វគ្គ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​សម្រាប់​កម្មវិធី ​Technovation កម្ពុជា​២០១៨

អត្ថបទ​នេះមានជាភាសា៖ enEnglish

កាល​ពី​ថ្ងៃ​អាទិត្យ ទី២០ ខែឧសភា ឆ្នាំ២០១៨ កម្មវិធី Technovation កម្ពុជា​បាន​រៀប​ចំ​វគ្គ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​របស់​ខ្លួន​នៅ​ឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ វគ្គ​ប្រកួត​នេះ​តម្រូវ​ឲ្យ​ក្រុម​កុមារី​ចំនួន​១៤​ក្រុម​ដែល​មាន​អាយុ​​ពី​១០​ទៅ​១៨​ឆ្នាំ​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​អាជីវកម្ម​របស់​កម្មវិធី​ទូរស័ព្ទ​ដែល​ពួក​គេ​បាន​បង្កើត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សង្គម​នៅ​ប្រទេស​កម្ពុជា។
 

 
លោក​ឯកឧត្ដម​បណ្ឌិត អ៊ឹម កុច រដ្ឋ​លេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​អញ្ជើញ​ចូល​រួម​និង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​។ ភ្ញៀវ​កិត្តិយស​រួម​មាន លោក William A Heidt​ ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Erma L. Miranda អ្នក​គ្រប់​គ្រង​ផ្នែក​វិស្វកម្ម និង​ប្រធាន​ផ្នែក CSR នៃ Digital Mobile Innovations លោកស្រី​ Kate Heuisler ប្រធាន​គម្រោង Development Innovations, និង​ លោក ឡៃ ហេង ព្រឹទ្ធបុរស​រង​នៃ​មហា​វិទ្យាល័យ​អគ្គិសនី​និង​ថាមពល​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ក៏​បាន​សម្ដែង​នូវ​មតិ​ស្វាគមន៍​ក្នុង​កម្មវិធី​នេះ​ ដែល​មាន​ការ​ចូល​រួម​ ពី​សំណាក់​អ្នក​ចូល​រួម​ជាង​៤០០​នាក់ ដែល​ក្នុង​នោះ​មាន​ដូច​ជា​សិស្ស ឪពុកម្ដាយ ក្រុមហ៊ុន​បច្ចេកវិទ្យា អង្គការ​មិន​មែន​រដ្ឋាភិបាល​ រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា និង​មន្ត្រី​ការ​ទូត។
 
VIP
 
ក្នុង​ប្រសាសន៍​របស់​លោក ឯកឧត្ដម​បណ្ឌិត អ៊ឹម កុច ឯកឧត្ដម​បាន​បង្ហាញ​អំពី​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា “កម្មវិធី Technovation នេះ គឺ​ជា​ឱកាស​ដ៏​ពិសេស​មួយ​សម្រាប់​ស្រ្តី​វ័យ​ក្មេង​ដើម្បី​បង្ហាញ ពី​គំនិត​ច្នៃ​បង្កើត​របស់​ពួកគេ និង​ធ្វើ​អោយ​វា​ទៅ​ជា​ការ​ពិត ។ ខ្ញុំ​ចង់​អោយ​មាន​សិស្ស​ស្រី​ពី សាលា​ឯកជន និង​សាលា​រដ្ឋ ចូល​រួម​កាន់​តែ​ច្រើន​ថែម​ទៀត និង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ បន្ថែម​ទៀត​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ​ព្រម​ទាំង​សហគ្រិន​ដែល​មាន​បទពិសោធន៍​ និង​អ្នក​ជំនាញ IT ដើម្បី​ធ្វើ​ជា​អ្នក​ណែនាំ​ក្នុង​កម្មវិធី Technovation នេះ។” ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​លោក​ឯកឧត្ដម William A Heidt បាន​បញ្ចេញ​មតិ​ថា​ “តាម​រយៈ​កម្មវិធី​ដូច​ជា Technovation និង​វគ្គ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ National Pitchនេះ ប្រទេស​កម្ពុជា​ប្រាកដ​ជា​អាច​ចូល​រួម​និង​ទទួល​បាន​ប្រយោជន៍​ពី​សន្ទុះ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៏។ នេះ​គឺ​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ក៏​ដូច​ជា​យុវជន​កម្ពុជា​ជា​ច្រើន​នាក់​ទៀត​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ខ្ញុំ​ជឿ​ជាក់​ថា​ក្រុម​កុមារី​ដែល​ធ្វើ​បទ​បង្ហាញ​នៅ​ថ្ងៃ​នេះ​នឹង​មាន​គំនិត​បង្កើត​កម្មវិធី​និង​អាជីវកម្ម​ដែល​ប្រសើរ​ជាង​មុន​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​ក្នុង​សហគមន៍​របស់​គេ។” ប្រធាន​គម្រោង Development Innovations លោកស្រី Kate Heuisler យល់​ថា​កម្មវិធី Technovation គឺ​ជា​មាគា៍​មួយ​ដ៏​ល្អ​ដើម្បី​ជួយ​កុមារី​ក្នុង​ការ​ទទួល​បាន​ឱកាស​ចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។ លោក​ស្រី​បាន​និយាយ​ថា៖ “ពួក​យើង​សង្ឃឹម​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​របស់​ពួក​គាត់​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ពួក​គាត់​នឹង​បន្ត​រៀន​សរសេរ​កូដ​និង​ជំនាញ​ទន់​ផ្សេងៗ​ថែម​ទៀត។ កម្មវិធី Technovation ជួយ​តម្រែ​តម្រង់​កុមារី​ឲ្យ​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​បញ្ហា​នា​ថ្ងៃ​អនាគត។”
 
H.E Dr. IM Koch
 
គម្រោង Development Innovations របស់​ទី​ភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​បាន​គាំទ្រ​កម្មវិធី Technovation ដែល​ជា​កម្មវិធី​បង្រៀន​សហគ្រិនភាព​សង្គម​និង​បច្ចេកវិទ្យា​សម្រាប់​កុមារី​អាយុ​ពី​១០​ទៅ​១៨​ឆ្នាំ​នេះ​ចំនួន​៥​ឆ្នាំ​រួច​មក​ហើយ។ គម្រោង​នេះ​បាន​ជួយ​គាំទ្រ​កុមារី​ច្រើន​ជាង​៥០០​នាក់ ដែល​មាន​ចំនួន​១០០​ក្រុម​ដើម្បី​ចូល​ប្រកួត​ក្នុង​កម្មវិធី​នេះ។ ឆ្នាំនេះ ជាមួយ​នឹង​កិច្ច​សហការ​និង​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និងកីឡា, Smart Axiata, Digital Mobile Innovation, និង MyTeb Cambodia កម្មវិធី Technovation បាន​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​សហគ្រិនភាព​និង​បច្ចេកវិទ្យា​រយៈ​ពេល​១២​សប្ដាហ៍​សម្រាប់​កុមារី​ជាង​១៨០នាក់ ដែល​មាន​ចំនួន​៤៤​ក្រុម ពី​សាលា​រដ្ឋ​និង​ឯកជន​នៅ​ទី​ក្រុង​ភ្នំពេញ សៀមរាប និង​បាត់ដំបង។ កុមារី​ទាំង​នេះ​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​អំពី​ការ​សរសេរ​កូដ គំនិត​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ ការ​រៀប​ចំ​ផែនការ​អាជីវកម្ម​ និង​ការ​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​គណៈកម្មការ​។ បន្ទាប់​ពី​នេះ​ ពួក​គាត់​បាន​ផ្ញើ​ការងារ​ដែល​បាន​បំពេញ​រួច​ទៅ​កាន់​គណៈកម្មការ​ Technovation ពិភពលោក​នៅ​ស៊ីលីខិនវ៉ាលី​ ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ សហរដ្ឋអាមេរិក។ ការងារ​របស់​ក្រុម​ទាំង​៤៤​នេះ​នឹង​ត្រូវ​បាន​គណៈកម្មការ Technovation ពិភពលោក​ដាក់​ពិន្ទុ​ដើម្បី​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ ក្នុង​ឆ្នាំ​នេះ កម្មវិធី Technovation ទទួល​បាន​អ្នក​ចូលរួម​ជាង​២៥០០​ក្រុម​មក​ពី​ជាង​១០០​ប្រទេស​នៅ​ជុំ​វិញ​ពិភពលោក។ វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ស៊ីលីខិនវ៉ាលី ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ នៅ​ខែ​សីហា​នេះ។
 
Judges
 
នៅ​ក្នុង​កម្មវិធី​នេះ ក្រុម​ជ័យ​លាភី​ចំនួន​៣​បាន​ឈ្នះ​តាម​រយៈ​ការ​ដាក់​ពិន្ទុ​ទៅ​លើ​លក្ខខណ្ឌ​បច្ចេកទេស​និង​ការ​ធ្វើ​បទ​បង្ហាញ​ពី​គណៈកម្មាធិការ​ដែល​មាន​បទពិសោធន៍​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​អាជីវកម្ម​នៅ​កម្ពុជា។ ពួក​គាត់​ក៏​បាន​ផ្ដល់​ជា​មតិ​យោបល់​ទៅ​កាន់​កុមារី​ទាំង​នោះ​បន្ទាប់​ពី​ពួក​គេ​ធ្វើ​បទ​បង្ហាញ។ គណៈកម្មាធិការ​របស់​យើង​នៅ​ឆ្នាំ​នេះ​មាន​ដូច​ជា អ្នក​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​និង​ការ​បង្កើត​ថ្មី​ កញ្ញា​ ចាន់ ពេញល័ក្ខ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Codeingate លោក សុខ សុភមង្គល និង​អ្នក​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់ Saturday Kids លោកស្រីសុខ ស៊ីគៀង។ កម្មវិធី​នេះ​ក៏​បាន​ជ្រើស​យក​ក្រុម​ជ័យ​លាភី​មួយ​ក្រុម​ទៀត​សម្រាប់​វីដេអូ​ដែល​ទទួល​បាន​ Like និង Reaction ច្រើន​ជាង​គេ​នៅ​លើ​ទំព័រ Facebook របស់ Technovation កម្ពុជា។ ដូច​ទៅ​នឹង​ឆ្នាំ​មុនៗ​ដែរ ក្រុម​ជ័យ​លាភី​ទាំង​នេះ​នឹង​មិន​បាន​ជាប់​ទៅ​កាន់​វគ្គ​ប្រកួត​អន្តរជាតិ​ដោយ​ស្វ័យប្រវត្តិ​ឡើយ។

Winner National Pitch
 

ជ័យ​លាភី​ទី​១​សម្រាប់​ក្រុម​កុមារី​ថ្នាក់​អនុវិទ្យាល័យ​៖ 1st Place National Grand Prize Winner from Junior Division: Five Infinities

MEP Center គឺ​ជា​កម្មវិធី​ទូរស័ព្ទ​ដែល​អាច​ឲ្យ​អ្នក​ផ្ដល់​សេវាកម្ម​និង​អតិថិជន​ដែល​ស្ថិត​ក្នុង​វិស័យ​មេកានិច​ អគ្គិសនី និង​ប្រព័ន្ធ​ទឹក​អាច​ស្វែង​រក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ទិញ​សេវាកម្ម។

Winner National Pitch
 
ជ័យ​លាភី​ទី​១​សម្រាប់​ក្រុម​កុមារី​ថ្នាក់​វិទ្យាល័យ៖ 1st Place National Grand Prize Winner from Senior Division: Tech Girls Cambodia

E-Lab គឺ​ជា​កម្មវិធី​សម្រាប់​សិស្ស​ចាប់​ពី​ថ្នាក់​ទី​៧​ដល់​ទី​១២​ដែល​ចូល​ចិត្ត​សាក​ល្បង​ពិសោធន៍​វិទ្យាសាស្ត្រ​ដោយ​ខ្លួនឯង និង​ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ។

Winner National Pitch

ជ័យលាភីទី២៖ 2nd Place National Grand Prize Winner: ABC (Always Be Close)

My Cam Guide អាច​ជួយទេសចរស្វែងរកម​គ្គុ​ទេស​ក៍​ទេសចរណ៍​សម្រាប់​ដំណើរ​កំសាន្ត​នៅ​ប្រទេស​កម្ពុជា។

Winner National Pitch

ជ័យ​លាភី​ប្រជាប្រិយ​ភាព៖ People’s Choice Award National Grand Prize Winner: Estrogen

TutorKH គឺ​ជា​កម្មវិធី​ដែល​អាច​ជួយ​សិស្ស​ក្នុង​ការ​ស្វែង​រក​គ្រូ​បង្រៀន​បន្ថែម​ដែល​មាន​គុណភាព។ កម្មវិធី​នេះ​មាន​ការ​វាយ​តម្លៃ​គុណភាព​បង្រៀន​របស់​គ្រូ​និមួយៗ​ដែល​ផ្អែក​លើ​មតិ​របស់​សិស្ស។

People’s Choice Award

សូម​តាម​ដាន​ទំព័រ Technovation Cambodia Facebook ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​របស់​ក្រុម​កុមារី​ទាំងនេះ។

Leng TRI

ដោយ ឡេង ទ្រី

អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង
Development Innovations


 
 
 
 
 
 

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email