តើ​អ្នក​អាច​រក​ខ្លឹមសារ​ (Content)​ ដោយ​ឥត​គិត​ថ្លៃ​នៅ​លើ​អ៊ីនធឺណិត​ដែរ​ឬ​ទេ​?​

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

Chandy

ដោយ​ ម៉ៅ​ ចាន់ឌី

ជំនួយការ​ក្រុម​ប្រឹក្សា​យោបល់
Development Innovations


 

 

 

 

 

ពេល​បច្ចុប្បន្ន​នេះ​ ពួក​យើង​កំពុង​តែ​រស់​នៅ​លើ​ក្នុង​ពិភព​លោក​ដែល​ផ្សា​ភ្ជាប់​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ ហើយ​អ្នក​អាច​ស្វែង​រក​អ្វី​ដែល​អ្នក​ចង់​បាន​ស្ទើរ​តែ​ទាំង​អស់​នៅ​លើ​អ៊ីនធឺណិត​។​ មនុស្ស​ម្នាក់ៗ​ប្រើ​អ៊ីនធឺណិត​ក្នុង​គោលដៅ​ផ្សេងៗ​ពី​គ្នា​ ដូច​ជា​ការ​ទាក់ទង​គ្នា​ ការ​ស្គាល់​មនុស្ស​ថ្មីៗ​ ការ​កំសាន្ត​ ការ​ទទួល​ព័ត៌មាន​និង​ចំណេះ​ដឹង​ជា​ដើម​។ ជា​ធម្មតា​​ ខ្លឹមសារ​ (Content) ជា​ច្រើន​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​។​ រូបភាព​ គំនូរ​ និង​សំឡេង​ជា​ខ្លឹមសារ​ដែល​មាន​ចំនួន​អ្នក​ស្វែង​រក​និង​ទាញ​យក​ពី​អ៊ីនធឺណិត​ច្រើន​ជាង​គេ​។ ប៉ុន្តែ​បញ្ហា​ដែល​ចោទ​នោះ​គឺ​ តើ​ខ្លឹមសារ​ដែល​មាន​នៅ​លើ​អ៊ីនធឺណិត​នេះ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ដាក់​ឲ្យ​ប្រើ​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​មែន​ឬ​ទេ​? ប្រហែល​ដែរ​!

មិន​ថា​រូប​ភាព​ គំនូរ ឬ​សំឡេង​នោះ​ទេ​ ខ្លឹមសារ​ទាំង​នេះ​មាន​ចំណុច​រួម​មួយ​ដូច​គ្នា​គឺ​៖ វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មនុស្ស​។ ពេល​ខ្លះ​ មនុស្ស​មួយ​ចំនួន​បាន​យក​ខ្លឹមសារ​ពី​អ៊ីនធឺណិត​ទៅ​ប្រើ​ប្រាស់​សម្រាប់​​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​អ្នក​ផលិត​ដែល​បាន​ចំណាយ​ពេល​វេលា​និង​កម្លាំង​ផលិត​ខ្លឹមសារ​នោះ​ជា​មុន​។ នៅ​ពេល​ដែល​អ្នក​ផលិត​ដឹង​ពី​សកម្មភាព​នេះ​ ពួក​គេ​អាច​នឹង​ទាម​ទារ​ឲ្យ​អ្នក​ទាំង​នោះ​សង​ជា​សាច់​ប្រាក់​ ឬ​អាច​ឲ្យ​ពួក​គេ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ខ្លឹមសារ​នោះ​។​ ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ខ្លឹមសារ​ទាំង​នោះ​ ក៏​មាន​ប្រភព​ជា​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ដែល​អ្នក​អាច​ស្វែង​រក​ខ្លឹមសារ​បាន​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​។

ខាង​ក្រោម​នេះ​ជា​គេហទំព័រ​ដែល​អ្នក​អាច​ទាញ​យក​ខ្លឹមសារ​ទាំង​នោះ​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​ ដើម្បី​ប្រើ​ការ​ក្នុង​ស្ថាប័ន​របស់​អ្នក​។

1- Pexels

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​ Pexels នោះ​គឺ​ រូបភាព​ដែល​មាន​នៅ​លើ​គេហទំព័រ​នេះ​សុទ្ធ​តែ​នៅ​ក្រោម​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ Creative Commons Zero (CC0) ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រូបភាព​ទាំង​នេះ​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​ទោះ​បី​ជា​សម្រាប់​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ឬ​អាជីវកម្ម​ក៏​ដោយ​។ អ្នក​មិន​ចាំ​បាច់​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ផលិត​រូប​ទាំង​នោះ​ទេ។
Website: www.pexels.com

2- Pixabay

មិន​ត្រឹម​តែ​អាច​ទាញ​យក​ រូបភាព​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​នោះ​ទេ​ Pixabayគឺ​ជា​គេហទំព័រ​ដែល​អនុញ្ញាត​អោយ​អ្នក​ទាញ​យក​គំនូរ​ ក្រាហ្វិច​ និង​វីដេអូ​ផង​ដែរ​។ រូបភាព​និង​វីដេអូ​ទាំង​នេះ​សុទ្ធ​តែ​នៅ​ក្រោម​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​ Creative Commons Zero (CC0) ដូច​ទៅ​នឹង​ Pexels ដែរ​។ Pixabay ក៏​មាន​ជា​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android និង iOS ផង​ដែរ​។
Website: www.pixabay.com

3- YouTube Audio Library

សំឡេង​ជា​ធាតុ​សំខាន់​មួយ​ក្នុង​ការ​ផលិត​វីដេអូ​។ Audio Library គឺ​ជា​ទំព័រ​មួយ​នៅ​លើ​ YouTube ដែល​អ្នក​គ្រប់​គ្នា​អាច​ស្ដាប់​និង​ទាញ​យក​សំឡេង​និង​ចម្រៀង​ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​។​ ក៏​ប៉ុន្តែ​ អ្នក​គួរ​ប្រយ័ត្ន​ក្នុង​ការ​ជ្រើស​រើស​សំឡេង​និមួយៗ​ ព្រោះ​ថា​សំឡេង​ទាំង​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ក្រោម​អាជ្ញាប័ណ្ណ​កម្មសិទ្ធិ​ខុស​ៗ​គ្នា​។ អាជ្ញាប័ណ្ណ​ខ្លះ​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ផលិត​នៅ​ពេល​ប្រើ​ប្រាស់​ខ្លឹមសារ​របស់​គេ​។
Website: www.youtube.com/audiolibrary

YouTube Library

4- Freepik

Freepik គឺ​ជា​ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​ធំ​ៗ​ដែល​ផ្ដល់​ជូន​រូប​វ៉ិចទ័រ​(Vector) ដោយ​សេរី​និង​ឥត​គិត​ថ្លៃ​។ Freepik មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ Audio Library នោះ​ទេ​ រូប​ភាព​ខ្លះ​ក៏​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ផលិត​។
Website: www.freepik.com

FreePik

5- Flaticon

Flaticon គឺ​ជា​ផ្នែក​មួយ​នៃ​ Freepik ដែល​មាន​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បង្កើត​រូប​តំណាង​(Icon)។ លក្ខខណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់​រូប​តំណាង​ដែល​យក​ពី​ Flaticon មិន​ខុស​គ្នា​ច្រើន​ពី​ Freepik ប៉ុន្មាន​ទេ​។ អ្នក​ប្រើ​ត្រូវ​តែ​បញ្ជាក់​ឈ្មោះ​របស់​អ្នក​ផលិត​នៅ​កន្លែង​ដែល​មាន​ស្នាដៃ​របស់​គេ។
Website: www.flaticon.com

Flaticon

គន្លឹះ​ខ្លះ​ៗ​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​ពី​ការ​បញ្ជាក់​ឈ្មោះ​អ្នក​ផលិត​នៅ​លើ​កម្មសិទ្ធិ​របស់​ពួក​គាត់​៖

  • ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាង​លើ​ ខ្លឹមសារ​ខ្លះ​ដែល​ដាក់​ឲ្យ​អ្នក​ទាញ​យក​តម្រូវ​ឲ្យ​អ្នក​បញ្ជាក់​ឈ្មោះ​សិល្បករ​ដែល​ផលិត​វា​។ សំរាប់ ​Audio Library អ្នក​អាច​នឹង​បញ្ជាក់​ឈ្មោះ​ឲ្យ​អ្នក​ផលិត​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​របៀប​ណែនាំ​ដែល​មាន​ស្រាប់​នៅ​ក្នុង​ទំព័រ​សំឡេង​នីមួយ​ៗ។ Screenshot ខាង​ក្រោម​នេះ​​នឹង​បង្ហាញ​អ្នក​បន្ថែម​ពី​របៀប​ដែល​គេ​ត្រូវ​ការ។
  • តម្រូវ​ការ​បញ្ជាក់​ឈ្មោះ​នីមួយៗ​មិន​ដូច​គ្នា​ទេ​។ វា​អាស្រ័យ​ទៅ​នឹង​ប្រភេទ​អាជ្ញាប័ណ្ណ​ដែល​អ្នក​ផលិត​ដាក់​ឲ្យ​ប្រើ​។ អ្នក​នឹង​អាច​ស្វែង​យល់​ពី​ព័ត៌មាន​លម្អិត​ទៅ​តាម​គេហទំព័រ​នីមួយៗ​។ សិល្បករ​អាច​នឹង​ពេញ​ចិត្ត​នៅ​ពេល​ដែល​មាន​អ្នក​ប្រើ​ប្រាស់​និង​ចែក​រំលែក​ស្នាដៃ​របស់​គេ​ច្រើន​ ហើយ​មាន​ឈ្មោះ​របស់​គេ​នៅ​ទីនោះ​យ៉ាង​ត្រឹម​ត្រូវ។

Audio Library