ជំហាន​ដំបូង​ក្នុង​ការ​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​

ស្លាក: ,

អត្ថបទ​នេះមានជាភាសា៖ enEnglish

តើ​អ្នក​ធ្លាប់​ស្រមៃ​ចង់​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដោយ​ខ្លួន​ឯង​ដែរ​ឬ​ទេ? តើ​អ្នក​ធ្លាប់​ស្វែង​រក​វិធីសាស្រ្ត​ក្នុង​ការ​សរសេរ​កូដ​នៅ​លើ​អ៊ីនធឺណិត​ដែរ​ឬ​ទេ? តើ​អ្នក​ពិបាក​ក្នុង​ការ​ចាប់​ផ្ដើម​មែន​ទេ​?​ ប្រសិន​ជា​ដូច្នេះ​ អត្ថបទ​នេះ​នឹង​អាច​ជួយ​អ្នក​ចាប់​ផ្ដើម។ ជា​រឿយៗ​ ដៃ​គូ​របស់​យើង​មួយ​ចំនួន​បាន​សួរ​យើង​ពី​ប្រភព​ដែល​ពួក​គេ​អាច​ស្វែង​រក​ចំណេះ​ដឹង​ផ្នែក​នេះ​។ ដូច​នេះ​ ខ្ញុំ​ចង់​ចែក​រំលែក​ពី​មធ្យោបាយ​ខ្លះ​ដែល​អ្នក​អាច​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​។

គេ​ប្រើ​ប្រាស់​ការ​សរសេរ​កម្មវិធី​ (បង្កើតកម្មវិធី) ក្នុង​គោល​បំណង​ផ្សេងៗ​គ្នា​ ដូច​ជា​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ ការ​ផលិត​ភាពយន្ត​ ឬ​ក៏​បង្កើត​មនុស្ស​យន្ត​។ ចំពោះ​ខ្ញុំ​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខ្ញុំ​បាន​ប្រើ​ជំនាញ​នេះ​ក្នុង​ការ​បង្កើត​គេហទំព័រ​។ ចំណែក​អ្នក​ អ្នក​អាច​ប្រើ​ប្រាស់​ជំនាញ​សរសេរ​កម្មវិធី​នេះ​ទៅ​បង្កើត​អ្វីៗ​បាន​ជា​ច្រើន​ទៀត​។ ឡូយ​អត់​?

ប៉ុន្តែ​តើ​អ្នក​អាច​ចាប់​ផ្ដើម​រៀន​សរសេរ​កូដ​នេះ​ដោយ​របៀប​ណា​? តើ​អ្នក​គួរ​ជ្រើស​យក​ភាសា​មួយ​ណា​ក្នុង​ការ​សរសេរ​កូដ​? តើ​គេហទំព័រ​ណា​ដែល​សមរម្យ​សម្រាប់​សិក្សា?​ តើ​គេហទំព័រ​បែប​ណា​ដែល​សម​ស្រប​នឹង​អ្នក? តើ​អ្នក​អាច​សិក្សា​ជំនាញ​នេះ​នៅ​សាលា​ណា​ខ្លះ​នៅ​ប្រទេស​កម្ពុជា?

ដើម្បី​ជួយ​អ្នក​ក្នុង​ការ​ចាប់​ផ្ដើម​ ខ្ញុំ​នឹង​ចែក​រំលែក​ពី​គេហទំព័រ​ខ្លះ​ដែល​អ្នក​អាច​រៀន​សរសេរ​កូដ​បាន​នៅ​លើ​អ៊ីនធឺណិត​ ចាប់​តាំង​ពី​កម្រិត​ដំបូង​ដល់​កម្រិត​ខ្ពស់។ គេហទំព័រ​ទាំង​បួន​ខាង​ក្រោម​នេះ​នឹង​ជួយ​អ្នក​ដែល​ចាប់​ផ្ដើម​សិក្សា​កូដ​ដំបូង​ស្វែង​យល់​ពី​ភាសា​កូដ​ដែល​ពួក​គេ​ចូល​ចិត្ត​ ដោយ​ស្រប​តាម​កម្មវិធី​សិក្សា​យ៉ាង​ច្បាស់​លាស់​។ តោះ! ចាប់​ផ្ដើម​ទាំង​អស់​គ្នា។

  • Khmer Academy

    Khmer Academy គឺ​ជា​គេហទំព័រ​រៀន​តាម​អ៊ីនធឺណិត​ដំបូង​គេ​នៅ​កម្ពុជា​ដែល​មាន​កម្មវិធី​សិក្សា​សម​ស្រប​សម្រាប់​ប្រជាជន​កម្ពុជា​។ នៅ​លើ​ទំព័រ​នេះ​ អ្នក​អាច​រៀន​បាន​តាម​រយៈ​វីដេអូ​ឬ​ឯកសារ​ដែល​បែង​ចែក​តាម​ប្រភេទ​មុខ​ជំនាញ​ផ្សេងៗ​ ដូច​ជា​មូលដ្ឋាន​គ្រឹះ​កុំព្យូទ័រ​ វិទ្យាសាស្ត្រ​កុំព្យូទ័រ​ និង​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​ផ្សេងៗ​ទៀត​ដែល​មាន​នៅ​ក្នុង​កម្មវិធី​សិក្សា​បឋមភូមិ​និង​ទុតិយភូមិ​នៅ​កម្ពុជា។ កាន់​តែ​ពិសេស​ទៀត​នោះ​ វីដេអូ​និង​ឯកសារ​សម្រាប់​បង្រៀន​សុទ្ធ​តែ​ជា​ភាសា​ខ្មែរ។​

    ស្វែង​យល់​បន្ថែម៖ http://www.khmeracademy.org

  • Freecodecamp

    គេហទំព័រ​នេះ​តម្រូវ​ឲ្យ​អ្នក​រៀន​សរសេរ​កូដ​ឆ្លង​កាត់​ការ​សរសេរ​កូដ​ជាក់ស្ដែង​និង​បង្កើត​គម្រោង​ដោយ​ខ្លួន​ឯង។ បទ​ពិសោធន៍​ដំបូង​របស់​ខ្ញុំ​ក្នុង​ការ​សរសេរ​កូដ​គឺ​ខ្ញុំ​បាន​រៀន​បង្កើត​គេហទំព័រ​ ហើយ​ខ្ញុំ​គិត​ថា​វា​ជា​ចំណុច​ចាប់​ផ្ដើម​មួយ​ដ៏​ល្អ​ព្រោះ​អ្នក​រៀន​អាច​ឃើញ​លទ្ធផល​ដែល​គេ​បង្កើត​បាន​ភ្លាមៗ​ទោះ​បី​ជា​ទើប​តែ​សរសេរ​កូដ​បាន​ប៉ុន្មាន​ជួរ​ក៏​ដោយ។​ Freecodecamp នឹង​ផ្ដល់​ជូន​អ្នក​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែង​ក្នុង​ការ​បង្កើត​គេហទំព័រ​។

    ស្វែង​យល់​បន្ថែម៖ freecodecamp.org

  • Madewithcode.com

    តើ​អ្នក​ដែល​គិត​ថា​ការ​សរសេរ​កូដ​អាច​ជួយ​ដល់​អ្វីៗ​គ្រប់​យ៉ាង​ ចាប់​ពី​ការ​សម្រេច​ចិត្ត​ស្លៀក​សំលៀក​បំពាក់​រហូត​ដល់​ការ​ជួយ​ជីវិត​? Madewithcode អាច​ជួយ​ឲ្យ​អ្នក​ស្វែង​យល់​អំពី​គោល​គំនិត​នៃ​ការ​សរសេរ​កូដ​ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ស្វែង​យល់​ពី​គម្រោង​ការងារ​ផ្សេងៗ​ដូច​ជា​រូប​ភាព​ជីវចល​ និង​ការ​កែ​ភ្លេង​ជា​ដើម។
    ស្វែង​យល់​បន្ថែម៖ madewithcode.com

  • Code.org

    Code.org គឺ​ជា​គេហទំព័រ​មួយ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ទើប​នឹង​រៀន​សរសេរ​កូដ​ក្នុង​ការ​យល់​ដឹង​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ជំនាញ​នេះ​។ ប្រសិន​បើ​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​រៀន​រយៈ​ពេល​វែង​ អ្នក​ក៏​អាច​ជ្រើស​យក​វគ្គ​ខ្លី​រយៈ​ពេល​មួយ​ម៉ោង​ដែល​មាន​សម្រាប់​អ្នក​សិក្សា​គ្រប់​វ័យ។ វគ្គ Angry Bird គឺ​ជា​វគ្គ​ខ្លី​មួយ​ដែល​ខ្ញុំ​ផ្ទាល់​ចូល​ចិត្ត​។ នៅ​ពេល​ដែល​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​វគ្គ​សិក្សា​រយៈ​ពេល​វែង​ អ្នក​អាច​ជ្រើស​យក​កម្រិត​ភាព​លំបាក​ទៅ​តាម​អាយុ​ឬ​សមត្ថភាព​របស់​អ្នក​ (ជ្រើស​យក​វគ្គ​សិស្ស​កម្រិត​មត្តេយ្យ​ក៏​បាន​ដែរ!)។ វា​ពិត​ជា​អស្ចារ្យ។

    ស្វែង​យល់​បន្ថែម៖ code.org

នៅ​ប្រទេស​កម្ពុជា​ក៏​មាន​សាលា​មួយ​ចំនួន​ដែល​បង្រៀន​ជំនាញ​សរសេរ​កូដ​នេះ​ជា​លក្ខណៈ​វគ្គ​ខ្លី​និង​វគ្គ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផង​ដែរ។ ពេល​នេះ​ ខ្ញុំ​នឹង​បង្ហាញ​ពី​សាលា​ចំនួន​បី​ដែល​មាន​គ្រូ​បង្រៀន​នៅ​ចាំ​បង្ហាត់​អ្នក​រៀន​សរសេរ​កូដ​។

  • IT Step Academy

    IT Step Academy មាន​បើក​បង្រៀន​វគ្គ​បណ្ដុះ​បណ្ដាល​កុំព្យូទ័រ​ជា​ច្រើន​។ នៅ​ក្នុង​នោះ​ សាលា​នេះ​ក៏​មាន​ជា​វគ្គ​សិក្សា​សម្រាប់​កុមារ​អាយុ​ពី​៦​ដល់​១៦​ឆ្នាំ​ដែល​មាន​ឈ្មោះ​ថា​ “Junior Computer Academy” ដើម្បី​ផ្ដល់​ជា​មូលដ្ឋាន​គ្រឹះ​ផ្នែក​បច្ចេកវិទ្យា​ដល់​ពួក​គេ។ ក្រៅ​ពី​នេះ​ ពួក​គេ​ក៏​មាន​ជា​វគ្គ​សិក្សា​ផ្សេងៗ​រយៈ​ពេល​២​ទៅ​៣​ខែ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ​ ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ និង​មុខ​ជំនាញ​ជា​ច្រើន​ទៀត។

    ស្វែង​យល់​បន្ថែម៖ https://cambodia.itstep.org

  • Cambodia-Korea Cooperation Center (CKCC)

    មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​កូរ៉េ​ក៏​មាន​ផ្ដល់​ជូន​វគ្គ​បណ្ដុះ​បណ្ដាល​បង្កើត​កម្មវិធី​ ដែល​នៅ​ក្នុង​នោះ​មាន​ដូច​ជា​កម្មវិធី​ទូរស័ព្ទ​ គេហទំព័រ ការ​សរសេរ​កូដ​ដោយ​ប្រើ​Java និង​កម្មវិធី​កុំព្យូទ័រ​។ រយៈ​ពេល​សិក្សា​នៃ​វគ្គ​និមួយៗ​មាន​ចំនួន​៤៥​ម៉ោង​ដែល​សម​ល្មម​សម្រាប់​អ្នក​ក្នុង​ការ​យល់​ដឹង​អំពី​មូលដ្ឋាន​គ្រឹះ​និង​ជំនាញ​ទាក់​ទង​នឹង​ការ​បង្កើត​កម្មវិធី។

    ស្វែង​យល់​បន្ថែម៖ http://www.rupp.edu.kh/ckcc/index.php?loadpage=program

  • Korea Software HRD Center

    នេះ​ជា​កន្លែង​ដែល​អ្នក​អាច​រៀន​សរសេរ​កូដ​ចាប់​ផ្ដើម​ពី​កម្រិត​ដំបូង​រហូត​ដល់​កម្រិត​ខ្ពស់​។ កម្មវិធី​សិក្សា​នៅ​កន្លែង​នេះ​មាន​ភាព​ស្រដៀង​នឹង​ CKCC ដែរ។ សាលា​នេះ​ក៏​មាន​បង្រៀន​វគ្គ​សិក្សា​អំពី​ការ​គ្រប់គ្រង​ទិន្នន័យ​និង​Spring Framework ដែល​តម្រូវ​ឲ្យ​អ្នក​មាន​ចំណេះដឹង​ពី​មូលដ្ឋាន​របស់​ការ​សរសេរ​កូដ​មុន​នឹង​ចាប់​ផ្ដើម​សិក្សា។ ដូច​នេះ​ប្រសិន​បើ​នេះ​ជា​លើក​ដំបូង​ដែល​អ្នក​រៀន​សរសេរ​កូដ អ្នក​អា​ចចាប់​ផ្ដើម​ពី​វគ្គ​បង្កើត​និង​រចនា​គេហទំព័រ​។

    ស្វែង​យល់​បន្ថែម៖ http://www.kshrd.com.kh

ខ្ញុំ​ជឿ​ជាក់​ថា​តាម​រយៈ​គេហទំព័រ​និង​មជ្ឈមណ្ឌល​សិក្សា​ទាំង​នេះ​ ​អ្នក​នឹង​អាច​រៀន​បាន​ខ្លះ​ពី​បរិបទ​និង​ជំនាញ​សរសេរ​កូដ​។ បន្ទាប់​មក ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ផ្ដោត​សំខាន់​ទៅ​លើ​ជំនាញ​ដែល​អ្នក​ទាំង​អស់​គ្នា​ប្រាថ្នា​។ តើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កូដ​អ្វី? សរសេរ​កូដ​បង្កើត​គេហទំព័រ បង្កើត​កម្មវិធី​ ឬ​ក៏​អ្នក​ចង់​បង្កើត​ Artificial Intelligence? កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ្នក​ចាប់​អារម្មណ៍​ ហើយ​ខ្ញុំ​នឹង​ចែក​រំលែក​ពី​អ្វី​ដែល​ល្អ​សម្រាប់​អ្នក​នៅ​អត្ថបទ​ក្រោយ។

Chandy

ដោយ​ ម៉ៅ​ ចាន់ឌី

ជំនួយការ​ក្រុម​ប្រឹក្សា​យោបល់
Development Innovations