Edemy បង្កើត​ឱកាស​ស្មើភាព​ក្នុងការ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ប្រកប​ដោយ​គុណភាព​ដល់​សិស្ស​តាម​ជនបទ

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

Socheata

ដោយ វិញ សុជាតា

ជំនួយការផ្នែកទំនាក់ទំនង
Development Innovations


“ពេលយើងធ្វើសិក្ខាសាលាអំពីការដាក់ពាក្យស្នើសុំអាហារូបករណ៍នៅតាមខេត្ត ពួកខ្ញុំឃើញថា សិស្សនៅតាមតំបន់ដាច់ស្រយាលទាំងនេះ ខ្វះខាតជំនាញភាសាអង់គ្លេស ដែល​ជា​គន្លឹះ​ក្នុងការ​ទទួល​បាន​អាហារូបករណ៍” នេះជាសម្តីរបស់ កញ្ញា ស្រ៊ុន សុវណ្ណ សហស្ថាបនិកនៃ Edemy។ Edemy ជា​អាជីវកម្ម​មួយ​ដែល​ធ្វើការ​ទៅលើ​ការ​ផ្តល់​ធនធាន​បង្រៀន​ភាសាអង់គ្លេស​ប្រកប​ដោយ​គុណភាព​ដល់​ប្រជាជនកម្ពុជា។ សុវណ្ណ​យល់​ឃើញ​ថា សិស្ស​នៅ​តំបន់​ជនបទ​ជា​ច្រើន គ្មាន​ឱកាស​ទទួល​បាន​ការ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស ប្រកប​ដោយ​គុណភាព និង​ក្នុង​តម្លៃ​សមរម្យ​តាម​លទ្ធភាព​ពួកគាត់ ហើយ ៨០% នៃ​សាកលវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា មាន​កម្មវិធី​សិក្សា​បង្រៀន​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ។ ហេតុ​ដូច្នេះ​ហើយ សិស្សានុសិស្ស​នៅ​តាម​ខេត្ត​ជាច្រើន​ជួបការ​លំបាកក្នុងការត្រៀមខ្លួនចូលរៀនសាកលវិទ្យាល័យ ហើយក៏គ្មានជំនាញភាសាអង់គ្លេសគ្រប់គ្រាន់នឹងប្រកួតប្រជែង ដើម្បីទទួលបានអាហារូបករណ៍ទៅក្រៅប្រទេសដែរ។
គោលគំនិតនៃកម្មវិធី Edemyគឺផ្តល់ឱកាសស្មើភាពគ្នាក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។ ក្រុម Edemyបានបង្កើតកម្មវិធីកំព្យូទ័រសម្រាប់ការសិក្សាអង់គ្លេសក្រៅម៉ោង ដែលសិស្សអាចរៀន ក្នុងតម្លៃសមរម្យ។ ដោយសារកម្មវិធីនេះ បង្កើតឡើងសម្រាប់សិស្សានុសិស្សនៅតាមជនបទ កម្មវិធីតាមប្រព័ន្ធអ៊ីនធើណែតមិនអាចដំណើរការបានទេ ព្រោះនៅតាមជនបទមិនអាចភា្ជប់ប្រព័ន្ធអ៊ីនធើណែតបានទេ។ បច្ចេកវិទ្យារបស់ Edemy មិនត្រូវការអ៊ីនធើណែតទេ។ ការដំណើរការនៃកម្មវិធីនេះ គឺប្រើប្រាស់កុំព្យូទ័រខ្នាតតូចមួយ ដែលមានឈ្មោះថា Raspberry Pi ដើម្បីស្តុកកម្មវិធីសិក្សា ហើយសិស្សអាចប្រើប្រាស់ថេប្លែតតភ្ជាប់ទៅនឹងកំព្យូទ័រនេះតាមឧបករណ៍តភ្ជាប់ថេប្លែតមួយ(wireless router) ដើម្បីទស្សនាវីដេអូបកស្រាយមេរៀន ធ្វើលំហាត់ ហើយទទួលបានលទ្ធផលលំហាត់ភ្លាមៗ។ នៅថ្ងៃបន្ទាប់ សិស្សនឹងធ្វើសកម្មភាពអនុវត្ត ជាមួយគ្រូបង្រៀន និងមិត្តរួមថ្នាក់ ដើម្បីរំលឹកមេរៀន។

 


 
ខ្លឹមសារ​នៃវីដេអូបកស្រាយមេរៀនក្នុងកម្មវិធីសិក្សានេះ គឺបង្កើតឡើងដោយ លោក ជា កញ្ញារិទ្ធ សហស្ថាបនិកនៃ Edemy ហើយ​លោក​បាន​បញ្ចប់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ក្នុងការ​បង្រៀន​ភាសា​អង់គ្លេស​ទៅកាន់​អ្នក​និយាយ​ភាសាដើម​មិនមែន​ជា​ភាសា​អង់គ្លេស នៅ​សាកលវិទ្យាល័យ​រដ្ឋ Arizona នៅសហរដ្ឋអាមេរិក តាមរយៈកម្មវិធីអាហារូបករណ៍ Fulbright ។ សិស្សនៃកម្មវិធី Edemy បាន​ផ្តល់​ចំណាប់​អារម្មណ៍​វិជ្ជមាន​ពី​កម្មវិធីសិក្សា​នេះ ដោយ​និយាយ​ថា​គាត់​អាច​ផ្តោត​អារម្មណ៍​បាន​ល្អ​ជាង​មុន ដោយ​សិក្សាលើថេប្លែត។ យោងតាមការស្រាវជ្រាវដំបូងជាមួយសិស្សចំនួន២០០នាក់ កម្មវិធី Edemy អាចជួយសិស្សទទួលបានពិន្ទុច្រើនជាងមុនដល់ទៅ១០% ក្រោយពីចូលរៀនក្នុងវគ្គ Edemyបានបីខែ។ លើសពីនេះទៅទៀត កម្មវិធី​សិក្សា​នេះ​មាន​តម្លៃ​ទាប​ជាង​វគ្គសិក្សា​ភាសា​អង់គ្លេស​ផ្សេង​ទៀត​ដែល​មាន​ក្នុងតំបន់។

 


 
សិស្សម្នាក់ៗមានគណនីផ្ទាល់ខ្លួនក្នុងកម្មវិធីកុំព្យូរទ័រនេះ ដែលកត់ត្រាទុកនូវវត្តមានក្នុងម៉ោងសិក្សា ពិន្ទុប្រលង និងរយៈពេលចំណាយលើការមើលវីដេអូ។ តាមរយៈទិន្នន័យទាំងនេះ គ្រូបង្រៀនអាចតាមដានការសិក្សារបស់សិស្សម្នាក់ៗ កត់សម្គាល់ចំនុចខ្លាំង និងចំនុចខ្សោយរបស់សិស្ស ហើយអាចផ្តល់ការណែនាំបន្ថែមទៅតាមចំនុចខ្សោយរបស់សិស្សម្នាក់ៗ។ លើសពីនេះ គ្រូបង្រៀនអាចឲ្យសិស្សពូកែជួយពន្យល់សិស្សខ្សោយក្នុងការអនុវត្តទៀតផង។
ទោះបីជាទទួលបានភាពជោគជ័យក្នុងថ្នាក់រៀនក៏ដោយ ក្រុម Edemyជួបការលំបាក់ក្នុងការពន្យល់កម្មវិធីរបស់ពួកគេទៅអ្នកដទៃ។ ត្រង់ចំនុចនេះហើយដែលក្រុម Edemy ទទួលបានការណែនាំពីកម្មវិធី EPIC របស់ Impact Hub Phnom Penh ដែលគាំទ្រដោយគម្រោង USAID’s Development Innovations។ EPIC ជាកម្មវិធីរយៈពេលមួយឆ្នាំ ដែលផ្តល់ការគាំទ្រដល់សហគ្រិននៅប្រទេសកម្ពុជា តាមរយៈការផ្តល់ធនធាន ការឧបត្ថមថវិកា និង​ការ​ហ្វឹកហាត់​សហគ្រិន​ដែល​មាន​បំណង​ជួយ​សង្គម។ ក្នុងវគ្គដំបូងនៃកម្មវិធី EPIC ក្រុម Edemy និង១០ក្រុមផ្សេងទៀត ត្រូវបានជ្រើសរើសឲ្យបន្តទៅវគ្គបន្ទាប់ ក្នុងចំណោមអ្នកចូលរួមសរុបដែលមាន ៤៨ក្រុម។ ១១ក្រុម​ដែល​ត្រូវបានជ្រើសរើសក្នុងវគ្គដំបូងនេះ បានទទួលការណែនាំ ការគាំទ្រ និង​ការ​តាមដាន​ពីសហគ្រិនដើម្បីសង្គម និងពីអ្នកច្នៃប្រឌិតបង្កើតថ្មីក្នុងប្រទេសកម្ពុជា ដើម្បីការរីកចំរើនក្នុងអាជីវកម្ម និងការដំណើរការ។ តាមរយៈ EPIC Edemy បានផ្សាភ្ជាប់ទៅនឹងបណ្តាញ និងធនធានច្រើនជាងមុន។ ក្រុម Edemy ក៏​បាន​រៀនសូត្រ​ពីការ​បកស្រាយ​ការងារ​របស់​ពួកគេ​ទៅ​កាន់អនាគតដៃគូ ឬអតិថិជន​ផង​ដែរ។

នៅ​ខែ​កុម្ភៈ​កន្លងទៅនេះ Edemy ត្រូវបានជ្រើសរើសឲ្យបន្តទៅវគ្គ២ ជាមួយនឹង៤ក្រុមផ្សេងទៀត ក្នុងកម្មវិធី EPIC ដែលពួកគេទទួលបានការណែនាំបន្ថែម ដើម្បីទ្រទ្រង់អាជីវកម្មរបស់ពួកគេ ដោយទទួលបានការឧបត្ថមមានតម្លៃស្មើនឹង២ម៉ឺនដុល្លា។
បច្ចុប្បន្ន Edemyបានផ្តល់វគ្គសិក្សានេះទៅកាន់សិស្សលើសពី១០០នាក់ នៅខេត្តព្រៃវែង និងខេត្តកំពង់ចាម ហើយសិស្សទាំងនេះជាសិស្សទទួលបានអាហារូបករណ៍ និងថវិកាពីThe Asia Foundation។ ក្រុម Edemy នឹង​ពង្រីក​កម្មវិធី​ពួកគេ​ទៅដល់​ខេត្តសៀមរាប​នៅដើមឆ្នាំក្រោយ ដែលចំនួនសិស្សនឹងកើនឡើងដល់ជាង៤១០នាក់។ នៅពេលនេះ ក្រុម Edemy កំពុងធ្វើការកែសម្រួល និងបញ្ចប់ការតាក់តែងកម្មវិធីសិក្សានេះ។ ជាក្រុមអាជីវកម្មមានសមាជិក៦រូប លទ្ធភាពរបស់ពួកគេនៅមានកំណត់នៅឡើយ ក្នុងការឆ្លើយតបទៅនឹងតម្រូវការសិក្សាភាសាអង់គ្លេសនៅប្រទេសកម្ពុជា។ Edemy មានគម្រោងធ្វើការជាមួយសាលារៀន និងអង្គការនៅតាមតំបន់ ដើម្បីដំណើរការវគ្គសិក្សានេះ ដោយទទួលឧបករណ៍ និងការហ្វឹកហាត់ពីក្រុម Edemy។