៥​ចំណុច​ដែល​អ្នក​គួរ​ពិចារណា​មុន​នឹង​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ទូរស័ព្ទ

ស្លាក:

អត្ថបទ​នេះមានជាភាសា៖ enEnglish

Setha

ដោយ​ រ័ត្ន សេដ្ឋា

Innovation Project Manager
Development Innovations


 

 

 

 

 

តើ​អ្នក​មាន​កម្មវិធី​ចំនួន​ប៉ុន្មាន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក? ហើយ​មាន​កម្មវិធី​ប៉ុន្មាន​ដែល​អ្នក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​? យោង​ទៅ​តាម​ស្ថិតិ​របស់​គេហទំព័រ​ Statista នៅ​ក្នុង​ឆ្នាំ​ 2018 App Store របស់ Apple មាន​កម្មវិធី​ទូរស័ព្ទ​ដល់​ទៅ ២.២លាន​កម្មវិធី ខណៈ​ពេល​ដែល Google Play Store មាន​ដល់​ទៅ​២.៨លាន​កម្មវិធី។ នៅ​ក្នុង​នោះ​ដែរ កម្មវិធី​ច្រើន​ជាង​២៥០​មាន​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ក្រុម​អ្នក​ប្រើ​ប្រាស់​កម្ពុជា។ នៅ Development Innovations អ្នក​ប្រើ​ប្រាស់​សេវាកម្ម​ប្រឹក្សា​របស់​យើង​ជា​ច្រើន​បាន​សាក​សួរ​អំពី​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​។ ដូច​នេះ​ហើយ​ទើប​ខ្ញុំ​សរសេរ​អត្ថបទ​នេះ​ដើម្បី​ចែក​រំលែក​យោបល់​ខ្លះ​ៗ​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​។ កម្មវិធី​ទូរស័ព្ទ​អាច​ជា​បច្ចេកវិទ្យា​ទំនើប​មួយ ប៉ុន្តែ​វា​មិន​មែន​ជា​ដំណោះ​ស្រាយ​សម្រាប់​រាល់​បញ្ហា​នោះ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ចង់​ដោះ​ស្រាយ​បញ្ហា​សង្គម​។ ខ្ញុំ​សូម​ណែនាំ​ឲ្យ​អ្នក​ពិចារណា​ចំណុច​ទាំង​នេះ​មុន​នឹង​ចាប់​ផ្ដើម​បង្កើត​កម្មវិធី​ទូរស័ព្ទ។

  • ១- ចាប់​ផ្ដើម​ពី​បញ្ហា៖ ទុក​គំនិត​ដែល​ចង់​បង្កើត​កម្មវិធី​ទូរស័ព្ទ​របស់​អ្នក​មួយ​ឡែក​សិន រួច​សួរ​ខ្លួន​ឯង​ថា “តើ​បញ្ហា​អ្វី​ដែល​អ្នក​កំពុង​តែ​ព្យាយាម​ដោះ​ស្រាយ?”។ ពី​ព្រោះ​នៅ​ពេល​ខ្លះ យើង​អាច​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​គំនិត​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដ៏​អស្ចារ្យ​ពេក ទាំង​មិន​បាន​គិត​ថា​កម្មវិធី​ទូរស័ព្ទ​គឺ​ជា​ដំណោះ​ស្រាយ​សម​ស្រប​សម្រាប់​បញ្ហា​នោះ​មែន​ឬ​ទេ។ អ្នក​អាច​ពិចារណា​អំពី​ករណី​នេះ​បាន៖ អ្នក​បាន​ដឹង​ថា​សិស្ស​វិទ្យាល័យ​នៅ​កម្ពុជា​ភាគ​ច្រើន​ជួប​បញ្ហា​ក្នុង​ការ​គ្រប់គ្រង​ពេល​វេលា​របស់​គេ​ពី​ព្រោះ​តែ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​និង​ហ្គេម។ បន្ទាប់​មក អ្នក​គិត​ថា​កម្មវិធី​គ្រប់​គ្រង​ពេល​វេលា​អាច​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​ល្អ​សម្រាប់​បញ្ហា​នេះ។ ប៉ុន្តែ​កម្មវិធី​ប្រភេទ​នេះ​ត្រូវ​បាន​គេ​បង្កើត​ជា​ច្រើន​រួច​មក​ហើយ! មុន​ដំបូង អ្នក​គួរ​សន្និដ្ឋាន​អំពី​បញ្ហា​មួយ​ដោយ​ស្វែង​យល់​ពី​បញ្ហា​នោះ​យ៉ាង​លម្អិត​រួច​កំណត់​ក្រុម​គោល​ដៅ​របស់​អ្នក។ អ្នក​ត្រូវ​ដឹង​ថា​តើ​ដំណោះ​ស្រាយ​អ្វី​ខ្លះ​ត្រូវ​បាន​គេ​បង្កើត​រួច​ហើយ​សម្រាប់​បញ្ហា​នោះ។ ដូច​នេះ អ្នក​គួរ​តែ​ស្រាវ​ជ្រាវ​អំពី​បញ្ហា​នេះ រួច​កំណត់​ក្រុម​និង​តំបន់​គោលដៅ​មុន​នឹង​ឈាន​ដល់​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ។

  • ២- ស្វែង​យល់​អំពី​ក្រុម​អ្នក​ប្រើ​ប្រាស់ ការ​កំណត់​ក្រុម​អ្នក​ប្រើ​ប្រាស់​ពិត​ជា​សំខាន់​ពី​ព្រោះ​អ្នក​អាច​ស្វែង​យល់​បន្ថែម​ពី​អតិថិជន​របស់​អ្នក​និង​អត្ថប្រយោជន៍​ដែល​ពួក​គាត់​ទទួល​បាន​ពី​ការ​ប្រើ​ប្រាស់​កម្មវិធី​។ ការ​ជជែក​ជាមួយ​ពួក​គាត់​អាច​ឲ្យ​អ្នក​ស្វែង​យល់​អំពី​គំនិត​និង​មតិ​របស់​អ្នក​ប្រើ​ប្រាស់​ដែល​អ្នក​អាច​រួម​បញ្ចូល​បាន​ក្នុង​ការ​បង្កើត​គម្រោង​របស់​អ្នក។ ខ្ញុំ​ចង់​ណែនាំ​ឲ្យ​អ្នក​ចាប់​ផ្ដើម​គម្រោង​ជាមួយ​នឹង​ក្រុម​គោលដៅ​តូច​មួយ បន្ទាប់​មក​អ្នក​អាច​ពង្រីក​ក្រុម​នោះ​បាន​ប្រសិន​ជា​មាន​តម្រូវ​ការ។ ក្នុង​ករណី​មួយ​ដូច​ដែល​បាន​លើក​ឡើង​ខាង​លើ អ្នក​គួរ​តែ​កំណត់​យក​ក្រុម​សិស្ស​វិទ្យាល័យ​នៅ​ភ្នំពេញ​ជា​គោល​ដៅ​ជា​មុន​សិន មុន​នឹង​ឈាន​ទៅ​ដល់​ក្រុម​សិស្ស​វិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ លោក ថេង វិបុល ដែល​ជា​អនុប្រធាន​គម្រោង​របស់​យើង​បាន​និយាយ​ថា “ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គោល​ដៅ​របស់​អ្នក នោះ​អ្នក​មិន​មាន​គោល​ដៅ​ច្បាស់​លាស់​នោះ​ទេ។”

  • ៣- ស្វែង​រក​កម្មវិធី​ដែល​មាន​ស្រាប់​និង​ប្រើ​ប្រាស់​មធ្យោបាយ​និង​ធនធាន​បើកទូលាយ៖ នៅ​ពេល​ខ្លះ អ្នក​មិន​ចាំ​បាច់​ឈាន​ទៅ​ដល់​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ថ្មី​នោះ​ទេ។ អ្នក​អាច​ប្រើ​ប្រាស់​ឧបករណ៍​ដែល​មាន​ស្រាប់​ដែល​អាច​សន្សំ​ថវិកា​និង​ពេល​វេលា។ អ្នក​អាច​ស្វែង​រក​កម្មវិធី​ទាំង​នេះ​នៅ​លើ Google Play Store និង Apple App Store ដើម្បី​ទទួល​បាន​គំនិត​ខ្លះៗ។ វិធី​នេះ​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​ស្វែង​រក​កម្មវិធី​ដែល​មាន​ស្រាប់​នៅ​ប្រទេស​កម្ពុជា​ផ្ទាល់។ ក្រៅ​ពី​នេះ អ្នក​ក៏​អាច​ប្រើ​ប្រាស់​មធ្យោបាយ​និង​ធន​ធាន​បើក​ទូលាយ​ផ្សេងៗ​ដូច​ជា Google Form, Open Data Kit, Chatfuel, and Verboice។ អ្នក​ក៏​អាច​ប្រើ The Toolbox ដើម្បី​ស្វែង​យល់​អំពី​ឧបករណ៍​បច្ចេកវិទ្យា​ដូច​ជា​កម្មវិធី​ទូរស័ព្ទ​និង​គេហទំព័រ​ដែល​មាន​ស្រាប់។ ស្រប​ពេល​នឹង​ការ​ស្វែង​យល់​អំពី​កម្មវិធី​ដែល​មាន​ស្រាប់ អ្នក​ក៏​គួរ​តែ​ធ្វើ​ការ​វិភាគ​អំពី​ដៃ​គូ​ប្រកួត​ប្រជែង​របស់​អ្នក។ ឧទាហរណ៏ ប្រសិន​បើ​អ្នក​ចង់​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​អាច​បង្រៀន​ភាសាខ្មែរ​ទៅ​កាន់​ជន​បរទេស អ្នក​គួរ​តែ​ស្វែង​យល់​បន្ថែម​អំពី​កម្មវិធី Simply Learn Khmer Language និង​ Speak Khmer – Learn Khmer។ បន្ទាប់​មក អ្នក​ត្រូវ​កំណត់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​កម្មវិធី​របស់​អ្នក​ប្លែក​ពី​គេ​និង​លេច​ធ្លោ​ជាង​គេ។

  • ៤- បង្កើត​គំរូ​កម្មវិធី​សម្រាប់​សាក​ល្បង​ជាមួយ​អ្នក​ប្រើប្រាស់៖ បន្ទាប់​ពី​កំណត់​យក​ដំណោះ​ស្រាយ​បច្ចេកវិទ្យា និង​រួម​បញ្ចូល​មតិ​យោបល់​របស់​អ្នក​ប្រើ​ប្រាស់ ជំហាន​បន្ទាប់​គឺ​អ្នក​គួរ​បង្កើត​គំរូ​កម្មវិធី​មួយ​ដើម្បី​សាក​ល្បង​ជាមួយ​អ្នក​ប្រើ​ប្រាស់​មុន​នឹង​អ្នក​សម្រេច​ចិត្ត​បង្កើត​កម្មវិធី​នោះ។ វិធី​នេះ​អាច​ជួយ​ឲ្យ​អ្នក​គិត​ពី​របៀប​ដែល​កម្មវិធី​នោះ​ដំណើរ​ការ មុន​នឹង​អ្នក​វិនិយោគ​ថវិកា​ទៅ​លើ​គម្រោង​នេះ។ www.marvelapp.com គឺ​ជា​គេហទំព័រ​ឥត​គិត​ថ្លៃ​មួយ​ដែល​អ្នក​អាច​បង្កើត​គំរូ​កម្មវិធី​របស់​អ្នក​បាន​យ៉ាង​លឿន​និង​សាមញ្ញ។ នៅ​លើ Google Play Store និង​ Apple App Store ក៏​មាន​កម្មវិធី​មួយ​ឈ្មោះ​ថា Prototyping on Paper (PoP) ដែល​អ្នក​ប្រើ​បាន។ តាម​រយៈ​បទ​ពិសោធន៍​របស់​យើង​ខ្ញុំ​ផ្ទាល់​ក្នុង​ការ​គាំទ្រ​គម្រោង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា ការ​សាកល្បង​និង​ទទួល​មតិ​ពី​អ្នក​ប្រើប្រាស់​ពិត​ជា​អាច​ជួយ​សន្សំ​ពេល​វេលា​និង​ថវិកា​បាន។ នេះ​គឺ​ជា​ឧទាហរណ៏​គំរូ​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​បង្កើត​ឡើង​អស់​រយៈ​ពេល​តិច​ជាង​៣​ម៉ោង៖ https://marvelapp.com/fgbead

  • ៥- ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ដៃ​គូ​ពី​ដំណាក់​កាល​ដំបូង៖ ការ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​គឺ​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​គម្រោង​ការងារ​បច្ចេកវិទ្យា​និមួយៗ​ទទួល​បាន​ភាព​ជោគ​ជ័យ។ ដូច​នេះ​បើ​សិន​ជា​អាច អ្នក​គួរ​កំណត់​ដៃគូ​ឬ​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​គម្រោង​របស់​អ្នក​ពី​ដំណាក់​កាល​ដំបូង។ ស្រប​ពេល​នោះ​ដែរ ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​មិន​ត្រឹម​តែ​ត្រូវ​ការ​ការ​វិនិយោគ​ផ្នែក​ធនធាន​មនុស្ស​និង​ហិរញ្ញវត្ថុ​នោះ​ទេ ប៉ុន្តែ​ក៏​ត្រូវ​ការ​ការ​គាំទ្រ​និង​ថែទាំ​កម្មវិធី​បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់។ អ្នក​គួរ​តែ​ស្គាល់​ពី​តម្រូវ​ការ​ជំនាញ​បច្ចេកទេស​និង​គ្រប់គ្រង​ឲ្យ​បាន​ច្បាស់ នោះ​អ្នក​នឹង​អាច​ស្វែង​រក​ដៃ​គូ​ដែល​មាន​ជំនាញ​សម​នឹង​អ្វី​ដែល​អ្នក​ត្រូវ​ការ។ ការ​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃ​គូ​ពិត​ជា​សំខាន់​ប្រសិន​បើ​អ្នក​នឹង​សហការ​ជាមួយ​អ្នក​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ។ ដៃ​គូ​គម្រោង​ផ្នែក​បច្ចេកវិទ្យា​មួយ​ដែល​ជោគ​ជ័យ​របស់ DI បាន​និយាយ​ថា​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ពិត​ជា​សំខាន់​ណាស់។

ជា​ចុង​ក្រោយ ខ្ញុំ​ចង់​ណែនាំ Otreva ដែល​ជា​គេហទំព័រ​មួយ​សម្រាប់​អ្នក​ប៉ាន់​ស្មាន​អំពី​តម្លៃ​កម្មវិធី​ដែល​អ្នក​អាច​ត្រូវ​ការ https://www.otreva.com/calculator/។ ប្រសិន​ជា​អ្នក​បាន​អនុវត្ត​តាម​វិធី​ទាំង​៥​ខាង​លើ​នេះ​រួច ហើយ​គិត​ថា​កម្មវិធី​ទូរស័ព្ទ​គឺ​ជា​ដំណោះ​ស្រាយ​សម​ស្រប​មួយ​សម្រាប់​អ្នក អ្នក​អាច​ចូល​ទៅ​កាន់ CamboSearch ដើម្បី​ស្វែង​យល់​រក​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​រួម​មាន​ទាំង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ដៃ​ផង​ដែរ។

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
Email this to someone
email