កម្មវិធីបណ្ដុះបណ្ដាលសហគ្រិនភាព EPIC៖ ជាការសាកល្បងនូវក្ដីសង្ឃឹមថ្មីរបស់សហគ្រាសជួយសង្គម

អត្ថបទ​នេះមានជាភាសា៖ enEnglish

នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចំពោះ​អ្នក​ដែល​មាន​គំនិត​ចាប់​ផ្ដើម​សហគ្រាស​តែងតែ​ចោទ​សួរ​ខ្លួន​ឯង​ថា​ ខណៈ​ពេល​ដែល​ខ្លួន​មិន​ដែល​ធ្លាប់​មាន​បទពិសោធន៍​អាជីវកម្ម​ មិន​មាន​ដើម​ទុន​គ្រប់​គ្រាន់​ មិន​មាន​អ្នក​បង្ហាត់​បង្ហាញ​ផ្លូវ​ក្នុង​ការ​សុំ​ដំបូន្មាន​ និង​មិន​ស្គាល់​បណ្ដាញ​អាជីវ​កម្ម​ឬ​អ្នក​វិនិយោគ តើ​ខ្លួន​អាច​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ដូច​ម្ដេច​? ទន្ទឹម​នឹង​នេះ​ផង​ដែរ​ មាន​កម្មវិធី​ប្រកួត​ប្រជែង​គំនិត​អាជីវ​កម្ម​ជា​ច្រើន​ដើម្បី​ឲ្យ​អ្នក​មាន​គំនិត​អាជីវ​កម្ម​អាច​បង្ហាញ​នូវ​គំនិត​ និង​ផែន​ការ​អាជីវ​កម្ម​របស់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ខ្វះ​ខាត​ក្នុង​ពេល​បច្ចុប្បន្ន​គឺការគាំទ្រ​ដើម្បីឲ្យ​គំនិត​ទាំង​នេះ​ក្លាយ​ជា​ការ​ពិត​ និង​ទទួល​បាន​និរន្តរ​ភាព​នោះ​ទេ​។ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ក្នុង​ឆ្នាំ​ ២០១៦ គម្រោង​​Development Innovations យើង​ខ្ញុំ​បាន​បាន​ចាប់​ដៃ​គូ​ជា​មួយ​នឹង​ Impact Hub​ ភ្នំពេញ ​ដើម្បី​បង្កើត​កម្ម​វិធី គាំទ្រ​ដល់​សហគ្រាស​ជួយ​សង្គម​មួយ ដែល​មាន​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ធន​ធាន​ និង​ការ​បណ្ដុះ​បណ្ដាល​ដល់​សហគ្រាស​ដែល​ទើប​តែ​បង្កើត​ថ្មី​។ កម្មវិ​ធី​នេះ​ជាការសាកល្បង​មួយដើម្បី​ធ្វើការ​ស្ទាប​ស្ទង់​ថា​អ្វីដែលផ្តល់ជូនដោយកម្មវិធីនេះអាចធ្វើឲ្យសហគ្រាសជួយសង្គមដែលទើបតែបង្កើតថ្មីទទួលបានជោគជ័យដែរឬទេ? ព័ត៌មានបន្ថែមពីក្រុមទាំង ១១ មាននៅ www.epiccambodia.com និង​ www.facebook/EPIC

 

ដំណើរការនៃកម្មវិធីនេះ

ក្នុង​ខែ​សីហា ឆ្នាំ២០១៦ EPIC បានទទួលពាក្យពីក្រុមចំនួន ៤៨ ហើយបន្ទាប់ពី​ការដាក់​ពិន្ទុ​ទៅលើ​លក្ខខណ្ឌ​តម្រូវ​ចំនួន​បួនដោយរួមមាន​ធនធានមនុស្សនៅក្នុង​ក្រុម គំនិតអាជីវកម្ម ផល​ប្រយោជន៍​ដល់​សង្គមនៃ​គំនិត​អាជីវ​កម្ម និងភាពដែលអាចវិនិយោគ​បាននៃគំនិត​អាជីវ​កម្មនេះ បន្ទាប់​ពី​គណៈកម្មាការបានផ្តល់ពិន្ទុ ក្រុមចំនួន ១១ ត្រូវ​បាន​ជ្រើស​រើសដើម្បីចូលរួមកម្មវិធី​បណ្ដុះបណ្ដាល​ជា​បឋម​ចំនួនប្រាំបីសប្តាហ៍ដែលក្នុងអំឡុងពេលនេះក្រុមទាំង ១១ ទទួល​បានការគាំទ្រពីអ្នកបង្ហាត់បង្ហាញ និង​ចូល​រួម​សិក្ខាសាលាដោយ​ផ្តោតទៅលើបញ្ហាពិតៗក្នុងជីវិតប្រចាំថ្ងៃ​ដែលពួកគាត់ព្យាយាមធ្វើការដោះស្រាយ បន្ទាប់​មកលើវិធីសាស្រ្តក្នុងការបង្កើត និងសម្រិតសម្រាំងនូវដំណោះ​ស្រាយ​របស់ខ្លួនចំពោះបញ្ហាទាំងអស់នេះ។ នៅ​ថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ២០១៧ ក្រុមទាំង១១ នឹងធ្វើបទ​បង្ហាញ​ពី​គំនិតអាជីវកម្មរបស់ខ្លួននៅក្នុង Demo Day នៅ​សាល​សន្និសីទ Raintree ហើយបន្ទាប់ពីបទបង្ហាញទាំងអស់ គណៈមេប្រយោគនឹងធ្វើការ​ជ្រើស​រើស​ក្រុម​ចំនួន​​៥ចុងក្រោយដើម្បីឲ្យចូលរួមក្នុងដំណាក់បន្ទាប់នៃកម្មវិធី EPIC នេះដែលមានឈ្មោះថាដំណាក់​កាល​ជម្រុញ​​គាំទ្រ ដែលនឹងជួយដល់ក្រុមទាំងប្រាំក្នុងការបង្កើតផលិតផលឬ​សេ​វា​កម្ម​ដែលអាចឈាន​ជើង​ចូល​ទីផ្សារ​បាន។ តាម​រយៈនេះផងដែរក្រុមទាំងប្រាំចុងក្រោយទាំងនេះ នឹងទទួល​បានការបណ្តុះបណ្តាល និង​ការ​បង្ហាត់​បង្ហាញ​អាជីវកម្មរយៈពេលចំនួនប្រាំមួយខែ បូករួមនឹង​សេវា​ប្រឹក្សា​គំនិត​អាជីវកម្មដោយមិនចាំបាច់បង់ថ្លៃ និង​ថវិកា​មួយ​ចំនួន​ដើម្បីបង្កើតគំរូផលិតផលរបស់ពួកគេផងដែរ។ នៅចុង​បញ្ចប់​នៃកម្មវិធីនេះ ក្រុមទាំងប្រាំ​នឹងត្រូវ​បាន​ផ្សា​ភ្ជាប់​ទំនាក់ទំនងជាមួយនឹងអ្នកវិនិយោគ និងអ្នកផ្តល់​ជំនួយ​ឧបត្តម្ភដើម្បីទទួលបានមូលនិធិ​បន្ថែមដើម្បី​ចាប់ផ្តើម​នូវ​អាជីវកម្មរបស់ខ្លួន ដោយអមជាមួយនឹងការចុះ​បញ្ជិកា​នូវសហគ្រាសរបស់ខ្លួនជាផ្លូវការផងដែរ។

 

ហេតុផលដែលអាចនិយាយបានថា EPIC ជាកម្មវិធីពិសេសមួយ៖

  • ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបនឹងតម្រូវការរបស់សហគ្រិនកម្ពុជា: យើងខ្ញុំកំពុងតែធ្វើការសាកល្បងតើថាកម្មវិធីរបៀបនេះ ពេលបច្ចុប្បន្ននេះ អាចជួយដល់ប្រទេសកម្ពុជាបានត្រឹមកម្រិតណាក្នុងការឆ្លើយតបនឹងតម្រូវការរបស់សហគ្រិនកម្ពុជា។
  • ការគាំទ្រផ្នែកថវិកា: នេះជាអ្វីដែលថ្មី និងពិសេសដែលត្រូវបានផ្តល់ជូនទៅដល់ក្រុមទាំងប្រាំ។ ជាការពិតដែលសហគ្រាសទើបតែចាប់ផ្តើមថ្មីមិនអាចទទួលបានជោគជ័យ ឬទទួលបានប្រាក់ចំណូលភ្លាមៗនោះទេ ហើយពួកគាត់ត្រូវចំណាយពេលវេលាមួយចំនួនតាំងពីដំបូងដើម្បីធ្វើការលើការដុសខាតគំនិតអាជីវកម្មរបស់ខ្លួន ប៉ុន្តែទន្ទឹមនឹងនេះពួកគាត់ត្រូវការថវិកាដើម្បីជាការចំណាយប្រចាំថ្ងៃ និងទ្រទ្រង់ជីវភាពគ្រួសារផងដែរ។ ដូចនេះបានជាកម្មវិធី EPIC ធ្វើការសាកល្បងក្នុងការផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែទៅដល់ក្រុមទាំងប្រាំ ដើម្បីឲ្យគាត់អាចចំណាយពេលវេលាពេញលេញក្នុងការផ្តោតការយកចិត្តទុកដាក់លើគម្រោងអាជីវកម្មរបស់គាត់ ដើម្បីទទួលបានភាពជោគជ័យ។
  • ពេលវេលា និង និរន្តរភាព: EPIC ធ្វើការបង្ហាត់បង្ហាញ និងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមអ្នកចូលរួមមានរយៈពេលវែងជាងកម្មវិធីផ្សេងៗទៀត ជារួមគឺមានរយៈពេលមួយឆ្នាំពេញចាប់តាំងពីដំណាក់កាលបណ្តុះបណ្តាលបឋមទៅដល់ដំណាក់កាលជម្រុញគាំទ្រ និងមានផ្តល់ជូននូវការគាំទ្របន្ថែមតាមរយៈការផ្សាភ្ជាប់នឹងបណ្តាញអាជីវកម្មជួយសង្គមរបស់ Impact Hub បន្ទាប់ពី EPIC បានបញ្ចប់។
  • ដោះស្រាយគម្លាតហិរញ្ញវត្ថុ: សហគ្រាសទើបតែបង្កើតថ្មីក្នុងប្រទេសកម្ពុជា អាចទទួលបានដំបូន្មាន និងការបង្ហាត់បង្ហាញមួយចំនួនពីកម្មវិធីផ្សេងៗ ប៉ុន្តែបញ្ហាចោទគឺលទ្ធភាពក្នុងការទទួលបានមូលនិធិក្នុងដំណាក់កាលដំបូង។ មានឱកាសជាច្រើនដើម្បីផ្តល់ជូនដល់សហគ្រាសដែលទើបតែបង្កើតថ្មីក្នុងការទទួលបានមូលនិធិ ចាប់ពី១០០ ០០០ ដុល្លារឡើងទៅ ប៉ុន្តែសហគ្រាសថ្មីថ្មោងក្នុងប្រទេសកម្ពុជាមិនមានសមត្ថភាពក្នុងការចាប់ឱកាសនេះនៅឡើយនោះទេ។
  • ផ្តោតសំខាន់លើអាជីវកម្មដែលបង្កើតផលិតផលឬសេវាកម្មដែលជួយដល់សង្គម: គម្រោងយើងខ្ញុំមានគោលបំណងក្នុងការសាកល្បងនូវទស្សនៈនៃកម្មវិធីគាំទ្រអាជីវកម្មដែលផ្តោតសំខាន់ទាំងលើផលចំណេញ និងការជួយដល់សង្គមព្រមទាំងសហគមន៍ផងដែរ។ ទនឹ្ទមនឹងនេះផងដែរក្រុមខ្លះនឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយដល់គម្រោងអាជីវកម្មរបស់ខ្លួនផងដែរ។

យើងខ្ញុំមានក្តីសង្ឈឹមយ៉ាងមុតមាំថា បន្ទាប់ពីការសាកល្បងមួយឆ្នាំពេញ ក្រុមដែលចូលរួមជាមួយនឹងកម្មវិធី EPIC អាចប្រែខ្លួនទៅជាសហគ្រាសជួយសង្គម និងទទួលបាននូវការវិនិយោគដើម្បីក្លាយជាអាជីវកម្មដែលមានភាពជោគជ័យ។ លើសពីនេះទៀត Impact Hub នឹងផ្សព្វផ្សាយកម្មវិធីនេះដល់វិស័យឯកជនដទៃទៀតដើម្បីទទួលបានថវិកាក្នុងការដំណើរការ EPIC នាពេលអនាគត។ ជាចុងក្រោយ រាល់ឯកសារ មេរៀន និងបទបង្ហាញនៅក្នុងកម្មវិធី EPIC ក្នុងរយៈពេលមួយឆ្នាំពេញនឹងត្រូវបានចងក្រងជាធនធានដែលកម្មវិធីគាំទ្រសហគ្រាសទើបបង្កើតថ្មីដទៃទៀតអាចទិញយកទៅប្រើប្រាស់បាន។
 
Vibol THENG

ដោយ លោក ថេង វិបុល

អនុប្រធានគម្រោង
Development Innovations


 
 
 
 
 
 
ខាងក្រោមនេះគឺជារូបថតរបស់ក្រុមEPICនៅកន្លែងធ្វើការ៖

rousnow-douy-sabay

snadai-seavpov-khmer

rat-hunter

my-dream-home

mothers-mall

mekong-farm

food-processing-incubator

edemy

eco-fresh-box

chez-moi

all-epic

agritoday

[Photos Credit: Impact Hub Phnom Penh]