន្លឺសិល្បៈ​បាន​ស្គាល់​តោះហ្វាន់(TosFund) ដែល​ជា​គេហទំព័រ​មិន​រក​ប្រាក់​ចំណូល​មួយ បង្កើត​ឡើង​សម្រាប់​រៃ​អង្គាស​មូលនិធិ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​សម្រាប់​គម្រោង​ក្នុង​ប្រទេស​កម្ពុជា។ ដូចនេះ ហ្វាពន្លឺសិល្បៈ ក៏​សម្រេច​ចិត្ត​ប្រើប្រាស់​គេហទំព័រ​នេះ ដើម្បី​បង្កើត​យុទ្ធនាការ​រៃអង្គាស​មូលនិធិ។ ដោយ​មាន​ការ​គាំទ្រ​មូលនិធិ​ពី​គម្រោង Development Innovations របស់ USAID អង្គការ​សង្គម​ស៊ីវិល Action IEC និង​ដៃគូ​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ជា​អ្នក​ប្រតិបត្តិការ​គេហទំព័រតោះហ្វាន់។ តោះហ្វាន់​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សេវាទូរស័ព្ទ​ចល័ត Cellcard ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា និង​ធនាគា ACLEDA ដែល​ជា​ធនាគា​ធំ​ជាង​គេ​ក្នុង​ស្រុក ហើយ​ការ​សហការ​នេះ​បាន​ទាក់ទាញ​មូលនិធិ​ជាង ២២.០០០ដុល្លា សម្រាប់​គម្រោង​ជួយ​សង្គម​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ចុង​ឆ្នាំ​២០១៦ ហ្វាពន្លឺសិល្បៈ​បាន​បង្កើត​យុទ្ធនាការ​រៃអង្គាស​មូលនិធិ​មួយ​នៅ​លើ​គេហទំព័រ តោះហ្វាន សម្រាប់​កម្មវិធី​អាហារ​រូបត្ថម្ភ​ដល់​សិស្សានុសិស្ស​វ័យក្មេង (Meal for Young Students) ដែល​កម្មវិធី​នេះ​នឹង​ផ្តល់​អាហារ​ថ្ងៃត្រង់​មាន​ជីវជាតិ សម្ភារៈសិក្សា និង​ថវិកា​ដល់​សិស្សានុសិស្ស​ដែល​ងាយ​រងគ្រោះ។

 

 
“ពួក​យើង​ចង់​ប្រាប់​មិត្តភ័ក និង​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក​ដោយ​ទឹកចិត្ត​សោមន្ស​រីករាយ​ថា ខ្មែរ​ជួយ​ខ្មែរ។ មើលចុះ! សិស្ស​និស្សិត អ្នក​ធ្វើការ និង​អ្នក​ដែល​គ្មាន​ប័ណ្ណ​ឥណទាន សុទ្ធ​តែ​បាន​ចូលរួម​ក្នុងការ​រៃអង្គាស​សម្រាប់​កម្មវិធី​អាហារ​សម្រាប់​សិស្សានុសិស្ស​វ័យ​ក្មេង ព្រោះ​ពួកគេ​ខ្វល់ខ្វាយ។ ពួកគេ​មាន​សិទ្ធិ​ក្នុងការ​ចូល​រួម​ធ្វើ​សកម្មភាព ដោយសារ​គេហទំព័រ​តោះហ្វាន់​មាន​ព័ត៌មាន​ជា​ភាសា​ខ្មែរ ហើយ​វិធី​បរិច្ចាគ​ថវិកា មិនមែន​មាន​តែ​តាម​ប័ណ្ណ​ឥណទាន​មួយ​មុខទេ”។ នេះ​ជា​សម្តី​របស់​លោក តារា ដែល​ជា​ប្រធាន​នៃ​សហគ្រាស​សង្គម​ហ្វាពន្លឺសិល្បៈ។ លោក​សប្បាយ​ចិត្ត​ដែល​តោះហ្វាន់​បាន​ជួយ​អង្គការ​នានា​ក្នុងការ​ស្វែងរក​ប្រភព​ជំនួយ និង​លើក​ទឹកចិត្ត​ឲ្យ​ប្រជាជន​កម្ពុជា​ចូលរួម​បរិច្ចាគ ដោយ​មាន​បង្ហាញ​ជា​ភាសាខ្មែរ​នៅ​លើ​គេហទំព័រ​នេះ​ផង​ដែរ។

ហ្វាពន្លឺសិល្បៈ ទទួល​បាន​វិភាគទាន​សរុប ៩.៧៤១ដុល្លា ក្នុង​រយៈពេល​៣០ថ្ងៃ។ ថវិកា​ទាំងនេះ​គឺ​បាន​មក​ពី​អ្នកគាំទ្រ​ចំនួន​៥២រូប ហើយ​វា​ជា​លទ្ធផល​នៃការ​ប្រើប្រាស់​គេហទំព័រ​ក្នុង​ប្រទេស​កម្ពុជា និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​ជំរុញ​បណ្តាញ​របស់ខ្លួន​ឲ្យ​ប្រើប្រាស់​វិធី​ថ្មី​មួយនេះ​ដើម្បី​គាំទ្រ​ការងារ​របស់​ហ្វាពន្លឺសិល្បៈ។

លោក តារា បាន​បង្ហើប​ថា មូលហេតុ​ដែល​ការ​កៀងគរ​មូលនិធិ​នេះ​ទទួល​បាន​លទ្ធផល​ជោគជ័យ គឺ​ដោយសារ​ពួកគេ​បាន​សរសេរ និង​ផ្ញើ​លិខិត​អំពាវនាវ​ផ្ទាល់ខ្លួន​ទៅ​កាន់​បណ្តាញ មិត្តភ័ក្ត និង​អ្នកគាំទ្រ​ហ្វា ហើយ​ពួកគេ​ក៏​បាន​ផ្សព្វផ្សាយ​យ៉ាង​ពេញ​ទំហឹង​ផងដែរ​នៅលើ​បណ្តាញ​សង្គម។ លោក តារា​បាន​ចែក​រំលែក​អាថ៌កំបាំង​ខាង​ក្រោយ​ភាព​ជោគជ័យ​នៃ​យុទ្ធនាការ​នេះ​ថា៖ “មាន​សំនួរ​សំខាន់​មួយ ដែល​យើង​គួរតែ​សួរ។ តើខ្ញុំ ឬមិត្តភ័ក្ត​ខ្ញុំ​នឹង​បរិច្ចាគ​ឲ្យ​គម្រោង​នេះទេ? ហេតុអ្វី? ហើយ​ហេតុអ្វី​ត្រូវ​ធ្វើ​នៅ​ពេលនេះ? ប្រសិន​បើ​គេ ឆ្លើយថា បាទ ឬចាស នោះ​យើង​អាច​ចាប់ផ្តើម​យុទ្ធនាការ​ប្រមូល​មូលនិធិ​នេះ​បាន។ ប្រសិន​បើ​អ្នក​មិន​ទាន់​ច្បាស់ ឬ​មិនអាច​ឆ្លើយ​សំនួរ​ខាងលើ​ដោយ​ចម្លើយ​ដែល​មាន​ជំនឿ​ទុកចិត្ត​បានទេ នោះ​អ្នក​ត្រូវ​កែ​សម្រួល​យុទ្ធនាការ​របស់​អ្នក​ម្តង​ទៀត ដើម្បី​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ម្ចាស់ជំនួយ”។ តោះហ្វាន់ នឹងជួយបុគ្គល ឬ​អង្គការ​ក្នុងការ​តាក់តែង និង​កែ​សម្រួល​គំនិត​ពួកគេ​ឲ្យ​កា្លយ​ទៅ​ជា​យុទ្ធនាការ​ប្រមូល​មូលនិធិ​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍​មួយ។

គម្រោង​ដែល​តោះហ្វាន់​ទទួល​យក​មាន​៣​ប្រភេទ​ធំៗគឺ៖ បុព្វហេតុសង្គម គម្រោងអាជីវកម្ម និងព័ត៌មានវិទ្យា គម្រោង​ខ្សែភាពយន្ត និងសិល្បៈ។ ចូលទៅ​កាន់​គេហទំព័រ​នេះ​ដើម្បី​ស្វែង​យល់ថា តើ​តោះហ្វាន់​អាច​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​លោកអ្នក​ដែរ​ឬទេ។

 

[Total: 5    Average: 4.8/5]