សារសំខាន់ទាំងប្រាំបីពីការស្ទង់មតិរបស់អង្គការជនពិការកម្ពុជា Posted on: ខែធ្នូ 8, 2017 អត្ថបទនេះមានជាភាសា៖ English ដោយ លោក កែវ គ្រឹស្នា អតីតអ្នកគ្រប់គ្រងគំរោង ICT4D Development Innovations នៅពាក់កណ្ដាលឆ្នាំ២០១៧នេះ អង្គការជនពិការកម្ពុជា បានចេញផ្សាយពីលទ្ធផលដែលបានរកឃើញអំពីជនពិការជាសមាជិកនិងមិនមែនជាសមាជិករបស់ខ្លួន។ ការស្រង់មតិនេះផ្តោតសំខាន់ក្នុងការយល់ដឹងបន្ថែមពីវិធីសាស្រ្តដែលដៃគូរបស់អង្គការធ្វើការទំនាក់ទំនង ទទួលព័ត៌មាន និងប្រើប្រាស់បច្ចេកវិទ្យា។ ការស្រាវជ្រាវនេះបានសិក្សាទៅលើជនពិការចំនួន ១០០នាក់ដែលជាសមាជិកនិង មិនមែនជាសមាជិករបស់អង្គការ ដើម្បីទទួលបានទិន្នន័យក្នុងការរចនាបង្កើតដំណោះស្រាយឲ្យកាន់តែមានប្រសិទ្ធិភាពទៅដល់ក្រុមគោលដៅរបស់ខ្លួនដែលកំពុងរស់នៅក្នុងខេត្តទាំង ២៥ និងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ អង្គការជនពិការកម្ពុជាមានសមាជិកដែលជាជនពិការចំនួន ១៦១៤៥នាក់ដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជា។ ការសិក្សាស្វែងយល់ពីវិធីសាស្រ្តដែលមនុស្សប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៏ និងគាំទ្រដៃគូរបស់យើងក្នុងការស្រាវជ្រាវពីអ្នកប្រើប្រាស់ គឺជាមួយផ្នែកនៃការងាររបស់គម្រោង Development Innovations។ អង្គការជនពិការកម្ពុជាបាននិងកំពុងធ្វើការជាមួយនឹងបណ្ដាញជនពិការផ្សេងៗដូចជា ថ្លង់ ពិការភ្នែក ឱនភាពកាយសម្បទាន ភាពបញ្ញា។ល។ អង្គការជនពិការមានកម្មវិធីល្អៗសំរាប់ជួយសហគមន៏នេះ ប៉ុន្ដែមិនមានទិន្នន័យអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគាត់នៅឡើយនោះទេ។ ការយល់ដឹងពីការទទួលព័ត៌មាន ទំនាក់ទំនង និងប្រើប្រាស់បច្ចេកវិទ្យារបស់ជនពិការពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតកម្មវិធីថ្មី។ ទិន្នន័យទាំងនេះត្រូវបានគេហៅថាការស្រាវជ្រាវអំពីអ្នកប្រើប្រាស់ឬការស្រាវជ្រាវដើម្បីបង្កើត និងជាវិធីមួយក្នុងការប្រមូលផ្ដុំព័ត៌មានអំពីក្រុមគោលដៅណាមួយដែលលឿននិងចំណាយធនធានតិច(សូមចងចាំថានេះមិនសំដៅទៅលើស្ថិតិថ្នាក់ជាតិនោះទេ)។ នៅពេលដែលយើងទទួលបានទិន្នន័យ ខ្ញុំបានឃើញចំនុចគួរឲ្យចាប់អារម្មណ៏ចំនួន៨ដែលគួរចែករំលែកប្រសិនបើអ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការអានរបាយការណ៏ពេញលេញ។ ករណីភាគច្រើននៃពិការភាពគឺការធ្វើចលនា ការពិបាកក្នុងការធ្វើចលនាគឺជាពិការភាពដែលមានចំនួនច្រើន។ អ្នកចូលរួមចំនួន ៧៧.៣% បានទទួលផលប៉ះពាល់ពីបញ្ហានេះ។ ៩.៣% មានភាពពិបាកក្នុងការមើល ៧.២%មានភាពពិបាកក្នុងការស្ដាប់ ៤%មានភាពពិបាកក្នុងការគិត និងមួយចំនួនតូចទៀតមានការពិបាកក្នុងការនិយាយ។ br> រូបទី១ ប្រភេទពិការភាពដែលអ្នកចូលរួមជួបប្រទះ ក្រៅពីពិការភាព អ្នកចូលរួមភាគច្រើនបានចូលរៀនឧត្តមសិក្សា ទោះបីជាជនពិការត្រូវបានគេរាប់ចូលជាក្រុមដែលពិបាកក្នុងការទទួលបានការអប់រំ វាពិតជាគួរឲ្យកោតសសើរមែនទែន ដែលអ្នកចូលរួមភាគច្រើនជាពិសេសសមាជិកអង្គការជនពិការកម្ពុជាទទួលបានការអប់រំក្នុងកំរិតល្អមួយ។ ច្រើនជាងពាក់កណ្ដាល(៥៣.៦%)រៀនបានដល់មហាវិទ្យាល័យ ១២.៤%បានរៀនដល់វិទ្យាល័យថ្នាក់ទី១០ដល់ទី១២ ១៤.៤%រៀនដល់អនុវិទ្យាល័យថ្នាក់ទី៧ ដល់ថ្នាក់ទី៩ និងប្រហែល២០%បានរៀនដល់ថ្នាក់បឋមសិក្សា។ ជនពិការជាច្រើនមិនបានដឹងពីសិទ្ឋិរបស់ពួកគេ មួយភាគធំនៃអ្នកចូលរួម(៦៣%)មិនបានដឹងអ្វីសោះពី អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការ។ មានតែ ១៤.៤% ប៉ុណ្ណោះដែលបានលឺពីអនុសញ្ញានេះ។ ប៉ុន្តែ ៣.៥% នៃអ្នកចូលរួមបានដឹងសព្វពីអនុសញ្ញានេះ និងមិនមានចំណាប់អារម្មណ៏ក្នុងការដឹងបន្ថែម។ ៧៧.៤% នៃអ្នកចូលរួមដែលមិនបានដឹងពីអនុសញ្ញានេះ មានចំណាប់អារម្មណ៏យល់ដឹងបន្ថែមពីអនុសញ្ញានេះ។ ពួកគាត់ភាគច្រើនដឹងពីច្បាប់ស្តីពីការការពារនិងលើកកម្ពស់សិទ្ធិជនពិការរបស់កម្ពុជា ៦២%នៃអ្នកចូលរួមបានដឹងខ្លះអំពីច្បាប់ជាតិនេះ និង៩.៣% ដទៃទៀតដឹងសព្វអំពីច្បាប់នេះនិងមិនត្រូវការព័ត៌មានបន្ថែម។ ២២.៧%មិនបានស្គាល់ពីច្បាប់នេះទាល់តែសោះ។ ៨៥%នៃអ្នកចូលរួមទាំងអស់ ទាំងអ្នកចេះស្រាប់និងអ្នកមិនចេះ ចង់យល់ដឹងពីច្បាប់នេះបន្ថែម។ ទូរទស្សន៏ អ៊ីនធើណែត និងស្មាតហ្វូនគីជាមធ្យោបាយល្អបំផុតក្នុងការទំនាក់ទំនងរបស់ជនពិការ អ្នកចូលរួមចំនួន ៨៧.៦% មានទូរទស្សន៏ជាបណ្តញាទំនាក់ទំនងផ្តល់ព័ត៌មានចម្បងមួយដែលពួកគាត់ប្រើប្រាស់ ខណៈពេលដែលវិទ្យុឈរនៅលំដាប់បន្ទាប់មានចំនួន៧២%។ គួរឲ្យរំភើបមែនទែននៅពេលដែលចំនួនជនពិការប្រើប្រាស់ស្មាតហ្វូនដែលមានអ៊ីនធើណែតមានដល់ទៅ ៦១.៥% និងចំនួនជនពិការប្រើប្រាស់ទូរស័ព្ទធម្មតាមានចំនួន ៦១%។ អ្នកចូលរួមដែលមានកុំព្យូរទ័រមានតែ ១៧%ប៉ុំណ្ណោះ។ រូបទី២ ការប្រើប្រាស់និងភាពជាកម្មសិទ្ធរបស់ឧបករណ៏គមនាគមន៏ ជនពិការមានចំណាប់អារម្មណ៏យល់ដឹងបន្ថែមពីសិទ្ឋិរបស់ពួកគេ អ្នកចូលរួមចំនួន ៨៦.៦% ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ឋិទទួលបានព័ត៌មាន ៨៤.៦% ចង់ដឹងពីព័ត៌មានទាក់ទងនឹងច្បាប់ការពារនិងលើកកម្ពស់ជនពិការ ៨៤.៥%ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ឋិទទួលបានការថែទាំសុខភាព ៨៣.៥%ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ឋិក្នុងការបញ្ចេញមតិ ៨២.៥%ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ធិទទួលបានការអប់រំ ៨២.៤%ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ឋិក្នុងការចូលប្រើអាគារ និង៧៨.៤%ចង់ដឹងពីព័ត៌មានទាក់ទងនឹងសិទ្ឋិចូលរួមការបោះឆ្នោត។ លើសពីនេះ អ្នកចូលរួម៧៨.៣%ក៏ចង់ដឹងពីព័ត៌មានទាក់ទងនឹងអត្តសញ្ញាណប័ណ្ណឬសៀវភៅគ្រួសារ និង៧៦.៣%ចង់ដឹងពីព័ត៌មានទាក់ទងនឹងកញ្ចប់សង្គម។ រូបទី៣ ប្រភេទព័ត៌មានដែលអ្នកចូលរួមចង់ដឹងបន្ថែម មិនមានការឯកភាពលើមធ្យោបាយទំនាក់ទំនងរួម វាគួរឱ្យភ្ញាក់ផ្អើលសំរាប់ភាពចម្រុះនៃរបៀបទំនាក់ទំនងដែលអ្នកចូលរួមនិយមប្រើ។ ការសន្ទនាផ្ទាល់មាត់គឺជាមធ្យោបាយដែលគេនិយមជាងគេសំរាប់ទទួលបានព័ត៌មានអំពីពិការភាព(២៥.២%) ចំណែកឯ YouTube មានតែ៣.២%ប៉ុណ្ណោះ។ ១៩% និយមប្រើវិទ្យុឬកាសែត ១៨.២%និយមប្រើទូរទស្សន៏ និង ១៥.៤%និយមប្រើហ្វេសប៊ុក ដើម្បីទទួលបានព័ត៏មានទាក់ទង។ រូបទី៤ ប្រភេទទំនាក់ទំនងដែលអ្នកចូលរួមពេញចិត្ត ពេលណាក៏ជាពេលសំខាន់សំរាប់ទទួលព័ត៌មាន វាពិតជាគួរឲ្យចាប់អារម្មណ៏ដែលអ្នកចូលរួមភាគច្រើន (៦៦% ដល់ ៦៨%) អាចទទួលបានព័ត៌មានគ្រប់ពេលវេលាតាមរយៈប្រព័ន្ធទំនាក់ទំនងទាំងនេះ។ មិនមានពេលណាមួយដែលជនពិការទាំងនេះមិនអាចទាក់ទងបាននោះទេ។ នៅគម្រោង Development Innovations យើងខ្ញុំគិតថាការស្វែងយល់ពីទំលាប់ ចំណេះដឹង និងគំលាតបច្ចេកវិទ្យានៃក្រុមទិសដៅនិងអ្នកទទួលផលសំរាប់ការបង្កើតដំណោះស្រាយនានាពិតជាមានសារៈសំខាន់មែនទែន។ ការស្រាវជ្រាវខាងលើមានសារៈប្រយោជន៍សំរាប់អង្គការជនពិការកម្ពុជា ពីព្រោះទិន្នន័យទាំងនេះបានជួយពួកគាត់ក្នុងការយល់ដឹងពីក្រុមគោលដៅ និងបានផ្ដល់ព័ត៌មានសំរាប់ដំណោះស្រាយជំនួយនានាឲ្យកាន់តែមានប្រសិទ្ឋិភាព។ ប្រសិនបើស្ថាប័នរបស់អ្នកកំពុងតែធ្វើការជាមួយនឹងជនពិការ ការស្រាវជ្រាវទាំងនេះអាចនឹងផ្ដល់ការយល់ដឹងទូទៅមួយប៉ុណ្ណោះ អ្នកអាចធ្វើការស្រាវជ្រាវស៊ីជំរៅជាមួយនឹងក្រុមគោលដៅរបស់អ្នកដើម្បីយល់ដឹងបន្ថែមទៀតពីពួកគាត់។