របៀបដែល DI ស្ដាប់និងសិក្សាពីមតិយោបល់

អត្ថបទ​នេះមានជាភាសា៖ enEnglish

Chansocheata

ដោយ កញ្ញា ពុំ ចន្ទសុជាតា

Former Innovation Program Assistant
Development Innovations


នៅ​គម្រោង Development Innovations ក្រុម​ការងារ​របស់​យើង​ខ្ញុំ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​ការងារ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​លទ្ធផល និង​មេរៀន​ដើម្បី​ជា​បទ​ពិសោធន៏។ នៅ​ក្នុង​រយៈពេល​ដែល​គម្រោង​ដំណើរ​ការ យើង​ខ្ញុំ​បាន​កែ​សម្រួល និង​តម្រែ​តម្រង់​កម្មវត្ថុ និង​សកម្មភាព​សំខាន់ៗ​ដើម្បី​ធានា​ឲ្យ​បាន​ថា​យើង​ខ្ញុំ​អាច​ផ្ដល់​សេវាកម្ម​ទៅ​ដល់​ក្រុម​គោលដៅ​ពិត​ប្រាកដ​ដោយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់លាក់​របស់​ពួក​គាត់។ គម្រោង​ផ្ទាល់​តែ​ម្តង មាន​ភាព​ប្រសើរ​ឡើង​ដោយសារ​យើង​ខ្ញុំ​បាន​រៀន​សូត្រពី​បទ​ពិសោធន៏​ពីពេល​មុខ ស្វែង​យល់​ពី​មតិ​យោបល់​ផ្សេងៗ និង​ប្រើប្រាស់​យោបល់​នោះ​ជា​វិធីសាស្រ្ត​ក្នុង​ការ​បង្កើត​សកម្មភាព​ថ្មីៗ។ នៅ​ចុង​ឆ្នាំ​ទី​៥ DI ចង់​ស្វែង​យល់​អំពី​សកម្មភាព​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​សកម្មភាព​ដែល​មិនមាន​លទ្ធផល​ល្អ​ប្រសើរ​ដើម្បី​ទាញ​យក​មេរៀន​ពី​បទ​ពិសោធន៏​ទាំង​នេះ។

នៅ​ខែ​មេសា​ ឆ្នាំ​២០១៨​ DI បាន​ស្វាគមន៍​អ្នក​ជំនាញ​ចំនួន​២​នាក់​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​បទពិសោធន៍​របស់​ DI​ តាមរយៈ​ការសិក្សា​ពី​លទ្ធផល​ និង​មេរៀន​បទពិសោធន៍​។ ពួកគាត់​បាន​ធ្វើ​បទសម្ភាសន៍​ និង​ពិភាក្សា​ជា​មួយ​ដៃគូ​ និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្សេងៗ​គ្នា​ដែល​ធ្លាប់​សហការ​ជាមួយ​ DI ​ដើម្បី​វិភាគ​អំពី​លទ្ធផល​ និង​ចំណុច​ដែល​គួរ​ឲ្យ​កត់​សំគាល់​។​ ខ្ញុំ​បាន​ជួយ​អ្នក​ជំនាញ​ទាំង​២​នាក់​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ ហើយ​ខ្ញុំ​បាន​រៀន​ពី​របៀប​ធ្វើការ​សិក្សា​វាយតម្លៃ​ដោយ​ផ្ទាល់​។

នៅ​ពេល​ដែល​ខ្ញុំ​ទទួល​បាន​ការងារ​មួយ​នេះ​ដំបូង​ ខ្ញុំ​មិន​បាន​យល់​អំពី​របៀប​ធ្វើ​នោះ​ទេ​ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​បាន​យល់​ច្រើន​ពី​សកម្មភាព​ទាំងមូល​។ ​ខ្ញុំ​ក៏​បាន​យល់​កាន់​តែ​ច្បាស់​ពី​មូលហេតុ​ដែល​យើង​ត្រូវ​ផ្ដល់​ឱកាស​ឲ្យ​ដៃគូ​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្រុមហ៊ុន​ និង​បុគ្គល​ផ្សេងៗ​ក្នុង​ការ​ផ្ដល់​យោបល់​អំពី​គំនិត​ និង​បទពិសោធន៍​របស់​ពួកគាត់​។

ការ​ស្រាវជ្រាវ​នេះ​ចែក​ជា​៣​ផ្នែក​ធំៗ​៖ ការរៀបចំ​ ការ​ប្រមូល​ទិន្នន័យ​ និង​ការវិភាគ​ទិន្នន័យ​ និង​សរសេរ​របាយការណ៍​។

  • I – ការរៀបចំ


    1. បង្កើត​កម្មវត្ថុ​៖ ការ​ត្រៀមខ្លួន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពិត​ជា​អាច​ជួយ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ក្នុង​ដំណាក់កាល​នេះ​ យើង​ខ្ញុំ​បាន​កំណត់​ពី​លទ្ធផល​ដែល​បាន​រំពឹង​ទុក​ និង​បង្កើត​ផែនការ​ដើម្បី​សម្រេច​បាន​លទ្ធផល​ទាំងនេះ​។ ក្រុម​ការងារ​របស់​ DI បាន​ចំណាយ​ពេល​២​សប្ដាហ៍​ដើម្បី​បង្កើត​ផែនការ​នេះ​មុន​ពេល​ដែល​ក្រុម​អ្នកជំនាញ​មក​ដល់​។ ក្រុម​ការងារ​ក៏​បាន​ចែក​រំលែក​ឯកសារ​ពាក់ព័ន្ធ​ដូចជា​របាយការណ៍​វាយតម្លៃ​ទៅ​កាន់​ក្រុម​អ្នក​ជំនាញ​ដើម្បី​ឲ្យ​ពួកគាត់​ស្វែងយល់​បន្ថែម​ពី​ការងារ​របស់​ DI និង​បរិបទ​នៅ​ប្រទេស​កម្ពុជា។ បន្ថែម​ពី​នោះ​ ក្រុម​ការងារ​ DI ​បាន​កំណត់​ដៃគូ​ដែល​បាន​សហការ​ជាមួយ​តាំង​ពី​ចាប់ផ្ដើម​ដំបូង​នៅ​ក្នុង​វិស័យ​ខុសៗ​គ្នា​ ដើម្បី​ធ្វើ​ការ​សម្ភាសន៍​ និង​បាន​រៀបចំ​កាលវិភាគ​ដើម្បី​ឲ្យ​ពួកគាត់​ជួប​ជា​មួយ​នឹង​ក្រុម​អ្នក​ជំនាញ​។
    2. ការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​៖ ការ​រៀបចំ​មាន​ភាព​លំបាក​ពី​ព្រោះតែ​ក្រុម​អ្នក​ជំនាញ​មិន​ទាន់​ស៊ាំ​ជា​មួយ​នឹង​បរិបទ​កម្ពុជា​។ វិធី​ធ្វើ​បទសម្ភាសន៍​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​ពី​ដៃគូ​ដែល​មក​ពី​វិស័យ​ផ្សេងៗ​គ្នា​ ហើយ​ក្រុម​ការងារ​របស់​គម្រោង​ចាំបាច់​ត្រូវ​ផ្ដល់​ដំណឹង​ដល់​ក្រុម​អ្នក​ជំនាញ​ឲ្យ​យល់​អំពី​បរិបទ​នៅ​កម្ពុជា​។
  • II – ការ​ប្រមូល​ទិន្នន័យ



    ខ្ញុំ​បាន​សម្គាល់​ឃើញ​ចំនុច​សំខាន់​ចំនួន​៤​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ដែល​អាច​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ដែល​ចង់​បាន​៖

    1. ជ្រើស​យក​បុគ្គល​ដែល​ដឹង​ពី​បរិបទ​ដើម្បី​ធ្វើ​ការ​សម្ភាសន៍​៖ ដើម្បី​ធានា​ថា​ទិន្នន័យ​ដែល​ប្រមូល​បាន​មិន​មាន​ភាព​លម្អៀង​ យើង​ខ្ញុំ​ជៀសវាង​មិន​ឲ្យ​ក្រុម​ការងារ​របស់​ DI ធ្វើ​ការ​សម្ភាសន៍​នោះ​ទេ។ ក្រុម​អ្នក​ជំនាញ​និង​ខ្ញុំ​ដែល​ជា​ Young Innovator ទើប​តែ​នឹង​ធ្វើការ​នៅ​ DI បាន​រយៈ​ពេល​ខ្លី​បាន​ទៅ​ប្រមូល​ទិន្នន័យ​ដោយ​មិន​ចាំបាច់​ធ្វើ​ឲ្យ​ដៃគូ​របស់​ DI មាន​សម្ពាធ​ក្នុង​ការ​ឆ្លើយ​សំណួរ​។
    2. មាន​ភាព​បត់បែន​៖ ការ​សម្ភាសន៍​ដោយ​ផ្អែក​ទាំងស្រុង​ទៅ​លើ​ក្រដាស​សំណួរ​ ជា​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​អាច​មិន​ទទួល​បាន​ចម្លើយ​ពិត​។ ការ​ចាប់​ផ្ដើម​ដោយ​ការ​ណែនាំ​ខ្លួន​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ទៅ​លើ​ដៃគូ​របស់​យើង​ខ្ញុំ​។ ក្រុម​អ្នក​ជំនាញ​បាន​សួរ​សំណួរ​ផ្សេងៗ​គ្នា​ជា​ច្រើន​អាស្រ័យ​ទៅ​លើ​អត្តចរិត​ និង​កំរិត​ចូល​រួម​របស់​ដៃគូ​។ ចំណុច​មួយ​ដែល​ខ្ញុំ​បាន​កត់​សម្គាល់​ថា​មាន​ភាព​រលូន​នោះ​គឺ​ការអនុញ្ញាត​ឲ្យ​ដៃគូ​សម្ភាសន៍​និយាយ​អំពី​គំនិត​របស់​ពួកគាត់​ទៅ​លើ​ប្រធានបទ​ធំ​ទូលាយ​មួយ​ រួច​ទើប​ក្រុម​អ្នក​ជំនាញ​សួរ​សំណួរ​បន្ថែម​។ ដោយ​ការអនុវត្ត​បែប​នេះ​ យើង​ខ្ញុំ​បាន​ទទួល​ចម្លើយ​ និង​ទិន្នន័យ​លើស​ពី​ការស្មាន​ជា​ច្រើន​។
    3. មាន​ភាព​វិជ្ជមាន និង​បើក​ចិត្ត​ទូលាយ​៖ ក្នុង​នាម​ជា​អ្នក​សម្ភាសន៍​ យើង​ខ្ញុំ​គួរ​ចាំ​ថា​ចម្លើយ​ដែល​យើង​ខ្ញុំ​ទទួល​បាន​មិន​ប្រាកដ​ថា​ជា​ចម្លើយ​ដែល​យើង​ខ្ញុំ​រំពឹង​ទុក​នោះ​ទេ​ ប៉ុន្តែ​ជា​ចម្លើយ​ពិត​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ដើម្បី​សរសេរ​របាយការណ៍​ដែល​ពិត​មួយ​។ នៅ​ពេល​ដែល​ប្រធានបទ​ត្រូវ​និយាយ​អំពី​ភាព​អវិជ្ជមាន​ ឬ​ភាព​បរាជ័យ​ ក្រុម​ការងារ​តែងតែ​ព្យាយាម​ទាញ​យក​មេរៀន​ពី​បទពិសោធន៍​របស់​ ដៃគូ​។ ប្រធាន​គម្រោង​ Development Innovations លោកស្រី​ Kate Heuisler បាន​និយាយ​ថា​ “យើង​ខ្ញុំ​ចង់​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​។ គ្រប់​យ៉ាង​ដែល​បាន​កើត​ឡើង​ មិនមែន​តែ​ភាព​ជោគជ័យ​នោះ​ទេ​។ យើង​ខ្ញុំ​ក៏​ចង់​ស្វែង​យល់​ពី​បរាជ័យ​របស់​យើង​ផង​ដែរ​។”
    4. ស្វែងរក​ភាព​ច្បាស់លាស់​៖ អ្នក​មិន​ត្រូវ​សន្មត​អំពី​ចម្លើយ​របស់​ពួកគាត់​នោះ​ទេ​! បើ​សិន​ជា​ចម្លើយ​នោះ​មិន​ច្បាស់​ យើង​ខ្ញុំ​បាន​សួរ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រៅ​ពី​ការ​សួរ​ថា​ “តើ​អ្នក​គិត​ថា DI បាន​រួម​ចំណែក​ច្រើន​នៅ​ក្នុង​ភាព​ជោគជ័យ​នេះ​ដែរ​ឬ​ទេ​?” អ្នក​អាច​សួរ​ថា “ក្នុង​គំនិត​របស់​អ្នក​ តើ​ DI បាន​រួម​ចំណែក​នៅ​ក្នុង​ភាព​ជោគជ័យ​នេះ​តាម​របៀប​ណា​?” ពេល​ខ្លះ​ខ្ញុំ​ត្រូវ​ចូល​ជួយ​បកប្រែ​ដើម្បី​ឲ្យ​ក្រុម​ការងារ​ និង​ដៃគូ​យល់​អំពី​បរិបទ​។ បើសិន​ជា​នៅ​តែ​មិន​មាន​ភាព​ច្បាស់លាស់​ យើង​ខ្ញុំ​អាច​ស្នើ​ឲ្យ​ពួកគាត់​ផ្ដល់​ជា​ឧទាហរណ៍​ជាក់ស្ដែង​ ឬ​បកស្រាយ​បន្ថែម​។ ដើម្បី​ធានា​បាន​ពី​គុណភាព​របស់​ទិន្នន័យ​ យើង​ខ្ញុំ​បាន​សូរ​បញ្ជាក់​បន្ថែម​ពី​ព័ត៌មាន​មុន​នឹង​កត់ទុក​។
  • III – ការ​វិភាគ​ទិន្នន័យ និង​របាយការណ៍


    1. ស្វែងរក​ចំនុច​រួម៖ បន្ទាប់​ពី​ប្រមូល​ទិន្នន័យ​បាន ក្រុម​ការងារ​បាន​ចាប់​ផ្ដើម​វិភាគ​ទិន្នន័យ​ដោយ​ផ្គុំ​ចម្លើយ​ទាំងនេះ និង​ស្វែងរក​ចំនុច​រួម។ ចាប់​ផ្ដើម​ពី​ការ​ស្វែងរក​លំនាំ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ និង​ប្រភេទ​នៃ​ដៃគូ​ ដែល​មាន​ដូច ជា​អ្នក​ទទួល​ជំនួយ​ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ ឬ​ក្រុម​គោលដៅ ដើម្បី​ស្វែងយល់​ពី​ភាព​ជោគជ័យ​ និង​បរាជ័យ​។ យើងខ្ញុំ​ប្រើប្រាស់​ទិន្នន័យ​នោះ​ដើម្បី​ទាញ​យក​កត្តា​ជោគជ័យ​ និង​មេរៀន​ដែល​ទទួល​បាន​ពី​បទពិសោធន៍​ផ្សេងៗ​។ នេះ​គឺ​ជា​ដំណាក់កាល​មួយ​ដែល​ត្រូវការ​ទិន្នន័យ​ និង​ការ​យល់ដឹង​ពី​សកម្មភាព​ដែល​ដៃគូ​នីមួយៗ​បាន​អនុវត្ត​ជា​មួយ​ DI។
    2. ប្រើប្រាស់​ការស្រាវជ្រាវ! រយៈ​ពេល​ដែល​ខ្ញុំ​បាន​ធ្វើការ​នៅ​ក្នុង​គម្រោង​នេះ​ខ្ញុំ​បាន​មើល​ឃើញ​ពី​ការងារ​របស់​ DI ពី​ទស្សនៈ​មួយ​ផ្សេង​។ កាន់​តែ​សំខាន់​ជាង​នេះ​ទៅ​ទៀត​ ខ្ញុំ​បាន​កត់​សំគាល់​និង​រៀន​ពី​អ្នក​ជំនាញ​ដែល​មាន​បទពិសោធន៍​ច្រើន​។ កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៨ ក្រុម​ការងារ​របស់​ DI បាន​រៀបចំ​វគ្គ​យុទ្ធសាស្ត្រ​ពង្រឹង​សមត្ថភាព​ក្រុម (Strategic Team Building) ហើយ​ពេល​នោះ​ផង​ដែរ​ DI ក៏​បាន​ប្រើប្រាស់​ទិន្នន័យ​ពី​ការ​សិក្សា​នេះ ដើម្បី​បង្កើត​សកម្មភាព​ថ្មី​សម្រាប់​ឆ្នាំ​ក្រោយ​។

លទ្ធផល​ កត្តា​ជោគជ័យ​ និង​មេរៀន​បទពិសោធន៍​ សុទ្ធ​តែ​ជា​ធាតុ​សំខាន់​នៅ​ក្នុង​ការងារ​របស់​ DI ហើយ​នឹង​ជា​ធាតុ​សំខាន់​សម្រាប់​ការ​រចនា​សកម្មភាព​នា​ថ្ងៃ​អនាគត​។