កម្ពុជា​រៀប​ចំ​បារខែម​ធំ​បំផុត​នៅ​លើ​ពិភពលោក និង​បង្ហាញ​ពី​សមត្ថភាព​ជំនាញ​របស់​វិស័យ​បច្ចេកវិទ្យា និង​អាជីវកម្ម​បង្កើត​ថ្មី

អត្ថបទ​នេះមានជាភាសា៖ enEnglish

Leng TRI

ដោយ​ ឡេង​ ទ្រី​

អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង
Development Innovations



កាល​ពី​ថ្ងៃ​ទី ២០និង ២១ ខែ​តុលា ឆ្នាំ​២០១៨​នេះ​ កម្មវិធី​បារខែម​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​បាន​ប្រព្រឹត្តិ​ឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដែល​នៅ​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​អ្នក​ចូល​រួម​ច្រើន​ជាង​៨០០០​នាក់ ស្ដង់​ពិពរណ៌​ចំនួន​៦០​ស្តង់ វាគ្មិន​ចំនួន​៩៥នាក់ រួម​ទាំង​ស្ថាប័ន និង​ក្រុមហ៊ុន​ចំនួន​១០០០ផ្សេង​ទៀត។ វា​ពិត​ជា​អស្ចារ្យ​ណាស់​ដែល​ព្រឹត្តិការណ៍​នេះ​បាន​រីក​ចម្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក និង​បាន​បន្ត​ទាក់​ទាញ​អ្នក​មាន​ចំណាប់​អារម្មណ៍​ផ្នែក​បច្ចេកវិទ្យា​ជា​ច្រើន​ពី​ទូទាំង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ។

សកម្មភាព​ដែល​ទទួល​បាន​ការ​ចូល​រួម​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​នេះ​គឺ ការ​ដាក់​សម្ពោធ​កុំព្យូទ័រ​យួរ​ដៃ​ដំបូង​បំផុត​របស់​កម្ពុជា​ឈ្មោះ​គម្ពីរ ជំនួប​ជាមួយ​តារា​កម្ពុជា​ដែល​ល្បី​ឈ្មោះ​ក្នុង YouTube  និង​ការ​ដាក់​បង្ហាញ​ផ្ទាល់​អំពី​ស្នា​ដៃ​របស់​សិស្សានុសិស្ស។ នៅ​ក្នុង​នោះ​ដែរ គម្រោង Development Innovations បាន​ដាក់​បង្ហាញ​កម្មវិធី​ថ្មីៗ​នៅ​ក្នុង​ស្តង់​របស់​យើង​ខ្ញុំ​ដូច​ជា #iamrachana, Technovation កម្ពុជា និង​កម្មវិធី យុវច្នៃ​កម្ពុជា​ ដែល​ជា​កម្មវិធី​រយៈ​ពេល​៣​ខែ​ដែល​មាន​បំណង​ប្រែ​គំនិត​ច្នៃ​ប្រឌិត​របស់​យុវវ័យ​កម្ពុជា​ក្លាយ​ជា​សកម្មភាព និង​ដំណោះ​ស្រាយ​ជាក់​ស្ដែង។ ក្រុម​ការងារ​របស់​គម្រោង​យើង​ខ្ញុំ​ក៏​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​សិក្ខា​សាលា​ខ្លីៗ​ដែល​មាន​ប្រធាន​បទ​ទាក់ទង​នឹង ឱកាស​ទទួល​បាន​មូលនិធិ​ជំនួយ​សម្រាប់​យុវវ័យ ការ​បង្កើត​ឧបករណ៍​ឬ​សេវាកម្ម​គំរូ និង​ការ​ សង់​ហូឡូក្រាម​

នៅ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ គម្រោង​យើង​ខ្ញុំ​បាន​ធ្វើ​ការ​ស្ទង់​មតិ​ខ្លី​មួយ​ជាមួយ​នឹង​អ្នក​ចូល​រួម​ចំនួន​១០៥នាក់ (ដែល​មាន​៦១%​ជា​បុរស) ដើម្បី​ស្វែង​យល់​ពី​របៀប​ដែល​យុវវ័យ​កម្ពុជា​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម កម្មវិធី​ផ្ញើ​សារ និង​កម្មវិធី​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ។ យោង​ទៅ​តាម​ការ​ស្ទង់​មតិ​នោះ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ជាង​គេ​ទាំង​បី​នោះ​គឺ ទី​១ Facebook បន្ទាប់​មក​ទី​២គឺ YouTube និង​ទី​៣​គឺ Instagram។ កម្មវិធី​ផ្ញើ​សារ​ដែល​ពួក​គាត់​ប្រើ​ប្រាស់​មាន​ដូច​ជា​ទី១ Facebook Messenger បន្ទាប់​មក​ទី២ Telegram និង​ទី​៣ Line។ ជា​ចុង​ក្រោយ ដោយ​សារ​តែ​ការ​ទូ​ទាត់​ប្រាក់​តាម​ទូរស័ព្ទ​ជា​វិស័យ​មួយ​ថ្មី​នៅ​កម្ពុជា អ្នក​ចូល​រួម​ក្នុង​ការ​ស្ទង់​មតិ​របស់​យើង​ប្រើ​ប្រាស់ Wing ច្រើន​ជាង​គេ បន្ទាប់​មក​គឺ ABA ហើយ​២១%​ផ្សេង​ទៀត​បាន​និយាយ​ថា​ពួក​គាត់​មិន​ប្រើ​ប្រាស់​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​នោះ​ទេ។

 

 

 

ព្រឹត្តិការណ៍​បារខែម​ដំបូង​បំផុត​ចាប់​ផ្ដើម​នៅ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​២០០៥ ជា​បណ្ដាញ​អន្តរជាតិ​នៃ​សន្និបាត​របស់​អ្នក​ប្រើប្រាស់​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា និង​គេហទំព័រ។ នៅ​ឆ្នាំ​២០០៨ អ្នក​ចូល​ចិត្ត​បច្ចេកវិទ្យា​នៅ​ប្រទេស​កម្ពុជា​បាន​រៀប​ចំ​ព្រឹត្តិការណ៍​បារខែម​ឡើង​ដោយ​ខ្លួន​ឯង​ជា​លើក​ដំបូង និង​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ និង​ទូទាំង​ប្រទេស​កម្ពុជា។ គម្រោង​ Development Innovations របស់​ទី​ភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ បាន​ផ្ដល់​ជំនួយ​ទៅ​ដល់​ព្រឹត្តិការណ៍​បារខែម​ដើម្បី​ពង្រីក​វិសាលភាព​ទៅ​កាន់​ប្រជាជន​កម្ពុជា​នៅ​តាម​ខេត្ត​កាល​ពី​ឆ្នាំ២០១៥ និង​២០១៦។ ព្រឹត្តិការណ៍​នេះ​បច្ចុប្បន្ន​ទទួល​បាន​ជំនួយ​ពី​វិស័យ​ឯកជន។ បារខែម​បាន​ពង្រីក​ខ្លួន​ក្រៅ​ពី​រាជធានី​ភ្នំពេញ​ទៅ​ដល់​ទីក្រុង​ផ្សេង​ទៀត​ដូច​ជា បារខែម​តាកែវ និង​បាន​នាំ​យក​បច្ចេកវិទ្យា​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ដូច​ជា បារខែមរតនគីរី។ គម្រោង​យើង​ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចូល​រួម​ព្រឹត្តិការណ៍​បារខែម​នៅ​ឆ្នាំ​ក្រោយ និង​ស្គាល់​ពី​អ្នក​ជំនាញ​បច្ចេកវិទ្យា និង​អ្នក​ដោះស្រាយ​បញ្ហា​ជំនាន់​ថ្មី!

Share this post...
Share on Facebook
Facebook
0Tweet about this on Twitter
Twitter
0Share on Google+
Google+
0Email this to someone
email