វិថី​ឆ្ពោះ​ទៅ​កាន់​ការ​ថតរូប

អត្ថបទ​នេះមានជាភាសា៖ enEnglish

លោក ម៉ៅ ចាន់ឌី ជា​ជំនួយ​ការ​ប្រឹក្សា​របស់​គម្រោង Development Innovations ហើយ​ក៏​ជា​អ្នក​ស្រលាញ់​ការ​ថតរូប​ម្នាក់​ផង​ដែរ។ ថ្ងៃ​នេះ​ចាន់ឌី​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ពី​ដំណើរ​ដើមទង​នៃ​ការ​ថតរូប​របស់​គាត់ និង​គន្លឹះ​មួយ​ចំនួន​ដែល​លោកអ្នក​អាច​ចាប់ផ្តើម​បាន​ដោយ​ខ្លួនឯង!

 

ការ​ថតរូប! តើ​ខ្ញុំ​បាន​ចាប់​ផ្តើម​យ៉ាង​ដូច​ម្តេច?

 

Chandy

“ការ​ថតរូប​ជា​ភាសា​តែ​មួយ​គត់​ដែល​អាច​ធ្វើ​ឲ្យ​គេ​យល់​បាន​គ្រប់​ទី​កន្លែង​នៅ​ជុំ​វិញ​ពិភពលោក” លោក Bruno Barbey, អ្នក​ថតរូប​អន្តរជាតិ​

 

ខ្ញុំ​ជា​អ្នក​ដែល​បាន​ថត​រូបភាព​ជា​ច្រើន​ដែល​អ្នក​បាន​ឃើញ​នៅ​លើ​គេហទំព័រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​គម្រោង Development Innovations ខ្ញុំ​ក៍​ធ្លាប់​បាន​ផ្តល់​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​អំពី​ការ​ថតរូប​តាម​រយៈ​ទូរស័ព្ទ​ដៃ​ក្នុង​កម្មវិធី បាខេមកម្ពុជាផងដែរ។ ខ្ញុំ​បាន​ចូលរួម​ក្នុងការ​ថតរូប​តាំង​ពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​មក​ម្ល៉េះ​ដែល​ពេលនោះ​ខ្ញុំ​បាន​ថត​រូបភាព​សម្រាប់​ព្រឹត្តិការណ៍​សាធារណៈ​នានា និង​ក្នុង​កម្មវិធី​សប្បុរសធម៍​ជា​ច្រើន​។

ការ​ថតរូប​បាន​ក្លាយ​ជា​ចំណង់​ចំណូល​ចិត្ត​មួយ​របស់​ខ្ញុំ​តាំង​ពី​នៅ​ក្មេង។ ចំពោះ​ខ្ញុំ​ការ​ថតរូប​គឺជា​ការ​ឆ្លុះ​បង្ហាញ​នូវ​អ្វី​មួយ​ជា​ការ​ប្រាស្រ័យ​ទាក់ទង និង​ការ​បង្កើត​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត។

ហេតុអ្វី​បាន​ជា​ការ​ថតរូប​ជា​ការ​ទំនាក់ទំនង? កាល​ពី​មុន​ខ្ញុំ​ធ្លាប់​មាន​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ដទៃ(ប្រហែល​ជា​ខ្ញុំ​មិន​សូវ​មាន​ទំនុក​ចិត្ត​នៅ​ឡើយ)។ ជា​សំណាង​ល្អអ្វីៗ​បាន​ប្រសើរ​ឡើង​នៅ​ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​ការ​ថតរូប។

ហេតុអ្វី​ការ​ថតរូប​ជា​ការ​បង្កើត​ថ្មី​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត? គ្រប់​ពេល​ដែល​ខ្ញុំ​គិត​អំពី​ការ​ថតរូប​ខ្ញុំ​តែងតែ​គិត​អំពី​ការ​ច្នៃប្រឌិត។ រឿង​តែ​មួយ​គត់​គឺ​ការ​ធ្វើ​ឱ្យ​រូបថត​មាន​ភាព​ទាក់ទាញ និង​បង្កប់​នូវ​គំនិត​អ្វីមួយ។ នោះ​ហើយ​ជា​អ្វី​ដែល​បាន​បង្រៀន​ខ្ញុំ​នូវ​វិធី​ដើម្បី​ទទួល​បាន​នូវ​គំនិត​ផ្សេងៗ។

ហេតុអ្វី​ការ​ថតរូប​ជា​ការ​ឆ្លុះ​បង្ហាញ​ពី​អ្វី​មួយ? ការ​ប្រាស្រ័យ​ទាក់ទង និង​ភាព​ច្នៃ​ប្រឌិត​មួយ​ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​បង្ហាញ​នូវ​គោល​គំនិត និង​អារម្មណ៍​របស់​ខ្ញុំ។

មាន​គេ​សួរ​នាំ​ខ្ញុំ​អំពី​វិធី​ក្នុងការ​ចាប់​ផ្តើមការ​ថតរូប​ជា​លើក​ដំបូង​ ហើយ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​ចែក​រំលែក​នូវ​រឿងរ៉ាវ​ផ្ទាល់​របស់​ខ្ញុំ។

ចម្លើយ​តែ​មួយ​គត់​ដែល​ខ្ញុំ​មាន​នោះ​គឺ​ការ​ថតរូប​ត្រូវ​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក។ ការ​ថត​រូបភាព​មិន​បាន​ចាប់​ផ្ដើម​ដោយ​ការ​ទិញ​កាមេរ៉ា​ដែល​មាន​តម្លៃ​ថ្លៃ​ទេ។វា​ចាប់​ផ្តើម​ពី​ខ្លួន​អ្នក​ពីព្រោះ​ការ​ថតរូប​ត្រូវការ​ ការអនុវត្ត​ហើយ​អ្នក​អាច​អនុវត្ត​ជាមួយ​នឹង​ម៉ាស៊ីន​ថត​ណា​មួយ​ក៍​បាន។ នៅ​ពេល​ដែល​អ្នក​ថត​កាន់​តែ​ច្រើន​អ្នក​នឹង​ទទួល​បាន​ការ​យល់ដឹង​ច្រើន​អំពី​ការ​ថតរូប។ ដូច្នេះ​អ្នក​អាច​ចាប់ផ្តើម​ដោយ​គ្រាន់តែ​ចាប់​យក​ទូរស័ព្ទ​ដៃ​របស់​អ្នក​ហើយ​ថត​រូបភាព​នានា។

ខ្ញុំ​បាន​បញ្ជាក់​មុន​នេះ​ថា “នៅ​ពេល​ដែល​អ្នក​ថត​កាន់​តែ​ច្រើន​អ្នក​នឹង​ទទួល​បាន​ការ​យល់ដឹង​ច្រើន​អំពី​ការ​ថតរូប” ខ្ញុំ​សង្កត់​ន័យ​សំខាន់​លើ​ពាក្យ​ថា​យល់។ តើ​អ្វី​ទៅ​ដែល​អ្នក​ត្រូវ​យល់​ក្នុង​ពេល​ថត​រូបភាព​មួយ? ជាក់​ស្តែង​ណាស់​អ្នក នឹង​យល់​នូវ​គោល​គំនិត​មូលដ្ឋាន​ចំនួន​ពីរ​ស្តីពី​ការ​ថតរូប។ ជា​បឋម​គឺ​ការ​រៀប​ចំ​ប្លង់​ថត។ វា​ជា​សមាសភាព​ដែល​ដឹក​នាំ​ក្រសែ​ភ្នែក​របស់​អ្នក​មើល​រូបភាព​ឆ្ពោះ​ទៅ​រក​អ្វី​ដែល​សំខាន់​បំផុត​លើ​រូបភាព​របស់​អ្នក​ហើយ​ពេល​ខ្លះ​វា​ជា​បទ​បញ្ជា​ដ៍​ជាក់លាក់​មួយ។ សូម​មើល​ឧទាហរណ៍​ទាំង​នេះ។

 

Royal Palace

 

រូប​នេះ​ត្រូវ​បាន​ថត​នៅ​មុខ​ព្រះបរមរាជវាំង​តាម​រយៈ​ទូរស័ព្ទ​ដៃ​ប្រភេទ Galaxy S  តើ​ភ្នែក​របស់​អ្នក​ផ្តោត​សំខាន់​លើ​អ្វី​ដែរ?

 

BarCamp Ratanakiri

BarCamp Ratanakiri2

 

ខ្ញុំ​បាន​ថតរូប​ទាំង​នេះ​ក្នុង​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម​កម្មវិធី BarCamp Ratanakiri តើ​ភ្នែក​របស់​អ្នក​កំពុង​តាម​មើល​អ្វី​នៅ​ទីនេះ? តើ​អ្នក​ដឹង​ពី​វិធី​ដែល​ខ្ញុំ​រៀប​ចំ​ប្លង់​រូបថត​នេះ​ដែរ​ទេ?

 

អ្វី​ដែល​សំខាន់​ទីពីរ​ដែល​អ្នក​ត្រូវ​ដឹង​គឺ​វិធី​ប្រើប្រាស់​ម៉ាស៊ីន​ថតរូប។ ចំណុច​សំខាន់​របស់​ម៉ាស៊ីន​ថតរូប​ទាំងអស់​គឺ​ការ​ប្រើប្រាស់​ពន្លឺ។ លោក​អ្នក​មិន​អាច​រៀន​បាន​ច្រើន​ពី​ចំនុច​នេះ​ទេ​ប្រសិន​បើ​អ្នក​ប្រើប្រាស់​កាមេរ៉ា​របស់​ទូរស័ព្ទ។ ព្រោះ​កាម៉េរា​លើ​ទូរស័ព្ទ​ដៃ​បាន​លៃ​តម្រូវ​ពន្លឺ​របស់​រូប​ដោយ​ស្វ័យប្រវត្តិ​ទៅ​ហើយ។ លោកអ្នក​មិន​ចាំបាច់​ខ្វល់​អំពីថា​តើ​រូបភាព​នោះ​មាន​សភាព​ងងឹត ឬ​ភ្លឺ​ទេ។ កាមេរ៉ា​របស់​ទូរស័ព្ទ​អ្នក នឹង​លៃ​តម្រូវ​ពន្លឺ​បាន​យ៉ាង​ល្អ​សម្រាប់​អ្នក។ ប៉ុន្តែ​ប្រសិន​បើ​លោកអ្នក​ប្រើ​ម៉ាស៊ីន​ថតរូប​ឌីជីថល ឬ​ជា​ប្រភេទ​ Digital Single Lens Reflex (DSLRs) ដូចជា Canon 700D ឬ Nikon D60 ការ​ថត​រូបភាព​របស់​អ្នក​នឹង​បង្កើន​នូវ​ការ​យល់ដឹង​របស់​អ្នក​ពី​ពន្លឺ​តាម​រយៈ​ការ​គ្រប់គ្រង​ពន្លឺ។

 

សរុប​មក​ប្រសិន​បើ​អ្នក​គឺជា​អ្នក​ថត​រូប​ពី​ទូរស័ព្ទ​ដៃ​ការ​យល់ដឹង​ជា​មូលដ្ឋាន​ដែល​លោកអ្នក​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​គឺ​ការ​រៀប​ចំ​ប្លង់។ វា​មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ក្នុងការ​ថត​រូបភាព​មួយ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​អ្នក​ចាប់​ផ្តើម​ធ្វើ​នោះ​គឺការ​ថតរូប​ហើយ​ប្រៀបធៀប​វា​ទៅ​នឹង​រូបភាព​នានា​ដែល​ថត​ដោយ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​ផែ្នក​នេះ។ វិធី​នេះ​នឹង​ជួយ​ឲ្យ​លោកអ្នក​ដឹង​ពី​មូលហេតុ​នៃ​លក្ខណៈ​ដូចគ្នា​ ឬ​ខុស​គ្នា​នៃ​រូបថត​ដែល​អ្នក​ថត​ទៅ​នឹង​រូបថត​ដែល​ថត​ដោយ​អ្នក​មាន​ជំនាញ​វិជ្ជាជីវៈ​ឯ​ទៀត។ សម្រាប់​អ្នក​ដែល​មាន​អ្នក​ថត​រូប​តាម​រយៈ DLSR អ្នក​មិន​ត្រូវ​ផ្តោត​សំខាន់​តែ​ទៅ​លើ​ការ​រៀប​ចំ​ប្លង់​ប៉ុណ្ណោះ​ទេ តែ​លោកអ្នក​ត្រូវ​ផ្តោត​លើ​ដំណើរ​ប្រតិបត្ដិការ​របស់​កាមេរ៉ា​ផង​ដែរ ដែល​ជា​ការ​យល់ដឹង​សំខាន់​បំផុត​ដែល​អ្នក​ថតរូប​គ្រប់​រូប​ត្រូវ​យល់​ដឹង។ ខ្ញុំ​សង្ឃឹម​ថា​មេរៀន​ទាំងពីរ​នេះ​នឹង​ជួយ​លោកអ្នក​ក្នុង​ដំណើរ​ចូល​មក​កាន់​ការ​ថតរូប​របស់​អ្នក។

Chandy

By Chandy MAO

Advisory Assistant
Development Innovations


 
 
 
 
 
 
 

All photos by Chandy Mao, Development Innovations’ Advisory Assistant.

Download Chandy’s story in PDF