បង្កើត​ហូឡូក្រាម (Hologram) និង​ធ្វើ​ឲ្យ IAmRachana មាន​ភាព​រស់រវើក

ស្លាក: , ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

Sovanvatey

By Sovanvatey KHUON

Innovation Program Assistant
Development Innovations


 

តើ​អ្នក​គិត​ថា​មាន​វិធី​ណា​ខ្លះ​ដែល​ថ្មី​និង​អស្ចារ្យ​ក្នុងការ​ផ្ញើសារ​របស់​អ្នក​ទូទាំង​ប្រទេស​ដែរ​ឬទេ? ខ្ញុំ​គិត​ថា​ការ​បង្កើត​តួ​អង្គ​និមិត្ម​មួយ​ដែល​មាន​ភាព​រស់​រវើក​ពិត​ជា​អស្ចារ្យ! ដូច​នេះ​ពួក​យើង​បាន​បង្កើត រចនា (IAmRachana) ដែល​ជា​អ្នក​តំណាង​និមិត្ម​របស់​កម្មវិធី Technovation កម្ពុជា។ បន្ទាប់​ពី​បង្កើត​តួ​អង្គ​នេះ​ជា​លក្ខណៈ​ 2D ដោយ​ប្រើប្រាស់​កម្មវិធី Adobe Illustrator ខ្ញុំ​ចង់​ឲ្យ​នាង​មាន​ចលនា​និង​ក្លាយ​ជា​ជើង​ឯក​សម្រាប់​កុមារី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ផ្ដល់​សារ​ទៅ​កាន់​កុមារី Technovation ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ វគ្គប្រគួតថ្នាក់ជាតិ ខ្ញុំ​ក៏​មាន​បំណង​ណែនាំ IAmRachana ទៅ​ឲ្យ​កុមារី​អ្នក​ចូល​រួម​ស្គាល់​នាង ក៏​ដូចជា​បង្ហាញ​ថា រចនា ក៏​ជា​កុមារី Technovation មួយ​រូប​ដែល​នឹង​ធ្វើ​បទ​បង្ហាញ​នៅ​លើ​ឆាក​ដូច​កុមារី​ដទៃ​ទៀត​ដែរ។ ដូចនេះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​បង្កើត​ឧបករណ៏​បញ្ចាំង​ហូឡូក្រាម (Hologram) មួយ​ដើម្បី​បញ្ចាំង​រូបភាព​និង​សំឡេង​របស់​នាង។

ប៉ុន្តែ​អ្វី​ទៅ​ជា​ហូឡូក្រាម? ហូឡូក្រាម​គឺ​ជា​ការ​ប្រើប្រាស់​ចំណាំង​ផ្លាត​នៃ​ពន្លឺ​របស់​អេក្រង់​ដូច​ជា​ទូរទស្សន៏ កុំព្យូទ័រ ទូរស័ព្ទ ម៉ាស៊ីន​បញ្ចាំង​រូបភាព​នានា ដើម្បី​បញ្ចាំង​រូបភាព​ដែល​មាន​លក្ខណៈ 3D នៅ​ក្នុង​លំហរ។ ហូឡូក្រាម​មាន​ច្រើន​ប្រភេទ​និង​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​មិន​មាន​ន័យ​ថា​យើង​មិន​អាច​សង់​ហូឡូក្រាម​ដោយ​ខ្លួនឯងនោះទេ។ ខ្ញុំបានទទួលការលើកទឹកចិត្តក្នុងការរៀននិងស្រាវជ្រាវបន្ថែម រួចខ្ញុំបានរៀនតាមអ៊ីនធើណិតដោយខ្លួនឯងដើម្បីសង់ឧបករណ៏នេះបានដោយឥតគិតថ្លៃ។

តើអ្នកចង់សង់ឧបករណ៏បញ្ចាំងហូឡូក្រាមដោយខ្លួនឯងនិងបញ្ចាំងរចនានៅផ្ទះនិងសាលារៀនដែរឬទេ? នៅក្នុងអត្ថបទនេះ ខ្ញុំនឹងណែនាំអ្នកពីរបៀបសង់ឧបករណ៏បញ្ចាំងហូឡូក្រាមមួយដែលសាមញ្ញនិងមានតម្លៃសមរម្យ។ ឧបករណ៏បញ្ចាំងហូឡូក្រាមនេះជាប្រភេទពីរ៉ាមីតហូឡូក្រាមដែលដូចទៅនឹងឧបករណ៏ដែលខ្ញុំប្រើក្នុងការប្រកួតថ្នាក់ជាតិ។

ជំហានដំបូង៖ ការប្រមូលសម្ភារៈ

  • ឧបករណ៏ចំណាំងផ្លាត – អ្នកអាចប្រើកញ្ចក់ឬផ្លាស្ទិចរឹងថ្លាដែលមានចំណាំងផ្លាត។ អ្នកអាចប្រើផ្លាស្ទិចគ្រប់ប្រភេទដែលរឹងនិងក្រាសល្មមដើម្បីឈរបានដោយខ្លួនឯង។ ខ្ញុំគិតថាអ្នកអាចប្រើប្រអប់ផ្លាស្ទិចរឹងដែលអ្នកអាចស្វែងរកបាននៅផ្ទះ។ សម្រាប់ខ្ញុំ ខ្ញុំបានប្រើប្រអប់កាសរបស់ខ្ញុំដែលមានស្រាប់ព្រោះវាងាយស្រួលកាត់។
  • ទូរស័ព្ទ – ជាទូទៅទូរស័ព្ទនិមួយៗមានអេក្រង់ទំហំ៥អ៊ីញ ហើយអ្នកត្រូវដឹងថា ទំហំនៃឧបករណ៏បញ្ចាំងហូឡូក្រាមគឺអាស្រ័យទៅនឹងទំហំអេក្រង់ទូរស័ព្ទរបស់អ្នក។
  • អ្នកនឹងត្រូវការកន្រ្តៃ បន្ទាត់ និងកាវឬស្កុតបិត។

ជំហាន​ទី​ពី​៖ ការកាត់រាងឧបករណ៏បញ្ចាំងហូឡូក្រាមរួចផ្គុំបញ្ចូលគ្នា

  • កាត់ផ្លាស្ទិចរបស់អ្នកជាចតុកោណភ្នាយដែលមានកំពូល១ស.ម កំពស់៤ស.ម និងបាត៦ស.ម ចំនួន៤។ ទំហំនេះសមនឹងឧបករណ៏បញ្ចាំងហូឡូក្រាមតាមទូរស័ព្ទភាគច្រើន។ ដូចនេះ ប្រសិនបើអ្នកចង់សង់ឧបករណ៏នេះសម្រាប់ទូរស័ព្ទថាប្លែត (Tablet) អ្នកត្រូវគណនាទំហំបន្ថែមទៀតដើម្បីឲ្យត្រូវខ្នាត។
  • ផ្គុំផ្លាស្ទិចទាំងនោះជារាងពីរ៉ាមីត រួចប្រើស្កុតថ្លារុំឲ្យជាប់។ អ្នកត្រូវតែផ្គុំឲ្យស្មើដើម្បីឲ្យឧបករណ៏នោះអាចឈរបានដោយខ្លួនឯង។

 

ជំហាន​ទី​បី៖ ការបញ្ចាំងវីដេអូហូឡូក្រាម

  • ចូលទៅកាន់គេហទំព័រ YouTube រួចស្វែងរក “IAmRachana Hologram” ហើយបញ្ចាំងវីដេអូនោះឲ្យពេញអេក្រង់។
  • ដាក់ឧបករណ៏បញ្ចាំងហូឡូក្រាមនៅចំកណ្ដាលអេក្រង់ទូរស័ព្ទ។ អ្នកត្រូវចាំថា ហូឡូក្រាមត្រូវការទីងងឹតដើម្បីឃើញរូបច្បាស់។ ដូចនេះ អ្នកត្រូវស្វែងរកកន្លែងសមរម្យណាដែលមិនសូវភ្លឺដើម្បីបញ្ជាំងហូឡូក្រាម។ ប្រសិនជាកាន់តែងងឹតគឺកាន់តែល្អ។
  • ដាក់ទូរស័ព្ទរបស់អ្នកឲ្យស្មើនឹងកំពស់ភ្នែក បន្ទាប់មកអ្នកនឹងអាចឃើញរូបភាព3Dនៅក្នុងលំហរឧបករណ៏បញ្ចាំងហូឡូក្រាមនោះ។

ពេលនេះ អ្នកអាចទស្សនាហូឡូក្រាមបានតាមជ្រុងទាំង៤របស់ពីរ៉ាមីតផ្លាស្ទិចនេះ។ អ្នកក៏អាចហៅមិត្តរបស់អ្នកមកចូលរួមទស្សនាឧបករណ៏ដ៏អស្ចារ្យនេះដែរ។ តើអ្នកអាចមើលឃើញរចនាហើយឬនៅ?

ហូឡូក្រាមក៏ជាបច្ចេកវិទ្យាមួយដែរ។ អ្នកទើបតែបានបង្កើតឧបករណ៏បច្ចេកវិទ្យាមួយដែលអាចបង្ហាញពីស្នាដៃសម្រាប់កុមារីក្នុងវិស័យបច្ចេកវិទ្យា។ ហើយពេលនេះ នាងក៏អាចផ្ញើសារលើកទឹកចិត្តកុមារីដទៃទៀតដើម្បីក្លាយជាអ្នកបង្កើតបច្ចេកវិទ្យាដូចជាអ្នកដែរ! អ្នកអាចស្តាប់សាររបស់រចនាពេលណាក៏បាន ហើយកុំភ្លេចចែករំលែកជាមួយមិត្តភ័ក្រ្តផងណា!