បទសំភាសន៍ខ្លីជាមួយសិក្ខាកាមវគ្គផលិតវីដេអូថ្នាក់មូលដ្ឋាន៖ ភិក្ខុ ខិន ហន

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

 

យើងខ្ញុំជឿជាក់​ថា​ផលិតផល និង​សេវាកម្ម​របស់​យើងខ្ញុំ​ពិត​ជា​ល្អ និង​មាន​សារៈ​ប្រយោជន៍។ ដូច្នេះ​យើងខ្ញុំ​តែងតែ​សាកសួរ​អតិថិជន ដៃគូ និង​អ្នក​ទទួល​បាន​ការ​គាំទ្រ​ជំនួយ​មូលនិធិ​របស់​យើងខ្ញុំ​យ៉ាង​ទៀងទាត់​ដើម្បី​ដឹង​ពី​តម្រូវការ​របស់​ពួកគាត់ និង​អ្វី​ដែល​យើងខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ប្រសើរ​ជាងមុន។ នេះ​ជា​បទ​សំភាសន៍​ខ្លី​មួយ​ជាមួយ​​សិក្ខាកាម​វគ្គផលិតវីដេអូថ្នាក់មូលដ្ឋាន​ជំនាន់ទី ២១ របស់​យើង​ខ្ញុំ។ ភិក្ខុ ខិន ហន ​គឺជា​និស្សិត​ថ្នាក់​អនុបណ្ឌិត​នៃ​សាកលវិទ្យាល័យបញ្ញាសាស្រ្តាកម្ពុជា ហើយ​ព្រះអង្គ​ក៏​បាន​បង្កើត​វីដេអូ​ជាច្រើន​​បន្ទាប់​​ពី​​បាន​ចូលរៀន​វគ្គផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​នៅ​ក្នុង​ខែ​មករា ឆ្នាំ ២០១៧។ សូម​អាន​បទ​សម្ភាស​ជាមួយ​ព្រះអង្គ​ដើម្បី​ស្វែង​យល់​បន្ថែម:
 
សំណួរ៖ ហេតុអ្វី​បាន​ជា​តេជគុណ​ចាប់​អារម្មណ៍​ក្នុងការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វីដេអូ​នេះ?

ឥឡូវ​នេះ​អាត្មា​​គឺជា​ជំនួយការ​​គ្រូ​​របស់​​លោក​បណ្ឌិត​ កុល ផេង ដែល​បង្រៀន​ថ្នាក់ Personal Growth and Development នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្រ្តា​កម្ពុជា។ ថ្នាក់​ដែល​អាត្មា​កំពុង​​ធ្វើការ​ជាមួយ​បាន​ជំរុញ​ទឹក​ចិត្ត​អាត្មា ពីព្រោះ​ថ្នាក់​មួយនេះ​បាន​បង្កើត​ទម្លាប់​ល្អ​សម្រាប់​ក្មេង​ជំនាន់ក្រោយ​​ ផ្លាស់ប្តូរ​​ការ​យល់​ឃើញ​របស់​ពួកគាត់ និង​លើក​ទឹកចិត្ត​ឱ្យ​ពួក​គាត់​មាន​បំណង​ប្រាថ្នា​ធំ។ ចំពោះ​អាត្មា​ផ្ទាល់ អាត្មា​ចង់​លើក​​ទឹក​ចិត្ត​សិស្ស​ឱ្យ​​ទទួល​​បាន​ជោគជ័យ​ក្នុង​ការងារ និង​ជីវិត។ ខណៈ​ពេល​បង្រៀន អាត្មា​តែងតែ​គិត​ស្វែងរក​ពី​វិធី​ផ្សេងៗ​​ក្រៅពី​​ការ​បង្រៀន​​នៅ​ក្នុង​ថ្នាក់ ដែល​អាច​បង្រៀន​ដល់​សិស្ស​និស្សិត និង​សាធារណៈជន​ ។ អាត្មា​ជ្រាបថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ជា​ពិសេស​​ហ្វេសប៊ុក​ នឹង​ជួយ​អាត្មា​​ក្នុងការ​ផ្ញើសារ​​មេរៀន​ទាំងនេះ​​លើស​​ពី​ការ​បង្រៀន​ក្នុង​ថ្នាក់។ លើស​ពី​នេះ​ទៀត​ប្រសិន​បើ​អាត្មា​អាច​ផលិត​​វីដេអូ​ខ្លី​​មួយ​ដែល​​ពន្យល់​មេរៀន​​បាន​​ជាក់លាក់  វា​​នឹង​​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​សាធារណៈជន។​ នៅ​ពេល​អាត្មា​​ផ្សព្វផ្សាយ​តាម​អន​ឡា​ញ វីដេអូ​នោះនឹង​នៅ​ទីនោះ​ជា​រៀង​រហូត​ហើយ​សាធារណៈជន​​អាច​ត្រឡប់​ទៅ​មើល​វា​​បាន​គ្រប់​​ពេល។ បន្ទាប់​​ពី​អាត្មា​បាន​ឃើញ​ការ​ផ្សព្វផ្សាយ វគ្គ​ផលិត​វីដេអូ​ថ្នាក់​មូលដ្ឋាន​របស់ Development Innovations លើ​ហ្វេសប៊ុក អាត្មា​បាន​ទំនាក់ទំនង​ទូរស័ព្ទ​ទៅ​បុគ្គលិក​របស់ Development Innovations ហើយ​សុំ​ឲ្យ​ចុះ​ឈ្មោះ​ភ្លាមៗ។ អាត្មា​ពិត​ជា​ស្វះ​ស្វែង​ចង់​រៀន​វគ្គ​បណ្តុះបណ្តាល​វីដេអូ​ខ្លី​នេះ​។

 

សំណួរ៖ តើ​វគ្គ​បណ្តុះបណ្តាល​នេះ​ដូច​នឹង​ការ​រំពឹងទុក​របស់​តេជគុណ​ដែរ​ឬទេ? ហេតុអ្វី?

វគ្គ​បណ្តុះបណ្តាល​នេះ​មាន​ប្រសិទ្ធភាព​​ខ្ពស់​​ណាស់​។ អាត្មា​បាន​រៀន​ពី​គោល​គំនិត​នៃ​ការ​រចនា ការ​ប្រើ​កាមេរ៉ា​ និង​ការ​ថត​ដោយ​​ផ្ទាល់​ ដូច្នេះ​អាត្មា​អាច​កាត់ត​វីដេអូ​របស់​អាត្មា​ផ្ទាល់។ នេះ​ជា​វគ្គ​​បណ្តុះ​បណ្តាល​ដ៏​ពេញលេញ​មួយ​សម្រាប់​អាត្មា​ ហើយ​អាត្មា​អាច​ផលិត​វីដេអូ​ផ្ទាល់​ខ្លួន​បាន បន្ទាប់​​ពី​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នេះ។ អាត្មា​ចូលចិត្តវិធី​ដែល​គ្រូ​បង្វឹក​ (កញ្ញា សុធាវី និង លោក ចាន់ឌី) បាន​​បង្រៀន​អាត្មា​ណាស់។ ពួកគាត់​ពិត​ជា​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ផ្តល់​ចំណេះ​ដឹង​ដល់​អាត្មា។ ដូចគ្នា​នេះ​ផង​ដែរ DI បាន​ផ្តល់​ឧបករណ៍​ទាំងអស់​សម្រាប់​អាត្មា​​អនុវត្ត​​ផ្ទាល់​​ក្នុង​វគ្គ​ផលិត​វីដេអូ​​ថ្នាក់​មូលដ្ឋាន​​នេះ។ វា​ជា​វគ្គ​បណ្តុះបណ្តាល​វីដេអូ​ដ៏​មាន​ប្រសិទ្ធិភាព​បំផុត​ដែល​អាត្មា​ធ្លាប់​បាន​រៀន។

 
Video Training

 

សំណួរ៖ តើតេជគុណនឹងប្រើចំណេះដឹងដែលព្រះអង្គបានរៀនយ៉ាងដូចម្តេច?

អាត្មា​មិន​​ចង់​​រង់​​ចាំ​​យូរ​​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង​របស់​​អាត្មា​​ទៅ​សាធារណៈជន​​ទេ។ ដូច្នេះ​បន្ទាប់​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​បញ្ចប់​ភ្លាម​ អាត្មា​បាន​សហការ​ជា​មួយ​សាស្រ្តាចារ្យ​​នៅ​​សាកលវិទ្យាល័យ​​របស់​​អាត្មា​ដើម្បី​ធ្វើការ​លើ​គម្រោង​ផលិត​វីដេអូ​មួយ។ ហើយ​អាត្មា​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​មួយ​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០១៧ ដើម្បី​ផ្សព្វផ្សាយ​វីដេអូ​ដែល​អាត្មា​បាន​ផលិត​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​របស់ DI ។ អាត្មា​មើល​ឃើញ​ថា​វីដេអូ​របស់​អាត្មា​បាន​បំផុស​គំនិត​និង​ជួយ​ផ្លាស់ប្តូរ​ការ​យល់​ឃើញ​របស់​សិស្ស។ តាម​រយៈ​មតិ​យោបល់ និង​ការ​ចែក​រំលែក​របស់​ពួក​គាត់​អាត្មា​បាន​ដឹង​ថា​អាត្មា​ត្រូវ​តែ​ផលិត​វីដេអូ​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​អប់រំ និង​ការ​ធ្វើ​ឲ្យ​សង្គម​ប្រសើរ​ឡើង។

 

សំណួរ៖ តើ​ហេតុអ្វី​បាន​ជា​ទំព័រ​ហ្វេសប៊ុក​របស់​តេជគុណ​មាន​ប្រជាប្រិយភាព?

បន្ទាប់​ពី​អាត្មា​បាន​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​នៅ DI អាត្មា​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក មួយ​នៅ​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ ២០១៧​ ឈ្មោះថ្នាក់បណ្តុះគុណធម៌ សាកលវិទ្យាល័យបញ្ញាសាស្រ្ត។ ទំព័រ​នេះ​បាន​ចាប់​ផ្តើម​ពី​សូន្យដល់ ១៣០០០ Likes ក្នុង​រយៈពេល​តែ​ពីរ​ថ្ងៃ​​ប៉ុណ្ណោះ។ វា​ជា​ការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់​ចំពោះ​អាត្មា។ អាត្មា​មិន​អាច​ជឿ​បាន​ថា​អាត្មា​អាច​ទទួល​បាន​ការ​ចុច Like រាប់​ពាន់​នាក់​បែប​នេះ​បាន​ឆាប់​រហ័ស​ដូច្នេះ​ទេ។ តាម​ការ​សង្កេត​ អាត្មា​ជឿ​ថា​មាន​ហេតុផល​សំខាន់​ប្រាំ​ដែល​ទំព័រ​ហ្វេសប៊ុក​របស់​អាត្មា​មាន​ប្រជាប្រិយ​ភាព​ដូច្នេះ​គឺ៖

  • ជំនាញ​ផលិត​វីដេអូ (ដែល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​របស់ DI)
  • គំនិត និង​សារ​ក្នុង​វីដេអូ
  • អាត្មា​បាន​ជ្រើសរើស​ប្រធាន​បទ​​ដែល​ត្រូវ​​កាលៈទេសៈ​​របស់​​ប្រទេស​​កម្ពុជា​ហើយ ត្រូវ​នឹង​​ទស្សនិកជន​
  • ព្រះ​តេជគុណ គូ សុភាព ជា​អ្នក​ណែនាំ​របស់​អាត្មា​ដែល​តែងតែ​ប្រាប់​អាត្មា​ឱ្យ​បង្កើត​សារ​ខ្លី ហើយ​ច្បាស់ បាន​ពិនិត្យ​វីដេអូ​ទាំងអស់​ដែល​អាត្មា​បាន​ផលិត
  • ឆន្ទៈ​របស់​អាត្មា​ក្នុងការ​ផលិត​វីដេអូ​អប់រំ​។ អាត្មា​បាន​លះ​បង់​កម្លាំង​​កាយ​ចិត្ត​​ក្នុង​ការ​ផលិត​​វីដេអូ​ទាំង​នេះ។

សំណួរ៖ តើ​ព្រះអង្គ​នឹង​ណែនាំ​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វីដេអូ​នេះ​ទៅ​អ្នក​ដ៏ទៃ​ដែរ​ឬ​ទេ? តើ​ហេតុអ្វី​បាន​ជា​ព្រះអង្គ​គិត​ថា​វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ពួក​គាត់?

សារ​របស់​អាត្មា​គឺ​ថា​យើង​គួរ​តែ​ធ្វើអ្វី​ទាំង​អស់​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ផ្ញើ​មេរៀន​ល្អៗ​របស់​​យើង​ទៅ​សាធារណៈជន។ ការ​សរសេរ​សៀវភៅ បង្រៀន​នៅ​ក្នុង​ថ្នាក់  ផ្សាយ​តាម​វិទ្យុ និង​បោះពុម្ព​ផ្សាយ​​ព័ត៌មាន​នៅ​ក្នុង​ទស្សនាវដ្តី គឺ​មិន​​ទាន់​​គ្រប់គ្រាន់​ទេ។ សព្វ​ថ្ងៃ​នេះ​​ក្មេង​ជំនាន់​ក្រោយ​​ចំណាយ​​ពេល​វេលា​​ជា​ច្រើន​នៅ​លើ​បណ្ដាញ​អន​ឡា​ញ។ យើង​មិន​អាច​ផ្សព្វផ្សាយ​ទៅ​ដល់​ពួកគាត់​ដោយ​​វិទ្យុ​ ឬ​សៀវភៅ​ទៀត​ទេ។ យើង​គួរ​តែ​ផ្សព្វផ្សាយ​ទៅ​ដល់​ពួក​គាត់​តាម​អ្វី​ដែល​ពួក​គាត់​កំពុង​ប្រើប្រាស់។ ប្រសិន​​បើ​ពួក​គាត់​កំពុង​ប្រើប្រាស់​ហ្វេសប៊ុក​ ហេតុអ្វី​បាន​ជា​យើង​មិន​ផលិត​សារ​ក្នុង​ហ្វេសប៊ុក​មួយ ហើយ​ចែក​រំលែក​​វា​ជាមួយ​ពួកគាត់? វីដេអូ​ខ្លី​គឺ​ជា​ឧបករណ៍​មួយ​ដែល​មាន​​ប្រសិទ្ធិភាព​​ខ្ពស់​ក្នុង​​ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ទស្សនិកជន​របស់​យើង​នៅ​លើ​បណ្តាញ​អន​ឡា​ញ។ ដូច្នេះ​សម្រាប់​អ្នក​​ដែល​មាន​អាជីវកម្ម​ហើយ​ត្រូវការ​ការ​​គាំទ្រ​​ពី​​មហាជន​ អាត្មា​សូម​ណែនាំ​អ្នក​​ទាំង​អស់​​គ្នា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ ឲ្យ​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​វីដេអូ​របស់ DI ។ វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ក្នុងការ​នាំ​យក​ដំណឹង​ល្អ ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម  ឬ​ផលិតផល​របស់​អ្នក​ទៅ​កាន់​គោលដៅ ឬ​អតិថិជន​របស់​អ្នក។ សូម​ចង​ចាំ​ថា ត្រូវ​​ចាប់ផ្តើម​​ចេញ​ពី​សារ​ដែល​មាន​អត្ថន័យ​ល្អ​ ប៉ុន្តែ​វីដេអូ​នឹង​ធ្វើ​ឱ្យ​សារ​នោះ​កាន់​តែ​ល្អ​ប្រសើរ​ និង​ទាក់ទាញ​ជាង​មុន។

 

 

សំណួរ៖ តើ​តេជគុណ​គិត​ថា​ការ​ចំណាយ​ពេលវេលា​ និង​ថវិកា​ដើម្បី​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​នេះ​ទទួល​បាន​លទ្ធផល​ដែរ​ឬ​ទេ?

ការ​ចំណាយ ១៥០$ សម្រាប់​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វីដេអូ​នៅ DI គឺ​ជា​ការ​វិនិយោគ​ទៅ​លើ​ខ្លួន​យើង​​ផ្ទាល់​ ហើយ​ចំណេះ​ដឹង​នេះ​នឹង​មិន​ចេះ​ចាស់​នោះ​ទេ។ កាល​ណា​យើង​ប្រើ​​វា​កាន់​តែ​ច្រើន​​យើង​​នឹង​​កាន់​តែ​មាន​​ជំនាញ​វិជ្ជា​ជីវៈ។ ការ​វិនិយោគ​នេះ​មិន​គ្រាន់​តែ​ផ្គត់ផ្គង់​ជីវិត​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​វា​​ក៏​ជួយ​​ដល់​​សង្គម​​ជាតិ​​របស់​​យើង​​ទាំង​​មូល​​ផង​​ដែរ។ ចុះឈ្មោះឥឡូវនេះ និង​ត្រៀម​​ខ្លួន​សម្រាប់​​វគ្គ​បណ្តុះ​បណ្តាល​ដ៏​មាន​សារៈប្រយោជន​នេះ!
 

Leng TRI

ដោយ ឡេង ទ្រី

អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​
Development Innovations